នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

Devotional illustration

ចែកចាយ​រឿង​របស់​ព្រះយេស៊ូវ

ដោយKenneth Petersen

January 1, 2025

១យ៉ូហាន ១:១-៥

ដ្បិត​ព្រះ​ដ៏​ជា​ជីវិត ទ្រង់​បាន​លេច​មក​ហើយ យើង​ខ្ញុំ​បាន​ឃើញ​ទ្រង់ ក៏​ធ្វើ​ជាទី​បន្ទាល់ ប្រាប់​ដល់​អ្នក​រាល់​គ្នា​។ ១យ៉ូហាន ១:២

មនុស្ស​ភាគ​ច្រើន មិន​ដែល​ឮ​ឈ្មោះ​អ្នក​ស្រី​ខេត ហ៊ែងឃី(Kate Hankey)ទេ ប៉ុន្តែ គាត់​ជា​ស្រ្តី​ដែល​មាន​លក្ខណៈ​សម្បត្តិ​គួរ​ឲ្យ​កត់​សំគាល់​ណាស់​។ គាត់​បាន​ធ្វើ​ការ​បម្រើ​ព្រះយេស៊ូវ នៅ​ទសវត្សរ៍​ឆ្នាំ១៨០០ ដោយ​ចិត្ត​ស្មោះ​ត្រង់ នៅ​ប្រទេស​អង់គ្លេស ក្នុង​នាម​គាត់​ជា​គ្រូ​បង្រៀន គ្រូ​ផ្សាយ​ដំណឹង​ល្អ អ្នក​រៀបចំ​សាលា​រៀន បេសកជន និង​អ្នក​និពន្ធ​បទ​កំណាព្យ​។ នៅ​ឆ្នាំ១៨៦៧ អ្នក​ស្រី​ខេត បាន​ឆ្លង​ជំងឺ​ធ្ងន់ធ្ងរ​មួយ​។ ក្នុង​អំឡុង​ពេល​ដែល​គាត់​កំពុង​ជា​សះ​ស្បើយ​ឡើង​វិញ គាត់​ក៏​បាន​និពន្ធ​បទ​កំណាព្យ​វែង​មួយ ចែក​ជា​ពីរ​ភាគ​មាន​ចំណង​ជើង​ថា “រឿង​ដែល​គេ​ចង់​ឮ” និង “រឿង​ដែលគេ​បាន​និយាយ​ប្រាប់”។ បទ​កំណាព្យ​របស់​គាត់​បាន​បក​ស្រាយ អំពី​ទំនាក់​ទំនង​ដែល​គាត់​មាន​ជាមួយ​ព្រះយេស៊ូវ ដោយ​ផ្ទាល់​ខ្លួន និង​អំពី​ព្រឹត្តិការណ៍​ដែល​បាន​កើត​ឡើង កាល​ព្រះអង្គ​កំពុង​បំពេញ​បេសកកម្ម​នៅ​លើ​ផែនដី​។

បទ​គម្ពីរ​ទាំង​អស់​សុទ្ធតែ​បាន​ចង្អុល​បង្ហាញ​ទៅ​រក​ព្រះយេស៊ូវ និង​និយាយ​អំពី​រឿង​របស់​ព្រះអង្គ​។ នៅដើម​ដំបូង​នៃ​សំបុត្រ​ដែល​សាវ័ក​យ៉ូហាន​បាន​សរសេរ​ផ្ញើ​ពួក​ជំនុំ​ដំបូង គាត់​បាន​រំឭក​ពួកគេ​អំពី​ពេល​ដែល​ពួកគេ​បាន​មាន​ការ​ដក​ពិសោធន៍​ជាមួយ​ព្រះយេស៊ូវ​ដោយ​ផ្ទាល់​ខ្លួន​។ គឺ​ដូច​ដែល​គាត់​បាន​សរសេរ​ថា “ឯ​សេចក្តី​ដែល​មាន​តាំង​ពី​ដើម​មក ដែល​យើង​ខ្ញុំ​បានឮ ហើយ​ភ្នែក​បាន​ឃើញ ក៏បាន​មើល ហើយ​ដៃ​បាន​ប៉ះ​ពាល់ ខាង​ឯ​ព្រះបន្ទូល​នៃ​ជីវិត”(១យ៉ូហាន ១:១)។ សាវ័ក​យ៉ូហាន​បាន​មាន​ប្រសាសន៍​ថា “ព្រះ​ដ៏​ជា​ជីវិត ទ្រង់​បាន​លេច​មក​ហើយ យើង​ខ្ញុំ​បាន​ឃើញ​ទ្រង់ ក៏​ធ្វើ​ជាទី​បន្ទាល់​ប្រាប់​ដល់​អ្នក​រាល់​គ្នា”(ខ.២)។ ក្រោយមក គាត់​ក៏បាន​ប្រាប់​យើង​ថា “ព្រះបន្ទូល​ក៏​ស្ថិត​នៅ​ក្នុង​អ្នក​រាល់​គ្នា”(២:១៤)។ ម្យ៉ាង​ទៀត រឿង​របស់​ព្រះយេស៊ូវ គឺជា​រឿង​ដែល​យើង​ត្រូវ​ចែក​ចាយ​ឲ្យ​គេ​បាន​ដឹង​។ ព្រះអង្គ​ក៏​បាន​ត្រាស់ហៅ​យើង​ឲ្យ​ចែក​ចាយ អំពី​រឿង​ដែល​ព្រះអង្គ​បាន​ធ្វើ​ការ​ក្នុង​ជីវិត​យើង​ផ្ទាល់ៗ​ខ្លួន​ផង​ដែរ​។

គឺ​ដូច​ដែល​អ្នក​ស្រី​​ខេត ហ៊ែងឃី បាន​ចែក​ចាយ​រឿង​របស់​ព្រះអង្គ នៅ​ក្នុង​​បទ​កំណាព្យ​របស់​គាត់​។ ទី​បំផុត ផ្នែក​ទាំង​ពីរ​នៃ​​បទ​កំណាព្យ​របស់​គាត់ ក៏បាន​ក្លាយ​ជា​ទំនុក​សកល ដែល​មាន​ចំណង​ជើង​ថា “ខ្ញុំ​ចូល​ចិត្ត​ច្រៀង​ពី​រឿង​ព្រះ​អង្គ” និង “សូម​ប្រាប់​ខ្ញុំ​ពី​រឿង​របស់​ព្រះអង្គ” យើង​ក៏​អាច​ចែក​ចាយ​រឿង​របស់​ព្រះយេស៊ូវ​ដល់​អ្នក​ដទៃ ដោយ​ពាក្យ​សម្តី​របស់​យើង​ផង​ដែរ គឺ​ចែក​ចាយ​អំពី​របៀប​ដែល​ព្រះអង្គ​បាន​ស្រឡាញ់ យាង​មក​រក​យើង និង​សង្គ្រោះ​យើង​ឲ្យ​រួច​ពី​បាប​។—Kenneth Petersen

តើ​ព្រះយេស៊ូវ​បាន​ធ្វើ​កិច្ចការ​អ្វី​ខ្លះ​ក្នុង​ជីវិត​អ្នក ដែល​អ្នក​ចង់​ចែក​ចាយ​ដល់​អ្នក​ដទៃ? តើ​ព្រះអង្គ​បាន​នាំ​អ្នក​ឲ្យ​ទទួល​សេចក្តី​សង្គ្រោះ ដោយ​របៀបណា?

ឱ​ព្រះយេស៊ូវ ទូល​បង្គំ​សូម​អរ​ព្រះគុណ​ព្រះអង្គ ដែល​បាន​សង្រ្គោះ​ទូល​បង្គំ និង​ធ្វើ​កិច្ច​ការ​នៃ​សេចក្តី​ស្រឡាញ់ ក្នុង​ជីវិត​ទូល​បង្គំ​។

For further study, read Jesus Is in the Room at DiscoverODB.org.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: លោកុប្បត្តិ ១-៣ និង ម៉ាថាយ ១

ល្ងាច

ព្រះ​អង្គ​ជា​ក្សត្រ ដែល​បាន​បង្កើត​របស់​សព្វ​សារពើ

ព្រះ​អង្គ​ជា​ក្សត្រ ដែល​បាន​បង្កើត​របស់​សព្វ​សារពើ

ដោយAlistair Begg

January 1, 2025

«កាល​ដើម​ដំបូង​ឡើយ ព្រះ​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី» (លោកុប្បត្ដិ ១:១)។

ព្រះ​ទ្រង់​ពិត​ជា​មាន​មែន គឺ​គ្មាន​ពេល​ណា​មួយ ដែល​មិន​មាន​ព្រះ​អង្គ​នោះ​ឡើយ។ ព្រះ​អង្គ​មាន​ពិត​មែន តាំង​ពីមុន​ពេល​ដែល​ពេល​វេលា និង​អ្វី​មួយ​កើត​មាន ដោយ​សារ​ការ​បង្កើត​របស់​ព្រះ​អង្គ។ ហើយ​ដោយ​សារ​លក្ខណៈ​សម្បត្តិ​របស់​ព្រះ​អង្គ មិន​ដែល​ប្រែ​ប្រួល ព្រះ​អង្គ​តែង​តែ​មាន​ពិត​មែន ក្នុង​លក្ខណៈ​ជា​ព្រះ​ត្រៃឯក ជា​ព្រះ​តែ​មួយ​មាន​បី​អង្គ គឺ​ព្រះ​វរបិតា ព្រះ​រាជបុត្រា និង​ព្រះ​វិញ្ញាណ​បរិសុទ្ធ។ ពេល​យើង​អាន​ព្រះ​គម្ពីរ យើង​ឃើញ​ថា អង្គ​នីមួយៗ​នៃ​ព្រះ​ត្រៃឯក​សុទ្ធ​តែ​បាន​ចូល​រួម​នៅ​ក្នុង​ការ​បង្កើត​របស់​សព្វ​សារពើ ដោយ​ព្រះ​វរបិតា​បាន​ធ្វើ​ការ​ផ្ដួចផ្ដើម ហើយ​ព្រះ​គម្ពីរ​ក៏​បាន​ពិពណ៌នា​ថា ព្រះ​វិញ្ញាណ​បរិសុទ្ធ​បាន «រេរា​នៅ​ពីលើ​ទឹក» ហើយ​ព្រះ​រាជបុត្រា​គឺ​ជា​ភ្នាក់ងារ​នៃ​ការ​បង្កើត​របស់​សព្វ​សារពើ (លោកុប្បត្ដិ ១:២-៣ យ៉ូហាន ១:៣)។

«គ្រប់​ទាំង​អ្វីៗ​ដែល​ស្រស់​ស្អាត អស់​ទាំង​សត្វ​តូច​ធំ»1 គួរ​តែ​នាំ​ឲ្យ​យើង​មាន​ចិត្ត​ស្ញប់​ស្ញែង ព្រោះ​ព្រះ​អង្គ​បាន​រចនា​ពួក​វា​មក ដោយ​បង្គាប់​តែ​មួយ​ព្រះ​ឱស្ឋ។ ធម្មជាតិ​ទាំង​មូល​ស្ថិត​ក្នុង​ព្រះ​ហស្ត ស្ថិត​ក្នុង​ការ​គ្រប់​គ្រង​របស់​ព្រះ​អង្គ។ ពេល​យើង​ឃើញ​ទឹក​រលក​បោក​ច្រាំង យើង​មាន​ការ​កម្សាន្ត​ចិត្ដ​ដ៏​អស្ចារ្យ ដោយ​ដឹង​ថា ទឹក​រលក​នីមួយៗ​បាន​កើត​មាន ដោយ​សារ​ការ​គ្រប់​គ្រង​របស់​ព្រះ​អម្ចាស់ ដោយ​អធិបតេយ្យ​ភាព​របស់​ព្រះ​អង្គ។ ព្រះ​អង្គ​មិន​ដែល​បាន​យាង​ចេញ​ពី​ស្នា​ព្រះ​ហស្ត​ព្រះ​អង្គ​ទាំង​ពី​ដើម​ក៏​ដូច​ជា​ក្នុង​ពេល​អនាគត។

យើង​ចាំបាច់​ត្រូវ​ចាំ​ថា ព្រះ​អង្គ​គ្មាន​ដែន​កំណត់​ឡើយ។ ព្រះ​អង្គ​គង់​នៅ​លើ​បល្ល័ង្ក ខ្ពស់​ហួស និង​ពិសេស​ខុស​ប្លែក​ពី​អ្វីៗ​ដែល​ព្រះ​អង្គ​បាន​បង្កើត។ នេះ​ជា​មូល​ហេតុ​ដែល​ជំនឿ​គ្រីស្ទ​បរិស័ទ មាន​ភាព​ខុស​គ្នា​ពី​ជំនឿ​សាសនា​ដែល​ជឿ​ថា ព្រះ​អាទិទេព​បាន​បង្ហាញ​អង្គ​ទ្រង់​ឲ្យ​គេ​បាន​ស្គាល់ នៅ​ក្នុង​ពិភព​ធម្មជាតិ ដូច​នេះ អ្វីៗ​ទាំង​អស់​ជា​ផ្នែក​មួយ​នៃ​អង្គ​ទ្រង់។ បើ​យើង​ជឿ​ដូច​នេះ យើង​នឹង​មិន​ហ៊ាន​សម្លាប់​សត្វ​រុយ ឬ​មិន​ហ៊ាន​ដើរ​ជាន់​សត្វ​ស្រមោច ព្រោះ​សត្វ​ល្អិត​ទាំង​នោះ​សុទ្ធ​តែ​ជា​ផ្នែក​មួយ​នៃ​អង្គ​ទ្រង់។ ស្រដៀង​គ្នា​នេះ​ដែរ តាម​ជំនឿ​នេះ យើង​ក៏​មិន​គួរ​កាប់​ដើមឈើ ឬ​បរិភោគ​សាច់ ព្រោះ​ពួកវា​ជា​ផ្នែក​មួយ​នៃ​អង្គ​ទ្រង់។ ការ​បង្រៀន​ដូច​នេះ​មាន​ការ​យល់​ច្រឡំ និង​វង្វេង ហើយ​ច្រើន​តែ​នាំ​មនុស្ស​ទៅ​រក​ការ​ថ្វាយ​បង្គំ​រូប​ព្រះ។ ព្រះ​គម្ពីរ​បាន​ចែង​យ៉ាង​ច្បាស់ ម្តង​ហើយ​ម្តង​ទៀត​ថា មនុស្ស​នឹង​សម្រេច​ចិត្ត​ថ្វាយ​បង្គំ​ស្នា​ព្រះ​ហស្ត​របស់​ព្រះ​អង្គ ជា​ជាង​ថ្វាយ​បង្គំ​ព្រះ​អង្គ​ដែល​បាន​បង្កើត​ពួក​វា​មក (រ៉ូម ១:២៥)។ ពេល​យើង​មើល​ផ្ទាំង​គំនូរ​ដែល​ស្អាត​អស្ចារ្យ ការ​ស្ញប់​ស្ញែង និង​មាន​ចិត្ត​រីក​រាយ​ចំពោះ​ផ្ទាំង​គំនូរ​នោះ ជា​ទង្វើ​ត្រឹម​ត្រូវ​ហើយ ហើយ​បន្ទាប់​មក យើង​ត្រូវ​សរសើរ​ជាង​គំនូរ។ ស្នា​ព្រះ​ហស្ត​ទាំង​អស់​ប្រៀប​ដូច​ជា​រូប​នីមួយៗ នៅ​ក្នុង​ផ្ទាំង​គំនូរ​ដែល​ព្រះ​អង្គ​បាន​គូរ ហើយ​ពួក​វា​សុទ្ធ​តែ​ថ្លែង​អំពី «លក្ខណសម្បត្តិ​របស់​ព្រះ​អង្គ ដែល​យើង​មើល​មិន​ឃើញ ដែល​មាន​ដូច​ជា​ព្រះ​ចេស្ដា​ដ៏​អស់​កល្ប និង​លក្ខណៈ​ជា​ព្រះ» (ខ.២០)។

យើង​ត្រូវ​ថ្វាយ​បង្គំ​តែ​ព្រះ​អង្គ​ប៉ុណ្ណោះ ព្រោះ​ស្នា​ព្រះ​ហស្ត​កើត​មាន ដោយ​សារ​ព្រះ​ចេស្ដា និង​ដើម្បី​ថ្វាយ​សិរី​ល្អ​ដល់​ព្រះ​អង្គ។ ព្រះ​អង្គ​គ្មាន​ការ​ចាប់​ផ្ដើម ឬ​ទី​បញ្ចប់​ឡើយ ហើយ​ព្រះ​អង្គ​នឹង​គ្រង​រាជ្យ​ជា​រៀង​រហូត។ ព្រះ​អង្គ​ជា​ក្សត្រ។ នៅ​ថ្ងៃ​នេះ ចូរ​យើង​លើក​តម្កើង​ព្រះ​អង្គ ដ្បិត​មាន​តែ​ព្រះ​អង្គ​ទេ​ដែល​ស័ក្តិ​សម​នឹង​ឲ្យ​យើង​សរសើរ។ ចូរ​ដើរ​លេង ឬ​មើល​ទៅ​ក្រៅ​បង្អួច ហើយ​សរសើរ​តម្កើង​ព្រះ​អង្គ ពេល​ដែល​អ្នក​បាន​ឃើញ​សម្រស់​របស់​ព្រះ​អង្គ ដែល​បាន​បង្ហាញ​ក្នុង​ស្នា​ព្រះ​ហស្ត​ដែល​ព្រះ​អង្គ​បាន​បង្កើត។ ចូរ​សរសើរ​តម្កើង​ព្រះ​អង្គ ខណៈ​ពេល​ដែល​ព្រះ​អង្គ​បន្ត​គ្រង​រាជ្យ​លើ​ស្នា​ព្រះ​ហស្ត​ព្រះ​អង្គ ដោយ​ថែរក្សា​អ្នក​ក្នុង​ព្រះ​ហស្ត​ដែល​មាន​អធិបតេយ្យ​ភាព។

ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ វិវរណៈ ៤

គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ លោកុប្បត្ដិ ១-៣; និង​រ៉ូម ១

1លោក Cecil F. Alexander, “All Things Bright and Beautiful” (ឆ្នាំ១៨៤៨)។

ប្រភេទ