«សូមឲ្យរាជ្យទ្រង់បានមកដល់» (លូកា ១១:២)។
នគរព្រះមានភាពខុសប្លែកគ្នាយ៉ាងខ្លាំងពីនគររបស់មនុស្សនៅផែនដី។ នគរទាំងឡាយនៅផែនដី ស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ្នកដឹកនាំ ដែលអំណាចរបស់ពួកគេមានកំណត់ ហើយនឹងមានការធ្លាក់ចុះ ដោយជៀសមិនរួច។ ប៉ុន្តែ នគរព្រះលើសពីនគរដែលមានក្នុងទឹកដីណាមួយ ឬស្ថិតក្នុងសម័យកាលណាមួយក្នុងប្រវត្តិសាស្ត្រ។ នគរព្រះអង្គមានលក្ខណៈសកល និងមានទំនាក់ទំនងផ្ទាល់ខ្លួន ហើយការគ្រប់គ្រងរបស់ព្រះអង្គ មកលើនគរនោះ ក៏ស្ថិតស្ថេរគ្រប់ជំនាន់ (ទំនុកតម្កើង ១៤៥:១៣)។
យើងត្រូវតែប្រកាន់ខ្ជាប់នូវសេចក្តីពិតទាំងនេះ ក្នុងគំនិតយើង ពេលយើងអធិស្ឋានថា «សូមរាជព្រះអង្គមកដល់»។ ពេលណាយើងអធិស្ឋានតាមគំរូព្រះយេស៊ូវយ៉ាងដូចនេះ រឿងមួយក្នុងចំណោមរឿងទាំងឡាយ ដែលយើងទូលសូមនោះគឺ សូមឲ្យការគ្រងរាជរបស់ព្រះអង្គ បានតាំងឡើងកាន់តែរឹងមាំឡើង ក្នុងចិត្ត និងជីវិតយើង។ គឺយើងអធិស្ឋានសូមឲ្យអ្នកដែលស្គាល់ព្រះគ្រីស្ទ បានរស់នៅដោយការចុះចូលការគ្រប់គ្រងរបស់ព្រះអង្គ កាន់តែខ្លាំងឡើងដោយអំណរ។
នេះជាទស្សនៈដែលមានការខុសប្លែកយ៉ាងខ្លាំង ពីទស្សនៈដែលយើងជួបប្រទះជារៀងរាល់ថ្ងៃ។ ភាគច្រើន សព្វថ្ងៃនេះ វប្បធម៌លោកខាងលិចលើកតម្កើងជោគជ័យផ្ទាល់ខ្លួន និងការជួយខ្លួនឯង។ គេលើកទឹកចិត្តយើងឲ្យជឿថា យើងជាអ្នកគ្រប់គ្រងជោគវាសនាខ្លួនឯង។ ប៉ុន្តែ ពេលណានគរព្រះចូលក្នុងជីវិតយើង ពេលយើងយាងព្រះយេស៊ូវចូលគង់នៅលើបល្ល័ង្កចិត្តយើង ការផ្លាស់ប្ដូរក៏បានកើតមាន។ យើងមិនមែនជាទាសកររបស់បាបទៀតទេ។ ក្សត្រដែលជាព្រះអាទិករគង់ក្នុងជីវិតយើង ហើយចាប់ផ្ដើមកែប្រែយើង ឲ្យដូចរូបអង្គព្រះរាជបុត្រាព្រះអង្គ (រ៉ូម ៨:២៩)។ ពេលណាយើងអធិស្ឋានដូចនេះ ព្រះវិញ្ញាណព្រះអង្គធ្វើការក្នុងជីវិតយើង ដោយតាំងរាជរបស់ព្រះអង្គ នៅលើផ្នែកទាំងអស់នៃជីវិតយើង។
ជាងនេះទៅទៀត ពេលណាយើងអធិស្ឋានថា «សូមឲ្យរាជ្យទ្រង់បានមកដល់» យើងក៏ទទួលស្គាល់ផងដែរថា ព្រះអង្គជាស្ដេចលើអស់ទាំងជាតិសាសន៍ ដោយព្រះអង្គគ្រប់គ្រងគ្រប់សម័យកាល។ ហោរា អេសាយ បានពិពណ៌នាថា ព្រះអម្ចាស់ «នឹងហួចហៅឲ្យមកពីចុងផែនដី នោះពួកខ្មាំងនឹងខំសង្វាតមកដោយប្រញាប់» (អេសាយ ៥:២៦)។ ព្រះអង្គជាក្សត្រ ដែលហៅប្រជាជាតិទាំងឡាយឲ្យមក ដូចយើងហៅសត្វឆ្កែរបស់យើង ឲ្យចូលក្នុងផ្ទះអញ្ចឹងដែរ។ ពេលព្រះអង្គហួចហៅ ពួកគេក៏បានរត់ចូលមកទទួលព្រះរាជបញ្ជាព្រះអង្គ។
យើងមិនចាំបាច់ត្រូវមានការភ័យខ្លាច ឬស្ថិតក្រោមការកៀបសង្កត់ ដោយសារការផ្លាស់ប្ដូរនៃការគ្រប់គ្រងនគរនៅផែនដីនោះទេ។ ផ្ទុយទៅវិញ យើងអាចអរសប្បាយក្នុងព្រះអម្ចាស់ជាក្សត្ររបស់យើង ដែលមានអំណាចគ្រប់គ្រងមកលើអ្វីៗទាំងអស់។
រាជព្រះអង្គមិនចេះចប់ឡើយ
ព្រះអង្គគ្រប់គ្រងផែនដី និងស្ថានសួគ៌
ព្រះយេស៊ូវជាម្ចាស់កូនសោនៃសេចក្តីស្លាប់ និងស្ថាននរក។
ចូរមានអំណរក្នុងចិត្តឡើង
ចូរលើកសម្លេងឡើង!
ចូរអរសប្បាយ ខ្ញុំសូមប្រាប់ម្តងទៀតថា ចូរអរសប្បាយ!1
ព្រះគម្ពីរសញ្ជឹងគិត៖ ទំនុកតម្កើង ២
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ អេសាយ ៣៧-៣៨ និងម៉ាកុស ៩:៣០-៥០
1លោក Charles Wesley, “Rejoice, the Lord Is King!” (ឆ្នាំ១៧៤៤)។