ព្រឹក

អត្ថន័យនៃភួងបន្លា (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)
ដោយKenneth Petersen
February 2, 2025
ម៉ាថាយ ៥:១-១២
មានពរហើយ អស់អ្នកដែលយំសោក ដ្បិតអ្នកទាំងនោះនឹងបានសេចក្តីកំសាន្តចិត្ត។ ម៉ាថាយ ៥:៤
លោកអ៊ីសាក វ៉ាត់(Isaac Watts) ស្ថិតក្នុងចំណោមអ្នកនិពន្ធទំនុកសកល ដែលល្បីល្បាញបំផុត ក្នុងប្រវត្តិសាស្រ្តពួកជំនុំ។ គាត់បាននិពន្ធបទ “កាលខ្ញុំនឹកពីឈើឆ្កាងអស្ចារ្យ”។ ក្នុងល្បះដំបូងរបស់បទចម្រៀងនេះ គាត់បានធ្វើការពិពណ៌នា អំពីភាពខុសប្លែកគ្នា ក្នុងន័យថា គាត់បានចាត់ទុកវត្ថុមានតម្លៃបំផុតដែលគាត់រកបាន ជាការខាតបង់ ហើយក៏បានស្អប់ខ្ពើមសេចក្តីអំនួតរបស់គាត់។ ជួនកាល ក្នុងភាសានិយាយ យើងសង្កេតឃើញគេប្រើពាក្យផ្សំពីពាក្យពីរដែលមានន័យផ្ទុយគ្នាក្នុងន័យលេងសើច ដូចជាពាក្យ “សប្បាយចង់ងាប់” ។ ក្នុងបទទំនុកសកលរបស់លោកវាត់ គាត់បានប្រើពាក្យផ្សំពីពាក្យដែលមានន័យផ្ទុយគ្នា មិនមែនក្នុងន័យលេងសើច តែមានអត្ថន័យដ៏ជ្រាលជ្រៅណាស់។
ព្រះយេស៊ូវក៏បានប្រើពាក្យដែលមានន័យផ្ទុយគ្នា ជាញឹកញាប់ផងដែរ។ គឺដូចដែលព្រះអង្គមានបន្ទូលថា “មានពរហើយ អស់អ្នកដែលមានសេចក្តីកំសត់ខាងឯវិញ្ញាណ”(ម៉ាថាយ ៥:៣) ក្នុងន័យថា មនុស្សដែលអស់សង្ឃឹម នឹងទទួលបានលើសពីអ្វីដែលពួកគេធ្លាប់សង្ឃឹមថានឹងបាន។ ពេលណាយើងសោកសង្រេង ចំពោះការបាត់បង់មនុស្សជាទីស្រឡាញ់ ហើយយើងយំសោក ព្រះយេស៊ូវមានបន្ទូលថា យើងបានទទួលបាន “ការកម្សាន្តចិត្ត”(ខ.៤)។ ត្រង់ចំណុចនេះ ព្រះយេស៊ូវកំពុងបង្ហាញថា នៅក្នុងនគរព្រះការរស់នៅរបស់មនុស្ស នឹងមានភាពផ្ទុយស្រឡះពីជីវិតនៅផែនដី។
តាមរយៈភាពផ្ទុយគ្នានេះ យើងអាចរៀនសូត្របានថា ជីវិតក្នុងព្រះគ្រីស្ទខុសពីការរំពឹងគិតគ្រប់យ៉ាងរបស់លោកិយ។ ជាក់ស្តែង យើងដែលជាមនុស្សដែលគេមិនឲ្យតម្លៃនៅផែនដី តែយើងជាមនុស្សមានតម្លៃក្នុងព្រះអង្គ។ កាលព្រះយេស៊ូវកំពុងជាប់នៅលើឈើឆ្កាង ព្រះអង្គបានបង្ហាញពីភាពខុសគ្នានេះ តាមរយៈមកុដធ្វើពីភួងបន្លា ដែលគេបានបំពាក់ពីលើព្រះកេសព្រះអង្គ ដើម្បីសើចចំអកឲ្យព្រះអង្គ។ លោកអ៊ីសាក វ៉ាត់ ក៏បានប្រើនិមិត្តសញ្ញានៃការសើចចំអកនេះ ក្នុងបទចម្រៀងរបស់គាត់ ដើម្បីបកស្រាយអំពីអត្ថន័យរបស់សេចក្តីស្រឡាញ់ដ៏អស្ចារ្យរបស់ព្រះអង្គ ក្នុងន័យថា ព្រះអង្គបានបង្ហាញសេចក្តីស្រឡាញ់ នៅក្នុងការរងទុក្ខរបស់ព្រះអង្គ ដោយមានមកុដធ្វើពីបន្លា បានបង្កប់នូវអត្ថន័យដ៏ជ្រាលជ្រៅ។ យើងអាចមានចិត្តរំភើប ចំពោះអត្ថន័យនេះ តែយើងក៏ត្រូវមានការប្រុងប្រយ័ត្ន ពេលយើងច្រៀងបន្ទាត់ចុងក្រោយ នៃទំនុកសកលនេះ ដែលបានក្រើនរំឭកយើងថា សេចក្តីស្រឡាញ់របស់ព្រះអង្គអស្ចារ្យ ជាសេចក្តីស្រឡាញ់មកពីព្រះ បានតម្រូវឲ្យខ្ញុំថ្វាយវិញ្ញាណ ជីវិត និងអ្វីៗគ្រប់យ៉ាងដល់ព្រះអង្គ។—Kenneth Petersen
តើក្នុងព្រះបន្ទូលអំពីព្រះពរ នៅក្នុងបទគម្ពីរម៉ាថាយ ជំពូក៥ មានចំណុចមួយណា ដែលត្រូវនឹងជីវិតអ្នកជាងគេ?
តើព្រះបន្ទូលនោះមានទំនាក់ទំនងនឹងបទពិសោធន៍នៃជីវិតរបស់អ្នក ដូចម្តេចខ្លះ?
ឱព្រះអម្ចាស់ ទូលបង្គំសូមអរព្រះគុណព្រះអង្គ សម្រាប់ការលះបង់នៅលើឈើឆ្កាង និងបានធ្វើឲ្យទូលបង្គំក្លាយជាមនុស្សមានតម្លៃ ក្នុងនគរព្រះអង្គ។
Visit ODBU.org/NT035 to dive deeper into the Beatitudes of Jesus.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : និក្ខមនំ ២៩-៣០ និង ម៉ាថាយ ២១:២៣-៤៦
ល្ងាច

ឯកសិទ្ធិក្នុងការអធិស្ឋាន (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
February 2, 2025
«ក្រោយមក កាលទ្រង់កំពុងតែអធិស្ឋាននៅកន្លែង១ លុះទ្រង់ឈប់ហើយ នោះសិស្សម្នាក់ទូលថា ព្រះអម្ចាស់អើយ សូមទ្រង់បង្រៀនយើងខ្ញុំ ឲ្យចេះអធិស្ឋានផង ដូចជាលោក យ៉ូហាន បានបង្រៀនដល់សិស្សលោកដែរ» (លូកា ១១:១)។
ការប្រកបស្និទ្ធស្នាលដែលយើងមានជាមួយព្រះ តាមរយៈព្រះអម្ចាស់យេស៊ូវគ្រីស្ទ គឺបានបង្ហាញចេញមកជាចម្បង តាមរយៈការអធិស្ឋានរបស់យើង។ ការអធិស្ឋានគឺជាភស្តុតាងបញ្ជាក់ថា យើងមានទំនាក់ទំនងជាមួយព្រះអង្គ។ ព្រះអង្គមិនគ្រាន់តែមានបន្ទូលមកកាន់យើង តាមរយៈព្រះបន្ទូលព្រះអង្គ តែក៏បានប្រទានយើងនូវឯកសិទ្ធិពិសេស ក្នុងការទំនាក់ទំនងជាមួយព្រះអង្គ ក្នុងការអធិស្ឋាន។
ព្រះគម្ពីរប៊ីបមានខគម្ពីរជាច្រើន ដែលបានចែងអំពីជីវិតនៃការអធិស្ឋានរបស់ព្រះយេស៊ូវ។ កាលណាយើងបានយល់កាន់តែច្បាស់អំពីខគម្ពីរទាំងនោះ នោះយើងក៏បានដឹងកាន់តែច្បាស់ថា ព្រះយេស៊ូវបានចាត់ទុកការអធិស្ឋានជាទម្លាប់នៃការរស់នៅដ៏បរិសុទ្ធ។ ព្រះអង្គបានអធិស្ឋានជាទៀងទាត់ នៅពេលព្រឹកព្រលឹម ដើម្បីទូលសូមព្រះវរបិតាដឹកនាំ ការអនុវត្តន៍តាមផែនការប្រចាំថ្ងៃ។ ការអធិស្ឋានក្នុងកន្លែងស្ងប់ស្ងាត់ និងដាច់ដោយឡែក ផ្តល់ភាពងាយស្រួលឲ្យព្រះយេស៊ូវស្តាប់ព្រះសូរសៀងព្រះវរបិតា ដោយគ្មានការរំខានពីសម្លេងហ្វូងមនុស្ស និងការទូលសួររបស់ពួកសាវ័ក។ ការអធិស្ឋានបង្កើតឲ្យមានបរិបទ ឬគម្រោងសម្រាប់ការសម្រេចព្រះទ័យទាំងអស់ដែលព្រះអង្គមាន។
ពេលដែលពួកសាវ័កឃើញព្រះយេស៊ូវមានទម្លាប់អធិស្ឋានដូចនេះ ពួកគេក៏បានទូលសូមព្រះអង្គបង្រៀនពួកគេឲ្យចេះអធិស្ឋាន។ ពួកគេប្រហែលជាបានប៉ះពាល់ចិត្ត ដោយសារភាពឆេះឆួល និងការផ្ចង់ព្រះទ័យរបស់ព្រះយេស៊ូវ ដែលបានបណ្ដាលឲ្យពួកគេមានចិត្តស្រេកឃ្លាន ចង់មានការប្រកបស្និទ្ធស្នាលជាមួយព្រះវរបិតា ស្រដៀងនឹងព្រះអង្គផងដែរ។
ព្រះយេស៊ូវក៏បានឆ្លើយតបចំពោះពួកគេ ដោយបង្រៀនពួកគេថា «កាលណាអធិស្ឋាន នោះកុំឲ្យពោលពាក្យឥតប្រយោជន៍ផ្ទួនៗ ដូចពួកសាសន៍ដទៃឡើយ ដ្បិតគេស្មានថា ព្រះទ្រង់នឹងស្តាប់គេ ដោយគេពោលពាក្យជាច្រើន» (ម៉ាថាយ ៦:៧)។ បានសេចក្តីថា ពេលយើងអធិស្ឋាន យើងមិនត្រូវនិយាយឲ្យតែរួចពីមាត់ ឬឲ្យតែបានវែង ឬក៏ឲ្យតែបានពីរោះស្តាប់នោះទេ។ ផ្ទុយទៅវិញ ក្នុងគំរូនៃការអធិស្ឋានរបស់ព្រះយេស៊ូវ ជាពិសេសក្នុងសេចក្តីអធិស្ឋានរបស់ព្រះអម្ចាស់ យើងឃើញថា កូនខាងវិញ្ញាណរបស់ព្រះអង្គមានសេរីភាព នៅក្នុងការហៅព្រះអង្គតាមរបៀបដ៏សាមញ្ញ និងដោយត្រង់ៗថា ព្រះវរបិតាដែលគង់នៅស្ថានសួគ៌។
ដូចនេះ តើយើងត្រូវអធិស្ឋានអំពីអ្វី? ជាដំបូង យើងត្រូវទូលសូមឲ្យព្រះនាមព្រះអង្គបានតម្កើងឡើង យ៉ាងត្រឹមត្រូវ និងសូមព្រះអង្គតាំងរាជនៅក្នុងចិត្តយើង និងនៅជុំវិញយើង ហើយសូមព្រះអង្គបំពេញតម្រូវការប្រចាំថ្ងៃរបស់យើង។ បន្ទាប់មក យើងត្រូវទទួលស្គាល់ថា យើងត្រូវការលន់តួបាបប្រចាំថ្ងៃ និងទទួលស្គាល់សារៈសំខាន់នៃការអត់ទោសឲ្យអ្នកដទៃ ហើយពឹងផ្អែកលើព្រះអង្គ ដើម្បីឈ្នះការល្បួង។ ព្រះយេស៊ូវបានពន្យល់ថា ក្នុងការអធិស្ឋានរបស់យើង យើងត្រូវតែស្វែងរក និងទូលសូមឲ្យយើងបានឃើញសិរីល្អ និងព្រះគុណព្រះអង្គ ក្នុងការរស់នៅជារៀងរាល់ថ្ងៃ។
ក្នុងការធ្វើដំណើរខាងវិញ្ញាណរបស់យើងជាគ្រីស្ទបរិស័ទ គ្មានអ្វីដែលសំខាន់ជាង ឬពិបាកជាងការប្រកាន់ខ្ជាប់នូវជីវិតនៃការអធិស្ឋានដ៏មានន័យ។ ប៉ុន្តែ យើងមានជំនួយ។ បើព្រះយេស៊ូវជាព្រះរាជបុត្រានៃព្រះដ៏បរិសុទ្ធចាំបាច់ត្រូវអធិស្ឋានទៅព្រះវរបិតា នោះយើងក៏ត្រូវការអធិស្ឋានផងដែរ។ ការគិតអំពីរឿងនេះ ដោយការបន្ទាបខ្លួន គួរតែបណ្ដាលចិត្តយើងឲ្យលុតជង្គង់ចុះ។ ហើយពេលនោះ យើងអាចប្រើការអធិស្ឋានរបស់ព្រះអម្ចាស់ជាជំនួយដល់ការអធិស្ឋានរបស់យើងផងដែរ។ ព្រះអម្ចាស់បានប្រទានអ្នកនូវឯកសិទ្ធិដ៏អស្ចារ្យ សម្រាប់ចូលទៅរកព្រះអង្គ ដោយការអធិស្ឋាន និងហៅព្រះអង្គថា ព្រះវរបិតា។ ព្រះអង្គបានត្រៀមជាស្រេច ដើម្បីស្តាប់ និងជួយអ្នក។ ចូរចាត់ទុកការអធិស្ឋានជាទម្លាប់ដ៏បរិសុទ្ធ ហើយមិនត្រូវចាត់ទុកការអធិស្ឋានជាសកម្មភាពបន្ទាប់បន្សំ ដែលអាចសម្រេចចិត្តធ្វើ ឬមិនធ្វើតាមចិត្តចង់នោះឡើយ។
ព្រះគម្ពីរសញ្ជឹងគិត៖ លូកា ១១:១-១៣
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ អេសាយ ៣២-៣៣ និងម៉ាកុស ៨