នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ការ​ថែរក្សា​ដ៏​ឥត​ខ្ចោះ​របស់​ព្រះអង្គ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

ការ​ថែរក្សា​ដ៏​ឥត​ខ្ចោះ​របស់​ព្រះអង្គ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

ដោយElisa Morgan

January 25, 2025

១សាំយ៉ូអែល ២៥:២៨-៣១

គង់តែ​ជីវិត​លោក​ម្ចាស់​នៃ​ខ្ញុំ នឹង​បាន​ចង​ជាប់​ក្នុង​បាច់​នៃ​ជីវិត ជាមួយនឹង​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​លោក​ដែរ​។ ១សាំយ៉ូអែល ២៥:២៩

កុមារា​ឈ្មោះ ដាវីឌ វេតទ័រ(David Vetter) បាន​លាចាក​លោក ក្នុង​អាយុ១២ឆ្នាំ បន្ទាប់ពី​គាត់​បាន​រស់នៅ​ពេញ​មួយ​ជីវិត​ក្នុង​ឈុត​ខោអាវ​ការពារ​មេរោគ ដែល​មាន​ថង់​ផ្លា​ស្ទីក​មាន​រាង​មូល​ថ្លា​ដូច​ពពុះ​គ្រប​ពីលើ​ក្បាល​គាត់​។ គាត់​បាន​ដាក់​រហ័ស​នាម​ឲ្យ​គាត់​ថា “ក្មេង​ប្រុស​ពពុះ”។ គាត់​មាន​ជំងឺ​ខ្សោយ​ប្រព័ន្ធ​ការពារ​រាង​កាយ​ពី​កំណើត​។ បង​ប្រុស​របស់​គាត់​ជា​កូន​ទីមួយ​ក្នុង​គ្រួសារ​បាន​បាត់បង់​ជីវិត ដោយសារ​ជំងឺ​នេះ ដូច​នេះ ឪពុក​ម្តាយ​គាត់​ក៏​បាន​ប្តេជ្ញា​ចិត្ត​ការពារ​គាត់ ជា​កូន​ទីពីរ​។ ដើម្បី​ពន្យារ​ជីវិត​គាត់ ក្រុម​វិស្វករ​របស់​អង្គ​ការ​ណាសា ក៏បាន​ច្នៃ​បង្កើត​គំរប​ការពារ​ក្បាល​គាត់ ធ្វើ​ពី​ផ្លា​ស្ទីក​រាង​មូល​ថ្លា​ដូច​ពពុះ និង​បង្កើត​ឈុត​ខោអាវ​របស់​អវកាស​យានិក សម្រាប់​ឲ្យ​គាត់​ពាក់ ដើម្បី​ឲ្យ​ឪពុក​ម្តាយ​គាត់​អាច​នាំ​គាត់ ចេញទៅ​ខាង​ក្រៅ​។ ជា​ការ​ពិត​ណាស់ នរណា​ក៏​ចង់​ការពារ​មនុស្ស​ជាទី​ស្រឡាញ់​របស់​ខ្លួន​ដែរ!

នៅ​គ្រា​សញ្ញា​ចាស់ លោក​ណាបាល​ជា​ប្តី​របស់​នាង​អ័ប៊ីកែល បាន​ធ្វើ​ខុស​មក​លើ​ស្តេច​ដាវីឌ​។ ក្នុង​ពេល​ដ៏​ក្តៅ​ក្រហាយ​នោះ ស្តេច​ដាវីឌ​បាន​ស្វែងរក​ឱកាស​សងសឹក ដោយ​ផ្ទាល់ដៃ​។ នាង​អ័ប៊ីកែល​ក៏បាន​ប្រញាប់​ទៅ​ជួប​ទ្រង់ ដោយ​ការ​ក្រើន​រំឭក​ប្រកប​ដោយ​ប្រាជ្ញា​ថា “ទោះបើ​មាន​មនុស្ស​លើក​ដេញ តាម​រក​ប្រហារ​ជីវិត​របស់​លោក​ក៏ដោយ គង់តែ​ជីវិត​លោក​ម្ចាស់​នៃ​ខ្ញុំ នឹង​បាន​ចង​ជាប់​ក្នុង​បាច់​នៃ​ជីវិត ជាមួយនឹង​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​លោក​ដែរ”(១សាំយ៉ូអែល ២៥:២៩)។ ពាក្យ “ចង​ជាប់​ក្នុង​បាច់” គឺ​បាន​ឆ្លុះ​បញ្ចាំង​អំពី​ការ​ប្រមូល​វត្ថុ​មាន​តម្លៃ​មក​ចង​ចូល​គ្នា​ជា​បាច់ ដើម្បី​ឲ្យ​គេ​អាច​ដឹក​ជញ្ជូន​ពួកវា​ដោយ​សុវត្ថិភាព​។ ត្រង់​ចំណុច​នេះ នាង​អ័ប៊ីកែល​បាន​រំឭក​ស្តេច​ដាវីឌ​ថា ព្រះ​ទ្រង់​សព្វ​ព្រះទ័យ​នឹង​បី​ទ្រង់ នៅ​ក្នុង​បាច់​ដែល​មាន​ការ​ការពារ​។ ស្តេច​ដាវីឌ​មាន​សុវត្ថិភាព​បំផុត ក្នុង​ព្រះ​ហស្ត​របស់​ព្រះ ជាជាង​ការ​ការពារ​ខ្លួនឯង​។គឺដូច​ដែល​នាង​បាន​ទូល​ស្តេច​ដាវីឌ​ថា “នោះ​ដំណើរ​នេះ​មិន​បានជា​ហេតុ​ឲ្យ​លោក​តូច​ចិត្ត​ស្តាយ ដោយ​លោក​បាន​កំចាយ​ឈាម​គេ​ឥត​ហេតុ ឬ​បាន​សងសឹក​ដល់​គេ​ដោយ​ខ្លួន​លោក​ឡើយ”(ខ.៣១)។

វា​ជា​ការ​ប្រពៃ​ណាស់ ដែល​យើង​ការពារ​អ្នក​ដទៃ នៅពេល​ដែល​ពួកគេ​ត្រូវ​ការ​ជំនួយ​របស់​យើង ប៉ុន្តែ មានតែ​នៅ​ក្នុង​ការ​ថែរក្សា​របស់​ព្រះអម្ចាស់​ប៉ុណ្ណោះ ដែល​ពួកគេ​អាច​មាន​សុវត្ថិភាព​ពិត​ប្រាកដ​។—Elisa Morgan

តើ​អ្នក​មាន​ជួប​ការ​ល្បួង​ឲ្យ​នាំ​អ្នក​ដទៃ ចូល​ទៅ​ក្នុង​ការ​ការពារ​ខ្លួនឯង នៅ​ពេលណា?
តើ​ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​អាច​ចាំ​ថា ការ​ថែរក្សា​របស់​ព្រះអម្ចាស់ បាន​ផ្តល់​ឲ្យ​នូវ​ការ​ការពារ​ល្អ​បំផុត?

ឱ​ព្រះវរបិតា សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ ឲ្យ​ទុក​ចិត្ត​ថា ព្រះអង្គ​កំពុង​ថែរក្សា​មនុស្ស​ជាទី​ស្រឡាញ់​របស់​ទូល​បង្គំ
ដោយ​ដឹង​ថា ព្រះអង្គ​អាច​ថែរក្សា​ពួកគេ​បាន​ល្អ​ជាង​ទូល​បង្គំ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: និក្ខមនំ ១២‌-១៣ និង ម៉ាថាយ ១៦

ល្ងាច

Devotional illustration

ការ​បន្ត​ក្នុង​ព្រះគុណ​ព្រះ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

January 25, 2025

“ប៉ុន្តែ ក្នុង​ពួក​អ្នក​នោះ មាន​អ្នក​ខ្លះ... ក៏​ផ្សាយ​ដំណឹង​ល្អ​ពី​ព្រះអម្ចាស់យេស៊ូវ ដល់​ពួក​សាសន៍​ក្រេក​ដែរ ព្រះ​ហស្ត​ព្រះអម្ចាស់​ក៏​នៅ​ជាមួយនឹង​គេ ហើយ​មាន​មនុស្ស​ជា​ច្រើន​បែរ​មក​ឯ​ព្រះអម្ចាស់​វិញ ដោយ​មាន​សេចក្តី​ជំនឿ រឿង​នោះ​បានឮ​ដល់​ត្រចៀក​ពួក​ជំនុំ​នៅ​ក្រុង​យេរូសាឡិម រួច​គេ​ចាត់​បាណាបាស ឲ្យ​ទៅ​ត្រឹម​អាន់ទីយ៉ូក កាល​គាត់​ទៅដល់ ហើយ​បាន​ឃើញ​ព្រះគុណ​នៃ​ព្រះ នោះ​គាត់​មាន​សេចក្តី​អំណរ ក៏​ទូន្មាន​គេ​គ្រប់​គ្នា ឲ្យ​សំរេច​ចិត្ត​នឹង​នៅ​ជាប់​ក្នុង​ព្រះអម្ចាស់”។ កិច្ចការ ១១:២០-២៣

ព្រះ​ទ្រង់​ធ្វើ​ការ​តាម​របៀប​ដ៏​អាថ៌កំបាំង និង​អស្ចារ្យ​។ នៅ​ក្នុង​ជីវិត​នៃ​ពួក​ជំនុំ​ដំបូង ការ​បៀតបៀន​ពួក​ជំនុំ​នៅ​ទីក្រុង​យេរូសាឡិម ជា​ពួក​ជំនុំ​តែមួយ​នៅ​សម័យ​នោះ បាន​បណ្តាល​ឲ្យ​ដំណឹង​ល្អ​បាន​រីកសាយ​ទៅ​កាន់តែ​ឆ្ងាយ និង​ឆាប់​រហ័ស​ជាង​មុន​។ ខណៈ​ពេល​ដែល​អ្នកជឿ​មាន​ការ​ខ្ចាត់ខ្ចាយ ទៅ​ដល់​ទីក្រុង​ភីនីក កោះ​គី​ប្រុស និង​ទីក្រុង​អាន់ទីយ៉ូក​ជាដើម ដំណឹង​ល្អ​ក៏បាន​ផ្សាយ​ទៅដល់​ជនជាតិ​ក្រិក ក្នុង​តំបន់ ហើយ​មនុស្ស​ជា​ច្រើន​ក៏​បាន​ទទួល​ជឿ​ព្រះ​។

ទោះជា​យ៉ាងណា​ក៏ដោយ ពេល​ដែល​ដំណឹង​អំពី​ការ​ប្រែ​ចិត្ត​របស់​សាសន៍​ដទៃ បានឮ​ទៅដល់​ពួក​ជំនុំ​នៅ​ទីក្រុង​យេរូសាឡិម ពួកគេ​មិន​មាន​ការ​ស្វាគមន៍​ភ្លាមៗ​ទេ​។ ពី​ដំបូង ការ​រីកសាយ​នៃ​ដំណឹង​ល្អ​បាន​កើត​មាន​ស្ទើរ​ទាំងស្រុង នៅ​ក្នុង​ចំណោម​ជនជាតិ​យូដា​។ ដំណឹង​អំពី​ការ​ប្រែ​ចិត្ត​របស់​សាសន៍​ដទៃ គឺជា​ការ​ផ្លាស់​ប្តូរ ដែល​ពួកគេ​មិន​បាន​ត្រៀម​ខ្លួន​ទទួលយក​។ តើ​ពួកគេ​ត្រូវ​មាន​ចិត្ត​រីករាយ ឬ​ប្រឆាំង?

ហេតុ​នេះ​ហើយ​ពួកគេ​ក៏បាន​ជ្រើសរើស​លោក​បាណាបាស ឲ្យ​ទៅ​មើល​។ លោក​បាណាបាស​ខុសពី​អ្នក​ខ្លះ​ក្នុង​ពួក​ជំនុំ​។ គាត់​ជា​អ្នក​លើក​ទឹក​ចិត្ត និង​ទទួល​ស្គាល់​ព្រះ​រាជ​កិច្ច​នៃ​ការ​ប្រោស​លោះ​របស់​ព្រះ ក្នុង​ជីវិត​អ្នក​ដទៃ ទោះ​គេ​មាន​ការ​ភ្ញាក់​ផ្អើល ឬ​គិតថា ចម្លែក​ក៏ដោយ(កិច្ចការ ៩:២៦-២៨)។ លោក​បាណាបាស​ក៏​បាន​ទទួល​ស្គាល់​ថា រឿង​ដែល​បាន​កើត​ឡើង គឺជា​កិច្ចការ​ដែល​ព្រះអម្ចាស់​កំពុង​ធ្វើ ហើយ​មាន​អំណរ​ចំពោះ​ព្រះគុណ​ព្រះ ដោយ​គាត់​លើក​ទឹក​ចិត្ត​អ្នកជឿ​ថ្មី ឲ្យ​បន្ត​រស់នៅ​ក្នុង​ព្រះគុណ និង​នៅ​តែ​ពិត​ត្រង់​ចំពោះ​ព្រះអង្គ​។

បើ​យើង​រស់នៅ ដោយ​ព្យាយាម​ពឹង​ផ្អែក​ព្រះវិញ្ញាណបរិសុទ្ធ តាម​ក្បួន​ច្បាប់​ដ៏​តូច​របស់​យើង ដោយ​កំណត់​ថា ព្រះ​ទ្រង់​អាច​ធ្វើ​ការ​តែ​នៅ​កន្លែង​ណាមួយ ឬ​តាម​របៀប​ណាមួយ​ប៉ុណ្ណោះ ​ចូរ​យើង​គិត​ឡើង​វិញ​។ ខណៈ​ពេល​ដែល​ព្រះ​ទ្រង់​បន្ត​ពង្រីក​នគរ​ព្រះអង្គ ហើយ​ចាក់​បង្ហូរ​ព្រះ​វិញ្ញាណ​ព្រះអង្គ មក​លើ​មនុស្ស​ដែល​យើង​មិន​រំពឹង​ថា ព្រះអង្គ​នឹង​រាប់​បញ្ចូល នោះ​យើង​មាន​ឱកាស​ឆ្លើយតប តាម​ចិត្ត​ក្លៀវក្លា តាម​គំរូ​លោក​បាណាបាស​ផង​ដែរ​។ ខណៈ​ពេល​ដែល​ខ្លឹមសារ​នៃ​ដំណឹង​ល្អ​មិន​ចេះ​ប្រែ​ប្រួល ពិភពលោក និង​កាលៈទេសៈ​របស់​យើង​មាន​ការ​ផ្លាស់​ប្តូរ​ជានិច្ច​។ តែ​ព្រះ​ទ្រង់​បន្ត​ត្រាស់ហៅ​មនុស្ស ឲ្យ​ចូល​មក​រក​អង្គ​ទ្រង់ មកពី​គ្រប់​ជាតិ​សាសន៍ គ្រប់​ភាសា និង​ក្រុម​មនុស្ស(វិវរណៈ ៧:៩)។

យើង​គួរតែ​រំពឹង​ថា ព្រះអង្គ​នឹង​ធ្វើ​ឲ្យ​យើង​មាន​ការ​ភ្ញាក់​ផ្អើល ដោយ​ធ្វើ​ការ​តាម​របៀប​ដែល​យើង​មិន​បាន​នឹក​ស្មានដល់ និង​សម័យ​ដែល​ខុសពី​សម័យ​យើង​។ ហើយ​ពេលណា​ព្រះអង្គ​ធ្វើ​ការ​នោះ ចូរ​យើង​ត្រៀម​ខ្លួន ដើម្បី​ពេញ​ដោយ​ព្រះ​វិញ្ញាណ និង​សេចក្តី​ជំនឿ ដូច​លោក​បាណាបាស​ផង​ដែរ(កិច្ចការ ១១:២៤) ដោយ​អរ​សប្បាយ ក្នុង​កិច្ចការ​ថ្មី​ដែល​ព្រះ​ទ្រង់​បាន​ធ្វើ និង​ត្រៀម​ខ្លួន​រួម​ចំណែក ហើយ​លើក​ទឹក​ចិត្ត​អ្នក​ដទៃ​ឲ្យ​បន្ត​ទៅមុខ​ទៀត ក្នុង​ព្រះគុណ​ព្រះអង្គ​។

កិច្ចការ ១០:១-៤៨

អេសាយ ១៤-១៦ និង ម៉ាកុស ៤:២១-៤១

ប្រភេទ