នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ព្រះអម្ចាស់ គឺជា​គ្រឹះ​ដ៏​រឹងមាំ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

ព្រះអម្ចាស់ គឺជា​គ្រឹះ​ដ៏​រឹងមាំ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

ដោយSheridan Voysey

January 28, 2025

អេសាយ ៣៣:២-៦

នឹង​មាន​សេចក្តី​សុខ​ស្រួល​នៅ​ក្នុង​គ្រា​ឯង ព្រម​ទាំង​សេចក្តីសង្គ្រោះ​ប្រាជ្ញា និង​ដំរិះ​ជា​បរិបូរ​ដែរ សេចក្តី​កោត​ខ្លាច​ដល់​ព្រះយេហូវ៉ា នោះ​នឹង​បានជា​ឃ្លាំង​របស់​ឯង​។ អេសាយ ៣៣:៦

ផ្ទះ​របស់​ខ្ញុំ​មាន​ផ្ទះ​បាយ​ចាស់​ទ្រុឌ​ទ្រោម និង​មាន​រនាប​បាក់​ស្រុត ដូច​នេះ យើង​ចាំបាច់​ត្រូវ​ជួស​ជុល​វា​។ បន្ទាប់ពី​ជាង​សំណង់​បាន​វាយ​កំទេច​ផ្ទះ​នោះ​មួយ​ផ្នែក​ធំ ពួកគេ​ក៏បាន​ចាប់​ផ្តើម​ជីកដី ដើម្បី​សង់​គ្រឹះ​ថ្មី​។ ពេល​នោះ រឿង​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ក៏បាន​កើត​ឡើង​។

ខណៈ​ពេល​ដែល​ជាង​កំពុង​ជីកដី ពួកគេ​កាយ​បាន​បំណែក​ឥដ្ឋ​ការ៉ូ​ជា​ច្រើន រួម​ទាំង​ដប​សូដា​ពី​ទសវត្សរ៍​ឆ្នាំ១៨៥០ ហើយ​ថែម​ទាំង​រក​ឃើញ​កាំបិត​ចាស់ៗ​ទៀត​ផង​។ តើ​គេ​បាន​សង់ផ្ទះ​នេះ​នៅ​លើ​កន្លែង​ចាក់​សំរាម​ចាស់​ឬ? គ្មាន​នរណា​ដឹង​ទេ ហេតុ​នេះ​ហើយ វិស្វករ​ក៏បាន​ប្រាប់​យើង​ថា ពួក​គេ​ត្រូវ​ជីក​គ្រឹះ​ឲ្យ​បាន​ជ្រៅ​ជាង​មុន ពុំ​នោះ​ទេ ជញ្ជាំង​ផ្ទះ​របស់​យើង​នឹង​ចេញ​ស្នាម​ប្រេះ​មិនខាន​។

គេ​សង់​គ្រឹះ​ឲ្យ​បាន​រឹងមាំ ដើម្បី​ឲ្យ​ផ្ទះ​មាន​ភាព​រឹងមាំ​។ ជីវិត​យើង​ក៏​មាន​លក្ខណៈ​ដូច​នេះ​ដែរ​។ កាល​ពួក​អ៊ីស្រាអែល​​រង្គោះរង្គើ​ដោយសារ​ខ្មាំង​សត្រូវ ហោរា​អេសាយ​បាន​អធិស្ឋាន​សូម​ឲ្យ​ពួកគេ​បន្ត​មាន​ភាព​រឹងមាំ(អេសាយ ៣៣:២-៤)។ ប៉ុន្តែ ភាព​រឹងមាំ​របស់​ពួកគេ​មិន​កើត​ចេញពី​ភាព​ក្លាហាន ឬ​អាវុធ​នោះ​ទេ តែ​ដោយសារ​ពួក​គេ​បាន​សង់​ជីវិត​របស់​ពួកគេ នៅ​លើ​ព្រះ​។ គឺ​ដូច​ដែល​លោក​ហោរា​បាន​មាន​ប្រសាសន៍​ថា “ព្រះ​អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ​បន្ទូល​ថា មើល អញ​ដាក់ថ្ម១នៅ​ក្រុង​ស៊ីយ៉ូន ទុកជា​ជើង​ជញ្ជាំង ជា​ថ្ម​ដែល​បាន​ល្បង​ហើយ ជា​ថ្ម​ជ្រុង​ទី​ដ៏​មាន​ដំឡៃ​ដែល​បាន ដាក់​យ៉ាង មាំមួន ឯ​អ្នកណា​ដែល​ជឿ នោះ​មិន​ត្រូវ​រួសរាន់​ឡើយ”(២៨:១៦)។ ព្រះយេស៊ូវ​ក៏បាន​មាន​បន្ទូល​ស្រដៀង​នេះ​ផង​ដែរ ដោយ​បង្រៀន​ថា អស់​អ្នក​ដែល​សង់​ជីវិត​របស់​ខ្លួន នៅ​លើ​ប្រាជ្ញា​របស់​ព្រះអង្គ​ដែល​ជា​គ្រឹះ​ដ៏​រឹងមាំ និង​អាច​ធន់​នៅ ពេល​មាន​ខ្យល់​ព្យុះ​នៃ​ជីវិត(ម៉ាថាយ ៧:២៤-២៥)។

គ្រឹះ​របស់​យើង​ត្រូវ​ការ​ការ​ជួសជុល នៅពេល​ដែល​មាន​ស្នាម​ប្រេះ ដូច​ជា​អំពើ​អសីលធម៌ ការ​ញៀន​នឹង​អ្វីមួយ ឬ​បញ្ហា​ទំនាក់​ទំនង​ប្តី​ប្រពន្ធ ដែល​បាន​លេច​ឡើង​ក្នុង​ជីវិត​យើង​។ ពេលណា​យើង​ស្វែងរក​សុវត្ថិភាព នៅ​ក្នុង​កន្លែង​ដែល​មិន​មាន​សុវត្ថិភាព ឬ​ដើរ​តាម​ប្រាជ្ញា​របស់​លោកិយ យើង​ប្រៀប​ដូចជា​ផ្ទះ​ដែល​មិន​មាន​គ្រឹះ​រឹងមាំ​។ ប៉ុន្តែ អ្នកណា​ដែល​សង់​ជីវិត​ខ្លួន​ក្នុង​ព្រះអម្ចាស់ នឹង​បាន​ទទួល​កម្លាំង និង​ប្រាជ្ញា​មកពី​ព្រះអង្គ ជា​បរិបូរ(អេសាយ ៣៣:៦)។—Sheridan Voysey

តើ​ជីវិត​អ្នក​មាន​ស្នាម​ប្រេះ​នៅ​កន្លែងណា ដែល​បង្ហាញថា អ្នក​មាន​គ្រឹះ​មិន​រឹងមាំ? តើ​គ្រឹះ​របស់​អ្នក​មាន​លក្ខណៈ​ដូច​ម្តេច ក្នុង​សប្តាហ៍​នេះ?

ឱ​ព្រះវរបិតា ទូល​បង្គំ​សូម​សរសើរ​ដំកើង​ព្រះអង្គ ដែល​បាន​ធ្វើ​ជា​គ្រឹះ​រឹងមាំ​សម្រាប់​ជីវិត​ទូល​បង្គំ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: និក្ខមនំ ១៩-២០ និង ម៉ាថាយ ១៨:២១-៣៥

ល្ងាច

Devotional illustration

ព្រះ​នាម​ដ៏​លើស​លប់ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

January 28, 2025

ព្រះ​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​ម៉ូសេ​ថា «អញ​ជា​ព្រះ​ដ៏​ជា​ព្រះ» រួច​ទ្រង់​មាន​ព្រះ​បន្ទូល​ទៀត​ថា ឯង​ត្រូវ​ឆ្លើយ​ប្រាប់​ដល់​ពួក​កូនចៅ​អ៊ីស្រាអែល​ដូច្នេះ​ថា ព្រះ​ដ៏​ជា​ព្រះ​ទ្រង់​បាន​ចាត់​ឲ្យ​ខ្ញុំ​មក​ឯ​អ្នក​រាល់​គ្នា​។ និក្ខមនំ ៣:‌១៤

ក្នុង​វប្បធម៌​ខ្លះ អត្ថន័យ​របស់​ឈ្មោះ មិន​សូវ​សំខាន់​ទេ​។ យើង​ជ្រើសរើស​ឈ្មោះ​ដាក់​ឲ្យ​កូន ដោយសារ​ឈ្មោះ​នោះ​ស្តាប់​ទៅ​ពីរោះ ទោះ​អត្ថន័យ​របស់​ឈ្មោះ​នីមួយៗ មាន​សារៈសំខាន់​ក៏ដោយ​។ អត្ថន័យ​របស់​ឈ្មោះ​អាច​ធ្វើ​ឲ្យ​ម្ចាស់​ឈ្មោះ​មាន​ចរិត​លក្ខណៈ​បែប​ណាមួយ ឬ​នាំមក​នូវ​ក្តី​សង្ឃឹម​ដល់​អ្នក​ដែល​បានឮ​ឈ្មោះ​នោះ​។

កាល​លោក​ម៉ូសេ​ជួប​ព្រះអម្ចាស់ ក្នុង​គុម្ព​បន្លា គាត់​បាន​ទូល​សួរ​ព្រះ​អង្គ​ថា “កាល​ណា​ទូល​បង្គំ​ទៅ​ប្រាប់​ពួក​កូនចៅ​អ៊ីស្រាអែល​ថា ព្រះ​នៃ​ឰយុកោ​អ្នក​រាល់​គ្នា​ទ្រង់​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ឯ​អ្នក​រាល់​គ្នា ហើយ​គេ​សួរ​ទូល​បង្គំ​ថា តើ​ព្រះ​ទ្រង់​ព្រះ​នាម​ជា​អ្វី នោះ​តើ​ត្រូវ​ឲ្យ​ទូល​បង្គំ​ប្រាប់​គេ​ថា​ដូច​ម្តេច?”(និក្ខមនំ ៣:១៣)។ ព្រះ​នាម​ដែល​ព្រះ​ទ្រង់​បាន​ប្រាប់​លោក​ម៉ូសេ គឺ YHWH(ប្រែ​ម​កថា “អញ​ជា​ព្រះ​ដ៏​ជា​ព្រះ”) មាន​ព្យញ្ជនៈ៤ តែ​គ្មាន​ស្រះ​ទេ​។ ដូច​នេះ យើង​ឃើញថា យើង​ស្ទើរតែ​មិន​អាច​អាន​ពាក្យ YHWH បាន។ ព្រះ​នាម​ព្រះអង្គ​ជា​ឈ្មោះ​ដែល​យើង​មិន​អាច​និយាយ​ចេញ​មក​បាន​។

ហេតុ​អ្វី​ព្រះ​អង្គ​ឆ្លើយតប​លោក​ម៉ូសេ​យ៉ាង​ដូច​នេះ? លោក​ម៉ូសេ​កំពុង​ទូល​សូម​ព្រះ​នាម​ដ៏​មាន​អំណាច ដើម្បី​យក​ទៅ​ប្រាប់​រាស្រ្ត​អ៊ីស្រាអែល និង​ស្តេច​ផារ៉ោន ហើយ​ព្រះអង្គ​បាន​ប្រទាន​ព្រះ​នាម​ដែល​គាត់​មិន​អាច​អាន​ដាច់​។ ព្រះអង្គ​ហាក់​ដូច​ជា​កំពុងតែ​ប្រាប់​គាត់​ថា “គ្មាន​ឈ្មោះ​ណា ដែល​អាច​បក​ស្រាយ​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​ថា អញ​ជា​នរណា​នោះ​ឡើយ​។ ដូច​នេះ ឯង​ត្រូវ​ប្រាប់​គេ​ថា អញ​ជា​ព្រះ​ដ៏​ជា​ព្រះ ដែល​បាន​ចាត់​ឯង​ឲ្យ​មក​ឯពួក​គេ​។ ចូរ​ប្រាប់​ស្តេច​ផារ៉ោន​ឲ្យ​មើល​ការ​អ្វី​ដែល​អញ​នឹង​ធ្វើ ជំនួស​រាស្រ្ត​អង្គ​។ នោះ​វា​នឹង​ដឹង​ថា អញ​ជា​នរណា​។

ព្រះ​គម្ពីរ​ជា​រឿង​ដែល​មិន​គ្រាន់តែ​និយាយ​អំពី​ព្រះ​រាជ​កិច្ច​នៃ​ការ​ជួយ​សង្គ្រោះ​របស់​ព្រះ តែ​ក៏បាន​បង្ហាញ​ចារិក​លក្ខណៈ​របស់​ព្រះអង្គ​ផង​ដែរ​។ មនុស្ស​ជា​ច្រើន​បាន​អាន​ព្រះ​គម្ពីរប៊ីប ហើយ​សួរ​សំណួរ​ដ៏​ពិបាក​ថា “តើ​រឿង​នេះ​ជាប់​ទាក់ទង មាន​ប្រយោជន៍​ចំពោះ​ខ្ញុំ​ដូច​ម្តេច​ខ្លះ? តើ​រឿង​នេះ​បាន​បង្រៀន​ខ្ញុំ​អ្វី​ខ្លះ?” ការ​សួរ​ដូច​នេះ​មិន​មាន​អ្វី​ខុស​ឆ្គង​ទេ តែ​វា​មិនមែន​ជា​សំណួរ​ដំបូង​បំផុត​ដែល​យើង​ត្រូវ​សួរ​នោះ​ទេ​។ ព្រះអម្ចាស់​ជា​វីវរ​បុរស​ក្នុង​រឿង​នោះ និង​ជា​ខ្លឹមសារ​នៃ​ព្រះ​គម្ពីរ ដូច​នេះ សំណួរ​ទីមួយ​ដែល​យើង​ត្រូវ​សួរ ក្នុង​បទ​គម្ពីរ​នីមួយៗ​នោះ​គឺ “តើ​បទ​គម្ពីរ​នេះ​បាន​ប្រាប់​ខ្ញុំ​អ្វី​ខ្លះ​អំពី​ព្រះ?” ព្រះ​គម្ពីរ​ត្រូវ​បាន​និពន្ធ​មក ដើម្បី​បង្ហាញថា កិច្ចការ​ដែល​ព្រះអង្គ​ធ្វើ និង​បង្ហាញ​ចរិត​លក្ខណៈ និង​សិរី​ល្អ​របស់​ព្រះអង្គ​។

មនុស្ស​ជា​ច្រើន​ជឿ​ថា ការ​អ្វី​ដែល​យើង​ត្រូវ​ទទួល​​ពី​ព្រះវិហារ​នៅ​ថ្ងៃ​អា​ទិត្យ គឺជា​រូប​មន្ត​តូចៗ​ជា​ច្រើន ឬ​ជា​ការ​លើក​ទឹក​ចិត្ត សម្រាប់​ឲ្យ​យើង​ដោះ​ស្រាយ​បញ្ហា ហិរញ្ញ​វត្ថុ ទំនាក់​ទំនង និង​បញ្ហា​ផ្សេង​ទៀត ដែល​យើង​អាច​ជួប​ប្រទះ​។ ក្នុង​ប្រវត្តិ​សាស្រ្ត​គ្រីស្ទបរិស័ទ អ្នកជឿ​មាន​សៀវភៅ​ដែល​និយាយ​អំពី​របៀប​ដោះ​ស្រាយ​បញ្ហា តែ​មិន​ដែល​មាន​សៀវភៅ​ប្រភេទ​នេះ​ច្រើន​ដូច​ក្នុង​ពេល​បច្ចុប្បន្ន​ទេ​។ ប៉ុន្តែ តើ​យើង​មាន​ការ​លូត​លាស់​ច្រើន​ប៉ុណ្ណា​ហើយ? យើង​ហាក់​ដូចជា​ដឹង​អំពី​របៀប​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង តែ​មិន​បាន​ដឹង​ច្បាស់​ថា ព្រះ​ជា​នរណា​ទេ!

ដើម្បី​ឲ្យ​លោក​ម៉ូសេ​អាច​ធ្វើ​ការ​អ្វី ដែល​ព្រះ​ទ្រង់​បាន​ត្រាស់ហៅ​ឲ្យ​គាត់​ធ្វើ គាត់​ចាំបាច់​ត្រូវ​ដឹង​ថា ព្រះអង្គ​ជា​នរណា(កាលពី​មុន និង​ក្នុង​ពេល​បច្ចុប្បន្ន)។ គាត់​មិន​ខុសពី​យើង​ទេ គឺ​ចាំបាច់​ត្រូវ​ដឹង​ថា ព្រះអង្គ​មិន​គ្រាន់តែ​ជា​ព្រះ​នាម​ប៉ុណ្ណោះ​ទេ​។

ជីវិត​មាន​ការ​ផ្លាស់​ប្រែ ពេលណា​យើង​អាន​ព្រះ​គម្ពីរ ហើយ​សួរ​ខ្លួន​ឯង​ថា “តើ​ខ្ញុំ​រៀន​បាន​អ្វី​ខ្លះ អំពី​ព្រះ?” គឺ​យើង​ត្រូវ​ដឹង​ថា ព្រះអង្គ​បាន​ធ្វើ​អ្វី​ខ្លះ ហើយ​ដឹង​កាន់តែ​ច្បាស់​ថា ព្រះអង្គ​ជា​នរណា ដើម្បី​ឲ្យ​យើង​បាន​ចម្រើន​ឡើង ដោយ​ចិត្ត​ស្ញប់​ស្ញែង និង​ស្រឡាញ់​ព្រះអង្គ ហើយ​យើង​នឹង​អាច​រស់នៅ​តាម​បំណង​ព្រះទ័យ​ព្រះអង្គ ដោយ​ធ្វើ​តាម​ការ​ត្រាស់ហៅ​របស់​ព្រះអង្គ​ក្នុង​ជីវិត​យើង​។ យើង​នឹង​មិន​អាច​ស្គាល់ និង​យល់​ទាំងស្រុង អំពី​សិរី​ល្អ​របស់​ព្រះ​ដ៏​គួរ​ស្ញែង​ខ្លាច តែ​យើង​នឹង​បាន​មើល​ឃើញ​សិរី​ល្អ​របស់​ព្រះអង្គ​អស់​កល្ប​ជានិច្ច​។ ហើយ​យើង​អាច​ចាប់​ផ្តើម​មើលទៅ​សិរី​ល្អ​របស់​ព្រះអង្គ ដោយ​ការ​អាន​ព្រះបន្ទូល​ព្រះអង្គ​នៅ​ថ្ងៃ​នេះ​។

និក្ខមនំ ៣:១-២២ អេសាយ ២៣-២៥ និង ម៉ាកុស ៦:១-២៩

ប្រភេទ