នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

បាន​ទទួល​ព្រះពរ ដើម្បី​ធ្វើ​ជា​ព្រះពរ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

បាន​ទទួល​ព្រះពរ ដើម្បី​ធ្វើ​ជា​ព្រះពរ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

ដោយNancy Gavilanes

January 27, 2025

២ពង្សាវតាក្សត្រ ៤:១-៧

កូន​ទាំង២ក៏ហុច​ភាជនៈ​មក​ឲ្យ​ម្តាយ ហើយ​ម្តាយ​ក៏​ចាក់​ប្រេង​ដាក់​។ ២ពង្សាវតាក្សត្រ ៤:៥

ក្នុង​អំឡុង​ពេល​ប៉ុន្មាន​ឆ្នាំ ដែល​ខ្ញុំ​ធ្វើ​ការ​ជា​អ្នក​កាសែត ខ្ញុំ​ចូល​ចិត្ត​សរសេរ​រឿង​របស់​អ្នក​ដទៃ នៅ​ក្នុង​ទំព័រ​កាសែត ប៉ុន្តែ គេ​បាន​បណ្ដុះ​បណ្តាល​ខ្ញុំ មិន​ឲ្យ​ចែក​ចាយ​ទស្សនៈ​របស់​ខ្ញុំ​ទេ​។ ដូច​នេះ រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ បន្ទាប់ពី​ខ្ញុំ​ដឹង​ថា ព្រះ​បាន​ត្រាស់ហៅ​ខ្ញុំ ឲ្យ​ចាក​ចេញពី​អាជីព​ជា​អ្នក​កាសែត ខ្ញុំ​ក៏បាន​ទទួល​ការ​ដឹកនាំ​ពី​ព្រះអង្គ ឲ្យ​សរសេរ​អត្ថបទ​បង្ហោះ​នៅ​តាម​បណ្ដាញ​អ៊ីនធឺណិត ហើយ​ចែកចាយ​អំពី​ព្រះអង្គ​។ ខ្ញុំ​មាន​ការ​ភ័យ​ខ្លាច​បន្តិច​បន្តួច នៅ​ក្នុង​ការ​ចែកចាយ​អំពី​ទស្សនៈ​របស់​ខ្ញុំ និង​ជា​ពិសេស​អំពី​សេចក្តី​ជំនឿ​របស់​ខ្ញុំ​។ ខណៈ​ពេល​ដែល​ខ្ញុំ​ចាប់​ផ្តើម​សរសេរ​អត្ថបទ​បង្ហោះ​តាម​បណ្ដាញ​អ៊ីនធឺណិត ខ្ញុំ​មាន​ការ​បារម្ភ​ថា ថ្ងៃ​ណាមួយ​ខ្ញុំ​នឹង​មិន​មាន​ប្រធានបទ សម្រាប់​សរសេរ​ទៀត​ទេ​។ ប៉ុន្តែ ពី​មួយ​សប្តាហ៍ ទៅ​មួយ​សប្តាហ៍​ទៀត ខ្ញុំ​រកបាន​ពាក្យ​លើក​ទឹក​ចិត្ត និង​ការ​បង្រៀន​សម្រាប់​ចែក​ចាយ​។ ខ្ញុំ​សរសេរ​កាន់តែ​ច្រើន នោះ​គំនិត​កាន់តែ​ច្រើន​ក៏​បាន​ហូរ​ចេញ​មក​ដូច​ទឹក​ រហូត​មកដល់​ពេល​សព្វថ្ងៃ​។

ខ្ញុំ​បាន​ឃើញ​ព្រះ​ទ្រង់​ធ្វើ​ការ​ក្នុង​ជីវិត​ខ្ញុំ ដោយ​បំពេញ​ខ្ញុំ នូវ​ក្តី​អំណរ និង​ការ​បណ្តាល​ចិត្ត ពេលណា​ខ្ញុំ​ប្រើ​អំណោយ​ទាន និង​ទេព​កោសល្យ​របស់​ខ្ញុំ ដើម្បី​បម្រើ​អ្នក​ដទៃ ដោយ​ចិត្ត​ស្មោះ​ត្រង់​។

ក្នុង​បទ​គម្ពីរ ២ពង្សាវតាក្សត្រ យើង​ឃើញថា មាន​ស្រ្តី​មេម៉ាយ​ម្នាក់ បាន​ទៅ​សុំ​ឲ្យ​ហោរា​អេលីសេ​ជួយ​។ បន្ទាប់ពី​ស្វាមី​របស់​នាង​បាន​ស្លាប់ ម្ចាស់​បំណុល​ចង់​មក​ចាប់​កូន​ប្រុស​ទាំង​ពីរ​របស់​នាង ឲ្យ​ធ្វើ​ជា​បាវ​បម្រើ​របស់​ខ្លួន​។ នៅ​ផ្ទះ​របស់​នាង​មាន​តែ​ដប​ប្រេង​អូលីវ១ដប​តូច​ប៉ុណ្ណោះ​។ លោក​ហោរា​ក៏បាន​បង្គាប់​នាង ឲ្យ​ទៅ​ខ្ចី​ភាជនៈ​ទទេ​ពី​អ្នក​ជិត​ខាង ហើយ​ឲ្យ​ចាក់​ប្រេង​ចូល​ទៅ​ក្នុង​ភាជនៈ​ទាំង​នោះ​។ ពួកគេ​ក៏​បាន​យក​ភាជនៈ​មក​ឲ្យ​នាង ហើយ​នាង​ក៏បាន​ចាក់​ប្រេង​ចេញពីដប១មួយ​នោះ ចូល​ទៅ​ក្នុង​ភាជនៈ​ទាំង​អស់(៤:៥)។ នាង​ក៏បាន​បន្ត​ចាក់​ប្រេង​នោះ​ចូល​ទៅ​ក្នុង​ក្អម ទាល់តែ​ភាជនៈ​ទាំង​នោះ​ពេញ​ទាំង​អស់ ដោយ​ការ​អស្ចារ្យ​។ ពេល​នោះ នាង​អាច​លោះ​បំណុល​របស់​គ្រួសារ​នាង ហើយ​ថែម​ទាំង​នៅសល់​ប្រេង​ជា​ច្រើន​ទៀត​។

ព្រះអម្ចាស់​ស្មោះ​ត្រង់ ហើយ​តែងតែ​ផ្គត់ផ្គង់​យើង​។ ព្រះ​អង្គ​ប្រទាន​ពរ​យើង ឲ្យ​មាន​អំណោយ​ទាន ទេព​កោសល្យ និង​ធនធាន សម្រាប់​ធ្វើ​ជា​ព្រះពរ​ដល់​អ្នក​ដទៃ​។ ចូរ​យើង​កុំ​លាក់​ទុក្ខ ឬ​បោះ​អំណោយ​ទាន​របស់​យើង​ចោល តែ​ត្រូវ​ប្រើ​អំណោយ​ទាន​យើង ដើម្បី​ថ្វាយ​សិរី​ល្អ​ដល់​ព្រះអង្គ​។—Nancy Gavilanes

តើ​ព្រះអម្ចាស់​បាន​ប្រទាន​អំណោយ​ទាន និង​ទេព​កោសល្យ​អ្វី​ខ្លះ​ដល់​អ្នក? តើ​អ្នក​អាច​ប្រើ​អំណោយ​ទាន​របស់​អ្នក ដើម្បី​បម្រើ​អ្នក​ដទៃ ដូច​ម្តេច​ខ្លះ?

ឱ​ព្រះអម្ចាស់ ទូល​បង្គំ​សូម​អរ​ព្រះគុណ​ព្រះអង្គ ដែល​បាន​ប្រទាន​ពរ​ទូល​បង្គំ និង​ឲ្យ​ទូល​បង្គំ​ធ្វើ​ជា​ព្រះពរ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: និក្ខមនំ ១៦-១៨ និង ម៉ាថាយ ១៨:១-២០

ល្ងាច

Devotional illustration

ព្រះ​អង្គ​បាន​យាង​មក​ប្រោស​ដើម​ត្រែង​ដែល​បាក់ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

January 27, 2025

“ទ្រង់​នឹង​មិន​ផ្តាច់​ដើម​ត្រែង​ដែល​បាក់​ទេ ក៏​មិន​លត់​ប្រឆេះ​ដែល​នៅ​ហុយ​ដែរ ទ្រង់​នឹង​សំដែង​ចេញ​នូវ​សេចក្តី​យុត្តិធម៌ ដោយ​សេចក្តី​ពិត”។ អេសាយ ៤២:៣

អ្នក​ដឹកនាំ​នយោបាយ​ដ៏​អស្ចារ្យ នៅ​សម័យ​បុរាណ ពឹង​ផ្អែក​លើ​កម្លាំងទ័ព​ដើម្បី​គ្រប់​គ្រង​ទឹកដី​។(សព្វថ្ងៃ អ្នក​ដឹកនាំ​ជា​ច្រើន នៅ​បន្ត​ធ្វើ​ដូច​នេះ​ទៀត)។ ព្រះ​គម្ពីរ​បាន​ពិពណ៌នា​ថា ស្តេច​ស៊ីរូស​នៃ​ចក្រភព​ពើរស៊ី នឹង​ជាន់​ឈ្លី​ប្រជាជន ដូចជា​គេ​ជាន់​បាយអ ហើយ​ដូចជា​ជាង​ស្មូន​ជាន់​ដី​ឥដ្ឋ(អេសាយ ៤១:២៥)។ តែ​ទន្ទឹម​នឹង​នោះ ហោរា​អេសាយ​ក៏បាន​ថ្លែង​ទំនាយ អំពី​ព្រះ​ដ៏​ជា​អ្នក​បម្រើ ដែល​នឹង​យា​ងមក ទ្រង់​មាន​លក្ខណៈ​ផ្ទុយ​គ្នា​ស្រឡះ​ពី​អ្នក​ដឹកនាំ​នៅ​សម័យ​នោះ​។

ព្រះយេស៊ូវ​ជា​អ្នក​បម្រើ ព្រះអង្គ​សុភាព មាន​ព្រះទ័យ​ស្រទន់ និង​សប្បុរស​។ មនុស្ស​ដែល​អ្នក​ដទៃ​ចង់​បដិសេធ ឬ​បោះបង់ចោល ព្រះអង្គ​ស្ម័គ្រ​ព្រះទ័យ​ប្រើ​ពួកគេ​។ យើង​អាច​មាន​ការ​លើក​ទឹក​ចិត្ត​ណាស់ ពេល​បានឮ​ដូច​នេះ!

ពាក្យ​ប្រៀប​ប្រដូច​អំពី​ដើម​ត្រែង​ដែល​បាក់ គឺ​បាន​ឆ្លុះ​បញ្ចាំង​អំពី​ភាព​ស្រទន់ ដែល​ព្រះយេស៊ូវ​មាន​ចំពោះ​យើង​។ យើង​មិន​អាច​ផ្អែក​ទៅលើ​ដើម​ត្រែង​ដែល​បាក់ ហើយក៏​មិន​អាច​យក​វា​ទៅ​ធ្វើ​ប៉ី​សម្រាប់​ផ្លុំ​បាន​ដែរ​។ តែ​ព្រះ​យេស៊ូវ​បាន​រើស​មនុស្ស​ដែល​គេ​បោះបង់ចោល ហើយ​បាន​បង្កើត​ភ្លេង​ដ៏​ពីរោះ នៅ​ក្នុង និង​តាមរយៈ​ជីវិត​ពួកគេ​។ សព្វថ្ងៃ​នេះ អ្នក​ប្រហែល​មាន​អារម្មណ៍​ថា គេ​កំពុង​ជាន់​ឈ្លី និង​មាន​ភាព​ខ្ទេច​ខ្ទាំ ដោយសារ​ការ​អ្វី​ដែល​អ្នក​ដទៃ​បាន​ធ្វើ​មក​លើ​អ្នក ឬ​មាន​របួស​ស្នាម ដោយសារ​កំហុស​ពី​អតីត​កាល​។ អ្នក​ប្រហែល​ជា​ចង់​ជឿ​ថា អ្នក​មាន​ភាព​ប្រេះ​បែក និង​គ្មាន​តម្លៃ​។ តែ​មាន​ដំណឹង​ដ៏​រុងរឿង​មួយ​សម្រាប់​អ្នក : ព្រះ​ដ៏​ជា​អ្នក​បម្រើ​លើក​ដើម​ត្រែង​ដែល​បាក់ យ៉ាង​ប្រុង​ប្រយ័ត្ន​។

ព្រះយេស៊ូវ​ក៏​ប្រើ​ប្រឆេះ​ដែល​នៅ​ហុយ​។ ព្រះអង្គ​មិន​ពន្លត់​វា​ទេ តែ​ផ្ទុយ​ទៅវិញ ព្រះអង្គ​ផ្លុំ​ឲ្យ​វា​ឆេះ​ឡើង ចេញ​ជា​ពន្លឺ​។ អ្នក​ប្រហែល​ជា​ជឿ​ថា អ្នក​នឹង​មិន​មាន​ឱកាស​ល្អ​ទៀត​ទេ អ្នក​ជា​ទៀន​ចាស់ ដែល​ប្រឆេះ​ហៀបនឹង​រលត់​។ អ្នក​ប្រហែល​ប្រាប់​ខ្លួន​ឯង​ថា អ្នក​គ្មាន​សង្ឃឹម​ទេ​។ តែ​អ្នក​នៅតែ​មាន​ដំណឹង​ល្អ​ដែល​ថា ប្រឆេះ​ដែល​នៅ​ហុយ​ៗ នៅតែ​មាន​សង្ឃឹម​ក្នុង​ព្រះ​ដ៏​ជា​អ្នក​បម្រើ ដែល​បាន​យាង​មក​បញ្ឆេះ​យើង​ឲ្យ​ឆេះ​ឡើង​។

ព្រះយេស៊ូវ​មាន​ព្រះទ័យ​ទុកដាក់​ចំពោះ​ដើម​ត្រែង​ដែល​បាក់ ដែលគេ​មិន​ស្គាល់​ឈ្មោះ ឬ​ប្រឆេះ​ដែល​នៅ​ហុយ​ដែរ​។ ព្រះ​អង្គ​ប្រោស​លោះ និង​ប្រើ​ពួកគេ ដើម្បី​នាំ​ពន្លឺ​ចូល​ទៅ​ក្នុង​លោកិយ ហើយ​សរសើរ​ដំកើង​ព្រះ​នាម​ព្រះអង្គ​។ តាម​ពិត យើង​រាល់​គ្នា​សុទ្ធតែ​ជាដើម​ត្រែង​ដែល​បាក់ និង​ប្រឆេះ​ដែល​នៅ​ហុយ​។ តើ​យើង​ព្រម​ទទួល​ស្គាល់​ស្ថាន​ភាព​ដ៏​ទាប​ថោក​របស់​យើង​ទេ ដើម្បី​ឲ្យ​យើង​អាច​ស្គាល់​សេចក្តី​សំឡូត និង​ព្រះទ័យ​សប្បុរស​របស់​ព្រះ​ដ៏​ជា​អ្នក​បម្រើ​? សរុប​មក...

ព្រះអង្គ​មិន​ពន្លត់​ប្រឆេះ​ដែល​នៅ​ហុយ

តែ​ព្រះអង្គ​ផ្លុំ​ឲ្យ​វា​ឆេះ​ឡើង

ព្រះអង្គ​ក៏​មិន​ដែល​ផ្តាច់​ដើម​ត្រែង​ដែល​បាក់

ហើយក៏​មិន​មើលងាយ​ឈ្មោះ​ដែល​ទាបថោក​បំផុត​ដែរ​។

លូកា ៧:១១-១៧

អេសាយ ២០-២២ និង ម៉ាកុស ៥:២១-៤៣

ប្រភេទ