«ទ្រង់បានលោះយើងរាល់គ្នា ដោយព្រះលោហិតទ្រង់ ចេញពីគ្រប់ទាំងពូជមនុស្ស គ្រប់ភាសា គ្រប់នគរ ហើយពីគ្រប់ទាំងសាសន៍ថ្វាយដល់ព្រះ ក៏តាំងយើងរាល់គ្នាឡើងជានគរ ហើយជាពួកសង្ឃ ថ្វាយដល់ព្រះនៃយើងរាល់គ្នាឲ្យយើងបានសោយរាជ្យលើផែនដី» (វិវរណៈ ៥:៩-១០)។
ខ្ញុំបានទៅរៀននៅមហាវិទ្យាល័យព្រះគម្ពីរជាមួយសិស្សជនជាតិវេលម្នាក់ឈ្មោះ ម៉ារី ហ្វ៊ីស័រ (Mary Fisher) ជាបេសកជនដែលត្រៀមខ្លួនធ្វើការជាបេសកជន។ កាលនោះ គាត់កំពុងរៀនភាសាសូណា ដើម្បីឲ្យគាត់អាចបង្រៀនព្រះបន្ទូលដល់កុមារនៅប្រទេសហ្ស៊ីមបាវេនៅទ្វីបអាហ្វ្រិក។ នៅពេលដែលគាត់បានទៅដល់ទីនោះមិនទាន់បានយូរប៉ុន្មានផង ពួកភេរវកម្មបានវាយលុកសាលារៀនដែលគាត់កំពុងបង្រៀន។ លោកស្រី មារី ក៏បានបាត់បង់ជីវិតក្នុងចំណោមគ្រូបង្រៀន និងកុមារជាច្រើននាក់ ក្នុងការវាយប្រហារនោះ1។ ទោះការស្លាប់របស់គាត់គឺជាសោកនាដកម្មក៏ដោយ ក៏ការរស់នៅរបស់គាត់បានធ្វើជាទីបន្ទាល់ អំពីក្តីអំណរដែលមិនអាចពិពណ៌នាបាន ដែលគាត់មានក្នុងការបម្រើព្រះ មិនគ្រាន់តែនៅលើផែនដីនេះ តែអស់កល្បជានិច្ច។
បទចម្រៀងរបស់ពួកចាស់ទុំដែលជួបជុំគ្នានៅក្បែរកូនចៀមក្នុងកណ្ឌគម្ពីរវិវរណៈ បានរំឭកយើងថា គោលបំណងនៃការសុគតរបស់ព្រះគ្រីស្ទ គឺដើម្បីឲ្យយើងបានទទួលការប្រោសលោះពីព្រះ។ ព្រះអង្គបានរំដោះយើងឲ្យរួចពីបាបដែលបានចងរឹតយើងជាប់ ដោយបានបង់ថ្លៃទិញយើងដោយព្រះលោហិត ដើម្បីឲ្យយើងបានរស់នៅថ្វាយព្រះអង្គ។ ការសរសើរតម្កើងរបស់យើង គឺសម្រាប់ព្រះអង្គ។ ការបម្រើរបស់យើងក៏សម្រាប់ព្រះអង្គ គឺមិនខុសពីកញ្ញា ម៉ារី ហ្វីស័រ ទេ។
អ្នកជឿព្រះក្នុងសតវត្សរ៍ទី១ បានឃើញបងប្អូនរួមជំនឿជាច្រើនត្រូវគេចាប់ខ្លួន ដោយសារជំនឿ។ ពេលនោះ ពួកគេបានព្យាយាមស្វែងយល់អត្ថន័យនៃជ័យជម្នះរបស់ព្រះគ្រីស្ទមកលើសេចក្តីស្លាប់ ជ័យជម្នះនៃការយាងឡើងទៅស្ថានសួគ៌វិញ និងការពិតនៃការយាងមកវិញរបស់ព្រះអង្គ។ ក្នុងពេលដែលគ្រីស្ទបរិស័ទទាំងនោះជួបទុក្ខលំបាក ពួកគេអាចរកឃើញការលើកទឹកចិត្តដោយនឹកចាំថា ទោះព្រះយេស៊ូវបានលោះយើងរួចពីបាបហើយ ក៏ព្រះអង្គនៅតែផ្ដោតទៅលើព្រះវរបិតាជានិច្ច។ បានសេចក្តីថា ព្រះអង្គបង់ថ្លៃទិញយើងថ្វាយព្រះវរបិតា។
តើមានវិធីអ្វីផ្សេងទៀត ដែលយើងអាចយល់អំពីសោកនាដកម្មរបស់បេសកជនរូបនោះ ឬបកស្រាយអំពីភាពវឹកវរដែលបានបង្ហាញនៅក្នុងការស្លាប់របស់គ្រីស្ទបរិស័ទដែលបានស្លាប់ដោយសារជំនឿ? យើងអាចយល់កាន់តែច្បាស់អំពីអត្ថន័យនៃការស្លាប់របស់កញ្ញា មារី ហ្វីស័រ តាមរយៈជីវប្រវត្តិចុងក្រោយរបស់គាត់។ ក្នុងនាមគាត់ជាអ្នកចម្រៀង និងអ្នកលេងហ្គីតា គាត់បានបង្រៀនក្មេងៗក្នុងថ្នាក់រៀនរបស់គាត់នូវបទចម្រៀងមួយបទ ផ្អែកទៅលើពាក្យពេចន៍ដែលសាវ័ក ប៉ុល បានសរសេរផ្ញើទៅពួកជំនុំនៅទីក្រុងភីលីពថា «ដ្បិតឯខ្ញុំ ដែលខ្ញុំរស់នៅ នោះគឺសម្រាប់ព្រះគ្រីស្ទទេ ហើយដែលស្លាប់ទៅនោះជាកំរៃវិញ» (ភីលីព ១:២១)2។ បទចម្រៀងរបស់គាត់បានពិពណ៌នាថា ការដើរតាមផ្លូវព្រះអង្គ និងតោងព្រះហស្តព្រះអង្គ គឺជាផ្លូវឆ្ពោះទៅរកសន្តិភាព និងក្តីអំណរ។
បទចម្រៀងនេះ មានន័យពេញលេញ ពេលដែលយើងនឹកចាំអំពីបទគម្ពីរវិវរណៈជំពូក៥ ដែលបានចែងថា ព្រះយេស៊ូវបានយាងទៅឈើឆ្កាង ដើម្បីទិញយើងថ្វាយព្រះ។ ហើយអ្វីដែលបានចែងក្នុងបទគម្ពីរវិវរណៈជំពូក៥ គឺជាការពិត ព្រោះបើយើងផុតដង្ហើមនៅក្នុងពេលធ្វើការថ្វាយព្រះអង្គ ទោះជីវិតយើងត្រូវជាន់ឈ្លី ដោយសារព្រះនាមព្រះអង្គក៏ពេលវេលា និងកម្លាំង និងជីវិតដែលយើងបានចំណាយ មិនអសារឥតការទាល់តែសោះឡើយ។ ព្រះអង្គបានលោះយើងឲ្យរួចពីបាប ដើម្បីឲ្យយើងបានសរសើរតម្កើងព្រះអង្គនៅថ្ងៃនេះ និងអរសប្បាយក្នុងព្រះអង្គអស់កល្បជានិច្ច។ ទោះអ្នកជួបរឿងអ្វីក៏ដោយនៅថ្ងៃនេះ ចូរដើរឆ្លងកាត់បញ្ហាទាំងនោះ ដោយភាពឆេះឆួល និងមានគោលបំណងដ៏ខ្ពស់បំផុត។
ព្រះគម្ពីរសញ្ជឹងគិត៖ ភីលីព ១:១២-១៨
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ និក្ខមនំ ៧-៨ និងម៉ាកុស ១៦
1https://www.nytimes.com/1978/06/25/archives/12-white-teachers-and-children-killed-by-guerrillasin- rhodesia.html. បានចូលប្រើនៅថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០២១។
2លោក J. White, “For Me to Live Is Christ” (ឆ្នាំ១៩៦៩)។