នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

តើ​អ្នក​នឹង​ទូល​សួរ​ព្រះយេស៊ូវ​ដូច​ម្តេច​ខ្លះ? (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

តើ​អ្នក​នឹង​ទូល​សួរ​ព្រះយេស៊ូវ​ដូច​ម្តេច​ខ្លះ? (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

ដោយAnne Cetas

January 30, 2025

លូកា ១៨:៩-១៧

ទុក​ឲ្យ​កូន​តូច​មក​ឯ​ខ្ញុំ​ឯណេះ កុំ​ឃាត់​វា​ឡើយ ព្រោះ​នគរ​ព្រះ​មាន​សុទ្ធតែ​មនុស្ស​ដូច​វា​រាល់​គ្នា​ដែរ​។ លូកា ១៨:១៦

មាន​ពេល​មួយ លោក​ចូ(Joe) បាន​សួរ​កូនៗ​របស់​គាត់ ក្នុង​ពេល​បរិភោគ​អាហារ​ពេល​ព្រឹក​ថា “បើ​ព្រះ​យេស៊ូវ​កំពុង​គង់ នៅ​តុ​ជាមួយ​យើង នៅពេល​ព្រឹក​នេះ តើ​កូន​ចង់​សួរ​ព្រះអង្គ​ដូច​ម្តេច​ខ្លះ? កូន​ប្រុស​របស់​គាត់​បាន​គិត​អំពី​សំណួរ​ដ៏​ពិបាក​នេះ​។ ពួកគេ​ក៏បាន​សម្រេច​ចិត្ត​ថា ពួក​គេ​នឹង​សុំ​ឲ្យ​ព្រះ​យេស៊ូវ​ជួយ​ពួក​គេ​ធ្វើ​លំ​ហាត់​គណិត​វិទ្យា​ដែល​ពិបាក​បំផុត ហើយ​សូម​ឲ្យ​ព្រះអង្គ​ប្រាប់​ពួក​គេ​ថា ចក្រ​វាល​មាន​ទំហំ​ធំ​ប៉ុណ្ណា​។ បន្ទាប់មក កូន​ស្រី​របស់​គាត់​ក៏​បាន​ឆ្លើយ​ថា នាង​នឹង​សូម​ឲ្យ​ព្រះ​អង្គ​ឱប​នាង​។

តើ​អ្នក​អាច​ស្រមៃ​ថា ព្រះ​យេស៊ូវ​បាន​ទត​មក​ក្មេងៗ​ទាំង​នេះ ដោយ​សេចក្តី​ស្រឡាញ់​ខ្លាំង​ប៉ុណ្ណា​ទេ? ខ្ញុំ​យល់​ឃើញថា ព្រះអង្គ​នឹង​មាន​ព្រះទ័យ​រីករាយ ក្នុង​ការ​ឆ្លើយតប​ចំពោះ​សំណូមពរ​របស់​ពួកគេ​។ ព្រះអង្គ​អាច​សព្វ​ព្រះទ័យ​ជា​ពិសេស ចំពោះ​កូន​ស្រី​របស់​លោក​ចូ ដែល​បាន​សូម​ឲ្យ​ព្រះ​អង្គ​ឱប​នាង ដែល​ហាក់​ដូចជា​បាន​បង្ហាញ​សេចក្តី​ស្រឡាញ់​ចំពោះ​ព្រះអង្គ និង​បង្ហាញ​ចិត្ត​ដែល​ចង់​ឲ្យ​ព្រះ​អង្គ​បង្ហាញ​សេចក្តី​ស្រឡាញ់​ចំពោះ​នាង​។

ក្មេងៗ​ចិត្ត​ស្វែងរក​ខ្នង​បង្អែក ហើយ​ពួក​គេ​ដឹង​ថា ព្រះយេស៊ូវ​មាន​គ្រប់​ចេស្តា និង​មាន​សេចក្តី​ស្រឡាញ់​។ ព្រះអង្គ​មាន​បន្ទូល​ថា “អ្នកណា​ដែល​មិន​ទទួល​នគរ​ព្រះ ដូចជា​កូន​តូចៗ នោះ​មិន​បាន​ចូល​ទៅ​ក្នុង​នគរ​នោះ​ឡើយ”(លូកា ១៨:១៧)។ ព្រះគ្រីស្ទ​សព្វ​ព្រះទ័យ​ឲ្យ​យើង​ទទួល​ស្គាល់​ថា យើង​ត្រូវ​ការ​ព្រះគុណ ការ​អត់​ទោស​បាប និង​សេចក្តី​សង្រ្គោះ​របស់​ព្រះអង្គ​។ ព្រះអង្គ​សព្វ​ព្រះទ័យ​នឹង​ចិត្ត​ដែល​បន្ទាប​ខ្លួន ចិត្ត​ដែល​ចង់​នៅ​ក្បែរ​ព្រះអង្គ​។

តើ​អ្នក​មាន​អ្វី​ចង់​ទូល​សួរ​ព្រះយេស៊ូវ​ទេ? យើង​ម្នាក់ៗ​សុទ្ធតែ​មាន​សំណួរ សម្រាប់​ព្រះអង្គ! ពុំ​នោះ​ទេ អ្នក​ប្រហែល​ជា​គ្រាន់តែ​ចង់​នៅ​ក្បែរ​ព្រះអង្គ? ចូរ​រត់​ទៅ​រក​ព្រះអង្គ​ក្នុង​ពេល​ឥឡូវ​នេះ ដើម្បី​ឲ្យ​ព្រះ​អង្គ​ឱប​អ្នក និង​ប្រទាន​អ្វីៗ​ជា​ច្រើន​ទៀត​ដែល​អ្នក​ត្រូវ​ការ​។—Anne Cetas

តើ​អ្នក​គិតថា អ្នក​នឹង​និយាយ ឬ​ធ្វើ​អ្វី​មុនគេ ពេល​អ្នក​បាន​ជួប​ព្រះយេស៊ូវ​ជា​លើក​ដំបូង? តើ​ការ​មាន​ជំនឿ​ដូច​កូន​ក្មេង មានន័យ​យ៉ាងណា​សម្រាប់​អ្នក?

ឱ​ព្រះវរបិតា​ដែល​គង់នៅ​ស្ថាន​សួគ៌ ទូល​បង្គំ​សូម​អរ​ព្រះគុណ​ព្រះអង្គ ដែល​ទូលបង្គំ​បាន​ធ្វើ​ជា​កូន​ព្រះអង្គ ហើយ​ព្រះអង្គ​បាន​នាំ​ទូល​បង្គំ​ចូល​មក​ជិត​ព្រះអង្គ​។

For further study, read Character Comes from the Story We Tell Ourselves at DiscoverODB.org.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: និក្ខមនំ ២៣-២៤ និង ម៉ាថាយ ២០:១-១៦

ល្ងាច

Devotional illustration

ទទួល​ការពារ​ពី​ព្រះ​វត្ត​មាន​ព្រះ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

January 30, 2025

“ព្រះយេហូវ៉ា​ទ្រង់​ក៏​គង់នៅ​ជា​មួយ​នឹង​យ៉ូសែប ហើយ​គាត់​ចេះតែ​ចំរើន​ឡើង​គាត់​នៅ​ក្នុង​ផ្ទះ​របស់​ចៅហ្វាយ​ខ្លួន ជា​សាសន៍​អេស៊ីព្ទ​នោះ”។ លោកុប្បត្តិ ៣៩:២

កន្លែង​ល្អ​បំផុត សម្រាប់​បម្រើ​ព្រះ គឺជា​កន្លែង​ដែល​ព្រះអង្គ​បាន​ដាក់​អ្នក ឲ្យ​ធ្វើ​ការ​បម្រើ​ព្រះអង្គ​។ គ្មាន​ការងារ​ណា​ដែល​ល្អ​ឥត​ខ្ចោះ គ្មាន​គ្រួ​សារណា​ដែល​គ្មាន​កំហុស ឬ​កាលៈទេសៈ​ណា​ដែល​គ្មាន​បញ្ហាឡើយ​។ អ្នក​ដែល​តែងតែ​ស្វែងរក​ជីវិត​ដែល​មានន័យ បាន​ភ្លេច​ថា ភាព​ល្អ​ឥត​ខ្ចោះ​មានតែ​នៅ​នគរ​ស្ថាន​សួគ៌​ប៉ុណ្ណោះ ហេតុ​នេះ​ហើយ យើង​មាន​ការ​ខក​ចិត្ត​ជា​ញឹក​ញាប់​។ យើង​មិន​អាច​និយាយ​ថា លោក​យ៉ូសែប​គួរតែ​ស្ថិត​ក្នុង​ស្ថានភាព​ល្អ​ជាង​នេះ​។ បន្ទាប់ពី​គាត់​ចាប់​ផ្តើម​ជីវិត​ជា​កូន​សំណប់​របស់​ឪពុក​គាត់ គាត់​ក៏បាន​ក្លាយ​ជា​ទាសករ​ដែល​គេ​ជួញដូរ​។ ភាព​សុខ​ស្រួល ដែល​គាត់​មាន​ក្នុង​គ្រួសារ ក៏បាន​ជំនួស​ដោយ​ច្រវាក់​នៃ​ភាពជា​ទាសករ​។

យើង​ក៏​ឃើញ​កាលៈទេសៈ​របស់​យើង​មាន​ការ​ផ្លាស់​ប្តូរ ពី​ពេល​មួយ​ទៅ​ពេល​មួយ ដូច​លោក​យ៉ូសែប​ផង​ដែរ​។ យើង​ប្រហែល​ជា​ផ្លាស់ទី​លំនៅ​ចេញពី​ផ្ទះ​ដែល​យើង​បាន​រស់នៅ​ជា​យូរ​ឆ្នាំ ឬ​មនុស្ស​ជាទី​ស្រឡាញ់​របស់​យើង​កើត​ដុំ​គីស ឬ​មួយ​យើង​មាន​បញ្ហា​ហិរញ្ញ​វត្ថុ ពុំ​នោះ​ទេ​បញ្ហា​សុខ​ភាព​ស្រាប់តែ​វាយ​ប្រហារ​ដោយ​មិន​ដឹង​ខ្លួន​។ ទោះជា​យ៉ាងណា​ក៏ដោយ មាន​មនុស្ស​តិច​ទេ ដែល​បាន​ជួប​ការ​ធ្លាក់​ខ្លួន​ធ្ងន់ធ្ងរ​ដូច​លោក​យ៉ូសែប​។ (ហើយ​បើ​អ្នក​បាន​ជួប​រឿង​ដូច​គាត់ នោះ​អ្នក​អាច​មាន​ការ​កម្សាន្ត​ចិត្ត ដោយ​ដឹង​ថា ព្រះ​គម្ពីរ​បាន​ចែង​អំពី​រឿង​ដែល​ព្រះ​ទ្រង់​បាន​ជួយ​មនុស្ស​ដូច​អ្នកផង​ដែរ!) យើង​ប្រហែល​គិតថា លោក​យ៉ូសែប​មាន​ហេតុផល​គ្រប់​យ៉ាង ដែល​ត្រូវ​រត់​គេច លាក់​ខ្លួន បោះបង់​ការ​តស៊ូ កើត​មាន​ចិត្ត​ស្អប់ តែ​ព្រះ​វត្ត​មាន​របស់​ព្រះ បាន​នាំ​គាត់​ឆ្លង​កាត់​ជ្រលង​នៃ​ទុក្ខ​លំបាក​នីមួយៗ​។

ព្រះ​មិន​បាន​ការពារ​គាត់​ឲ្យ​រួច​ផុត​ពី​ទុក្ខ​លំបាក​ភ្លាមៗ តែ​ព្រះអង្គ​បាន​ការពារ​គាត់ នៅ​ក្នុង​ទុក្ខ​លំបាក​ទាំង​នោះ​។ គាត់​បាន​ទទួល​ការ​ការពារ​ពី​ព្រះ​វត្ត​មាន​ព្រះអង្គ​។ រឿង​នេះ​បាន​បង្រៀន​យើង​ថា ការ​តស៊ូ ចំណេះ​ដឹង ឬ​ប្រាជ្ញា​របស់​អ្នកជឿ មិន​បាន​ការពារ​ពួកគេ​ឡើយ​។ ផ្ទុយ​ទៅវិញ អ្នក​បម្រើ​ព្រះ​បាន​ទទួលការ​​ការពារ​ពី​ព្រះ​វត្ត​មាន​ព្រះអង្គ​។ វា​ជា​រឿង​ធម្មតា​ទេ ដែល​យើង​ទូល​សូម​ព្រះអង្គ​ឲ្យ​កែ​ប្រែ​ស្ថានភាព​របស់​យើង និង​ដកចេញ​ទុក្ខ​លំបាក ឬ​ទុក្ខ​ព្រួយ​របស់​​យើងចេញ​​។ យើង​មើល​ជុំ​វិញ​ខ្លួន​យើង ហើយ​គិតថា “ខ្ញុំ​មិន​ដែល​សុំ​ឲ្យ​រឿង​នេះ​កើត​ឡើង​ទេ!” យើង​ចាប់​ផ្តើម​ជឿ​ការ​កុហក​ថា អ្វីៗ​នឹង​ល្អ​ប្រសើរ​ឡើង បើ​យើង​គ្រាន់តែ​គេច​ចេញ ឬ​បញ្ហា​របស់​យើង​នឹង​រលាយ​បាត់​។ ប៉ុន្តែ តាម​ពិត ទោះ​យើង​ទៅដល់​ទីណា​ក៏ដោយ បញ្ហា​នៅតែ​កើត​មាន ហើយ​ភាព​ល្អ​ឥត​ខ្ចោះ​គ្រាន់តែ​ជា​ការ​ស្រមើស្រមៃ​។ គឺ​ដូច​ដែល​បទ​គម្ពីរ​ទំនុក​ដំកើង​បាន​ចែងថា ព្រះអម្ចាស់​គឺជា​ជម្រក​ពិត​ប្រាកដ​របស់​យើង(ទំនុក​ដំកើង ១១:១)។

ព្រះអម្ចាស់​អាច​រៀបចំ​ជីវិត​លោក​យ៉ូសែប​ឲ្យ​មាន​លក្ខណៈ​ខុសពី​នេះ​។ តែ​ផ្ទុយ​ទៅវិញ ព្រះអង្គ​បាន​សម្រេច​ព្រះទ័យ​អនុញ្ញាត​ឲ្យ​ហេតុ​ការណ៍​ទាំង​នោះ​កើត​មាន​។ ព្រះអង្គ​មាន​បំណង​ព្រះទ័យ​នាំ​អ្នក​បម្រើ​ព្រះអង្គ​ឆ្លង​កាត់ គ្រោះ​ថ្នាក់ ទុក្ខ​លំបាក និង​អន្ទាក់​ជា​ច្រើន​។ ព្រះអម្ចាស់​គង់នៅ​ជា​មួយ​លោក​យ៉ូសែប នៅ​ពេល​គេ​ដឹក​គាត់​ក្នុង​ភាពជា​ទាសករ ហើយ​អង្គុយ​នៅ​ផ្សារ ហើយ​បន្ទាប់មក គាត់​ក៏បាន​ក្លាយ​ជា​មនុស្ស​ដែលគេ​គោរព ក្នុង​ផ្ទះ​ចៅហ្វាយ​គាត់​។ ហើយ​ព្រះ​វត្ត​មាន​របស់​ព្រះអម្ចាស់​ក៏​គង់នៅ​ជាមួយ​យើង​ផង​ដែរ​។ ព្រះអង្គ​បាន​សន្យា​ថា នឹង​គង់នៅ​ជាមួយ​យើង​រហូត​ដល់​បំផុត​កល្ប(ម៉ាថាយ ២៨:២០) ទោះ​នៅ​ក្នុង​ជ្រលង​ភ្នំ ឬ​នៅ​លើកំពូល​ភ្នំ​ក៏ដោយ​។ តើ​ព្រះ​ទ្រង់​បាន​ដាក់​អ្នក​នៅ​ក្នុង​ស្ថានភាព​អ្វី នៅ​ថ្ងៃ​នេះ? តើ​ការ​ដឹង​ថា ព្រះអង្គ​គង់នៅ​ជាមួយ និង​មាន​ការងារ​ដ៏​ល្អ​ឲ្យ​អ្នក​ធ្វើ បាន​នាំមក​នូវ​ការ​ផ្លាស់​ប្តូរ ក្នុង​ការ​គិត​អំពី​កាលៈទេសៈ​ដែល​អ្នក​ចង់​ជ្រើសរើស ឬ​មិន​ជ្រើសរើសយ៉ាង​ដូចម្តេច​ខ្លះ?

ភីលីព ៤:៤-១៣, អេសាយ ២៨-២៩ និង ម៉ាកុស ៧:១-១៣

ប្រភេទ