នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ការ​ភ័យ​ខ្លាច​ពេល​អនាគត

ការ​ភ័យ​ខ្លាច​ពេល​អនាគត

ដោយKaren Huang

January 3, 2025

យ៉ូហាន ១៦:៣១-៣៣

នៅ​លោកីយ៍​នេះ នោះ​អ្នក​រាល់​គ្នា​មាន​សេចក្តី​វេទនាមែន ប៉ុន្តែ ត្រូវ​សង្ឃឹម​ឡើង ដ្បិត​ខ្ញុំ​បាន​ឈ្នះ​លោកីយ៍​ហើយ​។ យ៉ូហាន ១៦:៣៣

ការ​ភ័យ​ខ្លាច​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់​ពី​ដំណេក នៅ​ម៉ោង៣រំលងអាធ្រាត្រ នៅ​ថ្ងៃ​ទីមួយ​នៃ​ឆ្នាំ​ថ្មី​។ បន្ទុក​ដ៏​ធ្ងន់​ដែល​កំពុង​រង់​ចាំ​ខ្ញុំ នៅ​ក្នុង​ឆ្នាំ​ថ្មី​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​។ ជំងឺ​នៅ​ក្នុង​គ្រួសារ​ខ្ញុំ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​តាំង​ពីរ​យូរ​មក​ហើយ ហើយ​ឥឡូវ​នេះ ការ​សញ្ជឹង​គិត​អំពី​ពេល​អនាគត បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ការ​ភ័យ​ខ្លាច​។ ខ្ញុំ​ក៏​បាន​ឆ្ងល់​ថា តើ​ខ្ញុំ​នឹង​ជួប​ការ​អាក្រក់​កាន់តែ​ច្រើន​ថែម​ទៀត ឬ​យ៉ាងណា?

ពួក​សាវ័ក​របស់​ព្រះយេស៊ូវ បាន​យល់​អំពី​ការ​ភ័យ​ខ្លាច ចំពោះ​ការ​អាក្រក់​ដែល​នឹង​កើត​ឡើង​។ គ្រូ​របស់​ពួកគេ​បាន​ឲ្យ​ពួកគេ​ត្រៀម​ខ្លួន និង​បាន​មាន​បន្ទូល​បញ្ជាក់ មុន​ពេល​ព្រះអង្គ​សុគត ប៉ុន្តែ ពួកគេ​នៅតែ​មាន​ការ​ភ័យ​ខ្លាច​។ ពួកគេ​បាន​រត់​គេច​ខ្លួន នៅពេល​ដែល​គេ​ចាប់ចង​ព្រះអង្គ(ម៉ាថាយ ២៦:៥៦) សាវ័ក​ពេត្រុស​បាន​បដិសេធ​ថា​មិន​ស្គាល់​ព្រះអង្គ(យ៉ូហាន ១៨:១៥-១៧,២៥-២៧) ហើយ​ពួកគេ​ក៏បាន​ទៅ​លាក់​ខ្លួន(២០:១៩)។ ការ​ភ័យ​ខ្លាច​របស់​ពួកគេ ក្នុង​អំឡុង​ពេល​ដ៏​វឹកវរ​នៃ​ការ​ចាប់ចង និង​ការ​សុគត​របស់​ព្រះ​យេស៊ូវ​នៅ​លើ​ឈើ​ឆ្កាង ក៏​ដូចជា​នៅពេល​ដែល​មាន​ការ​បៀតបៀន បាន​បណ្តាល​ឲ្យ​ពួកគេ​ប្រព្រឹត្ត​ផ្ទុយ​នឹង​ព្រះ​រាជ​បញ្ជា​របស់​ព្រះអង្គ ឲ្យ “មាន​សង្ឃឹម​ឡើង” និង​ព្រះ​បន្ទូល​សន្យា​ថា ព្រះអង្គ​បាន​ឈ្នះ​លោកិយ​ហើយ(១៦:៣៣)។

ប៉ុន្តែ ការ​សុគត និង​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​របស់​ព្រះគ្រីស្ទ បាន​បង្ហាញ​ឲ្យ​គេ​ដឹង​ថា ព្រះអង្គ​មាន​អំណាច និង​ព្រះ​ចេស្តា​មក​លើ​ជីវិត និង​សេចក្តី​ស្លាប់​។ ព្រះអង្គ​បាន​មាន​ជ័យ​ជម្នះ​មក​លើ​អ្វីៗ​គ្រប់​យ៉ាង​។ ទោះ​លោកិយ​ដែល​មាន​បាប បាន​បណ្តាល​ឲ្យ​យើង​មិន​អាច​ជៀសវាង​ការ​ឈឺ​ចាប់​យ៉ាងណា​ក៏ដោយ ក៏​យើង​អាច​សម្រាក​នៅ​ក្នុង​ការ​ពិត​ដែល​ថា អ្វីៗ​ទាំង​អស់​ស្ថិត​នៅ​ក្រោម​អំណាច​គ្រប់​គ្រង របស់​ព្រះ​នៃ​យើង​ដែល​មាន​ប្រាជ្ញា និង​សេចក្តី​ស្រឡាញ់​។ ព្រះយេស៊ូវ​មាន​ព្រះ​វត្ត​មាន​គង់នៅ​ជាមួយ​យើង(១៦:៣២-៣៣) ដូច​ដែល​ព្រះអង្គ​គង់នៅ​ជាមួយ​ពួក​សាវ័ក ដែល​ក្រោយមក ពួកគេ​បាន​ចេញ​ទៅ​ដោយ​សេចក្តី​ជំនឿ ដើម្បី​ផ្សាយ​ដំណឹង​ល្អ​ដល់​ពិភពលោក​។ ព្រះអង្គ​បាន​សន្យា​ថា ព្រះអង្គ​មាន​អំណាច​គ្រប់​គ្រង​អ្វីៗ​គ្រប់​យ៉ាង​។ សូម​ឲ្យ​ព្រះបន្ទូល​សន្យា​នេះ ជួយ​យើង​ឲ្យ​មាន​ជំនឿ​កាន់តែ​រឹងមាំ នៅ​ឆ្នាំ​ថ្មី​នេះ និង​មាន​ចិត្ត​ក្លាហាន​ឡើង ទោះ​យើង​មិន​ដឹង​ថា យើង​នឹង​ជួប​រឿង​អ្វី​ខ្លះ នៅពេល​អនាគត​ក៏ដោយ​។—Karen Huang

តើ​អ្នក​មាន​ការ​ឆ្លើយតប​ដូច​ម្តេច​ខ្លះ ចំពោះ​ការ​លំបាក ទុក្ខ​វេទនា និង​ការ​ល្បងល?
តើ​អ្នក​អាច​មាន​សេចក្តី​សង្ឃឹម ដោយ​របៀបណា ក្នុង​ការ​ប្រឈម​មុខ​ដាក់​ការ​លំបាក​ទាំង​អស់​នេះ?

ឱ​ព្រះយេស៊ូវ ទូល​បង្គំ​សូម​អរ​ព្រះគុណ​ព្រះអង្គ ដែល​បាន​ជួយ​ទូល​បង្គំ​ជម្នះ​ការ​ភ័យ​ខ្លាច និង​បង្ហាញ​ទូល​បង្គំ​អំពី​របៀប​រស់នៅ ដោយ​ចិត្ត​ក្លាហាន​។

Visit ODBU.org/OT315 for further study on suffering and trials from the book of Job.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: លោកុប្បត្តិ ៧-៩ និង ម៉ាថាយ ៣

ល្ងាច

Devotional illustration

ព្រះ​បន្ទូល​សន្យា​នីមួយៗ​បាន​សម្រេច

ដោយAlistair Begg

January 3, 2025

«នេះ​បញ្ជី​ពង្សាវតារ​ពី​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​វង្សា​ហ្លួង​ដាវីឌ និង​ជា​ជំនួរ​វង្ស​នៃ​លោក​អ័ប្រាហាំ​ដែរ» (ម៉ាថាយ ១:១)។

ពេល​យើង​ចាប់​ផ្ដើម​អាន​ទំព័រ​ដំបូង​នៃ​ព្រះ​គម្ពីរ​សញ្ញា​ថ្មី យើង​ប្រហែល​មិន​មាន​ការ​ប៉ះ​ពាល់​ចិត្ត​ភ្លាមៗ​ទេ។ តាម​ពិត បើ​សិន​ជា​នរណា​ម្នាក់​អាន​ព្រះ​គម្ពីរ​ទាំង​មូល ជា​លើក​ដំបូង ហើយ​ក៏​បាន​អាន​ដល់​ចុង​បញ្ចប់​នៃ​កណ្ឌ​គម្ពីរ​ម៉ាឡាគី ដែល​ចង្អុល​បង្ហាញ​ពួក​គេ ឲ្យ​មាន​ចិត្ត​រំពឹង​ថា​នឹង​បាន​ឃើញ​អ្វី​ដែល​កាន់​តែ​អស្ចារ្យ នោះ​ចិត្ត​រំភើប​រីករាយ​របស់​គាត់​អាច​ថយ​ចុះ​ទៅ​វិញ ពេល​ដែល​គាត់​ឃើញ​កណ្ឌ​គម្ពីរ​បន្ទាប់​ចាប់​ផ្ដើម ដោយ​ការ​ពិពណ៌នា​អំពី​បញ្ជី​ពង្សាវតារ។ យើង​ប្រហែល​ចង់​រំលង​កណ្ឌ​គម្ពីរ​ម៉ាថាយ ហើយ​ចាប់​ផ្ដើម​អាន​កណ្ឌ​គម្ពីរ​ដំណឹង​ល្អ​មួយ​ទៀត។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ចូរ​យើង​ចាំ​ថា ព្រះ​បន្ទូល​សន្យា​ដែល​ព្រះ​ទ្រង់​មាន​ចំពោះ​រាស្ត្រ​ព្រះ​អង្គ ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ សុទ្ធ​តែ​រំពឹង​ថា​នឹង​បាន​សម្រេច​នៅ​គ្រា​សញ្ញា​ថ្មី។ ពេល​ណា​យើង​អាន​ព្រះ​គម្ពីរ​សញ្ញា​ថ្មី យើង​ក៏​បាន​ដឹង​ថា តាម​ពិត ការ​ចាប់​ផ្ដើម​នៃ​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​យ៉ាង​ដូច​នេះ គឺ​ស័ក្តិសម​បំផុត ព្រោះ​បញ្ជី​ពង្សាវតារ ក្នុង​កណ្ឌ​គម្ពីរ​ម៉ាថាយ បាន​បង្ហាញ​ខ្សែ​លោហិត​ពី​លោក អ័ប្រាហាំ ដល់​ស្ដេច ដាវីឌ ហើយ​ទី​បំផុត​ដល់​ព្រះ​យេស៊ូវ ជា​អ្នក​ដែល​បាន​សម្រេច​ព្រះ​បន្ទូល​សន្យា​ទាំង​នេះ។

ស្រដៀង​គ្នា​នេះ​ដែរ ក្នុង​កណ្ឌ​គម្ពីរ​ម៉ាកុស​ទាំង​មូល យើង​ឃើញ​ថា កណ្ឌ​គម្ពីរ​នេះ​ក៏​បាន​នាំ​យើង​ងាក​ទៅ​រក​ពួក​ហោរា ដែល​បាន​ចង្អុល​បង្ហាញ​រាស្ត្រ​ព្រះ​អង្គ ឲ្យ​ទន្ទឹង​រង់​ចាំ​ព្រះ​ដែល​ត្រូវ​យាង​មក។ កណ្ឌ​គម្ពីរ​ម៉ាកុស​បាន​ប្រើ​កណ្ឌ​គម្ពីរ​សញ្ញា​ចាស់ ដើម្បី​បង្ហាញ​សេចក្តី​ពិត​ដែល​គួរ​ឲ្យ​កត់​សំ​គាល់ ដោយ​ប្រយោគ​ទីពីរ​របស់​គាត់​បាន​ចាប់​ផ្ដើម ដោយ​ពាក្យ​ថា «ដូច​ជា​បាន​សរសេរ​ទុក នៅ​ក្នុង​គម្ពីរ​ហោរា អេសាយ ថា...» (ម៉ាកុស ១:២)។ ហើយ​កណ្ឌ​គម្ពីរ​ម៉ាកុស​ក៏​មាន​ការ​កត់​ទុក​ជា​លើក​ដំបូង នូវ​ពាក្យ​ពេចន៍​របស់​ព្រះ​យេស៊ូវ ដែល​បាន​មាន​បន្ទូល​ថា «ពេល​វេលា​បាន​សម្រេច​ហើយ នគរ​ព្រះ​ជិត​មក​ដល់ ដូច្នេះ ចូរ​ប្រែ​ចិត្ត ហើយ​ជឿ​ដំណឹង​ល្អ​ចុះ» (ខ.១៥)។ សិស្ស​របស់​ព្រះ​យេស៊ូវ​មាន​ឯកសិទ្ធិ នៅ​ក្នុង​ការ​មើល​ឃើញ​ការ​អ្វី​ដែល​ពួក​ហោរា និង​ស្ដេច​របស់​ពួក​គេ​បាន​ទន្ទឹង​រង់​ចាំ (លូកា ១០:២៤) ជា​ឯកសិទ្ធិ​ដែល​នៅ​តែ​បន្ត​មាន តាម​រយៈ​កិច្ចការ​របស់​ព្រះ​បន្ទូល ដែល​បញ្ចេញ​ពន្លឺ។

ព្រះ​គម្ពីរ​សញ្ញា​ថ្មី​បង្ហាញ​ឲ្យ​យើង​ដឹង​ថា កត្តា​ដែល​នាំ​ឲ្យ​ព្រះ​បន្ទូល​ព្រះ​បាន​សម្រេច អាច​សង្ខេប​មក​នៅ​ត្រឹម​ពាក្យ​ពីរ​ម៉ាត់​គឺ​ព្រះ​យេស៊ូវ​គ្រីស្ទ។ ព្រះ​ទ្រង់​បាន​មាន​បន្ទូល​សន្យា​ចំពោះ​រាស្ត្រ​អ៊‌ីស្រាអែល ដោយ​ប្រើ​ពាក្យ​បច្ចេកទេស និង​ប្រភេទ​ពាក្យ ដែល​ពួក​គេ​អាច​យល់​បាន ដូច​ជា​ពាក្យ ជាតិ​សាសន៍ និង​ព្រះ​វិហារ​ជាដើម។ ការ​យាង​មក​ចាប់​កំណើត​របស់​ព្រះ​យេស៊ូវ បាន​បក​ស្រាយ​សេចក្តី​ពិត​នៃ​គ្រា​សញ្ញា​ចាស់ ផ្អែក​ទៅ​លើ​ដំណឹង​ល្អ ដែល​ប្រកាស​ថា បទ​ទំនាយ​គ្រា​សញ្ញា​ចាស់​បាន​សម្រេច ដោយ​សារ និង​នៅ​ក្នុង​អង្គ​ព្រះ​គ្រីស្ទ។ ដូច​នេះ យើង​មិន​ចាំ​បាច់​ត្រូវ​ស្វែង​រក​ព្រះ​វិហារ​ថ្មី នៅ​ក្នុង​ប្រទេស​អ៊‌ីស្រាអែល​នោះ​ទេ តែ​ផ្ទុយ​ទៅ​វិញ ចូរ​យើង​ជួប​ព្រះ​អង្គ តាម​រយៈ​ព្រះ​រាជបុត្រា​ព្រះ​អង្គ គឺ​ព្រះ​អម្ចាស់​យេស៊ូវ អរ​សប្បាយ​នឹង​ព្រះ​វត្ត​មាន​នៃ​ព្រះ​វិញ្ញាណ នៅ​ក្នុង​យើង​ម្នាក់ៗ ហើយ​មើល​ទៅ​ការ​គ្រង​រាជ្យ​របស់​ព្រះ​គ្រីស្ទ ដើម្បី​ឲ្យ​ជីវិត​យើង​ផ្លាស់​ប្រែ​ក្នុង​ពេល​បច្ចុប្បន្ន និង​ជា​រៀង​រហូត។

ការ​យាង​មក​នៃ​ព្រះ​រាជបុត្រា​នៃ​ព្រះ​បាន​លប់​បំបាត់​ព្រំដែន​នៃ​ការ​បែង​ចែក ក្នុង​គ្រា​សញ្ញា​ចាស់។ ការ​នេះ​មិន​មែន ដើម្បី​ធ្វើ​ឲ្យ​រាស្ត្រ​របស់​ព្រះ មាន​ការ​ពិបាក​ចិត្ត​នោះ​ទេ តែ​ដើម្បី​ធ្វើ​ឲ្យ​មាន​ចិត្ត​រំភើប​រីករាយ​វិញ។ ព្រះ​គ្រីស្ទ​បាន​សម្រេច​ព្រះ​បន្ទូល​សន្យា​ទាំង​អស់​របស់​ព្រះ​វរបិតា។ ដោយ​សារ​ព្រះ​អង្គ យើង​អាច​ទុក​ចិត្ត​លើ​ការ​ធានា​ដ៏​អស្ចារ្យ​របស់​ព្រះ​វរបិតា។

ដូច្នេះ យើង​មិន​រង់​ចាំ​មើល​របៀប​ដែល​ព្រះ​ទ្រង់​សម្រេច​ព្រះ​បន្ទូល​សន្យា​នីមួយៗ​ឡើយ។ សព្វ​ថ្ងៃ​នេះ យើង​អាច​ដឹង​ថា ព្រះ​គ្រីស្ទ​បាន​សម្រេច កំពុង​សម្រេច ហើយ​នឹង​សម្រេច​ព្រះ​បន្ទូល​សន្យា​ទាំង​អស់​នោះ។ ព្រះ​អង្គ​បាន​សន្យា​ថា នឹង​គង់​នៅ​ជា​មួយ​អ្នក ធ្វើ​ការ​សម្រាប់​អ្នក និង​តាម​រយៈ​អ្នក ហើយ​នឹង​នាំ​អ្នក​ទៅ​រក​នគរ​ដ៏​ឥត​ខ្ចោះ​អស់​កល្ប។

មាន​ពេល​ខ្លះ យើង​ពិបាក​ជឿ​តាម​ព្រះ​បន្ទូល​សន្យា​ទាំង​នោះ។ ពេល​ណា​យើង​មាន​បញ្ហា​នេះ ចូរ​យើង​មើល​ទៅ​ព្រះ​យេស៊ូវ ដែល​បាន​ចាប់​កំណើត​ក្នុង​ខ្សែ​លោហិត​លោក អ័ប្រាហាំ និង​ស្ដេច ដាវីឌ ទ្រង់​កើត​ពី​ព្រះ​វិញ្ញាណ​បរិសុទ្ធ ហើយ​អាច​ប្រកាស​ថា «ពេល​វេលា​បាន​សម្រេច​ហើយ នគរ​ព្រះ​ជិត​មក​ដល់» ហើយ​ព្រះ​អង្គ​បាន​សុគត​នៅ​លើ​ឈើ​ឆ្កាង រួច​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ដើម្បី​សម្រេច​ព្រះ​បន្ទូល​សន្យា​ទាំង​អស់​ក្នុង​ព្រះ​អង្គ។

ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ ម៉ាថាយ ១:១-១៨

គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ លោកុប្បត្ដិ ១០-១២ និង​រ៉ូម ៤

ប្រភេទ