ព្រះ​វត្ត​មាន​របស់​ព្រះ​ថែរក្សា​យើង

ដានីយ៉ែល ៦:១៩-២៧

ដ្បិត​ទ្រង់​ជា​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់នៅ … ទ្រង់​ប្រោស​ឲ្យ​រួច ហើយ​ក៏​ជួយ​សង្គ្រោះ​។ ដានីយ៉ែល ៦:២៦-២៧

នៅ​ពេល​ដែល​ចៅ​ៗ​របស់​ខ្ញុំ​មើល​សៀវភៅ​កម្រង​អនុស្សាវរីយ៍​របស់​ខ្ញុំ​នៅ​ថ្នាក់​វិទ្យាល័យ ពួកគេ​មាន​ការ​ភ្ញាក់​ផ្អើល​ចំពោះ​ម៉ូត​សក់ សំលៀក​បំពាក់ និង​ឡាន​ដែល​ហួស​សម័យ នៅ​ក្នុង​រូបថត​ក្នុង​សៀវភៅ​នោះ។ ពេល​ខ្ញុំ​មើលទៅ​រូបថត​ទាំង​នោះ ខ្ញុំ​មើល​ឃើញ​ខុសពី​ពួកគេ ទីមួយ ខ្ញុំ​មើល​ឃើញ​ទឹក​មុខ​ញញឹម​របស់​មិត្ត​ចាស់ និង​មិត្ត​ភក្តិ​ដែល​នៅតែ​រាប់អាន​គ្នា​រហូត​មកដល់​ពេល​សព្វថ្ងៃ​។ ជាង​នេះ​ទៅទៀត ខ្ញុំ​បាន​ឃើញ​ព្រះ​ចេស្តា​របស់​ព្រះ​ដែល​បាន​ថែរក្សា​ខ្ញុំ​។ ព្រះ​វត្ត​មាន​ដ៏​សុភាព​របស់​ព្រះអង្គ​បាន​ហ៊ុម​ព័ទ្ធ​ខ្ញុំ នៅ​ក្នុង​សាលា​រៀន​ដែល​ខ្ញុំ​ពិបាក​ចូល​ចំណោម​គេ​ឲ្យ​ចុះ​។ សេចក្តី​ល្អ​របស់​ព្រះអង្គ​បាន​បន្ត​ថែរក្សា​ខ្ញុំ គឺជា​សេចក្តី​សប្បុរស​ដែល​ព្រះអង្គ​ប្រទាន​អស់​អ្នក​ដែល​ស្វែង​រក​ព្រះអង្គ​។

លោក​ដានីយ៉ែល​បាន​ស្គាល់​ព្រះ​វត្ត​មាន​របស់​ព្រះ ដែល​ថែរក្សា​គាត់​ផង​ដែរ​។ ក្នុង​ការ​រស់នៅ​ជា​ឈ្លើយសឹក ក្នុង​ទីក្រុង​បាប៊ីឡូន គាត់​បាន​អធិស្ឋាន​នៅ​បន្ទប់​ខាងលើ ដែល​មាន​បង្អួច​បើក​ចំហ​ទៅ​រក​ទិស​នៃ​ទីក្រុង​យេរូសាឡិម(ខ.៧-៩)។ ក្នុង​ការ​អធិស្ឋាន​ដូច​នេះ គាត់​ក៏បាន​នឹក​ចាំ​ព្រះអម្ចាស់ ដែល​ព្រះ​វត្ត​មាន​ទ្រង់​បាន​ជួយ​ទ្រទ្រង់​គាត់ ដោយ​ស្តាប់​ឮ និង​ឆ្លើយតប​ការ​អធិស្ឋាន​របស់​គាត់​។ ដូច​នេះ ព្រះអម្ចាស់​ក៏​បាន​ស្តាប់​ឮ ឆ្លើយតប ហើយ​ទ្រទ្រង់​គាត់​សារ​ជា​ថ្មី​។

ប៉ុន្តែ ទោះ​គេ​បាន​ចេញ​ច្បាប់​ថ្មី​ហាម​មិន​ឲ្យ​គាត់​អធិស្ឋាន​ក៏ដោយ ក៏​គាត់​នៅតែ​ស្វែងរក​ព្រះ​វត្ត​មាន​ព្រះអង្គ ទោះ​មាន​រឿង​អ្វី​កើត​ឡើង​ចំពោះ​គាត់​ក៏ដោយ​។ ដូច​នេះ គាត់​ក៏​បាន​អធិស្ឋាន​ដូច​សព្វ​មួយដង(ខ.១០)។ កាល​គេ​ទម្លាក់​គាត់​ចូល​ក្នុង​រូង​តោ ទេវតា​របស់​ព្រះអម្ចាស់​បាន​ថែរក្សា​គាត់​ឲ្យ​មាន​សុវត្ថិភាព ក្នុង​នាម​ព្រះអង្គ​ជា​ព្រះ​ដ៏​ស្មោះ​ត្រង់ ហើយ​ក៏​បាន​ជួយ​សង្រ្គោះ​គាត់(ខ.២២)។

ការ​មើលទៅ​អតីត​កាល​របស់​យើង ក្នុង​អំឡុង​ពេល​ដែល​យើង​មាន​ការ​លំបាក អាច​ជួយ​យើង​ឲ្យ​នឹក​ចាំ​អំពី​សេចក្តី​ស្មោះ​ត្រង់​របស់​ព្រះ​។ សូម្បីតែ​ស្តេច​ដារីយ៉ូស​នៃ​ចក្រភព​ពើស៊ី​ក៏​បាន​មាន​បន្ទូល​អំពី​ព្រះ​អម្ចាស់​ថា “ទ្រង់​ប្រោស​ឲ្យ​រួច ហើយ​ក៏​ជួយ​សង្គ្រោះ ទ្រង់​ធ្វើ​ទី​សំគាល់ និង​ការ​អស្ចារ្យ​នៅ​ស្ថាន​សួគ៌​ហើយ​នៅ​ផែនដី”(ខ.២៧)។ ព្រះអង្គ​ល្អ​កាលពី​មុន ហើយក៏​នៅតែ​ល្អ​ក្នុង​ពេល​សព្វថ្ងៃ​។ ព្រះ​វត្ត​មាន​របស់​ព្រះអង្គ​នឹង​ថែរក្សា​អ្នក​ឲ្យ​មាន​សេចក្តី​សុខ​។—Patricia Raybon

តើមាន​ទុក្ខ​លំបាក​អ្វី​កាលពី​មុន ដែល​បាន​ល្បងល​ជំនឿ​របស់​អ្នក? តើ​ព្រះអម្ចាស់​បាន​ទ្រទ្រង់​អ្នក ដោយ​ព្រះទ័យ​សប្បុរស​យ៉ាងណា?

ឱ​ព្រះវរបិតា ពេល​ណា​ទូល​បង្គំ​ក្រឡេកមក​មើល​អតីត​កាល ទុល​បង្គំ​មើល​ឃើញ​ព្រះ​វត្ត​មាន​ដែល​ជួយ​ទ្រទ្រង់ ដ៏​សប្បុរស​។
ទូល​បង្គំ​សូម​អរ​ព្រះគុណ​ព្រះអង្គ ដែល​បាន​ថែរក្សា​ទូល​បង្គំ ក្នុង​ពេល​បច្ចុប្បន្ន​ផង​ដែរ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: ហូសេ ១២-១៤ និង វិវរណៈ ៤

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles