ព្រឹក

កន្លែងជ្រកកោនដ៏ធំទូលាយ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)
ដោយAmy Boucher Pye
February 4, 2025
ទំនុកដំកើង ៣១:១-២,៨-១៦
ទ្រង់មិនបានឃុំឃាំងទូលបង្គំ នៅក្នុងកណ្តាប់ដៃនៃពួកខ្មាំងសត្រូវទេ គឺទ្រង់បានដាក់ជើងទូលបង្គំ ឲ្យនៅទីធំទូលាយវិញ។ ទំនុកដំកើង ៣១:៨
នៅពេលដែលលោក ថត ប៊ីលីង(Todd Billings) ជាទេវវិទូ បានទៅពិនិត្យសុខភាពរកឃើញថា គាត់មានជំងឺមហារីកគ្រាប់ឈាម ដែលមិនអាចព្យាបាលជា គាត់ក៏បានពិពណ៌នា អំពីសេចក្តីស្លាប់ដែលអាចមកដល់ភ្លាមៗ ប្រៀបដូចជាពន្លឺភ្លើងនៅក្នុងបន្ទប់ ដែលគេបានបិទ ឬពន្លឺភ្លើងញាក់ៗដែលហៀបនឹងរលត់។ គឺដូចដែលគាត់មានប្រសាសន៍ថា “ក្នុងនាមខ្ញុំជាឪពុក ដែលមានកូនអាយុ១ឆ្នាំម្នាក់ និងកូនអាយុ៣ឆ្នាំម្នាក់ ខ្ញុំចង់គិតថា ពេលវេលាពីរបីទសវត្សរ៍ទៀត គឺជាពេលវេលាដ៏វែងមួយ ដែលខ្ញុំអាចឃើញកូនរបស់ខ្ញុំ គឺ នេទី(Neti) និងណាថានែល(Nathaniel) បានចម្រើនវ័យធំឡើង ... ប៉ុន្តែ បន្ទាប់ពីបានពិនិត្យសុខភាពហើយ ... ខ្ញុំមានអារម្មណ៍ថា ខ្ញុំនៅសល់ពេលកាន់តែតិច”។
នៅក្នុងការគិតអំពីពេលវេលាដែលកំពុងរួញខ្លីនេះ លោកប៊ីលីង ក៏បានយកបទគម្ពីរទំនុកដំកើង ជំពូក៣១ មកពិចារណា ដែលក្នុងនោះ ព្រះអម្ចាស់ក៏បានដាក់ស្តេចដាវីឌក្នុងកន្លែងដ៏ធំទូលាយ(ខ.៨)។ ស្តេចដាវីឌបានមានបន្ទូលអំពីខ្មាំងសត្រូវដែលបានធ្វើទុក្ខទោសមកលើទ្រង់ តែទន្ទឹមនឹងនោះ ទ្រង់ជ្រាបថា ព្រះអម្ចាស់គឺជាកន្លែងជ្រកកោន និងជាកន្លែងដែលមានសុវត្ថិភាព(ខ.២)។ តាមរយៈទំនុកដំកើងនេះ ស្តេចដាវីឌក៏បានថ្លែងអំពីទំនុកចិត្តដែលគាត់មានចំពោះព្រះអង្គ យ៉ាងដូចនេះថា “ឯថ្ងៃអាយុរបស់ទូលបង្គំ សុទ្ធតែនៅក្នុងព្រះហស្តទ្រង់”(ខ.១៥)។
លោកប៊ីលីង បានយកគំរូតាមស្តេចដាវីឌ ក្នុងការទុកដាក់សេចក្តីសង្ឃឹមរបស់គាត់ នៅក្នុងព្រះអម្ចាស់។ គាត់ជាទេវវិទូ ជាស្វាមី និងជាឪពុក ដែលនៅសល់ពេលខ្លីសម្រាប់រស់នៅ តែទោះជាយ៉ាងណាក៏ដោយ គាត់បានទទួលស្គាល់ថា គាត់កំពុងរស់នៅ ក្នុងទីធំទូលាយ។ តើហេតុអ្វី? ដោយសារព្រះទ្រង់មានជ័យជម្នះមកលើសេចក្តីស្លាប់ តាមរយៈការលះបង់របស់ព្រះគ្រីស្ទ នោះមានន័យថា យើងកំពុងជ្រកនៅក្នុងព្រះគ្រីស្ទ ជាកន្លែងជ្រកកោនដ៏ធំទូលាយបំផុត ជារៀងរហូត។ គឺដូចដែលគាត់បានពន្យល់ថា “តើមានអ្វីធំទូលាយជាង និងមានតម្លៃជាង ការរួមចំណែកនៅក្នុងព្រះជន្មរបស់ព្រះអង្គ តាមរយៈព្រះវិញ្ញាណបរិសុទ្ធ?”
យើងក៏អាចពោលទំនួញដូចគាត់ ហើយជ្រកកោនក្នុងព្រះ ដោយទូលសូមព្រះអង្គដឹកនាំជីវិតយើងជារៀងរាល់ថ្ងៃ(ខ.១,៣)។ យើងអាចទុកចិត្ត ដូចស្តេចដាវីឌផងដែរថា យើងកំពុងរស់នៅក្នុងទីកន្លែងជ្រកកោនដ៏ធំទូលាយ ជារៀងរហូត។—Amy Boucher Pye
តើការរស់នៅក្នុងកន្លែងធំទូលាយ មានអត្ថន័យយ៉ាងណា សម្រាប់អ្នក? តើអ្នកអាចទុកដាក់សេចក្តីសង្ឃឹមរបស់អ្នក នៅក្នុងព្រះអង្គនៅថ្ងៃនេះ យ៉ាងដូចម្តេចខ្លះ?
ឱព្រះវរបិតាដែលគង់នៅស្ថានសួគ៌ ព្រះអង្គបានអនុញ្ញាតឲ្យព្រះរាជបុត្រាព្រះអង្គ សុគតដើម្បីរំដោះទូលបង្គំឲ្យមានសេរីភាព រួចពីបាប។
ទូលបង្គំសូមអរព្រះគុណព្រះអង្គ សម្រាប់ការប្រទានអំណោយ ដែលជាកន្លែងជ្រកកោនដ៏ធំទូលាយក្នុងព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : និក្ខមនំ ៣៤-៣៥ និង ម៉ាថាយ ២២:២៣-៤៦
ល្ងាច

សូមឲ្យរាជ្យទ្រង់បានមកដល់(សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
February 4, 2025
«សូមឲ្យរាជ្យទ្រង់បានមកដល់» (លូកា ១១:២)។
នគរព្រះមានភាពខុសប្លែកគ្នាយ៉ាងខ្លាំងពីនគររបស់មនុស្សនៅផែនដី។ នគរទាំងឡាយនៅផែនដី ស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ្នកដឹកនាំ ដែលអំណាចរបស់ពួកគេមានកំណត់ ហើយនឹងមានការធ្លាក់ចុះ ដោយជៀសមិនរួច។ ប៉ុន្តែ នគរព្រះលើសពីនគរដែលមានក្នុងទឹកដីណាមួយ ឬស្ថិតក្នុងសម័យកាលណាមួយក្នុងប្រវត្តិសាស្ត្រ។ នគរព្រះអង្គមានលក្ខណៈសកល និងមានទំនាក់ទំនងផ្ទាល់ខ្លួន ហើយការគ្រប់គ្រងរបស់ព្រះអង្គ មកលើនគរនោះ ក៏ស្ថិតស្ថេរគ្រប់ជំនាន់ (ទំនុកតម្កើង ១៤៥:១៣)។
យើងត្រូវតែប្រកាន់ខ្ជាប់នូវសេចក្តីពិតទាំងនេះ ក្នុងគំនិតយើង ពេលយើងអធិស្ឋានថា «សូមរាជព្រះអង្គមកដល់»។ ពេលណាយើងអធិស្ឋានតាមគំរូព្រះយេស៊ូវយ៉ាងដូចនេះ រឿងមួយក្នុងចំណោមរឿងទាំងឡាយ ដែលយើងទូលសូមនោះគឺ សូមឲ្យការគ្រងរាជរបស់ព្រះអង្គ បានតាំងឡើងកាន់តែរឹងមាំឡើង ក្នុងចិត្ត និងជីវិតយើង។ គឺយើងអធិស្ឋានសូមឲ្យអ្នកដែលស្គាល់ព្រះគ្រីស្ទ បានរស់នៅដោយការចុះចូលការគ្រប់គ្រងរបស់ព្រះអង្គ កាន់តែខ្លាំងឡើងដោយអំណរ។
នេះជាទស្សនៈដែលមានការខុសប្លែកយ៉ាងខ្លាំង ពីទស្សនៈដែលយើងជួបប្រទះជារៀងរាល់ថ្ងៃ។ ភាគច្រើន សព្វថ្ងៃនេះ វប្បធម៌លោកខាងលិចលើកតម្កើងជោគជ័យផ្ទាល់ខ្លួន និងការជួយខ្លួនឯង។ គេលើកទឹកចិត្តយើងឲ្យជឿថា យើងជាអ្នកគ្រប់គ្រងជោគវាសនាខ្លួនឯង។ ប៉ុន្តែ ពេលណានគរព្រះចូលក្នុងជីវិតយើង ពេលយើងយាងព្រះយេស៊ូវចូលគង់នៅលើបល្ល័ង្កចិត្តយើង ការផ្លាស់ប្ដូរក៏បានកើតមាន។ យើងមិនមែនជាទាសកររបស់បាបទៀតទេ។ ក្សត្រដែលជាព្រះអាទិករគង់ក្នុងជីវិតយើង ហើយចាប់ផ្ដើមកែប្រែយើង ឲ្យដូចរូបអង្គព្រះរាជបុត្រាព្រះអង្គ (រ៉ូម ៨:២៩)។ ពេលណាយើងអធិស្ឋានដូចនេះ ព្រះវិញ្ញាណព្រះអង្គធ្វើការក្នុងជីវិតយើង ដោយតាំងរាជរបស់ព្រះអង្គ នៅលើផ្នែកទាំងអស់នៃជីវិតយើង។
ជាងនេះទៅទៀត ពេលណាយើងអធិស្ឋានថា «សូមឲ្យរាជ្យទ្រង់បានមកដល់» យើងក៏ទទួលស្គាល់ផងដែរថា ព្រះអង្គជាស្ដេចលើអស់ទាំងជាតិសាសន៍ ដោយព្រះអង្គគ្រប់គ្រងគ្រប់សម័យកាល។ ហោរា អេសាយ បានពិពណ៌នាថា ព្រះអម្ចាស់ «នឹងហួចហៅឲ្យមកពីចុងផែនដី នោះពួកខ្មាំងនឹងខំសង្វាតមកដោយប្រញាប់» (អេសាយ ៥:២៦)។ ព្រះអង្គជាក្សត្រ ដែលហៅប្រជាជាតិទាំងឡាយឲ្យមក ដូចយើងហៅសត្វឆ្កែរបស់យើង ឲ្យចូលក្នុងផ្ទះអញ្ចឹងដែរ។ ពេលព្រះអង្គហួចហៅ ពួកគេក៏បានរត់ចូលមកទទួលព្រះរាជបញ្ជាព្រះអង្គ។
យើងមិនចាំបាច់ត្រូវមានការភ័យខ្លាច ឬស្ថិតក្រោមការកៀបសង្កត់ ដោយសារការផ្លាស់ប្ដូរនៃការគ្រប់គ្រងនគរនៅផែនដីនោះទេ។ ផ្ទុយទៅវិញ យើងអាចអរសប្បាយក្នុងព្រះអម្ចាស់ជាក្សត្ររបស់យើង ដែលមានអំណាចគ្រប់គ្រងមកលើអ្វីៗទាំងអស់។
រាជព្រះអង្គមិនចេះចប់ឡើយ
ព្រះអង្គគ្រប់គ្រងផែនដី និងស្ថានសួគ៌
ព្រះយេស៊ូវជាម្ចាស់កូនសោនៃសេចក្តីស្លាប់ និងស្ថាននរក។
ចូរមានអំណរក្នុងចិត្តឡើង
ចូរលើកសម្លេងឡើង!
ចូរអរសប្បាយ ខ្ញុំសូមប្រាប់ម្តងទៀតថា ចូរអរសប្បាយ!1
ព្រះគម្ពីរសញ្ជឹងគិត៖ ទំនុកតម្កើង ២
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ អេសាយ ៣៧-៣៨ និងម៉ាកុស ៩:៣០-៥០
1លោក Charles Wesley, “Rejoice, the Lord Is King!” (ឆ្នាំ១៧៤៤)។