នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ការ​កោត​ខ្លាច​ដ៏​ត្រឹម​ត្រូវ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

ការ​កោត​ខ្លាច​ដ៏​ត្រឹម​ត្រូវ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

ដោយAmy Boucher Pye

January 26, 2025

សុភាសិត ២:១-១១

បើ​ឯង​ខំ​រក​ដូច​ជា​រក​ប្រាក់ ... នោះ​ឯង​នឹង​បាន​យល់​សេចក្តី​កោត​ខ្លាច​ដល់​ព្រះយេហូវ៉ា ហើយ​ប៉ះ​ប្រទះ​នឹង​សេចក្តី​ស្គាល់​ដល់​ព្រះអង្គ​។ សុភាសិត ២:៤-៥

មាន​ពេល​មួយ យេរេមី(Jeremy) បាន​សរសេរ​ថា “ខ្ញុំ​បាន​ដឹង​តិចតួច អំពី​ការ​ភ័យ​ខ្លាច​សេចក្តី​ស្លាប់​។ កាល៧ឆ្នាំ​មុន...ខ្ញុំ​មាន​អារម្មណ៍​តានតឹង ថប់​បារម្ភ វិលមុខ និង​ភ័យ​ខ្លាច​ជា​ពន់​ពេក ពេល​ដែលគេ​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​មាន​ជំងឺ​មហារីក​ដែល​មិន​អាច​ព្យាបាល​ជា”។ ប៉ុន្តែ គាត់​បាន​រៀន​គ្រប់​គ្រង​ការ​ភ័យ​ខ្លាច​របស់​គាត់ ដោយ​ពឹង​ផ្អែក​ទៅលើ​ព្រះ​វត្ត​មាន​របស់​ព្រះ ហើយ​បាន​ងាក​ចេញពី​ការ​ភ័យ​ខ្លាច​សេចក្តី​ស្លាប់ ទៅ​រក​ការ​ឱប​ក្រសោប​យក​ការ​កោត​ខ្លាច​ព្រះ​។ សម្រាប់​យេរេមី ការ​កោត​ខ្លាច​ព្រះ គឺ​មានន័យថា គាត់​កោត​ស្ញប់​ស្ញែង​ព្រះអាទិករ​នៃ​ចក្រវាល​ទាំងមូល ដែល​នឹង “បំផ្លាញ​សេចក្តី​ស្លាប់​ឲ្យ​សូន្យ​បាត់​ទៅជា​ដរាប”(អេសាយ ២៥:៨) ហើយ​ទន្ទឹម​នឹង​នោះ គាត់​ក៏​មាន​ការ​យល់​ដឹង​ស៊ី​ជម្រៅ​ថា ព្រះអង្គ​ស្គាល់ ហើយ​ស្រឡាញ់​គាត់​។

ការ​កោត​ខ្លាច​ព្រះអម្ចាស់ ដែល​ជា​ការ​គោរព និង​ស្ញប់​ស្ញែង​ដ៏​ជ្រាល​ជ្រៅ ចំពោះ​ព្រះ​ដ៏​បរិសុទ្ធ​នៃ​យើង គឺជា​ខ្លឹមសារ​ដែល​មាន​ចែង​ក្នុង​ព្រះ​គម្ពីរប៊ីប​ទាំងមូល​។ ស្តេច​សាឡូម៉ូន​បាន​បង្រៀន​បុត្រា​ទ្រង់ ឲ្យ​កោត​ខ្លាច​ព្រះអម្ចាស់ នៅ​ក្នុង​កណ្ឌ​គម្ពីរ​សុភាសិត ដែល​ផ្ទុក​ទៅ​ដោយ​ប្រាជ្ញា​ជា​ច្រើន​។ ទ្រង់​មាន​បន្ទូល​ថា បើ​បុត្រា​ទ្រង់​ផ្ទៀង​ត្រចៀក​ស្តាប់​ប្រាជ្ញា ហើយ​ស្វែងរក​ប្រាជ្ញា ដូច​ស្វែងរក​ទ្រព្យ​សម្បត្តិ នោះ​បុត្រា​ទ្រង់​នឹង​មាន​ការ​កោត​ខ្លាច និង​ស្គាល់​ព្រះអម្ចាស់(សុភាសិត ២:២,៤-៥)។ ក្រៅពី​ប្រាជ្ញា និង​ការ​ចេះ​ដឹង ទ្រង់​នឹង​រក​ឃើញ​គំនិត​វាងវៃ និង​យោបល់​ផង​ដែរ(ខ.១០-១១)។

ពេលណា​យើង​ជួប​បញ្ហា​ប្រឈម​ជា​ច្រើន​ប្រភេទ ហើយ​មាន​ការ​ភ័យ​ខ្លាច យើង​នឹង​បាន​នឹក​ចាំ​ថា សមត្ថភាព​របស់​យើង​មាន​ដែន​កំណត់​។ ប៉ុន្តែ ពេលណា​យើង​ងាក​ទៅ​រក​ព្រះអង្គ ដោយ​ទូល​សូម​ព្រះ​អង្គ​ជួយ​យើង ឲ្យ​បន្ទាប​ខ្លួន​នៅ​ចំពោះ​ព្រះអង្គ ហើយ​ថ្វាយបង្គំ​ព្រះអង្គ ដោយ​ការ​កោត​ខ្លាច យើង​នឹង​បាន​ដឹង​ថា ព្រះ​អង្គ​ជួយ​យើង​ឲ្យ​ចេញពី​ការ​ភ័យ​ខ្លាច ហើយ​បែរ​ទៅ​រក​ការ​កោត​ខ្លាច​ព្រះអង្គ​វិញ​។—Amy Boucher Pye

តើ​ការ​កោត​ខ្លាច​ព្រះអម្ចាស់ មាន​សារៈសំខាន់​ចំពោះ​អ្នក ដូច​ម្តេច​ខ្លះ? តើ​អ្នក​អាច​បន្ទាប​ខ្លួន នៅ​ចំពោះ​ព្រះអង្គ នៅ​ថ្ងៃ​នេះ ដោយ​របៀបណា?

ឱ​ព្រះអាទិករ ព្រះអង្គ​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី តែ​ព្រះអង្គ​ស្គាល់ និង​ស្រឡាញ់​ទូល​បង្គំ​។
សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ ឲ្យ​បម្រើ និង​ថ្វាយ​ព្រះ​កិត្តិនាម​ដល់​ព្រះអង្គ ជា​រៀង​រាល់​ថ្ងៃ អស់​មួយ​ជីវិត​ទូល​បង្គំ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: និក្ខមនំ ១៤-១៥ និង ម៉ាថាយ ១៧

ល្ងាច

Devotional illustration

ពេលណា​អ្វីៗ​មិន​កើត​ឡើង ដូច​ដែល​អ្នក​ចង់​បាន (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

January 26, 2025

“ចូរ​ខំ​ដក​គ្រប់​ទាំង​សេចក្តី​ជូរ​ល្វីង ក្តៅ​ក្រហាយ កំហឹង ឡូឡា ជេរ​ប្រមាថ និង​គ្រប់​ទាំង​សេចក្តី​អាក្រក់ ចេញពី​ពួក​អ្នក​រាល់​គ្នា​ទៅ”។ អេភេសូរ ៤:៣១

មនុស្ស​ភាគ​ច្រើន​យល់​ពី​អារម្មណ៍ នៅពេល​យើង​ក្រោក​ពី​គេង យើង​គិតថា ជីវិត​យើង​មិន​បាន​ទៅដល់​គោលដៅ ដែល​យើង​ចង់​បាន​។ អ្នក​ប្រហែល​មាន​អារម្មណ៍​ដូច​នេះ ពេល​អ្នក​ក្រោក​ពី​គេង​នៅ​ថ្ងៃ​នេះ​។ យើង​ប្រហែល​កំពុង​ប្រឈម​មុខ​ដាក់​ថ្ងៃ​ដ៏​ពិបាក ទាំង​ខាង​ផ្លូវ​កាយ ផ្លូវ​អារម្មណ៍ ផ្លូវ​ហេតុផល ផ្លូវ​ហិរញ្ញ​វត្ថុ និង​ថែម​ទាំង​ផ្លូវ​វិញ្ញាណ​ផង​ដែរ ជា​ហេតុ​នាំ​ឲ្យ​យើង​ជួប​ការ​ល្បួង​ឲ្យ​យើង​មាន​ចិត្ត​រវើរវាយ​។

តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្តេច?

ពេល​នោះ យើង​គួរតែ​ចាប់​ផ្តើម​ទូល​សូម​ព្រះអង្គ​ការពារ​យើង ឲ្យ​រួច​ផុត​ពី​ប្រភព​ដ៏​គ្រោះ​ថ្នាក់ នៃ​បញ្ហា​ខាង​វិញ្ញាណ “ជា​ឃាតករ​លាក់​មុខ” ដែល​មាន​ដូចជា សេចក្តី​ជូរ​ល្វីង ការ​ស្អប់ និង​ការ​អាណិត​ខ្លួនឯង​។ សេចក្តី​អាក្រក់​ទាំង​បី​នេះ នឹង​រឹត​រួត​ជំនឿ​យើង​ឲ្យ​ដាច់​ខ្យល់​ស្លាប់​បន្តិច​ម្តងៗ ហើយ​ហៀរ​ចេញ​ជា​ការ​ច្រណែន​ឈ្នានីស និង​សម្អប់​ចំពោះ​អ្នក​ដែល​មាន​អ្វី ដែល​យើង​ចង់​បាន​។ ដូច​នេះ យើង​ត្រូវ​ការ​ជំនួយ​របស់​ព្រះអម្ចាស់ ដើម្បី​ឆ្លើយតប​ដោយ​ចិត្ត​ដែល​សុភាព មិនមែន​ដោយ​វិញ្ញាណ​ក្តៅ​ក្រហាយ ក្នុង​ស្ថានភាព​ដែល​យើង​ជួប​ប្រទះ ដែល​ប្រហែល​មានតែ​ព្រះ និង​យើង​ទេ​ដែល​ដឹង​។

ក្នុង​សំបុត្រ​ដែល​សាវ័ក​ប៉ុល​បាន​សរសេរ​ផ្ញើ​ទៅ​ពួក​ជំនុំ​នៅ​ទីក្រុង​អេភេសូរ គាត់​បាន​លើក​ទឹក​ចិត្ត​ក៏​ដូចជា​បង្គាប់​ពួកគេ ឲ្យ​ដក​ចេញ​នូវភាព​ជូរ​ល្វីង ភាព​ក្តៅ​ក្រហាយ និង​កំហឹង​។ ការ​និយាយ​ងាយ​ស្រួល​ជា​ការ​អនុវត្ត តែ​សាវ័ក​ប៉ុល​បាន​បង្គាប់​ត្រង់​ៗ​តែ​ម្តង​។ តាម​ពិត គ្មាន​ព្រះ​រាជ​បញ្ជា​មួយ​ណា ក្នុង​ព្រះ​គម្ពីរ ដែល​យើង​មិន​អាច​អនុវត្តតាម​នោះ​ឡើយ ទោះ​ពិបាក​យ៉ាងណា​ក៏ដោយ ដ្បិត​ព្រះអង្គ​តែងតែ​ប្រទាន​កម្លាំង ឲ្យ​យើង​ធ្វើ​តាម​ព្រះ​រាជ​បញ្ជា​របស់​ព្រះអង្គ​។

ដូច​នេះ បើ​ព្រះអង្គ​មាន​បន្ទូល​ថា ចូល​ដក​អ្វីមួយ​ចេញ នោះ​យើង​អាច​ដឹង​ច្បាស់​ថា ព្រះអង្គ​អាច​ប្រើ​អំណាច​នៃ​ព្រះ​វិញ្ញាណ ក្នុង​ជីវិត​យើង ដើម្បី​ជួយ​យើង​ឲ្យ​អាច​ធ្វើ​តាម​បង្គាប់​ព្រះអង្គ​។ ពេលណា​យើង​រស់នៅ ដោយ​ចិត្ត​ជូរ​ល្វីង សម្អប់ ឬ​ការ​អាណិត​ខ្លួនឯង នោះ​វា​ជា​កំហុស​របស់​យើង​តែ​ម្នាក់ឯង​ទេ​។ ចង់​មិន​ចង់ ខ្ញុំ​មិន​អាច​ឲ្យ​ព្រះ​ទ្រង់​ទទួល​ខុស​ត្រូវ​រឿង​នេះ​ឡើយ​។

នៅដើម​ដំបូង​នៃ​កណ្ឌ​គម្ពីរ​សាំយូអែល​ខ្សែទី១ យើង​ឃើញថា នាង​ហាណា ជា​បុគ្គល​ដែល​មាន​អារម្មណ៍​ដ៏​គ្រោះ​ថ្នាក់​ទាំង៣ប្រភេទ​នេះ​។ នាង​ប្រាកដ​ជា​បាន​តយុទ្ធ​នឹង​អារម្មណ៍​នីមួយៗ បន្ទាប់​ពី​រយៈ​ពេល​មួយ​ខែ​ទៀត​បាន​កន្លង​ផុត​ទៅ ដោយ​នាង​នៅតែ​មិន​អាច​មាន​ផ្ទៃពោះ ហើយ​ត្រូវ​ទទួល​ការ​ចំអក​ពី​ប្រពន្ធ​ចុង​របស់​ប្តី​នាង មួយ​ថ្ងៃ​ទៀត ហើយ​ឃើញ​កូន​ដែល​ព្រះ​ទ្រង់​បាន​ប្រទានឲ្យ​​ស្រ្តី​នោះ​។ ប៉ុន្តែ នាង​បាន​ថ្វាយ​ភាព​នឿយណាយ និង​ទុក្ខ​ព្រួយ​ដល់​ព្រះអម្ចាស់ ដោយ​ការ​អធិស្ឋាន​។ ហើយ​នាង​ក៏​មាន​សន្តិភាព​ក្នុង​ចិត្ត ដោយ​ដឹង​ថា ព្រះ​ទ្រង់​ស្តាប់​នាង​អធិស្ឋាន​។ ទោះ​នៅពេល​នោះ រូបកាយ​នាង​នៅតែ​មិន​មាន​កូន ហើយ​កាលៈទេសៈ​នៅតែ​មិន​ផ្លាស់​ប្តូរ វិញ្ញាណ​នាង​បាន​មាន​សេរី​ភាព ដោយសារ​ព្រះវរបិតា​របស់​នាង ដែល​គង់នៅ​ស្ថាន​សួគ៌​។

ព្រះ​ទ្រង់​បាន​ការពារ​នាង​ហាណា​ឲ្យ​រួច​ផុត​ពី​ឃាតករ​លាក់​មុខ ដែល​ជា​ភាព​ជូរ​ល្វីង សម្អប់ និង​ការ​អាណិត​ខ្លួនឯង ហើយ​ព្រះអង្គ​ក៏ ការពារ​យើង​ផង​ដែរ​។ អ្នក​មិន​ចាំបាច់​ត្រូវ​ដេក​មិន​លក់ នៅ​ពេលយប់ ដោយសារ​អ្នក​បារម្ភ​អំពី​ជីវិត​ដែល​មិន​បាន​ដល់​ចំណុច ដែល​អ្នក​ចង់​បាន​នោះ​ឡើយ​។ ហើយ​អ្នក​ក៏​មិន​ចាំបាច់​ត្រូវ​មាន​ការ​បាក់​ទឹក​ចិត្ត នៅ​ពេល​ក្រោក​ពី​ដំណេក នៅពេល​ព្រឹក​ថ្ងៃ​បន្ទាប់ ដោយសារ​កាលៈទេសៈ​ដែល​អ្នក​មិន​ចង់​ជួប​នោះ​ដែរ​។ ផ្ទុយ​ទៅវិញ អ្នក​អាច​ប្រើ​ប្រាស់​ពេល​នោះ ដើម្បី​រៀន​ស្គាល់​តម្លៃ​នៃ​ការ​ថ្វាយ​សំណួរ​នៅ​ក្នុង​ចិត្ត និង​បញ្ហា​របស់​អ្នក​ទាំង​អស់ ដាច់​ដល់​ព្រះអង្គ ជា​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​។

១សាំយ៉ូអែល ១

អេសាយ ១៧-១៩ និង ម៉ាកុស ៥:១-២០

ប្រភេទ