នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

សេចក្តី​ស្រឡាញ់​របស់​ព្រះវរបិតា(សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

សេចក្តី​ស្រឡាញ់​របស់​ព្រះវរបិតា(សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

ដោយAlyson Kieda

February 1, 2025

១យ៉ូហាន ៣:១-៣,១៦-២៤

មើល សេចក្តី​ស្រឡាញ់​យ៉ាង​ណា​ហ្ន៍ ដែល​ព្រះវរបិតា​បាន​ផ្តល់​មក​យើង​រាល់​គ្នា ឲ្យ​យើង​បាន​ហៅថា​ជា​កូន​របស់​ព្រះ​ដូច្នេះ​។ ១យ៉ូហាន ៣:១

មាន​ពេល​មួយ គីម(Kim) បាន​អង្គុយ​នៅ​ក្បែរ​មាត់​បង្អួច ដោយ​មាន​កាបូប​ស្ពាយ​ដែល​បាន​រៀបចំ​រួច​ជា​ស្រេច ដោយ​ការ​រង់​ចាំ​យ៉ាង​អន្ទះសា ចំពោះ​ការ​មកដល់​របស់​ឪពុក​នាង​។ ប៉ុន្តែ នៅពេល​ដែល​ថ្ងៃ​បាន​ប្រែ​ជា​យប់​ ភាព​រំភើប​រីករាយ​​ក៏បាន​រលាយ​បាត់​។ ពេល​នោះ នាង​ក៏​បាន​ដឹង​ថា ឪពុក​នាង​មិន​បាន​មក​ទេ គឺ​មិន​ខុសពី​ពេល​មុន​ឡើយ​។

ឪពុក​ម្តាយ​របស់​គីម​បាន​លែងលះ​គ្នា ហើយ​នាង​ចង់​ចំណាយ​ពេល​ជាមួយ​ឪពុក​របស់​នាង​ឲ្យ​បាន​ច្រើន។ វា​មិនមែន​ជា​លើក​ទីមួយ​ទេ ដែល​នាង​គិតថា នាង​មិន​សូវ​សំខាន់​ចំពោះ​ឪពុក​របស់​នាង ហើយ​គាត់​ប្រាកដ​ជា​មិន​ស្រឡាញ់​នាង​ទេ​។

ក្រោយមក គីម​ក៏​បាន​ដឹង​ថា ទោះ​ឪពុក​ម្តាយ​របស់​យើង​ដែល​នៅ​ផែនដី និង​អ្នក​ផ្សេង​ទៀត ធ្វើ​ឲ្យ​យើង​​ខក​ចិត្ត​យ៉ាងណា​ក៏ដោយ ក៏​យើង​មាន​ព្រះវរបិតា​ដែល​គង់នៅ​ស្ថាន​សួគ៌ ដែល​ស្រឡាញ់​យើង ហើយ​មិន​ធ្វើ​ឲ្យ​យើង​ខក​ចិត្ត​ឡើយ​។ យើង​រាល់​គ្នា​ដែល​ជា​គ្រីស្ទបរិស័ទ​ក៏​អាច​ទទួល​ស្គាល់​ការ​ពិត​នេះ​ដែរ​។

សាវ័ក​យ៉ូហាន គឺជា​អ្នក​និពន្ធ​កណ្ឌ​គម្ពីរ​ដំណឹង​ល្អ​យ៉ូហាន កណ្ឌ​គម្ពីរ​សំបុត្រ​យ៉ូហាន​ទាំង៣ និង​កណ្ឌ​គម្ពីរ​វិវរណៈ​។ គាត់​បាន​យល់​អំពី​ជម្រៅ​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះ​។ តាម​ពិត គាត់​បាន​ពិពណ៌នា​អំពី​ខ្លួន​ឯង​ថា គាត់​ជា “សិស្ស១នោះ ដែល​ព្រះយេស៊ូវ​ទ្រង់​ស្រឡាញ់”(យ៉ូហាន ២១:២០) ដោយ​គាត់​បាន​ទទួល​ស្គាល់​ថា គាត់​ជា​មនុស្ស​ម្នាក់​ដែល​ជីវិត​បាន​ផ្លាស់​ប្រែ ដោយសារ​សេចក្តី​ស្រឡាញ់​ដែល​ព្រះគ្រីស្ទ​មាន​ចំពោះ​គាត់​។ គឺ​ដូច​ដែល​គាត់​បាន​ពិពណ៌នា​ថា “មើល សេចក្តី​ស្រឡាញ់​យ៉ាង​ណា​ហ្ន៍ ដែល​ព្រះវរបិតា​បាន​ផ្តល់​មក​យើង​រាល់​គ្នា ឲ្យ​យើង​បាន​ហៅថា​ជា​កូន​របស់​ព្រះ​ដូច្នេះ”(១យ៉ូហាន ៣:១)។

ព្រះ​ទ្រង់​ស្រឡាញ់​យើង​ខ្លាំង​ណាស់ បានជា​ព្រះអង្គ​បាន​ប្រទាន​ព្រះរាជបុត្រា​របស់​ព្រះអង្គ គឺ​ព្រះយេស៊ូវ ដែល​បាន​លះបង់​ព្រះ​ជន្ម ដើម្បី​យើង​រាល់​គ្នា(ខ.១៦ យ៉ូហាន ៣:១៦)។ យើង​អាច​ចូល​ទៅ​ចំពោះ​ព្រះអង្គ ដោយ​ការ​អធិស្ឋាន នៅ​ពេលណា​ក៏បាន ហើយ​ព្រះអង្គ​បាន​សន្យា​ថា ព្រះអង្គ​នឹង​មិន​ចាក​ចេញពី​យើង ឬ​បោះបង់​យើង​ចោល​ឡើយ(ហេព្រើរ ១៣:៥)។ យើង​អាច​ទុកចិត្ត​ទាំង​ស្រុង​មក​លើ​សេចក្តី​ស្រឡាញ់ និង​ព្រះ​វត្ត​មាន​របស់​ព្រះអង្គ ដែល​មិន​ចេះ​ប្រែ​ប្រួល​។—Alyson Kieda

តើមាន​នរណា​ម្នាក់​បាន​ធ្វើ​ឲ្យ​អ្នក​ខក​ចិត្ត នៅ​ពេលណា? តើ​អ្នក​បាន​រក​ឃើញ​ការ​កម្សាន្ត​ចិត្ត​ដូច​ម្តេច​ខ្លះ ក្នុង​ព្រះវរបិតា​របស់​អ្នក ដែល​គង់នៅ​ស្ថាន​សួគ៌?

ឱ​ព្រះវរបិតា ដែល​គង់នៅ​ស្ថាន​សួគ៌ ទូល​បង្គំ​សូម​អរ​ព្រះគុណ​ព្រះអង្គ សម្រាប់​សេចក្តី​ស្រឡាញ់​ដ៏​អស្ចារ្យ​ដែល​ព្រះអង្គ​បាន​ប្រទាន​ទូល​បង្គំ​។
ទូល​បង្គំ​អាច​ទុក​ចិត្ត​លើ​ព្រះបន្ទូល​របស់​ព្រះអង្គ ដែល​បាន​សន្យា​ថា នឹង​មិន​បោះបង់​ចោល​ទូល​បង្គំ​ឡើយ​។

For further study, read In the Grip of God’s Love at DiscoverODB.org.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : និក្ខមនំ ២៧-២៨ និង ម៉ាថាយ ២១:១-២២

ល្ងាច

Devotional illustration

ថ្វាយ​បង្គំ​ព្រះ​អង្គ​ដោយ​អំណរ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

February 1, 2025

«ត្រូវ​ឲ្យ​ដឹង​ថា ព្រះ​យេហូវ៉ា​ទ្រង់​ជា​ព្រះ គឺ​ទ្រង់​ដែល​បាន​បង្កើត​យើង​ខ្ញុំ យើង​ខ្ញុំ​ជា​របស់​ផង​ទ្រង់ យើង​ខ្ញុំ​ជា​រាស្ត្រ​របស់​ទ្រង់ ហើយ​ជា​ហ្វូង​ចៀម នៅ​ទី​គង្វាល​របស់​ទ្រង់» (ទំនុកតម្កើង ១០០:៣)។

មាន​ការ​ពិពណ៌នា​ថា កណ្ឌ​គម្ពីរ​ទំនុកតម្កើង​គឺ​ហិប​ដាក់​ថ្នាំ សម្រាប់​វិញ្ញាណ​របស់​យើង។ នៅ​ក្នុង​កណ្ឌ​គម្ពីរ​ទំនុកតម្កើង យើង​អាច​រក​ឃើញ​ទំនួញ សម្រាប់​អ្នក​ដែល​ជួប​ទុក្ខ​វេទនា ការ​ស្រែក​រក​ព្រះ ក្នុង​ពេល​ដ៏​ពិបាក និង​ការ​ថ្វាយ​ការ​សរសើរ​តម្កើង និង​ការ​អរ​ព្រះ​គុណ។ ទោះ​អ្នក​មាន​ជំងឺ​អ្វី​ក៏​ដោយ​នៅ​ក្នុង​ចិត្ត អ្នក​អាច​រក​ថ្នាំ​ព្យាបាល ក្នុង​បទ​គម្ពីរ​ទំនុកតម្កើង។

នៅ​ក្នុង​បទ​គម្ពីរ​ទំនុកតម្កើង មាន​សេចក្តី​ពិត​ជា​មូលដ្ឋាន​គ្រឹះ ដែល​បាន​ចែង​ថា ព្រះ​អម្ចាស់​ជា​ព្រះ ហើយ​យើង​ជា​កម្មសិទ្ធិ​របស់​ព្រះ​អង្គ។ ការ​រស់នៅ​របស់​យើង​ជា​រាស្ត្រ​របស់​ព្រះ​អង្គ គឺ​បាន​បង្ហាញ​ឲ្យ​យើង​ដឹង​ថា ព្រះ​អង្គ​ជា​នរណា។ កាល​ពី​មុន​យើង​មិនមែន​ជា​រាស្ត្រ​របស់​ព្រះ​អង្គ តែ​ឥឡូវ​នេះ យើង​ជា​រាស្ត្រ​ព្រះ​អង្គ​ហើយ។ កាល​ពី​មុន យើង​មិន​បាន​ទទួល​សេចក្តី​មេត្តា តែ​ឥឡូវ​យើង​ទទួល​សេចក្តី​មេត្តា​ជា​រៀង​រាល់​ថ្ងៃ (១ពេត្រុស ២:១០)។

និយាយ​ឲ្យ​ខ្លី យើង​មិន​មែន​ជា​កម្មសិទ្ធិ​របស់​ខ្លួន​ឯង​ទេ។ យើង​មិន​ដែល​បាន​ធ្វើ​ជា​កម្ម​សិទ្ធិ​ខ្លួន​ឯង​ទេ។ យើង​ជា​ជីវិត ដែល​ព្រះ​អាទិករ​ដ៏​មាន​ចេស្ដា​បាន​បង្កើត​ឲ្យ​ដូច​រូប​អង្គ​ទ្រង់។ ព្រះ​អង្គ​ជា​ជាង​ស្មូន ដែល​បាន​រចនា​យើង​មក ហើយ «យើង​ជា​កម្មសិទ្ធិ​របស់​ព្រះ​អង្គ»។ ជាង​នេះ​ទៅ​ទៀត យើង​ជា​មនុស្ស​មាន​បាប ដែល​ព្រះ​អង្គ​សង្គ្រោះ​មាន​សេចក្តី​ស្រឡាញ់ បាន​បង់​ថ្លៃ​លោះ​ឲ្យ​រួច​ពី​បាប (១កូរិនថូស ៦:២០)។ ព្រះ​អង្គ​ជា​អ្នក​គង្វាល ដែល​បាន​លះ​បង់​ព្រះ​ជន្ម​ដើម្បី​យើង និង​កំពុងតែ​ថែរក្សា​យើង (យ៉ូហាន ១០:១១-១៥)។ ព្រះ​អង្គ​បាន​បង់​ថ្លៃ​ទិញ​យើង​ពីរ​ដង គឺ​នៅ​ក្នុង​ការ​បង្កើត និង​នៅ​ក្នុង​ការ​ប្រោស​លោះ។ យើង​ជា​កម្មសិទ្ធិ​របស់​ព្រះ​អង្គ។

ដូច​នេះ អ្វី​ក៏ដោយ​ដែល​ជា​កម្មសិទ្ធិ​របស់​យើង ក្នុង​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ គឺ​មិន​មែន​ជា​ហេតុផល​ដែល​យើង​ត្រូវ​អួត​ខ្លួន តែ​ដើម្បី​សរសើរ​តម្កើង​ព្រះ​អង្គ។ ការ​ដឹង​ថា ព្រះ​អម្ចាស់​ជា​ព្រះ ហើយ​យើង​ជា​កម្មសិទ្ធិ​របស់​ព្រះ​អង្គ នឹង​បណ្ដាល​ចិត្ត​យើង​ឲ្យ​សរសើរ និង​អរ​ព្រះ​គុណ​ព្រះ​អង្គ (ទំនុកតម្កើង ១០០:៣)។

ការ​សរសើរ​តម្កើង​គឺ​ជា​ការ​ទទួល​ស្គាល់​ចេញ​ពី​ក្នុង​ចិត្ត​ចំពោះ​អ្វី​ដែល​មាន​តម្លៃ។ តាម​ធម្មតា មនុស្ស​សរសើរ​អ្វី​ក៏​ដោយ ដែល​ពួក​គេ​បាន​ឲ្យ​តម្លៃ។ ព្រះ​ទ្រង់​ជា​អ្នក​បង្កើត និង​​ប្រោស​លោះ​​យើង ហេតុ​នេះ​ហើយ​ព្រះ​អង្គ​សក្តិ​សមនឹង​ទទួល​ការ​សរសើរ​របស់​យើង។ គ្មាន​នរណា​ម្នាក់ ឬ​អ្វី​មួយ​ដែល​សក្ដិសម​ឲ្យ​អ្នក​សរសើរ លើស​ព្រះ​អង្គ​នោះ​ឡើយ។ សូម្បី​តែ​ក្នុង​ពេល​ដែល​ពិបាក យើង​នៅតែ​មាន​ហេតុផល​ដែល​ត្រូវ​សរសើរ​តម្កើង​ព្រះ ព្រោះ​យើង​ដឹង​ថា ព្រះ​អង្គ​ជា​នរណា។ ពេល​ណា​យើង​ជម្រាប​លា​មនុស្ស​ជាទី​ស្រឡាញ់ ឬ​បាត់​បង់​ការងារ ដែល​ផ្តល់​ឲ្យ​យើង​នូវ​ភាព​សុខ​ស្រួល នៅ​លើ​ផែនដី យើង​នៅ​តែ​អាច​សម្រេច​ចិត្ត​សរសើរ​តម្កើង​ព្រះ​អង្គ។ ពេល​ណា​យើង​និយាយ​មិន​ចេញ តែ​ចេញ​តែ​ទឹក​ភ្នែក ពេល​ណា​ចិត្ត​របស់​យើង​ឈឺ​ចាប់ ពេលណា​កាលៈទេសៈ​របស់​យើង​ធ្វើ​ឲ្យ​យើង​នឿយណាយ ពេលណា​ជីវិត​យើង​ហាក់​ដូច​ជា​ធ្វើ​ឲ្យ​យើង​ខក​ចិត្ត យើង​នៅ​តែ​អាច​រក​ឃើញ​សេចក្តី​ស្រឡាញ់​មិន​ចេះ​ប្រែ​ប្រួល និង​ស្ថិត​ស្ថេរ នៅ​ក្នុង​ព្រះ​អង្គ (ទំនុកតម្កើង ១០០:៥) និង​ហេតុ​ផល​រាប់​មិន​អស់ ដែល​ត្រូវ​ថ្វាយ​បង្គំ​ដោយ​អំណរ និង​សរសើរ​តម្កើង​ដោយ​ការ​ដឹង​គុណ។ ព្រះ​អង្គ​នៅតែ​ជា​ព្រះ​អាទិករ​ដ៏​មាន​ចេស្ដា និង​ព្រះ​អង្គ​សង្គ្រោះ​ដែល​មាន​សេចក្តី​ស្រឡាញ់​របស់​អ្នក។

ចិត្ត​ដែល​ដឹង​គុណ គឺ​ជា​ចំណុច​សំ​គាល់​ពិសេស​មួយ ដែល​គ្រីស្ទ​បរិស័ទ​អាច​ដក​ពិសោធន៍​ជា​មួយ។ ចូរ​យើង​មាន​ចំណុច​សំ​គាល់​នេះ​ជា​រៀង​រាល់​ថ្ងៃ។

ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ ទំនុកតម្កើង ១៤៨

គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ អេសាយ ៣០-៣១ និង​ម៉ាកុស ៧:១៤-៣៧

ប្រភេទ

Devotionals for February 1, 2025 | នំម៉ាណាប្រចាំថ្ងៃ - Daily Manna