នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ការ​ចាប់​ផ្តើម​ជា​ថ្មី​ជាមួយ​ព្រះអម្ចាស់

ការ​ចាប់​ផ្តើម​ជា​ថ្មី​ជាមួយ​ព្រះអម្ចាស់

ដោយJames Banks

January 15, 2025

រ៉ូម ៥:៦-១១

ដោយ​ព្រះគ្រីស្ទ​បាន​សុគត​ជំនួស​យើង​រាល់​គ្នា នោះ​គឺ​ក្នុង​កាលដែល​យើង​នៅ​មាន​បាប​នៅ​ឡើយ​ផង​។ រ៉ូម ៥:៨

លោក​រេមប្រិន(Rembrandt) គឺជា​វិចិត្រករ​ជនជាតិ​ហូឡង់ ដែល​បាន​គូរ​រូប​គំនូរ​ដ៏​ល្បី​ល្បាញ​នៅ​ឆ្នាំ១៦៣៣ មាន​ចំណង​ជើង​ថា ការ​បញ្ឈរ​ឈើ​ឆ្កាង​។ អត្ថន័យ​របស់​ផ្ទាំង​គំនូរ​នេះ ហាក់​ដូច​ជា​កំពុងតែ​សួរ​យើង​ថា “តើ​បាប​របស់​អ្នក គឺជា​មូល​ហេតុ​ដែល​ព្រះយេស៊ូវ​សុគត​នៅ​លើ​ឈើ​ឆ្កាង​ដែរ​ឬ​ទេ?” គាត់​បាន​គូរ​រូប​ព្រះ​យេស៊ូវ​នៅ​ចំ​កណ្តាល​ផ្ទាំង​គំនូរ ដោយ​ព្រះអង្គ​ជាប់​នៅ​ឈើ​ឆ្កាង ដែល​មនុស្ស​បួន​នាក់​កំពុង​លើក​បញ្ឈរ ប៉ុន្តែ ក្នុង​ចំណោម​ពួកគេ មាន​ម្នាក់​ដែល​លេច​ធ្លោ​ជាងគេ នៅ​កន្លែង​ដែល​មាន​ពន្លឺ​ភ្លឺ​។ គាត់​មាន​សំលៀក​បំពាក់​ខុសពី​គេ តាម​រចនាបថ​របស់​មនុស្ស​នៅ​សម័យ​លោក​រេមប្រិន ដោយ​គាត់​ពាក់​មួក​កាតឹប ដែល​ជាង​គំនូរ​ច្រើនតែ​ពាក់​។ ពេល​គេ​មើល​រូប​បុរស​នោះ​ឲ្យ​បាន​ជិត គេ​ក៏​បាន​ដឹង​ថា តាម​ពិត​លោក​រេមប្រិន​បាន​គូរ​រូប​គាត់ នៅ​ក្នុង​ផ្ទាំង​គំនូរ​នោះ ហាក់​ដូច​ជា​ក្នុង​ន័យ​ថា “បាប​របស់​ខ្ញុំ​បាន​រួម​ចំណែក នៅ​ក្នុង​ការ​សុគត​របស់​ព្រះយេស៊ូវ”។

ប៉ុន្តែ មាន​ម្នាក់​ទៀត ដែល​លេច​ធ្លោ​ជាង​គេ​ផង​ដែរ​។ អ្នក​នោះ​កំពុង​ជិះ​សេះ សម្លឹង​មើល​មក​ខាង​ក្រៅ​ផ្ទាំង​គំនូរ​។ អ្នក​ខ្លះ​យល់​ឃើញថា នេះ​ជា​រូប​ទីពីរ​តំណាង​ឲ្យ​លោក​រេមប្រិន ដែល​កំពុង​ទំនាក់​ទំនង​មក​អ្នក​ទស្សនា​ផ្ទាំង​គំនូរ​នោះ ដែល​ហាក់​ដូចជា​កំពុង​សួរ​ថា “តើ​បាប​របស់​អ្នក​មាន​ចំណែក​ក្នុង​ការ​សុគត​របស់​ព្រះ​អង្គ​ដែរ​ឬ​ទេ?”

សាវ័ក​ប៉ុល​ក៏​បាន​ដឹង​ថា បាប​របស់​គាត់​មាន​វត្ត​មាននៅ​ទីនោះ ហើយ​យើង​ក៏​អាច​ដឹង​ដូច​គាត់ ព្រោះ​ព្រះ​យេស៊ូវ​បាន​រង​ទុក្ខ និង​សុគត ដើម្បី​យើង​ផង​ដែរ​។ ក្នុង​បទ​គម្ពីរ​រ៉ូម ៥:១០ គាត់​បាន​ហៅ​ខ្លួន​គាត់ និង​យើង​ថា “ខ្មាំង​សត្រូវ​របស់​ព្រះ”។ ប៉ុន្តែ ទោះ​បាប​របស់​យើង​បាន​បណ្តាល​ឲ្យ​ព្រះយេស៊ូវ​សុគត​ក៏ដោយ ក៏​ការ​សុគត​របស់​ព្រះអង្គ​ បាន​ផ្សះផ្សា​ឲ្យ​យើង​ជា​ជាមួយ​ព្រះ។ “តែ​ឯ​ព្រះ​ទ្រង់​សំដែង​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ ដល់​យើង​រាល់​គ្នា​ឲ្យ​ឃើញ​ច្បាស់ ដោយ​ព្រះគ្រីស្ទ​បាន​សុគត​ជំនួស​យើង​រាល់​គ្នា នោះ​គឺ​ក្នុង​កាលដែល​យើង​នៅ​មាន​បាប​នៅ​ឡើយ​ផង”(ខ.៨)។

យើង​ក៏​មិន​ខុសពី​លោក​រេមប្រិន ឬ​សាវ័ក​ប៉ុល​ឡើង ព្រោះ​យើង​សុទ្ធតែ​ជា​មនុស្ស​មាន​បាប ដែល​ត្រូវ​ការ​ការ​អត់​ទោស​បាប​។ តាមរយៈ​ការ​សុគត​នៅ​លើ​ឈើ​ឆ្កាង ព្រះយេស៊ូវ​បាន​ផ្តល់​ឲ្យ​យើង​នូវ​អ្វី ដែល​យើង​មិន​អាច​ធ្វើ​សម្រាប់​ខ្លួនឯង​បាន ហើយក៏​បាន​បំពេញ​តម្រូវការ​ជ្រាល​ជ្រៅ​បំផុត គឺ​ការ​ចាប់​ផ្តើម​ជា​ថ្មី​ជាមួយ​ព្រះអម្ចាស់​។—James Banks

កាល​អ្នក​រស់នៅ​ជា​ខ្មាំង​សត្រូវ​របស់​ព្រះ តើ​ជីវិត​អ្នក​មាន​លក្ខណៈ​ដូច​ម្តេច​ខ្លះ? តើ​អ្នក​អាច​រស់នៅ​ជា​មិត្តសំឡាញ់​របស់​ព្រះអង្គ ដូច​ម្តេច​ខ្លះ​នៅ​ថ្ងៃ​នេះ?

ឱ​ព្រះយេស៊ូវ ទូល​បង្គំ​សូម​អរ​ព្រះគុណ​ព្រះអង្គ សម្រាប់​ការ​លះបង់​ព្រះ​ជន្ម​ដើម្បី​ទូល​បង្គំ​។
សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ ឲ្យ​រស់នៅ​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ​នៅ​ថ្ងៃ​នេះ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: លោកុប្បត្តិ ៣៦-៣៨ និង ម៉ាថាយ ១០:២១-៤២

ល្ងាច

Devotional illustration

មហា​ក្សត្រ​ដែល​មាន​ជ័យ​ជម្នះ

ដោយAlistair Begg

January 15, 2025

“សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកបដោយ​ព្រះគុណ និង​សេចក្តី​សុខ​សាន្ត អំពី​ព្រះ​ដ៏​គង់នៅ ក៏​គង់នៅ​តាំងតែ​ពីដើម ហើយ​ត្រូវ​យាង​មក​ទៀត និង​អំពី​ព្រះ​វិញ្ញាណ​ទាំង៧ ដែល​នៅ​ចំពោះ​បល្ល័ង្ក​ទ្រង់ ហើយ​អំពី​ព្រះយេស៊ូវគ្រីស្ទ​ជា​ស្មរ​បន្ទាល់​ស្មោះ​ត្រង់ ដែល​កើត​ពី​ពួក​ស្លាប់​មក​មុនគេ​បង្អស់ ជា​អធិបតី​លើ​អស់​ទាំង​ស្តេច​នៅ​ផែនដី”។ វិវរណៈ ១:៤-៥

តើ​អ្នក​ត្រូវ​ធ្វើ​ដូច​ម្តេច នៅពេល​ដែល​ជំនឿ​របស់​អ្នក​ជា​គ្រីស្ទបរិស័ទ និង​កាលៈទេសៈ​នៃ​ជីវិត​អ្នក ហាក់​ដូច​ជា​ប្រកាស​អំពី​សេចក្តី​ពិត​ពីរ​ខុស​គ្នា?

នេះ​ជា​បញ្ហា​ដែល​អ្នកអាន​កណ្ឌ​គម្ពីរ​វិវរណៈ​ដំបូង​គេ​បាន​ជួប​ប្រទះ និង​ពិបាក​យល់​។ កណ្ឌ​គម្ពីរ​ចុង​ក្រោយ​នៃ​ព្រះ​គម្ពីរ ត្រូវ​បាន​និពន្ធ​ឡើង មិនមែន​ដើម្បី​ឲ្យ​មាន​ការ​ភាន់​ច្រឡំ តែ​ដើម្បី​ធ្វើ​ជា​ព្រះពរវិញ(វិវរណៈ ១:៣)។ យើង​មិន​ត្រូវ​ចាត់​ទុក​កណ្ឌ​គម្ពីរ​នេះ​ជា​សៀវភៅ​ប្រស្នា ឬ​ល្បង​ប្រាជ្ញា​ផ្នែក​ទេវសាស្ត្រ​នោះ​ទេ​។ ផ្ទុយ​ទៅវិញ យើង​ត្រូវ​​យល់ថា សាវ័ក​យ៉ូហាន​បាន​និពន្ធ សម្រាប់​អ្នកអាន ក្នុង​បរិបទ​នៃ​ប្រវត្តិ​សាស្រ្ត ជា​អ្នកជឿ​នៅ​សតវត្សរ៍ទី១ ដែល​កំពុង​ទទួលរង​ការ​វាយ​ប្រហារ និង​បៀតបៀន ដោយ​ពួក​អ្នក​កាន់​អំណាច​នៅ​សម័យ​នោះ ហើយ​គោលបំណង​នៃ​ការ​និពន្ធ​នេះ គឺ​ដើម្បី​ផ្តល់​ឲ្យ​នូវ​ក្តី​សង្ឃឹម និង​ការ​ធានា​។

កាល​នោះ គេ​កំពុង​ផ្សាយ​ដំណឹង​ល្អ ហើយ​រាស្រ្ត​របស់​ព្រះអង្គ មាន​ការ​ជឿ​ជាក់​ច្បាស់​ថា ទោះ​ព្រះ​យេស៊ូវ​បាន​យាង​ឡើង​ស្ថាន​សួគ៌​វិញ នោះ​ព្រះអង្គ​ក៏​នឹង​យាង​មកវិញ​មិនខាន​។ ពួកគេ​មាន​ការ​ជឿ​ជាក់​ដូច​នេះ ខណៈ​ពេល​ដែល​ព្រះយេស៊ូវ ជា​ព្រះអម្ចាស់ និង​មហាក្សត្រ បាន​គ្រប់​គ្រង​ទាំង​ស្រុង​មក​លើ​កាលៈទេសៈ​ទាំង​នោះ ហើយ​បំណង​ព្រះទ័យ​ព្រះ​អង្គ​កំពុងតែ​បាន​សម្រេច នៅ​លើ​ផែនដី​ទាំងមូល​។ នេះ​ជា​ការ​ជឿ​ជាក់​របស់​ពួកគេ​។ ប៉ុន្តែ ពួកគេ​ក៏​ឃើញ​កាលៈទេសៈ​របស់​ពួកគេ ហាក់​ដូចជា​មិន​មាន​ភាព​ស្រប​គ្នា​នឹង​ការ​ជឿ​ជាក់​របស់​ពួកគេ​ទេ​។ ការ​អ្វី​ដែល​ពួកគេ​បាន​បញ្ជាក់​ដល់​គ្នា​ទៅវិញ​ទៅមក និង​បាន​ចែក​ចាយ​ដល់​មិត្ត​ភក្តិ និង​អ្នក​ជិត​ខាង តាម​អ្វី​ដែល​កណ្ឌ​វិវរណៈ​បាន​ចែង ហាក់​ដូចជា​មិន​កំពុង​តែ​កើត​ឡើង ក្នុង​សម័យ​របស់​ពួកគេ​ទេ​។ មាន​មនុស្ស​កាន់តែ​ច្រើន​សើច​ចំអក​ឲ្យ​ពួកគេ​។ តាម​ពិត សាវ័ក​ពេត្រុស​បាន​ដាស់តឿន​អ្នក​ជឿ​ថា “នៅ​ជាន់​ក្រោយ នឹង​មាន​មនុស្ស​ចំអក​មក ដែលគេ​ដើរ​តាម​សេចក្តី​ប៉ង​ប្រាថ្នា​របស់​គេ ទាំង​ចំអក​ឡកឡឺយ​ថា តើ​សេចក្តី​សន្យា​ពី​ព្រះ​អង្គ​យាង​មក​នៅឯណា ដ្បិត​តាំងពី​ពួក​ឰយុកោ​ដេក​លក់​ទៅ នោះ​គ្រប់​ទាំង​អស់​នៅតែ​ដដែល​ដូច​ជា​ពី​កំណើត​លោកីយ៍​រៀងមក​ដែរ”(២ពេត្រុស ៣:៣-៤)។

កាល​នោះ ពួក​ជំនុំ​នៅ​មាន​ទំហំ​តូច​នៅ​ឡើយ ហើយក៏​ស្ថិត​ក្នុង​ការ​ឡោម​ព័ទ្ធ​របស់​ខ្មាំង​សត្រូវ​ផង ហើយ​ចក្រភព​ជា​ច្រើន​កំពុង​លូត​លាស់​កាន់តែ​មាន​ភាព​រឹងមាំ​។ ការ​បៀតបៀន​មាន​ការ​កើន​ឡើង កាន់តែ​ខ្លាំង ហើយ​អារក្ស​មុខ​ជា​មក​បោះ​សម្តី​ស៊កសៀត ដាក់​គ្រីស្ទបរិស័ទ​ដែល​កំពុង​រង​ទុក្ខ​ទាំង​នោះ​ថា ពួកគេ​កំពុង​ត្រូវ​ដើរ​តាម​ការ​ស្រមើស្រមៃ​ដ៏​ធ្ងន់ធ្ងរ​។ ពួកគេ​ត្រូវ​ការ​ព្រះយេស៊ូវ​ប្រទាន​ពូក​គេ នូវ​ទស្សនៈ​របស់​ព្រះអង្គ ដើម្បី​កុំ​ឲ្យ​ពួកគេ​បាក់​ទឹក​ចិត្ត ភាន់​ភាំង ឬ​មាន​អារម្មណ៍​ថា​ពិបាក​ពេក​នោះ​ឡើយ​។ ពួកគេ​ចាំបាច់​ត្រូវ​ដឹង​ថា ព្រះ​យេស៊ូវ​នៅតែ​ជា​ព្រះអម្ចាស់ និង​មហាក្សត្រ​ដ៏​មាន​ជ័យ​ជម្នះ​។ ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​របស់​ព្រះអង្គ​បាន​ប្រកាស អំពី​អំណាច និង​ភាព​ត្រឹម​ត្រូវ​របស់​ព្រះអង្គ​។ រាស្រ្ត​របស់​ព្រះអង្គ​អាច​ថ្វាយ​ជីវិត និង​អនាគត​របស់​ពួកគេ ដាច់​ដល់​ព្រះអង្គ​។

ក្នុង​លោកិយ​ដែល​បន្ត​បៀតបៀន​រាស្រ្ត​របស់​ព្រះ កណ្ឌ​គម្ពីរ​វិវរណៈ គឺជា​អ្វី​ដែល​ពួក​ជំនុំ​សព្វថ្ងៃ​ត្រូវ​ការ​។ ខណៈ​ពេល​ដែល​សេដ្ឋកិច្ច​ពិភពលោក​កំពុង​ធ្លាក់​ចុះ ការ​ខ្វះខាត​ផ្នែក​សម្ភារៈ បញ្ហា​សីលធម៌​ធ្លាក់​ចុះ និង​អត្ត​សញ្ញាណ​ផ្ទាល់​ខ្លួន កំពុង​គំរាម​កំហែង ធ្វើ​ឲ្យ​ខូច​គំនិត​របស់​មនុស្ស​ប្រុស​ស្រី សំណេរ​របស់​សាវ័ក​យ៉ូហាន​បាន​រំឭក​យើង​ថា ជំនឿ​របស់​យើង​ជា​គ្រីស្ទបរិស័ទ មាន​ភាព​គ្រប់​គ្រាន់​ល្មម​សម្រាប់​បញ្ហា​ប្រឈម និង​សំណួរ​ដែល​យើង​កំពុង​ជួប​ប្រទះ​។ តើ​កាលៈទេសៈ​របស់​អ្នក​កំពុង​នាំ​ឲ្យ​អ្នក​មាន​ការ​សង្ស័យ​មក​លើ​ការ​បង្រៀន​ក្នុង​ព្រះ​គម្ពីរ ដែល​អ្នក​បាន​ជឿ​ឬទេ? ចូរ​ជឿ​ជាក់​លើ​ការ​ធានា​នេះ : ព្រះយេស៊ូវ​បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ព្រះយេស៊ូវ​សោយរាជ្យ ហើយ​ទី​បំផុត ព្រះ​យេស៊ូវ​មាន​ជ័យ​ជម្នះ​។

វិវរណៈ ១:១-៨

លោកុប្បត្តិ ៣៩-៤០ និង រ៉ូម ១៣

ប្រភេទ