នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ថ្វាយ​ដល់​ព្រះអង្គ​វិញ

ថ្វាយ​ដល់​ព្រះអង្គ​វិញ

ដោយXochitl Dixon

January 4, 2025

១របាក្សត្រ ២៩:១០-១៦

ដ្បិត​គ្រប់​របស់​ទាំង​អស់​មកពី​ទ្រង់ យើង​ខ្ញុំ​រាល់​គ្នា​បាន​យក​តែ​ពី​ព្រះ​ហស្ត​ទ្រង់ ថ្វាយ​ដល់​ទ្រង់​វិញ​។ ១របាក្សត្រ ២៩:១៤

កាល​ឆ្នាំ​មួយ​នោះ អ្នក​ដឹកនាំ​ពួក​ជំនុំ​របស់​ខ្ញុំ បាន​លើក​ទឹក​ចិត្ត​សមាជិក ឲ្យ​ដាក់​ដង្វាយ​បន្ថែម ពីលើ​ដង្វាយ​ប្រចាំ​សប្តាហ៍ ធ្វើ​ជា​ដង្វាយ​ក្តី​ស្រឡាញ់ សម្រាប់​ការសាងសង់​កន្លែង​ហាត់​ប្រាណ​ថ្មី​មួយ ធ្វើ​ជា​កន្លែង​ដែល​យើង​អាច​ធ្វើ​ការ​បម្រើ​ដល់​ក្រុម​គ្រួសារ​ទាំងឡាយ ក្នុង​សហគមន៍​របស់​យើង​។ បន្ទាប់ពី​ខ្ញុំ​បាន​ពិចារណា ដោយ​ការ​អធិស្ឋាន អំពី​ការ​ចំណាយ​ថ្លៃ​ពេទ្យ ដោយសារ​ខ្ញុំ​រស់នៅ​ជន​ពិការ​ ខ្ញុំ​ក៏បាន​សួរ​ស្វាមី​ខ្ញុំ អំពី​លទ្ធ​ភាព​ដែល​យើង​អាច​រួម​ចំណែក ក្នុង​ការ​ដាក់​ដង្វាយ​នេះ​បាន​។ គាត់​ក៏​បាន​ងក់​ក្បាល ហើយ​ប្រាប់​ខ្ញុំ​ថា អ្វីៗ​ដែល​យើង​ថ្វាយ​ទៅ​ព្រះអង្គ សុទ្ធតែ​ជា​អ្វី​ដែល​ព្រះអង្គ​បាន​ប្រទាន​ឲ្យ​យើង​។ ព្រះអង្គ​នឹង​បំពេញ​តម្រូវការ​របស់​យើង​។ ហើយ​ព្រះអង្គ​ក៏បាន​បំពេញ​តម្រូវការ​យើង​មែន​។ ជាង១ទសវត្សរ៍​ក្រោយមក គ្រួសារ​ពួក​ជំនុំ​របស់​យើង​នៅតែ​មាន​ឯកសិទ្ធិ ក្នុង​ការ​បម្រើ​ព្រះយេស៊ូវ ដោយ​បម្រើ​អ្នក​ដទៃ ក្នុង​កន្លែង​ហាត់​ប្រាណ​នោះ​។

ក្នុង​បទ​គម្ពីរ១របាក្សត្រ ជំពូក២៩ ស្តេច​ដាវីឌ​បាន​បង្ហាញ​ពួក​អ្នក​ដឹកនាំ​នៃ​សាសន៍​អ៊ីស្រាអែល​ទាំង​អស់ អំពី​ការ​ប្តេជ្ញា​ព្រះទ័យ​របស់​ទ្រង់ ក្នុង​ការ​គាំទ្រ​សាឡូម៉ូន​ជា​បុត្រា​ទ្រង់ ធ្វើ​ជា​អ្នក​ស្នង​រាជ​ទ្រង់ ដែល​ព្រះ​បាន​ជ្រើស​តាំង និង​ជា​អ្នក​សាង​សង់​ព្រះវិហារ(ខ.១-៥)។ ពេល​នោះ ពួកគេ​រាល់​គ្នា​ក៏បាន​ចូល​រួម​ជាមួយ​ទ្រង់ ដោយ​ដាក់​ដង្វាយ​ស្ម័គ្រ​ពី​ចិត្ត និង​ដោយ​អំណរ(ខ.៦,៩)។ ស្តេច​ដាវីឌ​ក៏បាន​សរសើរ​ដំកើង​ព្រះ និង​បាន​ប្រកាស​ថា អ្វីៗ​ទាំង​អស់​នៅ​ស្ថាន​សួគ៌ និង​ផែនដី ជា​កម្មសិទ្ធិ​របស់​ព្រះអម្ចាស់(ខ.១១)។ ទ្រង់​អធិស្ឋាន​ថា “ឱ​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​យើង​ខ្ញុំ​រាល់​គ្នា​អើយ អស់​ទាំង​របស់​បរិបូរ​ទាំង​នេះ ដែល​យើង​ខ្ញុំ​រាល់​គ្នា​បាន​ត្រៀម​ទុក ដើម្បី​នឹង​ស្អាង​ព្រះវិហារ​ថ្វាយ​ដល់​ទ្រង់ សំរាប់​ព្រះ​នាម​បរិសុទ្ធ​ទ្រង់ នោះ​សុទ្ធតែ​មកពី​ព្រះ​ហស្ត​ទ្រង់​ទេ ហើយ​ជា​របស់​ផង​ទ្រង់​ទាំង​អស់​ដែរ”(ខ.១៦)។

ខណៈ​ពេល​ដែល​យើង​ពិចារណា អំពី​ការ​គ្រប់​យ៉ាង ដែល​ព្រះអង្គ​បាន​ធ្វើ និង​ប្រទាន​យើង ជា​ពិសេស​ការ​ទំនាក់​ទំនង​ផ្ទាល់​ខ្លួន​ជាមួយ​ព្រះយេស៊ូវ យើង​អាច​បង្ហាញ​ចេញ​នូវ​ការ​ថ្វាយបង្គំ និង​បង្ហាញ​ការ​ដឹង​គុណ និង​សេចក្តី​ស្រឡាញ់​ដល់​ព្រះអង្គ ដោយ​ថ្វាយ​ដល់​ព្រះអង្គ នូវ​អ្វី​ដែល​ព្រះអង្គ​បាន​ប្រទាន​មក​យើង ដ្បិត​ព្រះអង្គ​ជា​អ្នក​ប្រទាន​អ្វីៗ​គ្រប់​យ៉ាង!—Xochitl Dixon

តើ​ការ​ទទួល​ស្គាល់​ថា អ្វីៗ​គ្រប់​យ៉ាង​ជា​កម្មសិទ្ធិ​របស់​ព្រះ​បាន​កែ​ប្រែ​របៀប​ដែល​អ្នក​ថ្វាយ​ដង្វាយ​ដូច​ម្តេច​ខ្លះ?
តើ​ការ​បង្ហាញ​ចេញ​នូវ​ការ​ដឹង​គុណ តាមរយៈ​ការ​ថ្វាយ​ដង្វាយ បាន​ផ្លាស់​ប្តូរ​អ្នក​ដូច​ម្តេច​ខ្លះ?

ឱ​ព្រះ​នៃ​សេចក្តី​ស្រឡាញ់ ទូល​បង្គំ​សូម​អរ​ព្រះគុណ​ព្រះអង្គ ដែល​បាន​ធ្វើ​ជា​អ្នក​ប្រទាន​អ្វីៗ​មក​ដោយ​សេចក្តី​សប្បុរស និង​ស្មោះ​ត្រង់​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: លោកុប្បត្តិ ១០-១២ និង ម៉ាថាយ ៤

ល្ងាច

Devotional illustration

ស្កប់​ចិត្ត​ក្នុង​ព្រះ​គ្រីស្ទ

ដោយAlistair Begg

January 4, 2025

«ខ្ញុំ​បាន​រៀន​ឲ្យ​មាន​សេចក្តី​សន្តោស​ក្នុង​សណ្ឋាន​គ្រប់​យ៉ាង ខ្ញុំ​ធ្លាប់​ទ្រាំ​ឲ្យ​មាន​សេចក្តី​ចង្អៀត​ចង្អល់ ហើយ​ក៏​ធ្លាប់​មាន​សេចក្តី​រីករាយ​ដែរ» (ភីលីព ៤:១១-១២)។

ភាព​មិន​ស្កប់​ចិត្ត​បាន​ជ្រាប​ចូល​ក្នុង​ផ្នែក​ទាំង​អស់​របស់​សង្គម ដែល​យើង​កំពុង​រស់​នៅ។ ការ​ផ្សាយ​ពាណិជ្ជកម្ម​បាន​នាំ​ឲ្យ​យើង​មាន​ចិត្ត​ច្រណែន។ ប៉ុន្តែ បញ្ហា​ពិត​ប្រាកដ មិន​សូវ​ជា​អាស្រ័យ​ទៅ​លើ​សង្គម​ដែល​យើង​រស់​នៅ​ប៉ុន្មាន​ទេ តែ​ភាគ​ច្រើន​អាស្រ័យ​ទៅ​លើ​សណ្ឋាន​នៃ​ចិត្ត និង​គំនិត​របស់​យើង។ មុខ​តំណែង ទ្រព្យ​សម្បត្តិ ឥទ្ធិពល ឬ​កេរ្តិ៍​ឈ្មោះ សុទ្ធ​តែ​ទាម​ទារ​ការ​ចាប់​អារម្មណ៍​សម្រាប់​ខ្លួន​ឯង ដែល​បាន​អូស​ទាញ​យើង​ឲ្យ​ចេញ​ឆ្ងាយ​ពី​ការ​ស្កប់​ចិត្ត។ ប៉ុន្តែ បញ្ហា​ដូច​នេះ​បាន​ព្យាយាម​ឆក់​យក​ក្តី​អំណរ​ដែល​យើង​មាន នៅ​ក្នុង​ការ​អ្វី​ដែល​ព្រះ​ទ្រង់​បាន​ប្រទាន​មក​​យើង ដោយ​លួង​លោម​យើង​ឲ្យ​គិត​ថា ទោះ​មាន​ច្រើន​ប៉ុណ្ណា​ក៏​នៅ​តែ​មិន​គ្រប់​គ្រាន់។ ការ​ដេញ​តាម​នេះ​មិន​ចេះ​ចប់​ឡើយ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ក៏​សាវ័ក ប៉ុល មិន​គ្រាន់​តែ​អាច​និយាយ​ថា គាត់​មាន​ការ​ស្កប់​ចិត្ត តែ​គាត់​អាច​មាន​ការ​ស្កប់​ចិត្ត «ក្នុង​គ្រប់​ស្ថានភាព»។ មនុស្ស​ម្នាក់ៗ​សុទ្ធ​តែ​ចង់​មាន​ការ​ស្កប់​ចិត្ត! ដូច​នេះ តើ​គាត់​មាន​អាថ៌កំបាំង​អ្វី? គាត់​មាន​ការ​ស្កប់​ចិត្ត ដោយ​សារ​គាត់​ស្គាល់​ខ្លួន​ឯង និង​មាន​ទស្សនៈ​អំពី​ជីវិត​ផ្អែក​ទៅ​លើ​ភាព​គ្រប់​គ្រាន់​នៃ​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ។ សាវ័ក ប៉ុល មិន​មែន​ជា​ជើង​ឯក​ខាង​ការ​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក ឬ​បាន​ផ្តល់​ឲ្យ​យើង​នូវ​ដំណឹង​ល្អ​ក្លែង​ក្លាយ អំពី​ការ​ជួយ​ខ្លួន​ឯង​ឲ្យ​ស្កប់​ចិត្ត​នោះ​ទេ។ ទេ! គាត់​មាន​ការ​ស្កប់​ចិត្ត ដោយ​សារ​គាត់​បន្ទាប​ចិត្ត និង​គំនិត​របស់​គាត់ ចុះ​ចូល​បំណង​ព្រះ​ទ័យ​ព្រះ ទោះ​គាត់​ប្រឈម​មុខ​ដាក់​ស្ថានភាព​អ្វី​ក៏​ដោយ។

មិន​មែន​គ្រប់​គ្នា​សុទ្ធ​តែ​បាន​ឆ្លង​កាត់​រឿង​ជា​ច្រើន​ដែល​មាន​លក្ខណៈ​ល្អ​ផង និង​អាក្រក់​ផង​ផ្ទុយ​គ្នា​នោះ​ទេ។ តែ​សាវ័ក ប៉ុល បាន​ឆ្លង​កាត់។ ជាក់​ស្ដែង គាត់​ធ្លាប់​ឆ្លង​កាត់​ពេល​ដែល​គាត់​មាន​សំលៀក​បំពាក់ និង​អាហារ​គ្រប់​គ្រាន់ ហើយ​ក៏​ស្គាល់​ពេល​ដែល​គាត់​រងា និង​ស្រេក​ឃ្លាន​អាហារ​ផង​ដែរ។ បើ​ការ​ស្កប់​ចិត្ត​របស់​គាត់ មាន​ការ​ផ្តេក​ផ្ដួល​ទៅ​លើ​កាលៈទេសៈ នោះ​ជីវិត​របស់​គាត់​នឹង​មាន​ការ​ឡើង​ចុះៗ​ជានិច្ច ដោយ​ធ្វើ​ឲ្យ​គាត់​ពុល​នឹង​ភាព​ហ៊ឺហា​ដ៏​អស្ចារ្យ​តែ​មួយ​ភ្លែត ហើយ​ក៏​មាន​អារម្មណ៍​ពិបាក​ខ្លាំង​ពេក ដោយ​សារ​ការ​ខ្វះ​ខាត​នៅ​ពេល​បន្ទាប់​ទៀត។ វិញ្ញាណ​ដែល​សាវ៉ា​ដូច​នេះ​អាច​រាំង​ខ្ទប់​សាវ័ក ប៉ុល និង​ធ្វើ​ឲ្យ​គាត់​មិន​អាច​បម្រើ​ព្រះ​គ្រីស្ទ​បាន​ឡើយ។

សាវ័ក ប៉ុល ជា​មនុស្ស​ធម្មតា ដែល​មាន​តម្រូវ​ការ​ធម្មតា។ ក្នុង​សំបុត្រ​ដែល​គាត់​សរសេរ​ផ្ញើ​លោក ធីម៉ូថេ ពី​ក្នុង​គុក ក្នុង​ទីក្រុង​រ៉ូម គាត់​បាន​សរសេរ​ថា «ចូរ​ឲ្យ​ខំ​ប្រឹង​ទៅ​ឯ​ខ្ញុំ​ជា​ប្រញាប់... នោះ​សូម​យក​អាវ​ធំ ដែល​ខ្ញុំ​ផ្ញើ​ទុក​នឹង​អ្នក​កាប៉ុស នៅ​ក្រុង​ទ្រអាស​ទៅ​ផង និង​សៀវភៅ​ទាំង​ប៉ុន្មាន​ដែរ តែ​សូម​យក​ក្រាំង​ស្បែក​ជាដើម» (២ធីម៉ូថេ ៤:៩, ១៣)។ អ្នក​ខ្លះ​បាន​រត់​ចោល​គាត់ ហើយ​គាត់​ក៏​ខ្វះខាត​សម្ភារៈ​ចាំ​បាច់​មួយ​ចំនួន។ ជា​ការ​ពិត​ណាស់​សាវ័ក ប៉ុល ចង់​បាន​របស់​របរ ដូច​ជា​ខោអាវ សៀវភៅ និង​មនុស្ស​នៅ​ក្បែរ​គាត់ តែ​គាត់​ក៏​ដឹង​ផង​ដែរ​ថា គាត់​នៅ​តែ​អាច​រស់​នៅ ដោយ​គ្មាន​របស់​របរ និង​មនុស្ស​ទាំង​នោះ​បាន ព្រោះ​សន្តិភាព​ដែល​គាត់​មាន​ក្នុង​ចិត្ត​គាត់ គឺ​ផ្អែក​ទៅ​លើ​អ្វី​ដែល​ធំ​ប្រសើរ​ជាង​នេះ។

ការ​ស្កប់​ចិត្ត​របស់​អ្នក​ក៏​អាច និង​គួរ​តែ​ផ្អែក​ទៅ​លើ​ការ​ប្រកប​រួប​រួម​របស់​អ្នក​ជា​មួយ​ព្រះ​យេស៊ូវ ដូច​សាវ័ក​ប៉ុល​ផង​ដែរ។ ចូរ​ជៀស​ចេញ​ពី​ការ​មាន​បំណង​ប្រាថ្នា​ធំ ក្រៅ​ពី​ការ​រស់​នៅ​ជា​កម្មសិទ្ធិ​របស់​ព្រះ​អង្គ ហើយ​ចូរ​ត្រៀម​ខ្លួន​ជា​ស្រេច សម្រាប់​ឲ្យ​ព្រះ​អង្គ​ប្រើ​នៅ​ពេល​ណា​ក៏​បាន។ ពេល​ណា​អ្នក​ស្គាល់​ព្រះ​គ្រីស្ទ ហើយ​ដឹង​ថា ព្រះ​អង្គ​អស្ចារ្យ​ប៉ុណ្ណា ហើយ​ដឹង​ថា ព្រះ​អង្គ​ជា​គ្រប់​យ៉ាង​សម្រាប់​អ្នក មាន​តម្លៃ​លើស​មាស​ប្រាក់ ស្រស់​ស្អាត​ជាង​គ្រាប់​ពេជ្រ ហើយ​អ្នក​គ្មាន​អ្វី​ដែល​អាច​ប្រៀប​ផ្ទឹម​ព្រះ​អង្គ​បាន​ទេ1 នោះ​របៀប​ដែល​អ្នក​គិត​អំពី​កាលៈទេសៈ​របស់​អ្នក និង​រង្វាស់​នៃ​ការ​ស្កប់​ចិត្ត​របស់​អ្នក និង​មាន​ការ​ផ្លាស់​ប្ដូរ​ទាំង​ស្រុង។

ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ ទំនុក​តម្កើង ៧៣

គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ លោកុប្បត្ដិ ១៣-១៥ និង​រ៉ូម ៥-១៣

1លោក​ស្រី Lynn DeShazo, “More Precious Than Silver” (ឆ្នាំ១៩៨២)។

ប្រភេទ