ព្រះអង្គ​នឹង​ឆ្លើយតប

យេរេមា ២៩:១០-១៤

នោះ​ឯង​រាល់​គ្នា​នឹង​អំពាវនាវ​ដល់​អញ ហើយ​នឹង​ទៅ​អធិស្ឋាន​ដល់​អញ រួច​អញ​នឹង​យល់​ព្រម​តាម​។ យេរេមា ២៩:១២

កាល​លោក​គ្រូ​គង្វាល ធីម៉ូថេ ពាក់​ក្រវ៉ាត់ក​សម្រាប់​គ្រូ​គង្វាល ក្នុង​អំឡុង​ពេល​ដែល​គាត់​ធ្វើ​ដំណើរ គាត់​ច្រើន​តែ​ជួប​ការ​បង្អាក់​ដំណើរ ដោយសារ​មនុស្ស​មួយ​ចំនួន​ដែល​គាត់​មិន​ដែល​ស្គាល់​។ មនុស្ស​នៅ​អាកាស​យានដ្ឋាន​បាន​សុំ​ឲ្យ​គាត់​អធិស្ឋាន​ឲ្យ​ពួកគេ ពេលណា​ពួកគេ​ឃើញ​ក្រវាត់ក​ពណ៌ស នៅ​លើក​អាវ​ក្រៅ​របស់​គាត់​ដែល​មាន​ពណ៌​ខ្មៅ​។ ក្នុង​ការ​ធ្វើ​ដំណើរ​តាម​យន្តហោះ​កាលពី​ពេល​ថ្មីៗ​នេះ មាន​ស្រ្តី​ម្នាក់​បាន​លត់​ជង្គង់ នៅ​ក្បែរ​កៅអី​អង្គុយ​របស់​គាត់ ពេល​នាង​បាន​កត់​សំគាល់​ឃើញ​គាត់​ជា​គ្រូ​គង្វាល ហើយក៏​បាន​សួរ​គាត់​ថា “លោក​ជា​គ្រូ​គង្វាល​មែនទេ? លោក​គ្រូ​អាច​អធិស្ឋាន​ឲ្យ​ខ្ញុំ​បានទេ?”។ ហើយ​លោក​គ្រូ​គង្វាល​ធីម៉ូថេ​ក៏​បាន​អធិស្ឋាន​ឲ្យ​គាត់​។

បទ​គម្ពីរ​មួយ​ក្នុង​កណ្ឌ​គម្ពីរ​យេរេមា ក៏បាន​ប្រាប់​យើង អំពី​មូល​ហេតុ​ដែល​យើង​អាច​ដឹង​ថា ព្រះ​អម្ចាស់​ស្តាប់​ឮ ហើយ​ឆ្លើយតប​ការ​អធិស្ឋាន​របស់​យើង គឺ​ដោយសារ​ព្រះ​អង្គ​យក​ព្រះទ័យ​ទុកដាក់​ចំពោះ​យើង! គឺ​ដូច​ដែល​ព្រះអង្គ​បាន​ធានា​ដល់​រាស្រ្ត​របស់​ព្រះអង្គ​ជា​មនុស្ស​មាន​បាប ដែល​កំពុង​រស់នៅ​ជា​ឈ្លើយ​សឹក​ថា “អញ​ស្គាល់​សេចក្តី​ដែល​អញ​គិត​ពី​ដំណើរ​ឯង​រាល់​គ្នា មិនមែន​គិត​ធ្វើ​សេចក្តី​អាក្រក់​ទេ គឺ​គិត​ឲ្យ​បាន​សេចក្តី​សុខ​វិញ ដើម្បី​ដល់​ចុង​បំផុត ឲ្យ​ឯង​រាល់​គ្នា​បាន​សេចក្តី​សង្ឃឹម”(២៩:១១)។ ព្រះអម្ចាស់​បាន​រំពឹង​ថា ថ្ងៃ​មួយ ពួក​គេ​នឹង​វិល​ត្រឡប់​មក​រក​ព្រះអង្គ​វិញ​។ ព្រះអង្គ​ក៏បាន​មាន​បន្ទូល​ទៀត​ថា “ឯង​រាល់​គ្នា​នឹង​អំពាវនាវ​ដល់​អញ ហើយ​នឹង​ទៅ​អធិស្ឋាន​ដល់​អញ រួច​អញ​នឹង​យល់​ព្រម​តាម ឯង​រាល់​គ្នា​នឹង​ស្វែង​រក​អញ ហើយ​នឹង​ឃើញ​ផង គឺ​កាល​ណា​ឯង​ស្វែង​រក​អញ​ឲ្យ​អស់​អំពី​ចិត្ត”(ខ.១២-១៣)។

ហោរា​យេរេមា​បាន​ដឹង​អំពី​សេចក្តី​ពិត​នេះ កាល​គាត់​កំពុង​ជាប់គុក​។ ព្រះអម្ចាស់​បាន​ធានា​គាត់​ថា “ចូរ​អំពាវនាវ​ដល់​អញ នោះអញ​នឹង​ឆ្លើយតប ហើយ​នឹង​បង្ហាញ​ឲ្យ​ឯង​ឃើញ​ការ​យ៉ាង​ធំ ហើយ​មុតមាំ ដែល​ឯង​មិន​ដឹង”(៣៣:៣)។

ព្រះយេស៊ូវ​បាន​ជំរុញ​យើង​ឲ្យ​អធិស្ឋាន​។ ព្រះអង្គ​មាន​បន្ទូល​ថា “ព្រះវរបិតា​នៃ​អ្នក ទ្រង់​ជ្រាប​នូវ​របស់​អ្វី​ដែល​អ្នក​ត្រូវ​ការ មុន​ដែល​អ្នក​សូម​ផង”(ម៉ាថាយ ៦:៨)។ ដូច​នេះ ចូរ​យើង “ទូល​សូម” “ស្វែងរក” ហើយ “គោះ​ទ្វារ” ក្នុង​ការ​អធិស្ឋាន(៧:៧)។ ការ​ទូល​សូម​នីមួយៗ​ដែល​យើង​មាន នាំ​យើង​ចូល​ទៅ​ជិត​ព្រះ​ដែល​ឆ្លើយតប​ការ​អធិស្ឋាន​របស់​យើង​។ យើង​មិន​ចាំ​បាច់​ត្រូវ​អធិស្ឋាន​ទៅ​រក​ព្រះអង្គ ធ្វើ​មើលតែ​យើង​ជា​អ្នក​ក្រៅ​នោះ​ឡើយ​។ ព្រះអង្គ​ស្គាល់​យើង ហើយ​សព្វ​ព្រះទ័យ​នឹង​ស្តាប់​យើង​អធិស្ឋាន​។ យើង​អាច​ទូល​ថ្វាយ​ក្តី​កង្វល់​របស់​យើង​ដល់​ព្រះអង្គ​នៅពេល​នេះ​បាន​។—Patricia Raybon

តើ​អ្នក​អធិស្ឋាន​ញឹក​ញាប់​ប៉ុណ្ណា? តើ​អ្នក​នឹង​អធិស្ឋាន​ដល់​ព្រះអង្គ​ដូច​ម្តេច​ខ្លះ នៅ​ថ្ងៃ​នេះ?

ឱ​ព្រះអម្ចាស់ ទូល​បង្គំ​មាន​ចិត្ត​ចង់​អធិស្ឋាន ពេល​ដែល​បាន​ដឹង​ថា ព្រះ​អង្គ​យក​ព្រះទ័យ​ទុកដាក់ និង​ស្គាល់​ទូល​បង្គំ​។
ទូល​បង្គំ​សូម​អរ​ព្រះគុណ​ព្រះអង្គ សម្រាប់​ការ​ឆ្លើយ​តប​ការ​អធិស្ឋាន​របស់​ទូល​បង្គំ​។

Visit ODBU.org/SF120 to discover the joys and depth of prayer.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: ហូសេ ៥-៨ និង វិវរណៈ ២

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles