ចោទិយកថា ៣០:១១-២០
ដូច្នេះចូររើសយកជីវិតចុះ ដើម្បីឲ្យឯងបានរស់នៅ ព្រមទាំងពូជឯងតរៀងទៅផង។ ចោទិយកថា ៣០:១៩
នេធិន(Nathan) បានចម្រើនវ័យធំឡើង ក្នុងគ្រួសារដែលស្រឡាញ់ព្រះគ្រីស្ទ ប៉ុន្តែ គាត់បានចាប់ផ្តើមវង្វេងចេញពីជំនឿដែលគាត់មានកាលពីក្មេង នៅពេលដែលគាត់ទៅរៀននៅមហាវិទ្យាល័យ ដោយសារគាត់ចូលចិត្តស៊ីផឹក និងជប់លៀងជាញឹកញាប់។ ក្រោយមកគាត់ក៏បាននិយាយថា “ព្រះអម្ចាស់បាននាំខ្ញុំត្រឡប់មករកព្រះអង្គវិញ នៅពេលដែលខ្ញុំមិនសក្តិសមនឹងឲ្យព្រះអង្គហៅខ្ញុំត្រឡប់មកវិញ”។ នៅពេលខ្លះ នេធិនក៏បានចំណាយពេលវិស្សមកាល ក្នុងរដូវក្តៅ ដើម្បីផ្សាយដំណឹងល្អ ដល់មនុស្សដែលគាត់មិនស្គាល់ នៅតាមផ្លូវ ក្នុងទីក្រុងធំៗ នៅសហរដ្ឋអាមេរិក ហើយសព្វថ្ងៃនេះ គាត់កំពុងធ្វើកម្មសិក្សា នៅក្នុងការងារយុវជន ក្នុងព្រះវិហាររបស់គាត់។ គោលដៅរបស់នេធិន គឺដើម្បីជួយយុវជន ឲ្យជៀសវាងការខ្ជះខ្ជាយពេលវេលា ហើយឲ្យរស់នៅថ្វាយព្រះគ្រីស្ទវិញ។
លោកម៉ូសេ ជាអ្នកដឹកនាំប្រជាជនអ៊ីស្រាអែល ដែលមានទឹកចិត្ត សម្រាប់មនុស្សជំនាន់ក្រោយ ដូច នេធិនផងដែរ។ នៅពេលដែលគាត់ដឹងថា គាត់នឹងត្រូវផ្ទេរដំណែងអ្នកដឹកនាំឲ្យទៅលោកយ៉ូស្វេក្នុងពេលដ៏ខ្លីខាងមុខ គាត់ក៏បានថ្លែងសេចក្តីបង្គាប់របស់ព្រះអម្ចាស់ ទៅកាន់ពួកបណ្តាជន ហើយក៏បានលើកឡើងអំពីលទ្ធផលនៃការស្តាប់បង្គាប់ ដែលជាជីវិត និងព្រះពរ ហើយលទ្ធផលនៃការមិនស្តាប់បង្គាប់គឺជាបណ្តាសា និងសេចក្តីស្លាប់។ គឺដូចដែលគាត់មានប្រសាសន៍ថា “ចូររើសយកជីវិតចុះ ដើម្បីឲ្យឯងបានរស់នៅ ព្រមទាំងពូជឯងតរៀងទៅផង … ដ្បិតគឺទ្រង់ហើយ ជាជីវិតនៃឯង”(ចោទិយកថា ៣០:១៩-២០)។ លោកម៉ូសេបានជំរុញពួកគេឲ្យស្រឡាញ់ព្រះអម្ចាស់ “និងស្តាប់តាមព្រះបន្ទូលទ្រង់ ហើយនៅជាប់នឹងទ្រង់តទៅ”(ខ.២០)។
ការជ្រើសរើសយកបាប នាំឲ្យយើងទទួលលទ្ធផលអាក្រក់។ ប៉ុន្តែ ពេលណាយើងថ្វាយជីវិតយើងដល់ព្រះជាថ្មី ព្រះអង្គពិតជានឹងមានសេចក្តីមេត្តាចំពោះយើង(ខ.២-៣) ហើយស្អាងយើងឡើងវិញ(ខ.៤)។ ព្រះបន្ទូលសន្យានេះបានសម្រេច ក្នុងប្រវត្តិសាស្រ្តរបស់ប្រជាជនអ៊ីស្រាអែលទាំងមូល ដោយព្រះរាជកិច្ច ដែលព្រះយេស៊ូវសម្រេចបាន នៅលើឈើឆ្កាង ដើម្បីនាំយើងចូលទៅក្នុងការប្រកបជាមួយព្រះឡើងវិញ។ សព្វថ្ងៃនេះ យើងក៏ត្រូវធ្វើការសម្រេចចិត្តផងដែរ ហើយយើងក៏អាចជ្រើសរើសយកជីវិត។—Karen Pimpo
តើផ្នែកណាខ្លះក្នុងជីវិតអ្នក ដែលពិបាកដើរតាមផ្លូវរបស់ព្រះ? តើអ្នកអាចលើកទឹកចិត្ត
មនុស្សជំនាន់ក្រោយដូចម្តេចខ្លះ ដើម្បីឲ្យពួកគេជ្រើសរើសយកជីវិត?
ឱព្រះយេស៊ូវ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលបានបើកផ្លូវឲ្យទូលបង្គំអាចវិលត្រឡប់មកប្រកបស្និទ្ធស្នាលជាមួយព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: អេសេគាល ១-២ និង ហេព្រើរ ១១:១-១៩