នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ការ​ធានា​តែមួយ

ការ​ធានា​តែមួយ

ដោយDave Branon

January 18, 2025

២កូរិនថូស ៥:២១-៦:២

មើល​ឥឡូវ​នេះ​ជា​វេលា​ដែល​គាប់​ព្រះហឫទ័យ​ទ្រង់ មើល ថ្ងៃ​នេះ​ជា​ថ្ងៃ​សង្គ្រោះ​ហើយ​។ ២កូរិនថូស ៦:២

មាន​ពេល​មួយ ខ្ញុំ​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ធ្វើ​ការ​ជា​វាទគ្មិន និង​អ្នក​ដឹកនាំ​ក្រុម​សិស្ស​វិទ្យាល័យ ក្នុង​ដំណើរ​បេ​សកម្ម នៅ​ប្រទេស​ចាម៉ៃកា​។ ខ្ញុំ​ក៏​បានឮ​គេ​ប្រកាស​ថា “យើង​បាន​ត្រៀម​ខ្លួន​ជា​សម្រេច ដើម្បី​ឡើងជិះ​យន្តហោះ​ទៅ​ទីក្រុង​មុនតេហ្គោ បេយ”។ ពេល​នោះ ខ្ញុំ​ក៏បាន​លូកដៃ​ចូល​ទៅ​ក្នុង​កាបូប​ស្ពាយ​របស់​ខ្ញុំ​រកមើល​សំបុត្រ​យន្តហោះ និង​លិខិតឆ្លងដែន​របស់​ខ្ញុំ​។ ខ្ញុំ​មាន​ការ​តក់ស្លុត ពេល​ដែល​ខ្ញុំ​រក​លិខិតឆ្លងដែន​មិន​ឃើញ!

ក្រុម​ការងារ​របស់​ខ្ញុំ​ក៏​បាន​ឡើងជិះ​យន្តហោះ ដោយ​គ្មាន​ខ្ញុំ​ទៅជា​មួយ ហើយ​ខ្ញុំ​ក៏បាន​ព្យាយាម​ធ្វើ​លិខិតឆ្លងដែន​ថ្មី ក្នុងរយៈ​ពេល​៤​ថ្ងៃ​។ បន្ទាប់ពី​ខ្ញុំ​បាន​ព្យាយាម​ទាក់ទង​តាម​ទូរស័ព្ទ​រាប់​រយ​ដង ហើយ​បាន​ធ្វើ​ដំណើរ​ទៅ​រដ្ឋ​វ៉ាស៊ីនតោន ឌីស៊ី ដោយ​មិន​បាន​លទ្ធផល​អ្វី​សោះ ហើយ​ក៏​បាន​បើកឡាន​ក្នុង​ចម្ងាយ​ឆ្ងាយ​មក​ទីក្រុង​ហ្គ្រេនរែភីត រដ្ឋ​មីឈីហ្គិន​វិញ ហើយ​ចំណាយ​ពេល២ថ្ងៃ ក្នុង​ទីក្រុង​នៅ​ជិត​ខាង ហើយ​ដោយ​ជំនួយ​ពី​ការិយាល័យ​សមាជិកសភា​ក្នុង​តំបន់ ទី​បំផុត​ខ្ញុំ​បាន​ធ្វើ​លិខិតឆ្លងដែន​ថ្មី ហើយ​អាច​ចូល​រួម​ជាមួយ​ក្រុម​ការងារ​របស់​ខ្ញុំ នៅ​ប្រទេស​ចាម៉ៃកា​។

លិខិតឆ្លងដែន ជា​កូន​សៀវភៅ​តូច​មួយ តែ​វា​បាន​ផ្តល់​ឲ្យ​នូវ​ការ​ធានា​ថា ខ្ញុំ​អាច​ចេញទៅ​ក្រៅ​ប្រទេស​បាន​។ ខ្ញុំ​បាន​ប្រឹង​ប្រែង​អស់​លទ្ធ​ភាព ដើម្បី​ឲ្យ​បាន​លិខិតឆ្លងដែន​ថ្មី​ក្នុងរយៈ​ពេល​ដ៏​ខ្លី ប៉ុន្តែ តម្លៃ​របស់​វា​មិន​អាច​ប្រៀប​ផ្ទឹម នឹង​ការ​ធានា​មួយ​ទៀត ដែល​កំណត់​គោលដៅ​ដ៏​អស់​កល្ប​របស់​យើង​។ មាន​តែ​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវ​ទេ ដែល​អាច​ធានា​ថា យើង​នឹង​បាន​ទទួល​សេចក្តី​សង្គ្រោះ​រួច​ពី​បាប​របស់​យើង ហើយ​មាន​ជីវិត​ថ្មី​ក្នុង​ព្រះអង្គ​។

ព្រះ​គម្ពីរប៊ីប​បាន​ចែងថា “មើល​ឥឡូវ​នេះ​ជា​វេលា​ដែល​គាប់​ព្រះហឫទ័យ​ទ្រង់ មើល ថ្ងៃ​នេះ​ជា​ថ្ងៃ​សង្គ្រោះ​ហើយ”​(២កូរិនថូស ៦:២)។ ត្រង់​ចំណុច​នេះ សាវ័ក​ប៉ុល​កំពុង​ពិពណ៌នា អំពី​ការ​សម្រេច​ផែនការ​របស់​ព្រះ ក្នុង​ការ​ប្រទាន​សេចក្តី​សង្គ្រោះ​ក្នុង​ព្រះគ្រីស្ទ​។ ដោយ​ជំនឿ​លើ​ព្រះអង្គ យើង​អាច​ដក​ពិសោធន៍​នឹង​សេចក្តី​ស្រឡាញ់ និង​ការ​ប្រោស​លោះ​របស់​ព្រះ ព្រម​ទាំង​ព្រះ​រាជ​កិច្ច​នៃ​ការ​ស្អាង​ឡើង​វិញ​នូវ​ស្នា​ព្រះ​ហស្ត​របស់​ព្រះអង្គ​។ នៅ​ថ្ងៃ​នេះ ចូរ​យើង​ប្រាកដ​ថា យើង​បាន​យល់​ច្បាស់ អំពី​អត្ថន័យ​នៃ​ការ​ផ្សះផ្សា​ទំនាក់​ទំនង​ឲ្យ​ជា​នឹង​ព្រះ តាមរយៈ​ព្រះគ្រីស្ទ(៥:២១)។—Dave Branon

តើ​ព្រះយេស៊ូវ​បាន​ប្រើ​មធ្យោបាយ​អ្វី ដើម្បី​នាំ​អ្នក​ទទួល​សេចក្តី​សង្រ្គោះ? តើ​ការ​ទទួល​ជឿ​ព្រះអង្គ​ជា​ព្រះ​អង្គ​សង្គ្រោះ មាន​អត្ថន័យ​ដូច​ម្តេច​ខ្លះ?

ឱ​ព្រះយេស៊ូវ ទូល​បង្គំ​សូម​អរ​ព្រះគុណ​ព្រះអង្គ ដែល​បាន​ប្រទាន​ផ្លូវ​ឲ្យ​ទូល​បង្គំ​ទទួល​សេចក្តី​សង្គ្រោះ​រួច​ពី​បាប និង​សេចក្តី​ស្លាប់​។

Learn more here: ODB.org/personal-relationship-with-god.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: លោកុប្បត្តិ ៤៣-៤៥ និង ម៉ាថាយ ១២:២៤-៥០

ល្ងាច

Devotional illustration

ការ​ប្ដេជ្ញា​ចិត្ត​អធិស្ឋាន

ដោយAlistair Begg

January 18, 2025

“លោក​លុត​ជង្គង់​ចុះ​អធិស្ឋាន ហើយ​អរ​ព្រះគុណ​ដល់​ព្រះ​របស់​លោក១ថ្ងៃ៣ដង ដូចជា​កាលពី​មុន”។ ដានីយ៉ែល ៦:១០

ការ​ប្ដេជ្ញា​ចិត្ត​រយៈ​ពេល​ខ្លី មិនមែន​ជា​ការ​ពិបាក​ពេក​ទេ​។ វា​ជា​ការ​លត់​ដំ ឲ្យ​មាន​ភាព​ទៀង​ទាត់ ដែល​យើង​ពិបាក​ធ្វើ តែ​ជា​គន្លឹះ​នាំ​ទៅ​រក​ការ​លូត​លាស់​ខាង​វិញ្ញាណ​។

យើង​អាច​សង្កេត​ឃើញ​ភាព​មិន​ទៀង​ទាត់​នៃ​ការ​ប្ដេជ្ញា​ចិត្ត កើត​មាន​ជា​ញឹក​ញាប់ នៅ​ក្នុង​កម្ម​វិធី​អនុវត្ត​រយៈ​ពេល​ខ្លី ដូចជា ការ​ទន្ទេញ​ខ​គម្ពីរ ផែនការ​អាន​ព្រះ​គម្ពីរ និង​ការ​ប្ដេជ្ញា​ចិត្ត​សម្រាប់​ឆ្នាំ​ថ្មី​។ មាន​មនុស្ស​ច្រើន​ណាស់​ដែល​ធ្វើ​បាន​ល្អ នៅពេល​ចាប់​ផ្តើម​ដំបូង ហើយ​ក្រោយមក ក៏​បាន​បោះបង់ចោល​ការ​ព្យាយាម​។ តែ​ខ្ញុំ​ជឿ​ថា អ្នក​ក៏​អាច​ជួប​ប្រទះ​​មនុស្ស​ជា​ច្រើន ដែល​មាន​ភាព​ទៀង​ទាត់ និង​ការ​លត់ដំ​យ៉ាង​ខ្លាំង​។ ពួក​គេ​បណ្តើរ​ឆ្កែ​ចេញ​ក្រៅ​ផ្ទះ នៅ​ម៉ោង​ដដែល​ជា​រៀង​រាល់​ថ្ងៃ ឬ​ទៅ​យក​សំបុត្រ​យ៉ាង​ទៀង​ទាត់​ណាស់ បានជា​អ្នក​អាច​យក​នាឡិ​ការ​របស់​អ្នក​មក​ផ្ទៀង​ជាមួយ​គាត់​បាន​។ ហើយ​ពេលណា​ពួកគេ​រៀបចំ​ខ្លួន ធ្វើ​កិច្ចការ​អ្វីមួយ ឬ​រៀន​មុខ​ជំនាញ​ថ្មី ពួកគេ​ក៏បាន​ធ្វើ ដោយ​ភាព​ឧស្សាហ៍​ព្យាយាម​យ៉ាង​ខ្លាំង បានជា​អ្នក​គ្មាន​ការ​សង្ស័យ​ថា ពួកគេ​នឹង​សម្រេច​កិច្ច​ការ​នោះ​ឬ​អត់។

ទម្លាប់​នៃ​ការ​អធិស្ឋាន​របស់​លោក​ដានីយ៉ែល បាន​បង្ហាញ​ឲ្យ​យើង​ឃើញ​ភាព​ទៀង​ទាត់​ដែល​មាន​ការ​លត់ដំ ក្នុង​ជីវិត​គាត់​។ ការ​រស់នៅ​របស់​គាត់ មិនមែន​មាន​ការ​ផ្ទុះ​ចេញ​នូវ​ភាព​ក្លៀវ​ក្លា​តែ​ពី​ដំបូង ហើយ​ក្រោយមក ប្រែ​ក្លាយ​ជា​ភាព​អសកម្ម​ដ៏​រ៉ាំរ៉ៃ​នោះ​ទេ​។ យើង​ដឹង​ច្បាស់​ថា គាត់​បាន​អធិស្ឋាន ទោះ​គាត់​មាន​អារម្មណ៍​ចង់​អធិស្ឋាន​ឬ​អត់​ក៏ដោយ​។ គាត់​ទំនងជា​មាន​ពេល​ដែល​គាត់​ក្រោក​ពី​លុត​ជង្គង់ ដោយ​អារម្មណ៍​ថា គាត់​ពិត​ជា​មាន​ពរ​ណាស់ ហើយក៏​មាន​ពេល​ផ្សេង​ទៀត ដែល​គាត់​មាន​អារម្មណ៍​ថា គ្មាន​កម្លាំង គ្មាន​ទឹក​ចិត្ត តែ​គាត់​នៅតែ​បន្ត​អធិស្ឋាន​ទៀត​។

គាត់​បាន​អធិស្ឋាន​ហើយ​អធិស្ឋាន​ទៀត ទោះ​ស្ថិត​ក្នុង​កាលៈទេសៈ​យ៉ាងណា​ក៏ដោយ​។ នេះ​ជា​ការ​លត់​ដំ! ពេលណា​មាន​រឿង​វិបត្តិ​កើត​ឡើង វា​ក៏បាន​បង្ហាញ​ឲ្យ​គេ​ឃើញ​ការ​លត់ដំ ក្នុង​ជីវិត​គាត់​។ បន្ទាប់ពី​ស្តេច​ដារីយុស​បាន​ចេញ​រាជ​បញ្ជា ហាម​មិន​ឲ្យ​គេ​អធិស្ឋាន​ទៅ​ព្រះ​ណា ឬ​មនុស្ស​ណា​ផ្សេង​ក្រៅ​ពី​ទ្រង់​ ក្នុងរយៈ​ពេល៣០ថ្ងៃ(ដានីយ៉ែល ៦:៧) លោក​ដានីយ៉ែល​អាច​មាន​លេស ដើម្បី​ស្តាប់​បង្គាប់​តាម​ស្តេច ជា​ជាង​ស្តាប់​តាម​ព្រះអម្ចាស់​។ គាត់​អាច​មាន​ហេតុផល​ធ្វើ​ដូច​នេះ ព្រោះ​គាត់​បាន​ខិតខំ​អធិស្ឋាន​យ៉ាង​ខ្ជាប់ខ្ជួន​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដូច​នេះ ការឈប់អធិស្ឋាន១ខែ​គួរតែ​មិន​អី​ទេ​។ តែ​គាត់​មិន​ដែល​មាន​គំនិត​ដូច​នេះ​ទេ​។ ផ្ទុយ​ទៅវិញ គាត់​បាន​បន្ត​អធិស្ឋាន ដូច​សព្វ​មួយដង​។

ជា​ការ​ពិត​ណាស់ ជីវិត​នៃ​ការ​អធិស្ឋាន​របស់​លោក​ដានីយ៉ែល ពិតជា​មាន​ទំនាក់​ទំនង​នឹង​សេចក្តី​ក្លាហាន ដែល​គាត់​បាន​បង្ហាញ​ឡើង ក្នុង​ការ​ស្តាប់​បង្គាប់​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ជា​ជាង​ស្តាប់​តាម​ស្តេច​មាន​អំណាច​បំផុត​ក្នុង​ពិភពលោក​។ ព្រះអម្ចាស់​នៃ​យើង​ក៏បាន​ប្រាប់​យើង ឲ្យ“អធិស្ឋាន​ជានិច្ច ឥត​រសាយ​ចិត្ត​ឡើយ”(លូកា ១៨:១)។ យើង​មិន​ត្រូវ​ឈប់​អធិស្ឋាន​មួយ​រយៈ បើសិន​ជា​យើង​មិន​មាន​អារម្មណ៍​ចង់​អធិស្ឋាន ឬ​មិន​មាន​ពេល​អធិស្ឋាន​នោះ​ឡើយ​។ បើ​យើង​ចង់​រស់នៅ​ថ្វាយ​ព្រះយេស៊ូវ ពេល​យើង​ស្ថិត​ក្រោម​សំពាធ ការ​អធិស្ឋាន​របស់​យើង​ត្រូវតែ​មាន​ភាព​ជាប់​លាប់​។ យើង​ត្រូវតែ​ចាត់​ទុក​ការ​អធិស្ឋាន ជា​ធាតុ​ផ្សំ​ដ៏​សំខាន់​នៃ​ជំនឿ​យើង គឺ​មិន​គ្រាន់តែ​ជា​ការ​បំពេញ​បង្គ្រប់​ដ៏​ល្អ​នោះ​ទេ​។

ទ្វារ​បាន​បើក​ចំហ សម្រាប់​ឲ្យ​អ្នក​បង្ហាញ​ការ​ប្ដេជ្ញា​ចិត្ត​ដ៏​ជាប់​លាប់​ដូច​នេះ ក្នុង​ការ​អធិស្ឋាន តាម​គំរូ​លោក​ដានីយ៉ែល​។ តាមរយៈ​ការ​លត់ដំ​ជា​ទៀង​ទាត់ ការ​អធិស្ឋាន​អាច​ក្លាយ​ជា​ការ​ឆ្លើយតប​ជា​ធម្មតា​របស់​អ្នក ចំពោះ​ស្ថានភាព​នីមួយៗ ក្នុង​ជីវិត​អ្នក​។ តើ​អ្នក​ត្រូវ​ការ​ញែក​ពេល​រៀង​រាល់​ថ្ងៃ ដើម្បី​អធិស្ឋាន និង​អរ​ព្រះគុណ​ព្រះ ទោះ​មាន​រឿង​អ្វី​កើត​ឡើង​ក៏ដោយដែរឬទេ? ទោះ​ព្រះ​ទ្រង់​ដក​អ្វី​ចេញពី​យើង ទោះ​យើង​ធ្វើ​អ្វី ហើយ​ព្រះអង្គ​មាន​ផែនការ​ដូច​ម្តេច​ក៏ដោយ ចូរ​យើង​អធិស្ឋាន​ឥត​ឈប់ឈរ​។

អេភេសូរ ៣:១៤-២១

លោកុប្បត្តិ ៤៦-៤៨ និង រ៉ូម ១៥:១៤-៣៣

ប្រភេទ