ព្រឹក

ជាមនុស្សតូចទាប តែព្រះទ្រង់ស្រឡាញ់ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)
ដោយXochitl Dixon
February 3, 2025
ទំនុកដំកើង ១៣៨
ដ្បិតទោះបើព្រះយេហូវ៉ាទ្រង់ខ្ពស់ គង់តែទ្រង់យល់ដល់ពួកអ្នករាបសាដែរ តែឯមនុស្សឆ្មើងឆ្មៃ ទ្រង់ស្គាល់គេពីចំងាយហើយ។ ទំនុកដំកើង ១៣៨:៦
ថ្ងៃមួយ ខ្ញុំបានស្វាគមន៍គ្រួសារមួយ ដែលបានមកចូលរួមជាភ្ញៀវ ក្នុងកម្មវិធីថ្វាយបង្គំព្រះនៅព្រះវិហាររបស់ខ្ញុំ។ ក្រុមគ្រួសារនេះ មានកូនស្រីម្នាក់ជាជនពិការ។ ខ្ញុំក៏បានលត់ជង្គង់ នៅក្បែរក្មេងស្រីតូចនោះ ដែលកំពុងអង្គុយនៅលើរទេះរុញ ហើយក៏បានណែនាំនាង ឲ្យស្គាល់សត្វឆ្កែរបស់ខ្ញុំឈ្មោះខាលី(Callie) ហើយក៏បានសរសើរថា នាងមានវ៉ែនតា និងស្បែកជើងពណ៌ផ្កាឈូកដ៏ស្រស់ស្អាត។ ទោះនាងមិនអាចនិយាយ ក៏ទឹកមុខញញឹមរបស់នាង បានប្រាប់ឲ្យខ្ញុំដឹងថា នាងមានចិត្តរីករាយនៅក្នុងការទំនាក់ទំនងជាមួយខ្ញុំ។ ពេលនោះ មានក្មេងស្រីតូចម្នាក់បានចូលមកជិតយើង ដោយមិនហ៊ានមើលមុខនាងចំ។ ក្មេងស្រីតូចនោះក៏បាននិយាយខ្សឹបៗថា “សូមអ្នកគ្រូនិយាយប្រាប់គាត់ថា រ៉ូបរបស់គាត់ស្អាតណាស់”។ ខ្ញុំក៏បានប្រាប់នាងថា “ក្មួយទៅប្រាប់គាត់ខ្លួនឯងទៅ។ គាត់មានចិត្តល្អ មិនខុសពីក្មួយ”។ ខ្ញុំក៏បានពន្យល់ប្រាប់គាត់ អំពីភាពងាយស្រួល ក្នុងការជជែកជាមួយមិត្តភក្តិថ្មីម្នាក់នេះ ទោះនាងមិនអាចទំនាក់ទំនងដូចយើងក៏ដោយ ហើយខ្ញុំក៏បានពន្យល់ផងដែរថា ការញញឹមដាក់នាង ក៏អាចជួយឲ្យនាងមានអារម្មណ៍ថា គេទទួលស្វាគមន៍ និងស្រឡាញ់នាងផងដែរ។
ក្នុងព្រះគម្ពីរប៊ីប និងក្នុងពិភពលោកនេះ គេច្រើនតែមិនរាប់រកមនុស្សជាច្រើន ដោយសារគេគិតថា ពួកគេមានភាពខុសប្លែកគេ។ ទោះជាយ៉ាងណាក៏ដោយ ព្រះដ៏ធំប្រសើរនៃយើង បានឲ្យតម្លៃមកលើភាពខុសប្លែករបស់យើង ហើយបានត្រាស់ហៅយើងចូលទៅក្នុងការប្រកបស្និទ្ធស្នាលជាមួយព្រះអង្គ និងមហាគ្រួសាររបស់ព្រះអង្គ។ ក្នុងបទគម្ពីរទំនុកដំកើង ជំពូក១៣៨ ស្តេចដាវីឌមានបន្ទូលថា “ទូលបង្គំនឹងអរព្រះគុណដល់ទ្រង់អស់ពីចិត្ត ទូលបង្គំនឹងច្រៀងសរសើរទ្រង់ នៅចំពោះមុខនៃអស់ទាំងព្រះ”(ខ.១)។ ទ្រង់មានបន្ទូលទៀតថា “ដ្បិតទោះបើព្រះយេហូវ៉ាទ្រង់ខ្ពស់ គង់តែទ្រង់យល់ដល់ពួកអ្នករាបសាដែរ”(ខ.៦)។
ព្រះអម្ចាស់មានព្រះនាមដែលបានតម្កើងខ្ពស់ឡើង ហើយបរិសុទ្ធ។ ព្រះអង្គទតមើល ដោយព្រះទ័យសប្បុរសចំពោះយើង ដែលជាស្នាព្រះហស្តរបស់ព្រះអង្គ ជាពិសេសនៅពេលដែលយើងបន្ទាបខ្លួន។ ចូរយើងទូលសូមព្រះអង្គជួយយើង ឲ្យមើលទៅអ្នកដទៃ និងប្រព្រឹត្តចំពោះគេ ដោយចិត្តសប្បុរស ហើយទន្ទឹមនឹងនោះ យើងអាចអរព្រះគុណព្រះអង្គ ដែលបានបញ្ជាក់ថា ព្រះអង្គបានស្រឡាញ់យើង ទោះយើងតូចទាបយ៉ាងណាក៏ដោយ។—Xochitl Dixon
តើការនឹកចាំថា អ្នកមានភាពតូចទាប បើធៀបនឹងព្រះ បានផ្លាស់ប្តូររបៀបដែលអ្នកគិតអំពីអ្នកដទៃ ដូចម្តេចខ្លះ?
តើអ្នកអាចបង្ហាញសេចក្តីស្រឡាញ់ដល់មនុស្សក្នុងសហគមន៍របស់អ្នក ដែលជាជនពិការដូចម្តេចខ្លះ?
ឱព្រះអម្ចាស់ សូមព្រះអង្គជួយទូលបង្គំ ឲ្យទទួលស្វាគមន៍មនុស្សទាំងអស់ ដោយចិត្តសប្បុរសជាបរិបូរ
និងដោយសេចក្តីស្រឡាញ់គ្មានលក្ខខណ្ឌ ដែលព្រះអង្គបានបង្ហាញចំពោះទូលបង្គំជារៀងរាល់ថ្ងៃ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : និក្ខមនំ ៣១-៣៣ និង ម៉ាថាយ ២២:១-២២
ល្ងាច

យើងអាចហៅព្រះអង្គថា ព្រះវរបិតា(សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
February 3, 2025
«កាលណាអ្នករាល់គ្នាអធិស្ឋាន នោះត្រូវថា ឱព្រះវរបិតានៃយើងខ្ញុំ ដែលគង់នៅស្ថានសួគ៌អើយ សូមឲ្យព្រះនាមទ្រង់បានបរិសុទ្ធ» (លូកា ១១:២)។
ពេលណាគេទទួលចិញ្ចឹមក្មេងម្នាក់ ជីវិតរបស់នាងទាំងមូលមានការផ្លាស់ប្ដូរ ដោយនាងមានឈ្មោះថ្មី គ្រួសារថ្មី ហើយជាញឹកញាប់ នាងមានរបៀបនៃការរស់នៅថ្មីទាំងស្រុង។ តែភាពស្របច្បាប់នៃការទទួលចិញ្ចឹមនោះ អាចកើតមាន ដោយក្មេងនោះមិនមានអារម្មណ៍ថា នាងជាកូនក្នុងគ្រួសារនោះ។ ក្មេងនោះមិនគ្រាន់តែត្រូវចូលមករស់នៅក្នុងផ្ទះរបស់គ្រួសារនោះ តែក៏ត្រូវមានការដកពិសោធន៍កាន់តែជ្រាលជ្រៅ នៅក្នុងចំណងទំនាក់ទំនងក្នុងគ្រួសារ ដោយហៅឪពុកម្តាយថ្មីរបស់ខ្លួនថា «ឪពុក» និង «ម្តាយ»។
ការទទួលចិញ្ចឹមខាងវិញ្ញាណរបស់យើង ក៏មានលក្ខណៈដូចនេះផងដែរ ពេលណាយើងប្រកាសថា យើងបានទទួលជឿព្រះយេស៊ូវគ្រីស្ទ។ ការទទួលចិញ្ចឹមនោះកែប្រែសណ្ឋាននៃជីវិតយើងភ្លាមៗ អស់កល្បជានិច្ច និងមិនអាចបដិសេធន៍បាន។ ប៉ុន្តែ ព្រះអម្ចាស់មិនគ្រាន់តែសព្វព្រះទ័យឲ្យយើងមានឈ្មោះជាកូនព្រះអង្គប៉ុណ្ណោះទេ តែក៏សព្វព្រះទ័យឲ្យយើងយល់អត្ថន័យនៃការរស់នៅជាកូនប្រុសស្រីរបស់ព្រះអង្គផងដែរ ដោយមានចិត្តស្ញប់ស្ញែង នៅក្នុងការគិតថា ព្រះអង្គជាព្រះវរបិតារបស់យើងដែលគង់នៅស្ថានសួគ៌។ ដើម្បីឲ្យយើងអាចធ្វើដូចនេះបាន ព្រះអង្គក៏បានប្រទានព្រះវិញ្ញាណព្រះអង្គ ឲ្យកែប្រែចរិតលក្ខណៈរបស់យើង ហើយជួយយើងឲ្យយល់អំពីទំនាក់ទំនងជាមួយព្រះអង្គជាឪពុក និងកូន។ គឺដូចដែលសាវ័ក ប៉ុល បានប្រាប់ពួកជំនុំនៅទីក្រុងកាឡាទីថា «ហើយដោយព្រោះអ្នករាល់គ្នាជាកូន បានជាព្រះទ្រង់ចាត់ព្រះវិញ្ញាណនៃព្រះរាជបុត្រាទ្រង់ ឲ្យមកក្នុងចិត្តអ្នករាល់គ្នា ឲ្យបន្លឺឡើងថា អ័ប្បា ព្រះវរបិតាអើយ» (កាឡាទី ៤:៦)។
គ្រីស្ទបរិស័ទគួរតែបានដកពិសោធន៍លើសពីភាពស្របច្បាប់នៃការទទួលចិញ្ចឹមខាងវិញ្ញាណ។ ការទទួលចិញ្ចឹមនោះ គឺលើសពីស្គាល់ទ្រឹស្ដី ឬគោលលទ្ធិ។ សេចក្តីសង្គ្រោះមិនគ្រាន់តែជាការអត់ទោសបាប តែក៏ជាការស្វាគមន៍ការផ្លាស់ប្រែ ដែលព្រះវិញ្ញាណបានបណ្ដាលឲ្យមាន។ ជំនឿរបស់គ្រីស្ទបរិស័ទមិនមែនជាសាសនា តែជាទំនាក់ទំនង។ ការអ្វីដែលព្រះយេស៊ូវបានសម្រេចនៅលើឈើឆ្កាង តាមការតម្រូវរបស់ក្រឹត្យវិន័យ នោះព្រះវិញ្ញាណក៏បានបន្តធ្វើ នៅក្នុងចិត្តយើងផ្ទាល់ខ្លួនម្នាក់ៗ ដោយយើងបានដកពិសោធន៍ក្នុងជីវិតផងដែរ។ ព្រះអង្គបានសង្គ្រោះ ទទួលយក និងស្រឡាញ់យើង។ តាមរយៈការផ្លាស់ប្ដូរនេះ យើងអាចរំពឹងថា យើងនឹងមានការប្ដូរផ្តាច់ ភាពឆេះឆួល ការរំភើបដល់ស្រក់ទឹកភ្នែក ភាពភ្លឺស្វាង ការចូលរួម និងទីបំផុត គឺការសរសើរតម្កើង។
ពេលណាយើងជួបការល្បួងឲ្យភ្លេចសណ្ឋានថ្មីរបស់យើងជាកូនព្រះ ព្រះវិញ្ញាណក៏បានរង់ចាំធ្វើបន្ទាល់ថា អ្នកជាកម្មសិទ្ធិរបស់ព្រះអង្គ! ព្រះអង្គបានបង់ថ្លៃលោះអ្នក ដោយការលះបង់ធំធេងបំផុត។ ព្រះអង្គស្រឡាញ់ និងឲ្យតម្លៃអ្នក។ ពេលណាយើងមិនបានធ្វើអ្វី ដែលព្រះទ្រង់សព្វព្រះទ័យឲ្យយើងធ្វើ ហើយពេលណាយើងមានអារម្មណ៍ថា យើងមានរបួសក្នុងចិត្ត មានភាពបាក់បែក និងបាក់ទឹកចិត្ត នោះព្រះវិញ្ញាណក៏ជួយយើងឲ្យស្រែកឡើងថា «ឱព្រះវរបិតា ព្រះវរបិតាអើយ សូមព្រះអង្គជួយទូលបង្គំផង?» ការទូលអង្វរនេះគួរតែបានធ្វើឲ្យយើងនឹកចាំ អំពីភាពអស្ចារ្យនៃព្រះរាជកិច្ចដែលព្រះយេស៊ូវបានសម្រេច ដោយការលះបង់ព្រះជន្មដើម្បីប្រោសលោះ និងចាត់ព្រះវិញ្ញាណ ឲ្យយាងចុះមកគង់ក្នុងចិត្តយើង។ ពុំនោះទេ យើងគ្រាន់តែមានទំនាក់ទំនងជាមួយព្រះអង្គ ក្នុងនាមព្រះអង្គជាព្រះអាទិករ និងចៅក្រមប៉ុណ្ណោះ ហើយយើងក៏គ្មានឱកាសស្រែករកព្រះអង្គថា «ឱអប្បាព្រះវរបិតា!»
ព្រះទ្រង់បានបោះត្រាចំណាំពីលើការទទួលចិញ្ចឹមយើងជាកូនប្រុសស្រី មិនមែនដោយទីសម្គាល់ ឬអំណោយដ៏ចម្លែកណាមួយ តែដោយការធ្វើបន្ទាល់ពីព្រះវិញ្ញាណបរិសុទ្ធដែលបញ្ចុះបញ្ចូលឲ្យយើងជឿ។ ពេលណាយើងនិយាយទៅកាន់ព្រះអង្គ ដោយការអធិស្ឋាន ឮព្រះអង្គមានបន្ទូលក្នុងព្រះគម្ពីរ ហើយដើរជាមួយព្រះអង្គ យើងក៏ស្គាល់កាន់តែច្បាស់ នូវព្រះចេស្ដា និងកិច្ចការដែលព្រះអង្គធ្វើក្នុងយើង។ ដោយសារព្រះអង្គបានរំដោះយើងឲ្យរួចពីបណ្ដាសានៃអំពើបាប និងបានប្រទានពរយើង ដោយទទួលចិញ្ចឹមយើង យើងអាចស្រែករកព្រះអង្គជាព្រះវរបិតា ដោយស្រឡាញ់ព្រះអង្គ ហើយថ្វាយបង្គំព្រះអង្គ ក្នុងវិញ្ញាណ និងសេចក្តីពិត។
សព្វថ្ងៃនេះ គ្រីស្ទបរិស័ទត្រូវស្គាល់ការពិតដែលធំបំផុតដែលថា អ្នកជាកូនដែលព្រះអង្គទទួលចិញ្ចឹម។ គ្មានអ្វី ឬនរណាម្នាក់អាចកែប្រែការពិតនេះបានទេ។ ដូចនេះ នៅថ្ងៃនេះ ទោះអ្នកមានអារម្មណ៍ដូចម្ដេចក៏ដោយ ចូរឲ្យសេចក្តីពិតនេះបានកម្សាន្តចិត្ត ទ្រទ្រង់ ធានា និងលើកទឹកចិត្តបំផុត ដល់អ្នកថា អ្នកជាកូនព្រះ។
ព្រះគម្ពីរសញ្ជឹងគិត៖ រ៉ូម ៨:១២-២៥
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ អេសាយ ៣៤-៣៦ និងម៉ាកុស ៩:១-២៩