នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ព្រះ​បន្ទូល​សន្យា​ថា នឹង​ស្អាង​យើង​ឡើង​វិញ

ព្រះ​បន្ទូល​សន្យា​ថា នឹង​ស្អាង​យើង​ឡើង​វិញ

ដោយWinn Collier

January 2, 2025

អេសាយ ៥១:១-៦

ផ្ទៃ​មេឃ​នឹង​សូន្យ​បាត់​ទៅ ដូចជា​ផ្សែង ... តែ​សេចក្តី​សង្គ្រោះ​របស់​អញ​នឹង​នៅ​ជា​ដរាប​។ អេសាយ ៥១:៦

កាល​ខ្យល់​ព្យុះ​កំបុត​ត្បូង​ឡរ៉ា បាន​បក់​បោក​យ៉ាង​ខ្លាំង កាត់​តាម​តំបន់​ឈូង​សមុទ្រ​មិច​ស៊ីកូ ឆ្ពោះ​ទៅ​រក​តំបន់​ឆ្នេរ​សមុទ្រ​របស់​សហរដ្ឋអាមេរិក​នៅ​រដ្ឋ​លូវីស៊ី​អាណា គេ​បាន​ធ្វើ​ការ​ប្រកាស​អាសន្ន​ជា​បន្ទាន់​។ មន្ត្រី​ប៉ូលិស​ម្នាក់​បាន​កត់​សំគាល់​ឃើញថា មាន​ខ្យល់​បក់​បោក​ក្នុង​ល្បឿន១៥០គីឡូម៉ែត្រ​ក្នុង១ម៉ោង ហើយក៏​បាន​ផ្តល់​ពត៌​មាន​ដល់​ប្រជា​ពលរដ្ឋ​ភ្លាម​ៗ​ថា “សូម​ធ្វើ​ការ​ជម្លៀស​ជា​បន្ទាន់​។ បើ​អ្នក​សម្រេច​ចិត្ត​បន្ត​ស្នាក់​នៅ​ក្នុង​ផ្ទះ យើង​ខ្ញុំ​មិន​អាច​ចេញ​ទៅ​រក​អ្នក​បានទេ ដូច​នេះ សូម​យក​ក្រដាស​មួយ​សន្លឹក​មក​សរសេរ​ឈ្មោះ អាស័យ​ដ្ឋាន អត្ថ​លេខ​សន្តិ​សុខ​សង្គម​របស់​អ្នក និង​ឈ្មោះ​សាច់​ញាតិ​សម្រាប់​ទំនាក់​ទំនង ពេល​មាន​ការ​បន្ទាន់ ហើយ​ដាក់​ក្រដាស​នោះ​ចូល​ទៅ​ក្នុង​ថង់​មាន​រូត​ ហើយ​ដាក់​ចូល​ក្នុង​ហោប៉ៅ​របស់​អ្នក​។ ហើយ​ចូរ​អធិស្ឋាន​សូម​ឲ្យ​អ្នក​រួច​ផុត​ពី​គ្រោះ​ថ្នាក់​នេះ”។ ភ្នាក់ងារ​ជួយ​សង្គ្រោះ​បាន​ដឹង​ថា ពេលណា​ខ្យល់​ព្យុះ​ឡរ៉ា វាយ​ប្រហារ​តំបន់​ឆ្នេរ ពួកគេ​មិន​អាច​ធ្វើ​អ្វី​បាន​ទេ ក្រៅពី​មើល​ខ្យល់​ព្យុះ​នោះ​បំផ្លិច​បំផ្លាញ​អ្វីៗ​ទាំង​អស់​នៅ​ពី​មុខ​វា​។

ពេលណា​រាស្រ្ត​របស់​ព្រះ នៅ​គ្រា​សញ្ញា​ចាស់​ជួប​គ្រោះ​ធម្មជាតិ ឬ​មហន្ត​រាយ​ខាង​វិញ្ញាណ ព្រះបន្ទូល​ព្រះអង្គ​មាន​ការ​ធានា​ច្បាស់​លាស់ ហើយ​នាំមក​នូវ​ក្តី​សង្ឃឹម ដោយ​សន្យា​ថា ព្រះអង្គ​នឹង​គង់នៅ​ជាមួយ ទោះ​ពួក​គេ​ជួប​ការ​បំផ្លិច​បំផ្លាញ​យ៉ាងណា​ក៏ដោយ​។ ព្រះអង្គ​មាន​បន្ទូល​ថា “ទ្រង់​បាន​ដោះ​ទុក្ខ​អស់​ទាំង​កន្លែង​ខូច​បង់​របស់​គេ ក៏បាន​ធ្វើ​ឲ្យ​ទី​ស្ងាត់ឈឹង បាន​ដូចជា​ច្បារ​អេដែន ហើយ​ឲ្យ​វាល​ប្រៃ​នោះ​ត្រឡប់​ដូច​ជា​សួន​របស់​ព្រះយេហូវ៉ា​ដែរ”(អេសាយ ៥១:៣)។ ហើយ​ជាង​នេះ​ទៅទៀត ព្រះអង្គ​តែងតែ​ធានា​រាស្រ្ត​ព្រះ​អង្គ​ថា ព្រះអង្គ​នឹង​ប្រទាន​ការ​សង្គ្រោះ និង​ការ​ប្រោស​ឲ្យ​ជា បើសិន​ជា​ពួកគេ​ទុកចិត្ត​ព្រះអង្គ​។ ព្រះអង្គ​មាន​បន្ទូល​ទៀត​ថា “ដ្បិត​ផ្ទៃ​មេឃ​នឹង​សូន្យ​បាត់​ទៅ ដូចជា​ផ្សែង​ហើយ​ផែនដី​នឹង​ចាស់​ទៅ​ដូចជា​សំលៀក​បំពាក់ ឯពួក​អ្នក​ដែល​នៅ​ស្ថាន​នេះ នឹង​ស្លាប់​ទៅ​បែប​ដូច្នោះ​ដែរ តែ​សេចក្តី​សង្គ្រោះ​របស់​អញ​នឹង​នៅ​ជា​ដរាប”(ខ.៦)។ ទោះ​ពួកគេ​បាន​ទទួលរង​ការខូចខាត​យ៉ាងណា​ក៏ដោយ ក៏​សេចក្តី​ល្អ​របស់​ព្រះអង្គ​ចំពោះ​ពួកគេ នៅ​ស្ថិត​ស្ថេរ​នៅ​ជា​ដរាប​។

ព្រះអម្ចាស់​មិន​បាន​សន្យា​ថា ជីវិត​របស់​យើង​នៅ​លើ​ផែនដី​នឹង​មិន​មាន​ទុក្ខ​លំបាក​សោះ​នោះ​ឡើយ តែ​ព្រះអង្គ​បាន​សន្យា​ថា ការ​ប្រោស​ឲ្យ​ជា​របស់​ព្រះអង្គ នឹង​នាំមក​នូវ​ការ​ស្អាង​ឡើង​វិញ ទោះ​យើង​មាន​ភាព​ប្រេះ​បែក​យ៉ាងណា​ក៏ដោយ​។—Winn Collier

តើ​អ្នក​កំពុង​ប្រឈម​មុខ​ដាក់​គ្រោះ​មហន្ត​រាយ និង​ភាព​ប្រេះ​បែក​នៅ​កន្លែងណា?
ព្រះយេស៊ូវ​បាន​សន្យា​ថា នឹង​គង់នៅ​ជាមួយ​អ្នក ប្រោស​អ្នក​ឲ្យ​ជា ហើយ​ស្អាង​អ្នក​ឡើង​វិញ​។ តើ​អ្នក​បានឮ​ព្រះបន្ទូល​សន្យា​នេះ​ដោយ​របៀបណា?

ឱ​ព្រះអម្ចាស់ ភាព​ប្រេះ​បែក​បាន​នាំ​ឲ្យ​ទូល​បង្គំ​មាន​ការ​សោកសៅ​យ៉ាង​ខ្លាំង​។
តែ​សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ​ឲ្យ​ទុក​ចិត្ត​ថា ព្រះអង្គ​មាន​ព្រះ​បន្ទូល​សន្យា​ថា នឹង​ស្អាង​ទូល​បង្គំ​ឡើង​វិញ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: លោកុប្បត្តិ ៤-៦ និង ម៉ាថាយ ២

ល្ងាច

Devotional illustration

មើល​ន៏ ព្រះ​នៃ​អ្នក​រាល់​គ្នា!

ដោយAlistair Begg

January 2, 2025

«ឱ​អ្នក​ដែល​នាំ​ដំណឹង​ល្អ មក​ដល់​ក្រុង​ស៊ីយ៉ូន​អើយ ចូរ​ឡើង​ទៅ​ប្រកា​ស​ប្រាប់​ពីលើ​ភ្នំ​ខ្ពស់​ចុះ ឱ​អ្នក​ដែល​នាំ​ដំណឹង​ល្អ​មក​ដល់​ក្រុង​យេរូសាឡឹម​អើយ ចូរ​បន្លឺ​សម្លេង​ឡើងជា​ខ្លាំង ចូរ​បន្លឺ​ឡើង កុំ​ខ្លាច​ឡើយ ចូរ​ប្រាប់​ដល់ទី​ក្រុង​នៃ​ស្រុក​យូដា​ទាំង​ប៉ុន្មាន​ថា មើល​ន៏ ព្រះ​នៃ​អ្នក​រាល់​គ្នា» (អេសាយ ៤០:៩)។

ហោរា អេសាយ បាន​រស់​នៅ​ក្នុង​សម័យ​ដែល​រាស្ត្រ​របស់​ព្រះ​ត្រូវ​សាសន៍​ដទៃ​ចាប់​ជា​ឈ្លើយ​សឹក ហើយ​និរទេស​ឲ្យ​ទៅ​រស់​នៅ​ក្នុង​ទឹក​ដី​បរទេស។ ពួក​គេ​បាន​ជួប​ទុក្ខ​វេទនា​ជា​ច្រើន និង​បាន​ជា​មិន​អាច​សូម្បី​តែ​ច្រៀង​សរសើរ​តម្កើង​ព្រះ​អម្ចាស់ (ទំនុកតម្កើង ១៣៧:១-៤)។ ប៉ុន្តែ ខណៈ​ពេល​ដែល​ពួក​គេ​កំពុង​រស់​នៅ​ក្នុង​ការ​និរទេស​នោះ ព្រះ​ទ្រង់​ក៏​បាន​យាង​មក​រក​រាស្ត្រ​ព្រះ​អង្គ ដោយ​ព្រះ​បន្ទូល​កម្សាន្ត​ចិត្ត (អេសាយ ៤០:១) គឺ​ការ​កម្សាន្ត​ចិត្ត ដែល​មាន​នៅ​ក្នុង​ការ​សម្រេច​ព្រះ​បន្ទូល​សន្យា​របស់​ព្រះ​អង្គ​ប៉ុណ្ណោះ។ គឺ​ព្រះ​បន្ទូល​សន្យា​ថា សិរី​ល្អ​របស់​ព្រះ​អម្ចាស់​នឹង​បង្ហាញ​ចេញ​មក មិន​មែន​សម្រាប់​តែ​ពួក​អ៊‌ីស្រាអែល តែ​សម្រាប់​ជាតិ​សាសន៍​ទាំង​អស់។

ដំណឹង​ដ៏​ល្អ​នេះ មិន​មែន​សម្រាប់​ឲ្យ​ពួក​គេ​ស្តាប់ ហើយ​នៅ​ស្ងៀម​ស្ងាត់​មិន​និយាយ​អ្វី​សោះ​នោះ​ទេ។ ព្រះ​ទ្រង់​សព្វ​ព្រះ​ទ័យ​ឲ្យ​ពួក​គេ​បន្លឺ​សម្លេង​ស្រែក​ហ៊ោ​នៃ​ជ័យ​ជម្នះ ដោយ​បញ្ចេញ​ពន្លឺ​នៃ​សេចក្តី​សង្ឃឹម​ដល់​គ្នា​ទៅ​វិញ​ទៅ​មក។ កាល​ពី​មុន មាន​ការ​ពិពណ៌នា​ថា ពួក​គេ​ជា «បណ្តាជន​ដែល​ដើរ​ក្នុង​សេចក្តី​ងងឹត» តែ​ឥឡូវ​ពួក​គេ «បាន​ឃើញ​ពន្លឺ​យ៉ាង​ធំ» (អេសាយ ៩:២)។

ភាព​ខុស​គ្នា​រវាង​ភាព​ងងឹត នៃ​លោកីយ៍​ដែល​ធ្លាក់​ចូល​អំពើ​បាប និង​ពន្លឺ​នៃ​ស្ថាន​សួគ៌ គឺ​ជា​ទិដ្ឋភាព​ដែល​កណ្ឌ​គម្ពីរ​អេសាយ​ក៏​ដូច​ជា​ព្រះ​គម្ពីរ​ប៊ីប​ទាំង​មូល​បាន​ឆ្លុះ​បញ្ចាំង។ សេចក្តី​ងងឹត​កើត​ចេញ​ពី​ការ​ព្រងើយ​កន្តើយ​ចំពោះ​ព្រះ បះបោរ​នឹង​ព្រះ​អង្គ ហើយ​មិន​ព្រម​ធ្វើ​តាម​ព្រះ​បន្ទូល​ព្រះ​អង្គ។ មាន​ព្រះ​រាជសារ​មួយ​បញ្ចេញ​ពន្លឺ ចូល​ទៅ​ក្នុង​ភាព​ងងឹត​ខ្លាំង​យ៉ាង​នេះ ធ្វើ​ឲ្យ​ចិត្ត​គំនិត​របស់​ពួក​គេ​មាន​ភាព​ស្រស់​ថ្លា​ឡើង គឺ​ព្រះ​រាជសារ​ដែល​បាន​ប្រកាស​ថា «មើល​ន៍ ព្រះ​នៃ​អ្នក​រាល់​គ្នា»។

ព្រះ​រាជសារ​នេះ​នៅ​តែ​មាន​សារៈសំខាន់​ចំពោះ​រាស្ត្រ​ព្រះ​អង្គ ក្នុង​សម័យ​បច្ចុប្បន្ន ដូច​នៅ​សម័យ​ហោរា អេសាយ ផង​ដែរ។ ជា​ញឹក​ញាប់ ភាព​ងងឹត​ហាក់​ដូច​ជា​ធ្ងន់​ខ្លាំង ហើយ​ជួន​កាល ពន្លឺ​ហាក់​ដូច​ជា​ស្រអាប់​ណាស់​ដែរ។ តែ​ជា​ញឹក​ញាប់ ព្រះ​រាជសារ​នៃ​សេចក្តី​សង្ឃឹម​ក៏​បាន​ចាប់​ផ្ដើម​មាន ក្នុង​អំឡុង​ពេល​មិន​ច្បាស់​លាស់​នោះ។ គឺ​ដូច​ដែល​ព្រះ​អង្គ​បាន​សន្យា​ថា «នោះ​សិរី​ល្អ​នៃ​ព្រះ​យេហូវ៉ា​នឹង​សម្តែង​មក គ្រប់​មនុស្ស​ទាំង​ឡាយ​នឹង​បាន​ឃើញ​ព្រម​គ្នា ដ្បិត​ព្រះ​ឱស្ឋ​នៃ​ព្រះ​យេហូវ៉ា​បាន​មាន​ព្រះ​បន្ទូល​ហើយ» (អេសាយ ៤០:៥)។ ទី​បំផុត ព្រះ​អង្គ​សម្រេច​ព្រះ​បន្ទូល​សន្យា​ព្រះ​អង្គ ដោយ​យាង​មក​យក​កំណើត​ជា​មនុស្ស ហើយ​បាន​គង់​នៅ​ជា​មួយ​យើង។

កាល​សាវ័ក យ៉ូហាន និពន្ធ​កណ្ឌ​គម្ពីរ​ដំណឹង​ល្អ​យ៉ូហាន គាត់​ក៏​បាន​ក្រឡេក​មក​លើ​ទិដ្ឋភាព​ដដែល​នេះ​ ដែល​ហោរា អេសាយ ធ្លាប់​បាន​ទន្ទឹង​រង់​ចាំ គឺ​ដូច​ដែល​កណ្ឌ​គម្ពីរ​យ៉ូហាន​បាន​ចែង​ថា «ព្រះ​បន្ទូល​ក៏​ត្រឡប់​ជា​សាច់​ឈាម ហើយ​បាន​ស្នាក់​នៅ​ជា​មួយ​នឹង​យើង​រាល់​គ្នា យើង​រាល់​គ្នា​បាន​ឃើញ​សិរី​ល្អ​ទ្រង់ គឺ​ជា​សិរី​ល្អ​នៃ​ព្រះ​រាជ​បុត្រា​តែ១ ដែល​មក​ពី​ព្រះ​វរបិតា មាន​ពេញ​ជា​ព្រះ​គុណ និង​សេចក្តី​ពិត» (យ៉ូហាន ១:១៤)។ ព្រះ​អង្គ​ជា​ពន្លឺ​នៃ​លោកីយ៍ ហើយ «ពន្លឺ​នោះ​ក៏​ភ្លឺ​មក​ក្នុង​សេចក្តី​ងងឹត តែ​សេចក្តី​ងងឹត​យល់​មិន​ដល់​ពន្លឺ​ទេ» (ខ.៥)។ ហោរា អេសាយ កំពុង​ពិពណ៌នា​អំពី​ព្រះ​អង្គ ដែល​ត្រូវ​យាង​មក តែ​យើង​អាច​ពិចារណា​អំពី​ព្រះ​រាជ​កិច្ច​ដែល​ព្រះ​អង្គ​បាន​សម្រេច ពេល​ដែល​សិរី​ល្អ​ដែល​បាន​សន្យា​នោះ បាន​បង្ហាញ​ចេញ​មក​ហើយ គឺ​ដូច​ដែល​កណ្ឌ​គម្ពីរ​យ៉ូហាន​បាន​ចែង​មក​ស្រាប់។

ព្រះ​ទ្រង់​បាន​យាង​មក​រក​យើង ដោយ​បញ្ចេញ​ពន្លឺ​ចូល​ក្នុង​ភាព​ងងឹត ហើយ​ប្រទាន​សេចក្តី​សង្គ្រោះ។ អ្នក​អាច​មើល​ទៅ​ព្រះ​នៃ​យើង ដែល​បាន​ផ្ទំ​ក្នុង​ស្នូក​សត្វ សុគត​នៅ​លើ​ឈើ​ឆ្កាង យាង​ចេញ​ពី​ផ្នូរ ហើយ​សព្វ​ថ្ងៃ ព្រះ​អង្គ​កំពុង​គ្រង​រាជ្យ​នៅ​ស្ថាន​ដ៏​ខ្ពស់។ យើង​ងាយ​នឹង​មើល​ឃើញ​សេចក្តី​ងងឹត តែ​យើង​ត្រូវ​តែ​មើល​ទៅ​ពន្លឺ ដ្បិត​ក្នុង​ពន្លឺ​នោះ យើង​រក​ឃើញ​ក្តី​សង្ឃឹម ដែល​បណ្ដេញ​ការ​ភ័យ​ខ្លាច និង​ដំណឹង​ល្អ ដែល​ស័ក្តិ​សម​នឹង​ឲ្យ​យើង​ប្រកាស។ នៅ​ថ្ងៃ​នេះ «មើល​ន៏ ព្រះ​នៃ​អ្នក​រាល់​គ្នា!»

ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ អេសាយ ៤០:១-៣១

គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ លោកុប្បត្ដិ ៧-៩ និង រ៉ូម ៣:១១

ប្រភេទ