ព្រឹក

ព្រះគ្រីស្ទសំខាន់ជាងគេ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)
ដោយadamholz
January 24, 2025
កូល៉ុស ២:៦-១២
ចូរប្រយ័ត្ន ក្រែងមានអ្នកណាចាប់អ្នករាល់គ្នាធ្វើជារំពា ដោយពាក្យបរមត្ថ និងពាក្យបញ្ឆោតជាអសារឥតការ។ កូល៉ុស ២:៨
ខ្ញុំ និងភរិយារបស់ខ្ញុំចូលចិត្តមើលខ្សែភាពយន្តបែបស្នេហារ៉ូមែនទិច មានលក្ខណៈប្រឌិត ដែលធ្វើឲ្យទស្សនិកជនមានអារម្មណ៍រីករាយ។ ខ្ញុំអាចនិយាយបានថា នេះជាចំណង់ចំណូលចិត្តរបស់គាត់ ប៉ុន្តែ ខ្ញុំក៏ចូលចិត្តមើលរឿងប្រភេទនេះដែរ។ ខ្សែភាពយន្តទាំងនោះមានចំណុចគួរឲ្យចាប់ចិត្ត ដែលយើងអាចស្មានទុកជាមុនថា នៅចុងបញ្ចប់តួអង្គដែលជាគូរស្នេហ៍នឹងបានរួមរស់ជាមួយគ្នា ដោយសុភមង្គលជារៀងរហូត។ ថ្មីៗនេះ យើងបានមើលរឿងមួយ ដែលបានផ្តល់ឲ្យទស្សនិកជននូវយោបល់ដ៏រ៉ូមិនទិចមួយចំនួន ដែលយើងអាចយកមកវិភាគ។ ពីដំបូងគេថា សេចក្តីស្រឡាញ់គឺជាអារម្មណ៍។ បន្ទាប់មកគេថា ចូរធ្វើតាមបេះដូងរបស់អ្នកចុះ។ ហើយនៅចុងបញ្ចប់គេនិយាយថា សុភមង្គលរបស់អ្នកសំខាន់លើសអ្វីៗទាំងអស់។ ជាការពិតណាស់ អារម្មណ៍របស់យើងសំខាន់។ ប៉ុន្តែ ការផ្តេតផ្តួលទៅតាមអារម្មណ៍ ដោយផ្ដោតទៅលើខ្លួនឯងខ្លាំងពេក គឺជាគ្រឹះដ៏ទន់ជ្រាយ ដែលពិបាកនឹងជួយឲ្យជីវិតអាពាហ៍ពិពាហ៍មានភាពស្ថិតស្ថេរ។
វប្បធម៌របស់លោកិយបានផ្តល់ឲ្យនូវយោបល់ប្លែកៗជាច្រើន ដែលស្តាប់ទៅពីរោះពីដំបូង ប៉ុន្តែ បើយើងពិនិត្យឲ្យបានដិតដល់យើងនឹងឃើញយោបល់ទាំងនោះ មានភាពប្រេះស្រាំខ្លាំងណាស់។ នៅក្នុងកណ្ឌគម្ពីរកូល៉ុសជំពូក២ សាវ័កប៉ុលបានបង្រៀនយើងឲ្យធ្វើការពិនិត្យមើលយ៉ាងប្រុងប្រយ័ត្ន។ គាត់បាននិយាយសង្កត់ធ្ងន់ថា កាលណាយើងបាន “ចាក់ឫស ហើយស្អាងឡើងក្នុងទ្រង់ ទាំងតាំងនៅខ្ជាប់ខ្ជួនក្នុងសេចក្តីជំនឿ”(ខ.៧) យើងនឹងអាចមើលដឹងថា វប្បធម៌របស់យើងកំពុងបោកបញ្ឆោតយើង ត្រង់ចំណុចណាខ្លះ។ សាវ័កប៉ុលបានហៅការកុហកនោះថា “ពាក្យបរមត្ថ និងពាក្យបញ្ឆោតជាអសារឥតការ” ដែលបានកើតចេញពី “សណ្ដាប់បុរាណរបស់មនុស្ស តាមបថមសិក្សានៅនាលោកីយ៍ គឺមិនមែនតាមព្រះគ្រីស្ទទេ”(ខ.៨)។
ដូចនេះ ពេលក្រោយ បើអ្នកបានមើលខ្សែភាពយន្តណាមួយ ចូរសួរខ្លួនឯង និងមនុស្សដែលទស្សនារឿងនោះជាមួយអ្នកថា “តើរឿងនេះបានផ្តល់ឲ្យយើងនូវយោបល់ប្រកបដោយប្រាជ្ញាដែរឬទេ?” បើយើងអាចប្រៀបធៀបយោបល់នោះ ជាមួយសេចក្តីពិតក្នុងព្រះគម្ពីរប៊ីបយ៉ាងដូចម្តេចខ្លះ? ហើយចូរចាំថា គឺព្រះគ្រីស្ទទេ ដែលសំខាន់លើសអ្វីៗទាំងអស់ ក្នុងជីវិតយើង។ មានតែនៅក្នុងព្រះអង្គទេ ដែលយើងអាចរកឃើញប្រាជ្ញាពិតប្រាកដ និងភាពពេញលេញ(ខ.៩-១០)។—Adam R. Holz
តើវប្បធម៌ដ៏ពេញនិយមរបស់លោកិយ បាននាំឲ្យអ្នកមានការយល់ឃើញដូចម្តេចខ្លះ អំពីពិភពលោក?
តើជំនឿរបស់អ្នកបានជួយអ្នក វាយតម្លៃមកលើការកម្សាន្តសប្បាយ ដែលអ្នកបានជួបប្រទះដូចម្តេចខ្លះ?
ឱព្រះវរបិតា លោកិយមានពេញទៅដោយរឿងនិទានជាច្រើន ដែលសន្យាថា យើងនឹងមានសុភមង្គលក្នុងជីវិត ប៉ុន្តែ នៅទីបំផុត យោបល់របស់ពួកគេប្រាសចាកសេចក្តីពិតរបស់ព្រះអង្គ។ សូមព្រះអង្គជួយទូលបង្គំឲ្យស្រេកឃ្លានប្រាជ្ញាពីព្រះអង្គ ដើម្បីឲ្យទូលបង្គំដើរក្នុងផ្លូវរបស់ព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: និក្ខមនំ ៩-១១ និង ម៉ាថាយ ១៥:២១-៣៩
ប្រភេទ
ល្ងាច

ថ្វាយទៅព្រះដែលបានប្រទានមកយើង (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
January 24, 2025
“តែតើទូលបង្គំជាអ្វី ហើយរាស្ត្ររបស់ទូលបង្គំនេះជាអ្វី ដែលយើងខ្ញុំរាល់គ្នាអាចនឹងថ្វាយដង្វាយយ៉ាងនេះ ដោយស្ម័គ្រពីចិត្តបាន ដ្បិតគ្រប់របស់ទាំងអស់មកពីទ្រង់ យើងខ្ញុំរាល់គ្នាបានយកតែពីព្រះហស្តទ្រង់ ថ្វាយដល់ទ្រង់វិញ”។ ១របាក្សត្រ ២៩:១៤
កាលប៉ុន្មានឆ្នាំមុន ព្រះវិហារខ្ញុំមានបុគ្គលិកខ្លះ ដែលបានសម្រេចចិត្តយកស្ទីគ័រទៅបិទ ពីលើអ្វីៗទាំងអស់ ក្នុងអគារព្រះវិហារ ដោយប្រកាសថា សម្ភារៈទាំងអស់នោះជា “កម្មសិទ្ធិរបស់ព្រះវិហារផាកសាយ”។ ពីដំបូង ខ្ញុំឆ្ងល់ថា តើយើងគួរតែរំពឹងថា អ្នកដែលចង់លួចធុងសំរាមរបស់ព្រះវិហារ អាចយកវាមកឲ្យយើងវិញទេ ពេលដែលពួកគេឃើញស្ទីគ័រព្រះវិហារ ហើយចង់យកវាមកឲ្យយើងវិញ។ ការដាក់ស្ទីគ័រនេះហាក់ដូចជាមិនសូវមានប្រយោជន៍ទេ។ តែមិនយូរប៉ុន្មាន ខ្ញុំក៏បានដឹងថា ខ្ញុំពិតជាចូលចិត្តត្រឡប់របស់របរប្រើប្រាស់ក្នុងព្រះវិហារ ដើម្បីមើលស្ទីគ័រដែលបញ្ជាក់ថា វាជាកម្មសិទ្ធិរបស់ព្រះវិហារ។
ព្រះគម្ពីរទាំងមូលបានរំឭកយើងម្តងហើយម្តងទៀតថា ព្រះទ្រង់ជាម្ចាស់លើអ្វីៗទាំងអស់ និងជាអ្នកផ្គត់ផ្គង់ប្រកបដោយព្រះគុណ។ កាលស្តេចដាវីឌ កំពុងរៀបផែនការសាងសង់ព្រះវិហារ ទ្រង់បានចង្អុលបង្ហាញគេយ៉ាងច្បាស់ និងដោយការបន្ទាបខ្លួន ឲ្យងាកទៅរកការផ្គត់ផ្គង់របស់ព្រះអម្ចាស់។ ព្រោះទ្រង់ជ្រាបថា ក្នុងនាមយើងជាជីវិតដែលព្រះអង្គបានបង្កើត ក្នុងពិភពលោកជាស្នាព្រះហស្តព្រះអង្គ អ្វីដែលយើងអាចថ្វាយទៅព្រះអាទិករ គឺសុទ្ធតែជាអ្វីដែលព្រះអង្គបានប្រទានមកយើង។ ក្នុងព្រះគម្ពីរសញ្ញាថ្មី សាវ័កប៉ុលក៏បានសរសេរផងដែរថា “តើអ្នកមានអ្វីខ្លះ ដែលអ្នកមិនបានទទួល ចុះបើបានទទួលមែន ហេតុអ្វីបានជាអួតខ្លួនដូចជាមិនបានទទួលវិញ?”(១កូរិនថូស ៤:៧)។
ពាក្យពេចន៍របស់ស្តេចដាវីឌ មិនមែនជាការយល់ដឹងថ្មីមួយ សម្រាប់រាស្រ្តរបស់ព្រះនោះទេ។ ក្នុងជំនាន់មុន កាលពួកអ៊ីស្រាអែលកំពុងរៀបចំខ្លួន ដើម្បីសាងសង់រោងឧបោសថ លោកម៉ូសេក៏បានបង្គាប់ថា “ត្រូវឲ្យយកដង្វាយពីរបស់ដែលអ្នករាល់គ្នាមានទាំងប៉ុន្មាន មកថ្វាយដល់ព្រះយេហូវ៉ា” (និក្ខមនំ ៣៥:៥)។ តើពួកគេមានអ្វីខ្លះ? អ្វីដែលពួកគេមានសុទ្ធតែជាអ្វីដែលព្រះដ៏ប្រោសលោះបានផ្គត់ផ្គង់ពួកគេ ក្នុងដំណើរភៀសខ្លួនចេញពីទឹកដីអេស៊ីព្ទ(១២:៣៥-៣៦)។ គឺអ្វីៗដែលព្រះដ៏ទ្រទ្រង់ជីវិតពួកគេ បានប្រទានលទ្ធភាពឲ្យពួកគេធ្វើ(៣៥:៣០-៣៥)។
យើងក៏អាចនិយាយថា អ្វីៗទាំងអស់ដែលយើងមាន សុទ្ធតែជាអ្វីៗដែលព្រះទ្រង់បានបង្កើត ដែលមានជាប់ត្រាកម្មសិទ្ធិរបស់ព្រះអម្ចាស់។ លោកអ័ប្រាហាំ ឃួយភ័រ(Abraham Kuyper) ជាទេវវិទូដែលមានឥទ្ធិពល ដែលបានបម្រើការជានាយករដ្ឋមន្ត្រីប្រទេសហូឡង់ នៅដើមសតវត្សរ៍ទី២០ បានមានប្រសាសន៍ថា “ក្នុងពិភពលោក ដែលមនុស្សកំពុងរស់នៅ គ្មានរបស់អ្វីដែលព្រះគ្រីស្ទមិនបានប្រកាសថា ជាកម្មសិទ្ធិរបស់ព្រះអង្គនោះឡើយ”។
ទស្សនៈនេះមានការខុសប្លែកយ៉ាងខ្លាំង ពីវប្បធម៌ក្នុងសម័យបច្ចុប្បន្ន ដែលច្រើនតែមានទស្សនៈខុសឆ្គងពីរយ៉ាង: ទីមួយ យើងជាមនុស្សកើតឯង។ ទីពីរ អ្វីៗទាំងអស់នៅលើផែនដីនេះ រាប់បញ្ចូលទាំងខ្លួនយើងផង សុទ្ធតែជាព្រះ។ ប៉ុន្តែ ព្រះគម្ពីរបានចែងថា “ផែនដី និងសារពើនៅផែនដី ជារបស់ផងព្រះយេហូវ៉ា ព្រមទាំងលោកីយ៍ និងបណ្តាអ្នកដែលនៅលោកីយ៍ផង”(ទំនុកដំកើង ២៤:១)។
ព្រះអង្គកំពុងត្រាស់ហៅយើង ឲ្យដើរដោយបន្ទាបខ្លួន ដោយនឹកចាំថា យើងរាល់គ្នាសុទ្ធតែចេញមកពីព្រះអង្គ។ ជីវិតរបស់យើងគួរតែប្រកាសថា “ខ្ញុំជាកម្មសិទ្ធិរបស់ព្រះអង្គ!”។ គ្មានអ្វីដែលអ្នកអាចផ្តល់ឲ្យព្រះ ដែលមិនមែនជាកម្មសិទ្ធិរបស់ព្រះអង្គនោះឡើយ។ ដូចនេះ ចូរយើងថ្វាយដោយស្ម័គ្រពីចិត្ត និងដោយចិត្តសប្បុរស ទាំងពេលវេលា ប្រាក់កាស និងអំណោយទានរបស់យើង ដើម្បីឆ្លើយតប នឹងព្រះគុណព្រះអង្គ តាមដែលព្រះទ្រង់បានដឹកនាំយើង។
២កូរិនថូស ៨:១-១៥
អេសាយ ១០-១៣ និង ម៉ាកុស ៤:១-២០