ស្វាគមន៍ការប្រសូតរបស់ព្រះយេស៊ូវ
លូកា ២:៨-២០ គឺអ្នករាល់គ្នានឹងឃើញព្រះឱរស១រុំនឹងសំពត់ផ្តេកនៅក្នុងស្នូក។ លូកា ២:១២ ក្រុមគ្រួសារខ្ញុំបានទន្ទឹងរង់ចាំដំណឹងល្អ ពីអ្នកជិតខាងរបស់យើងម្នាក់ដែលមានផ្ទៃពោះ ដោយចិត្តអន្ទះសា ខណៈពេលដែលគាត់កំពុងត្រៀមខ្លួនស្វាគមន៍កូនដំបូង។ ទីបំផុត យើងក៏បានឃើញផ្លាកនៅមុខផ្ទះមានអក្សរសរសេរពីលើ ឲ្យយើងដឹងថា គាត់ប្រសូតបានកូនស្រីម្នាក់។ យើងក៏បានអបអរកំណើតរបស់កូនស្រីរបស់ពួកគេ ហើយក៏បានផ្ញើសារទៅកាន់មិត្តភក្តិ ដែលប្រហែលជាមិនទាន់បានឃើញការតុបតែងនៅក្រៅផ្ទះនោះ។ ភាពរំភើបរីករាយបំផុតបានកើតមាន ក្នុងការរង់ចាំការចាប់កំណើតរបស់ទារកម្នាក់ កាលជាង២ពាន់ឆ្នាំមុន។ មុនពេលព្រះយេស៊ូវយាងចុះពីស្ថានសួគ៌ យកកំណើតជាមនុស្ស ប្រជាជនយូដាមិនបានរង់ចាំការប្រសូតរបស់ព្រះមែស្ស៊ី តែពីរបីខែនោះឡើយ តែពួកគេបានទន្ទឹងរង់ចាំការប្រសូតរបស់ព្រះអង្គ ជាព្រះសង្គ្រោះអស់ជាច្រើនជំនាន់មកហើយ។ ខ្ញុំស្រមៃថា ជនជាតិយូដាដែលមានចិត្តស្មោះត្រង់ចំពោះព្រះ ប្រហែលជាឆ្ងល់ថា តើពួកគេនឹងបានឃើញព្រះបន្ទូលសន្យាបានសម្រេច កាលពួកគេនៅមានជីវិតឬយ៉ាងណាទេ។ នៅពេលយប់មួយនោះ មានទេវតាមួយអង្គបានបង្ហាញខ្លួន ឲ្យពួកអ្នកគង្វាលចៀមបានឃើញ នៅបេថ្លេហិម ហើយបានប្រកាសឲ្យពួកគេដឹងថា ព្រះមែស្ស៊ីបានប្រសូតហើយ។ ទេវតាប្រាប់ពួកគេជាលម្អិតថា “នេះជាទីសំគាល់ដល់អ្នករាល់គ្នា គឺអ្នករាល់គ្នានឹងឃើញព្រះឱរស១រុំនឹងសំពត់ផ្តេកនៅក្នុងស្នូក”(លូកា ២:១២)។ បន្ទាប់ពីពួកអ្នកគង្វាលបានឃើញព្រះយេស៊ូវហើយ ពួកគេក៏បានសរសើរដំកើងព្រះ ហើយទៅប្រាប់អ្នកដទៃទៀត ឲ្យបានដឹងអំពីការប្រសូតរបស់ព្រះអង្គ (ខ.១៧)។ ព្រះអម្ចាស់សព្វព្រះទ័យឲ្យអ្នកគង្វាលដឹងថា បុត្រតូចដែលគេបានរង់ចាំជាយូរមកហើយ បានប្រសូតហើយ ដូចនេះពួកគេអាចទៅប្រាប់អ្នកដទៃ ឲ្យបានដឹងអំពីការប្រសូតរបស់ព្រះយេស៊ូវផងដែរ។ យើងនៅតែអបអរការប្រសូតរបស់ព្រះអង្គ ព្រោះព្រះជន្មរបស់ព្រះអង្គ បានផ្តល់ឲ្យអ្នកជឿព្រះអង្គនូវសេចក្តីសង្រ្គោះរួចផុតពីភាពប្រេះបែករបស់លោកិយ។ ព្រះអង្គបានយាងមកឲ្យយើងស្គាល់សន្តិភាព ហើយដកពិសោធន៍នឹងក្តីអំណរដ៏ស្ថិតស្ថេរ។…
Read article