ទំនុកដំកើង ២៧:៧-១៤
ឱព្រះយេហូវ៉ាអើយ ចិត្តទូលបង្គំបានទូលតបថា ទូលបង្គំនឹងស្វែងរកព្រះភក្ត្រទ្រង់ពិត។ ទំនុកដំកើង ២៧:៨
ឆ្នាំ២០២២ ជាឆ្នាំដែលពិសេសណាស់ សម្រាប់ខ្ញុំ និងភរិយាខ្ញុំ។ នៅឆ្នាំនោះ ចៅស្រីរបស់យើង ឈ្មោះ សូហ្វៀ អាស្សលី(Sophia Ashley) បានចាប់កំណើត ជាចៅស្រីតែមួយ ក្នុងចំណោមចៅទាំង៨នាក់របស់យើង។ តាយាយរបស់សូហ្វៀ បានញញឹមបិតមាត់មិនជិត ពេលបានទទួលដំណឹងដ៏ល្អនេះ។ នៅពេលដែលកូនប្រុសរបស់យើងបានទូរស័ព្ទមកយើង ដោយបើកវីដេអូមើលមុខគ្នាឃើញ យើងមានចិត្តរំភើបរីករាយកាន់តែខ្លាំង។ ខ្ញុំមិនបាននៅក្នុងបន្ទប់ជាមួយភរិយារបស់ខ្ញុំទេ តែសម្លេងស្រែកហោរដោយអំណរ បានបង្ហាញថា គាត់កំពុងតែបានឃើញមុខចៅស្រីគាត់ជាលើកដំបូងនៅក្នុងទូរស័ព្ទ។ សព្វថ្ងៃនេះ យើងអាចមើលឃើញមនុស្សដែលយើងស្រឡាញ់ពីចម្ងាយ ដោយគ្រាន់តែចុចទូរស័ព្ទតេទៅពួកគេប៉ុណ្ណោះ។
ការមើលឃើញមុខមនុស្ស ដែលយើងកំពុងជជែកជាមួយតាមទូរស័ព្ទ គឺជាលទ្ធភាពដែលមនុស្សទើបតែអាចធ្វើបាន ក្នុងសម័យទំនើប ប៉ុន្តែ ការសន្ទនាជាមួយព្រះក្នុងការអធិស្ឋាន ដោយដឹងថា ខ្លួនកំពុងស្ថិតក្នុងព្រះវត្តមានព្រះអង្គ មិនមែនជាអ្វីដែលមនុស្សទើបតែអាចធ្វើបាននោះឡើយ។ ការអធិស្ឋានរបស់ស្តេចដាវីឌ ក្នុងបទគម្ពីរទំនុកដំកើង ជំពូក២៧ បានធ្វើឡើង ក្នុងពេលដែលមានការទាស់ប្រឆាំង បានជាទ្រង់ត្រូវការជំនួយ លើសពីលទ្ធភាពដែលមិត្តសំឡាញ់ជាមនុស្សអាចផ្តល់ឲ្យបាន(ខ.១០-១២)។ គឺដូចដែលទ្រង់មានបន្ទូលថា “កាលទ្រង់បានមានព្រះបន្ទូលថា ចូរស្វែងរកមុខអញនោះ ឱព្រះយេហូវ៉ាអើយ ចិត្តទូលបង្គំបានទូលតបថា ទូលបង្គំនឹងស្វែងរកព្រះភក្ត្រទ្រង់ពិត”(ខ.៨)។
ពេលដ៏លំបាកជំរុញចិត្តយើងឲ្យ “ស្វែងរកព្រះភក្ត្រព្រះអង្គ”(ខ.៨)។ យើងអាចមានក្តីអំណរដ៏ពោរពេញ នៅចំពោះព្រះអង្គ ហើយ “នៅព្រះហស្តស្តាំទ្រង់ មានសេចក្តីអរសប្បាយជាដរាបតទៅ”(១៦:១១)។ ប៉ុន្តែ យើងអាចប្រកបស្និទ្ធស្នាល និងសន្ទនាជាមួយព្រះអង្គ មិនគ្រាន់តែនៅពេលដែលយើងមានទុក្ខលំបាកប៉ុណ្ណោះឡើយ។ ព្រះអង្គបានហៅយើង ឲ្យចូលមកជជែកជាមួយព្រះអង្គ គ្រប់ពេលវេលា។—Arthur Jackson
តើអ្នកមានចិត្តចង់ជួបព្រះអង្គខ្លាំងបំផុត នៅពេលណា នៅថ្ងៃនីមួយៗ? តើការប្រកបស្និទ្ធស្នាលជាទៀងទាត់ជាមួយព្រះអង្គ
បានជួយឲ្យអ្នកប្រឈមមុខដាក់បញ្ហានៅថ្ងៃនីមួយៗ យ៉ាងដូចម្តេចខ្លះ?
ឱព្រះវរបិតា ដែលគង់នៅស្ថានសួគ៌ ទូលបង្គំសូមសរសើរដំកើងព្រះអង្គ ដែលបានប្រទានឯកសិទ្ធិឲ្យទូលបង្គំ ជួបជាមួយព្រះអង្គជារៀងរាល់ថ្ងៃ។
សូមព្រះអង្គជួយទូលបង្គំ ឲ្យត្រៀមខ្លួនជាស្រេច ដើម្បីចំណាយពេលជាមួយព្រះអង្គ ក្នុងការអធិស្ឋាន។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: ហាកាយ ១-២ និង វិវរណៈ ១៧