ការ​ឆ្លើយតប ដោយ​ការ​ដឹង​គុណ

ដានីយ៉ែល ៦:១-១០

លោក​លុត​ជង្គង់​ចុះ​អធិស្ឋាន ហើយ​អរ​ព្រះគុណ​ដល់​ព្រះ​របស់​លោក១ថ្ងៃ៣ដង ដូចជា​កាលពី​មុន​។ ដានីយ៉ែល ៦:១០

លោក​ធីម៉ូថេ(Timothy) ជា​នាវិក​ជនជាតិ​អូស្ត្រាលី ដែល​បាន​រស់​ដោយសារ​សាច់​ត្រី​ឆៅ និង​ទឹក​ភ្លៀង​តែ​ម្នាក់ឯង អស់​រយៈ​ពេល៣ខែ​។ ទូក​ក្តោង​របស់​គាត់​បាន​ខូច​ដោយសារ​ខ្យល់​ព្យុះ ហើយ​បាន​រសាត់​អណ្ដែត​ក្នុង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក ចម្ងាយ​ជិត២ពាន់​គីឡូម៉ែត្រ​ពី​ឆ្នេរ​សមុទ្រ​។ ប៉ុន្តែ ក្រោយមក ពួក​នាវិក​នៅ​លើ​ទូក​នេសាទ​របស់​ជនជាតិ​ម៉ិចស៊ីកូ ដែល​កំពុង​នេសាទ​ត្រី​ធូណា បាន​ប្រទះ​ឃើញ​ទូក​ក្តោង​របស់​គាត់ ដែល​បាន​ខូច​នោះ ហើយ​ក៏​ជួយ​សង្គ្រោះ​គាត់​។ ក្រោយមក បុរស​ស្គម​ស្គាំង និង​ទ្រោម​ខ្លួន​ដោយសារ​អាកាសធាតុ​ដ៏​កាច​សាហាវ ក៏​បាន​ប្រកាស​ថា “ខ្ញុំ​ពិតជា​ចង់​ថ្លែង​អំណរ​គុណ​ក្រៃ​លែង ចំពោះ​កាពីទែន​របស់​ទូក​នេសាទ និង​ក្រុម​ហ៊ុន​នេសាទ ដែល​បាន​សង្គ្រោះ​ជីវិត​ខ្ញុំ”។

លោក​ធីម៉ូថេ បាន​ថ្លែង​អំណរ​គុណ បន្ទាប់ពី​គាត់​បាន​ឆ្លង​កាត់​ទុក្ខ​វេទនា​នៅ​កណ្តាល​មហា​សមុទ្រ ប៉ុន្តែ ហោរា​ដានីយ៉ែល​បាន​បង្ហាញ​ចេញ​នូវ​ចិត្ត​ដែល​ដឹង​គុណ​ព្រះអម្ចាស់ នៅមុន​ពេល នៅ​ក្នុង​ពេល និង​នៅ​ក្រោយ​ពេល​ដែល​គាត់​ជួប​រឿង​វិបត្តិ​។ គាត់​ត្រូវ​គេ​និរទេស ទៅ​ទីក្រុង​បាប៊ីឡូន​ពី​នគរ​យូដា ជា​មួយ​ពូជ​អំបូរ​យូដា​ដទៃ​ទៀត(ដានីយ៉ែល ១:១-៦)។ ប៉ុន្តែ ក្រោយមក គាត់​ក៏បាន​ឡើង​កាន់​មុខ​តំណែង​ធំ ដែល​ធ្វើ​ឲ្យ​ពួក​នាម៉ឺន​ដទៃ​ទៀត​ច្រណែន​ឈ្នានីស ហើយ​ចង់​ឲ្យ​គេ​សម្លាប់​គាត់(៦:១-៧)។ ពួក​សត្រូវ​របស់​គាត់ ក៏បាន​ទៅ​គាល់​អធិរាជ​នៃ​ចក្រភព​បាប៊ីឡូន ដើម្បី​សូម​ឲ្យ​ទ្រង់​ចេញ​ច្បាប់ ដែល​ចែងថា នរណា​ក៏​ដោយ​ដែល​អធិស្ឋាន​ទៅ​រក​ព្រះ​ណាមួយ នឹង​ត្រូវ​គេ​កាត់​ទោស ដោយ​បោះ​ចូល​ទៅ​ក្នុង​រូង​សឹង(ខ.៧)។ នៅពេល​នោះ តើ​លោក​ដានីយ៉ែល ជា​មនុស្ស​ដែល​ស្រឡាញ់​នឹង​បម្រើ​ព្រះ​ពិតតែ​មួយ បាន​ឆ្លើយតប​ដូច​ម្តេច? គឺ​គាត់​បាន លុត​ជង្គង់​ចុះ​អធិស្ឋាន អរ​ព្រះគុណ​ដល់​ព្រះ​របស់​គាត់១ថ្ងៃ៣ដង ដូចជា​កាលពី​មុន(ខ.‌១០)។ គាត់​បាន​ទូល​ថ្វាយ​ការ​អរ​ព្រះគុណ​ដល់​ព្រះ ហើយ​ព្រះអម្ចាស់​ក៏​បាន​ប្រទាន​ពរ​គាត់ ដោយសារ​គាត់​មាន​ចិត្ត​ដែល​ដឹង​គុណ​ព្រះអង្គ ដោយ​ព្រះ​អង្គ​បាន​សង្គ្រោះ​ជីវិត​គាត់ ហើយក៏​បាន​លើក​គាត់​ឲ្យ​មាន​កិត្តិ​ស័ព្ទ(ខ.២៦-២៨)។

សូម​ព្រះ​អម្ចាស់​ជួយ​យើង​អរ​ព្រះគុណ​ព្រះអង្គ “គ្រប់​កាលៈទេសៈ”(១ថែស្សាឡូនិច ៥:‌១៨)។ ទោះ​យើង​កំពុង​ប្រឈម​មុខ​ដាក់​រឿង​វិបត្តិ ឬ​ទើបតែ​បាន​ឆ្លង​កាត់​ហើយ​ក្តី ការ​ឆ្លើយតប ដោយ​ការ​ដឹង​គុណ គឺជា​ការ​ថ្វាយ​ព្រះ​កិត្តិនាម​ដល់​ព្រះអង្គ ហើយ​ជួយ​ឲ្យ​សេចក្តី​ជំនឿ​យើង​នៅតែ​មាន​ភាព​ជាប់​លាប់​។—Tom Felten

ហេតុ​អ្វី​យើង​ចាំ​បាច់​ត្រូវ​អរ​ព្រះគុណ​ព្រះ​ជា​ទៀង​ទាត់? តើ​ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​មាន​ចិត្ត​ដែល​ដឹង​គុណ​ព្រះ?

ឱ​ព្រះអម្ចាស់ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ ឲ្យ​អរ​ព្រះគុណ​ព្រះអង្គ ជា​ពិសេស​នៅពេល​ដែល​ជីវិត​មាន​ការ​ពិបាក​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: អេសេគាល ៣៧-៣៩ និង ២ពេត្រុស ២

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles