នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ការ​ល្បងល​ដែល​ងាយ​ស្រួល និង​ពិបាក

ការ​ល្បងល​ដែល​ងាយ​ស្រួល និង​ពិបាក

ដោយMike Wittmer

January 16, 2025

និក្ខមនំ ១៤:៥-១៤

ដ្បិត​ព្រះ​ទ្រង់​មាន​ព្រះ​បន្ទូល​ថា ខ្លាច​ក្រែង​គេ​ឃើញ​ចំបាំង ហើយ​រសាយ​ចិត្ត រួច​ត្រឡប់​ទៅឯ​ស្រុក​អេ​ស៊ីព្ទ​វិញ​។ និក្ខមនំ ១៣:១៧

លោក​ម៉ាក(Mark) គឺជា​គ្រូ​គង្វាល​វ័យ​ក្មេង​ដែល​មាន​សក្ដានុពល​។ នៅពេល​ព្រឹក​មួយ​នោះ កូន​ប្រុស​របស់​គាត់​ស្រាប់​តែ​ដួល​នៅ​លើ​ដី បាត់បង់​ជីវិត​ភ្លាមៗ នៅពេល​លេង​បាល់​ទាត់​។ លោក​ម៉ាក​បាន​ចិត្ត​រន្ធត់​យ៉ាង​ខ្លាំង ហើយ​បាន​សោក​សង្រេង​ចំពោះ​ការ​បាត់បង់​នេះ រហូត​មកដល់​ពេល​សព្វថ្ងៃ​។ ប៉ុន្តែ តាមរយៈ​ការ​ឈឺ​ចាប់​របស់​គាត់ គាត់​បាន​ក្លាយ​ជា​គ្រូ​គង្វាល​ដែល​មាន​ចិត្ត​អាណិត​ចំពោះ​អ្នក​ដទៃ​កាន់តែ​ខ្លាំង​។ ខ្ញុំ​បាន​សោក​សង្រេង​ជាមួយ​លោក​គ្រូ​ម៉ាក ហើយ​ទុក្ខ​លំបាក​របស់​គាត់ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​សម្តី​របស់​លោក អេ ដាបប៊លយូ ថូហ្ស័រ(A. W. Tozer) ដែល​បាន​កត់​សំ​គាល់​ឃើញថា “ព្រះ​ទ្រង់​ច្រើនតែ​ប្រទាន​ពរ​ដល់​នរណា​ម្នាក់​យ៉ាង​ជ្រាល​ជ្រៅ បន្ទាប់ពី​ពួក​គេ​បាន​ស៊ូ​ទ្រាំ​ទុក្ខ​លំបាក​ដ៏​ធ្ងន់ធ្ងរ”។ ខ្ញុំ​គិតថា នេះ​ជា​ការ​ពិតមែន​។

ប៉ុន្តែ រឿង​នេះ​ប្រហែល​មិន​សាមញ្ញ​ដូច​នេះ​ទេ​។ យើង​អាច​រៀន​សូត្រ​អំពី​ផ្លូវ​ដែល​ព្រះអម្ចាស់​ប្រើ ដោយ​សង្កេត​មើល​ការ​ធ្វើ​ដំណើរ​របស់​ប្រជាជន​អ៊ីស្រាអែល ចេញពី​ទឹកដី​អេស៊ីព្ទ​។ ព្រះអម្ចាស់​បាន​ដឹកនាំ​ប្រជា​ជាតិ​ដ៏​ក្មេង​ខ្ចី​មួយ​នេះ ចេញពី​ទឹកដី​អេស៊ីព្ទ ទៅតាម​ផ្លូវ​ដែល​ងាយ​ស្រួល​ធ្វើ​ដំណើរ តែ​ព្រះអង្គ​ក៏បាន​មាន​ព្រះ​បន្ទូល​ថា ពេលណា​ពួកគេ​គេ​ឃើញ​ចំបាំង ពួកគេ​នឹង​រសាយ​ចិត្ត រួច​ត្រឡប់​ទៅ​ឯ​ស្រុក​អេស៊ីព្ទ​វិញ(និក្ខមនំ ១៣:១៧)។ បន្ទាប់មក ព្រះអង្គ​ក៏បាន​ប្រាប់​លោក​ម៉ូសេ​ឲ្យ​ដឹកនាំ​ពួកគេ​ទៅ​តាម​ផ្លូវ​វាង​វិញ ដើម្បី​ឲ្យ​ស្តេច​ផារ៉ោន​ដឹកនាំ​ទ័ព​មក​ប្រយុទ្ធ​នឹង​ពួកគេ(១៤:១-៤)។ ស្តេច​ផារ៉ោន​ក៏​បាន​លើក​ទ័ព​មកមែន​។ ពួក​អ៊ីស្រាអែល “មាន​សេចក្តី​តក់ស្លុត​ជា​ខ្លាំង ហើយ​ស្រែក​អំពាវនាវ​ដល់​ព្រះយេហូវ៉ា”​(ខ.១០)។ លោក​ម៉ូសេ​ក៏បាន​លើក​ទឹក​ចិត្ត​ពួក​គេ​ថា “ព្រះយេហូវ៉ា​ទ្រង់​នឹង​ច្បាំង​ជំនួស​អ្នក​រាល់​គ្នា ឯ​អ្នក​រាល់​គ្នា​នឹង​នៅតែ​ស្ងៀម​វិញ”(ខ.១៤)។

ដូច​នេះ ព្រះអម្ចាស់​ប្រើ​ផ្លូវ​ដែល​ងាយ​ស្រួល និង​ផ្លូវ​ដែល​ពិបាក​ធ្វើ​ដំណើរ ដើម្បី​ជួយ​ឲ្យ​រាស្រ្ត​ព្រះអង្គ​ចម្រើន​ឡើង ហើយ​ថ្វាយ​សិរី​ល្អ​ដល់​ព្រះអង្គ​។ ព្រះអង្គ​បាន​សន្យា​ថា គេ​នឹង​ថ្វាយ​សិរី​ល្អ​ដល់​ព្រះអង្គ តាម​រយៈ​ជ័យ​ជម្នះ​ដែល​ព្រះ​អង្គ​មាន​មក​លើ​ស្តេច​ផារ៉ោន និង​កងទ័ព​របស់​ទ្រង់ ហើយ​ពួក​សាសន៍​អេស៊ីព្ទ​នឹង​បាន​ដឹង​ថា ព្រះអង្គ​គឺជា​ព្រះយេហូវ៉ា(ខ.៤)។ ពួក​អ៊ីស្រាអែល​ពិតជា​បាន​ថ្វាយ​សិរី​ល្អ​ដល់​ព្រះអង្គ ហើយ​យើង​ក៏​អាច​ថ្វាយ​សិរី​ល្អ​ដល់​ព្រះអង្គ តាមរយៈ​ទុក្ខ​លំបាក​របស់​យើង​ផង​ដែរ​។ ព្រះ​ទ្រង់​កំពុង​ជួយ​ឲ្យ​ជំនឿ​របស់​យើង​លូត​លាស់ តាមរយៈ​ការ​ល្បងល​នីមួយៗ ទោះ​ងាយ​ស្រួល ឬ​លំបាក​ក្តី​។ ពេលណា​ជីវិត​យើង​មាន​ភាព​ងាយ​ស្រួល ចូរ​យើង​សម្រាក​ក្នុង​ព្រះអង្គ​។ ពេលណា​ជីវិត​យើង​មាន​ការ​លំបាក ចូរ​យើង​អនុញ្ញាត​ឲ្យ​ព្រះអង្គ​នាំ​យើង​ឆ្លង​កាត់​ទុក្ខ​លំបាក​នោះ​។—Mike Wittmer

តើ​ការ​​ឈឺ​ចាប់​បាន​រួម​ចំណែក​នៅ​ក្នុង​ការ​លូត​លាស់​របស់​អ្នក​ដូច​ម្តេច​ខ្លះ? ហេតុ​អ្វី​ព្រះ​ទ្រង់​ប្រើ​ការ​ល្បងល​ដែល​ងាយ​ស្រួល និង​ការ​ល្បងល​ដែល​ពិបាក?

ឱ​ព្រះយេស៊ូវ ព្រះអង្គ​មាន​លទ្ធ​ភាព​គ្រប់​គ្រាន់ សម្រាប់​ជួយ​ទូល​បង្គំ​ឆ្លង​កាត់​ការ​ល្បងល​នីមួយៗ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: លោកុប្បត្តិ ៣៩-៤០ និង ម៉ាថាយ ១១

ល្ងាច

Devotional illustration

មាន​ភាព​ស្រស់​ថ្លា​ឡើង​វិញ ក្នុង​ពេល​ដ៏​លំបាក

ដោយAlistair Begg

January 16, 2025

“ល្មម​ហើយ ឱ​ព្រះយេហូវ៉ា​អើយ សូម​យក​ព្រលឹង​ទូល​បង្គំ​ទៅ​ឥឡូវ​ចុះ ដ្បិត​ទូល​បង្គំ​មិន​វិសេស​ជាង​ពួក​ឰយុកោ​ទូល​បង្គំ​ទេ លោក​ក៏​ប្រះ​ខ្លួន​ដេក​លក់ នៅ​ក្រោម​ដើម​ដង្កោ​នោះ​ទៅ នោះ​មាន​ទេវតា​មក​ដាស់​លោក​ប្រាប់ថា ចូរ​ក្រោក​ឡើង​បរិភោគ សិន”។(១ពង្សាវតាក្សត្រ ១៩:៤-៥)

យើង​ម្នាក់ៗ​សុទ្ធតែ​ធ្លាប់​រំពឹង​ថា នឹង​បាន​ទៅដល់​កំពូល​ភ្នំ តែ​បែរជា​ជាប់​នៅ​ក្នុង​ជ្រលង​ភ្នំ​ខាង​វិញ្ញាណ​ទៅវិញ​។ យើង​ប្រហែល​មិន​នឹង​ស្មាន​ទេ​ថា យើង​ស្រាប់តែ​ខ្សោះ​អស់​កម្លាំង ឬ​យើង​បាន​ទទួល​ដំណឹង​ធ្វើ​ឲ្យ​បាក់​ទឹក​ចិត្ត ឬ​អំពើបាប​របស់​យើង​បាន​វិល​ត្រឡប់​មក​ធ្វើទុក្ខ​យើង​ទៀត​។ កាលៈទេសៈ​ដែល​គួរ​ឲ្យ​រំខាន​ក្នុង​ជីវិត​យើង ច្រើនតែ​ប្រសព្វ​គ្នា ដែល​នាំ​ឲ្យ​យើង​ផ្លាស់​ប្តូរ​ពី​មាន​ជំនឿ ទៅជា​មាន​ការ​ភ័យ​ខ្លាច​។

ហោរា​អេលីយ៉ា​ធ្លាប់​រត់​ទៅ​លាក់​ខ្លួន​ក្នុង​ព្រៃ​ភ្នំ ដោយ​ការ​ផ្ដោត​ចិត្ត​របស់​គាត់​មាន​ការ​ផ្លាស់​ប្តូរ ដោយសារ​គាត់​ចាប់​ផ្តើម​មើលទៅ​ព្រះ ផ្អែក​ទៅលើ​កាលៈទេសៈ​របស់​គាត់ ជាជាង​មើលទៅ​កាលៈទេសៈ​របស់​គាត់ ផ្អែក​ទៅលើ​ព្រះបន្ទូល​ព្រះអង្គ​។ គាត់​មើល​ឃើញ​បញ្ហា​របស់​គាត់​ធំ​ពេក ធ្វើ​ឲ្យ​គាត់​រក​ធ្វើ​អ្វី​មិន​កើត​។ ពេល​គាត់​ចាប់​ផ្តើម​ដើរ​ដោយ​ការ​មើល​ឃើញ ជាជាង​ដើរ​ដោយ​ជំនឿ គាត់​ក៏​បាត់បង់​សន្តិភាព ហើយ​ភាព​សម្បូរ​សប្បាយ​ខាង​វិញ្ញាណ​ក៏​ចាប់​ផ្តើម​រលាយ​។

លោក​អេលីយ៉ា​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​អន្ទាក់ នៃ​ការ​ផ្តោត​ទៅលើ​ខ្លួនឯង​។ គាត់​បាន​ផ្តោត​ទៅលើ​កំហុស​ជា​ច្រើន ដែល​ពួក​អ៊ីស្រាអែល​មាន​ចំពោះ​ព្រះ បានជា​គាត់​យល់​ឃើញថា មានតែ​គាត់​ទេ ដែល​កំពុង​បម្រើ​ព្រះ(១ពង្សាវតាក្សត្រ ១៩:១០)។ សេចក្តី​ជំនឿ និង​សេចក្តី​សង្ឃឹម​របស់​គាត់ ត្រូវ​បាន​ជំនួស​ដោយ​ការ​មិន​ស្កប់​ចិត្ត និង​ខ្វះ​សន្តិភាព​។ ដោយសារ​ការ​អាណិត​ខ្លួនឯង គាត់​បាន​រត់​ចូល​វាល​រហោស្ថាន ហើយ​គេង​នៅ​ក្រោម​ដើម​ដង្កោ ដោយ​អធិស្ឋាន​សូម​ព្រះអម្ចាស់​ដក​ជីវិត​គាត់​។ តែ​ព្រះអម្ចាស់​មិន​បាន​ស្តី​បន្ទោស​គាត់​ទេ ​ផ្ទុយ​ទៅវិញ ព្រះ​អង្គ​បាន​យាង​មក​រក​គាត់ ហើយ​ជួយ​ឲ្យ​គាត់​មាន​ភាព​ស្រស់​ថ្លា​ឡើង​វិញ ដោយ​ប្រទាន​ទឹក និង​អាហារ ដើម្បី​រៀបចំ​ខ្លួន​គាត់ សម្រាប់​ការ​ធ្វើ​ដំណើរ​បន្ត​ទៅមុខ​ទៀត​។ ព្រះអម្ចាស់​ក៏​បាន​បើក​បង្ហាញ​អង្គ​ទ្រង់ ដោយ​ព្រះ​សូរសៀង​ដ៏​ស្រទន់ ដល់​អ្នក​បម្រើ​ម្នាក់​នេះ ដែល​កំពុង​ធ្លាក់​ទឹក​ចិត្ត ហើយ​បាន​ឲ្យ​គាត់​បន្ត​ធ្វើ​ការ​ថ្មីៗ​ជា​ច្រើន​ទៀត​ថ្វាយ​ព្រះអង្គ(ខ.៤-១៦)។

ក្នុង​ពេល​​មាន​ទុក្ខ​លំបាក យើង​ច្រើនតែ​បណ្តោយ​ឲ្យ​ការ​អាណិត​ខ្លួនឯង​ចូល​ក្នុង​គំនិត​យើង​។ យើង​ចាប់​ផ្តើម​គិតថា យើង​កំពុង​ប្រឈម​មុខ​ដាក់​ទុក្ខ​លំបាក​នោះ​តែ​ម្នាក់ឯង​។ អ្នក​ខ្លះ​បាន​ឆ្លង​កាត់​ការ​លំបាក​ដូច​លោក​អេលីយ៉ា​ផង​ដែរ​។ ព្រះអម្ចាស់​បាន​ប្រើ​ពួកគេឲ្យ​​ធ្វើ​កិច្ច​ការ​ធំៗ​ជា​ច្រើន ហើយក៏​បាន​នាំ​មនុស្ស​ជា​ច្រើន​ឲ្យ​ទទួល​ជឿ​ព្រះអង្គ តែ​នៅ​មាន​ដំណើរ​វែង​ឆ្ងាយ​ទៀត ទំរាំ​ទៅដល់​កំពូល​ភ្នំ​។ ព្រះអង្គ​អាច​ឲ្យ​យើង​បន្ថយ​ល្បឿន តែ​មិន​ដែល​ទុក​យើង​ចោល​ទេ​។ ដែល​ទេវតា​បាន​គង់នៅ​ជាមួយ​លោក​អេលីយ៉ា កាល​គាត់​នៅ​ក្នុង​ជ្រលង​នៃ​ទុក្ខ​លំបាក​ជា​យ៉ាងណា នោះ​ព្រះ​វិញ្ញាណ​ព្រះអង្គ​ក៏​គង់នៅ​ជាមួយ​យើង ក្នុង​ពេល​យើង​មាន​ទុក្ខ​លំបាក​ផង​ដែរ​។

បើ​អ្នក​កំពុង​ឆ្លង​កាត់​ទុក្ខ​លំបាក ប្រៀប​ដូចជា​ការ​ចូល​វាល​រហោស្ថាន នោះ​ចូរ​កុំ​គ្រាន់តែ​ស្វែងរក​ដើម​ដង្កោ​ដើម្បី​ជ្រក​នោះ​ឡើយ​។ ចូរ​កុំ​សន្និដ្ឋាន​ថា អ្នក​នឹង​មិន​អាច​មាន​ពេល​ដ៏​ល្អ​បំផុត​ទៀត​នោះ​ឡើយ​។ ព្រះអម្ចាស់​មាន​គោលបំណង​សម្រាប់​អ្នក​និង​ខ្ញុំ​។ ព្រះអង្គ​បញ្ចប់​កិច្ចការ​អ្វី​ដែល​ព្រះអង្គ​បាន​ចាប់​ផ្តើម(ភីលីព ១:៦)។ ចូរ​មាន​ចិត្ត​ស្រស់​ថ្លា​ឡើង​វិញ ដោយ​នឹក​ចាំ​ព្រះ​វត្ត​មាន​របស់​ព្រះអង្គ ហើយ​បន្ត​មមុល​ទៅមុខ​ទៀត ក្នុង​កិច្ចការ​ដែល​ព្រះអង្គ​បាន​ត្រាស់ហៅ​ឲ្យ​អ្នក​ធ្វើ​។

២កូរិនថូស ៤:៧-១៨

លោកុប្បត្តិ ៤១-៤២ និង រ៉ូម ១៤

ប្រភេទ