នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ក្តី​អំណរ​ដែល​កើត​ឡើង​ពី​ការ​ឲ្យ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

ក្តី​អំណរ​ដែល​កើត​ឡើង​ពី​ការ​ឲ្យ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

ដោយKatara Patton

February 26, 2025

កិច្ចការ ៩:៣៦-៤៣

មាន​សិស្ស​ស្រី​ម្នាក់​ឈ្មោះ តេប៊ីថា (ស្រាយ​ថា នាង​ក្តាន់) នាង​នោះ​បាន​ធ្វើ​គុណ ហើយ​ដាក់​ទាន​ជា​ច្រើន​។ កិច្ចការ ៩:៣៦

ក្នុង​ការ​ធ្វើ​ដំណើរ​តាម​យន្តហោះ​រយៈ​ពេល៥ម៉ោង ស្រ្តី​ម្នាក់​បាន​យក​ខ្សែ​អំបោះ​មក​អង្គុយ​ចាក់​អាវ​រងា​យ៉ាង​ញាប់ដៃ​។ ខណៈ​ពេល​ដែល​គាត់​ត្រឡប់​ម្ជុល​ចុះ​ឡើងៗ ក្នុង​ការ​ចាក់​អាវ​រងា​នោះ គាត់​បាន​សង្កេត​ឃើញ​ទារក​អាយុ៥ខែ​ម្នាក់ កំពុង​មើល​សកម្មភាព​របស់​គាត់ យ៉ាង​ជក់​ចិត្ត​។ បន្ទាប់មក គាត់​ក៏បាន​គិត​ឃើញថា គាត់​នឹង​ផ្អាក​ការ​ចាក់​អាវ​រងា​នោះ​មួយ​រយៈ​សិន ហើយ​ងាក​មក​ចាក់​មួក​តូច​មួយ​សម្រាប់​ទស្សនិកជន​ដ៏​តូច​ល្អិត​ម្នាក់​នោះ ដែល​បាន​ស្ញប់​ស្ញែង​ចំពោះ​សកម្មភាព​របស់​គាត់​។ ទោះជា​យ៉ាងណា​ក៏ដោយ គាត់​ក៏​បាន​ចាក់​មួក​នោះ​រួច​រាល់​ ក្នុងរយៈ​ពេល​ដែល​គាត់​សេសសល់ ក្នុង​ការ​ធ្វើ​ដំណើរ​តាម​យន្តហោះ​នោះ តែមួយ​ម៉ោង​ប៉ុណ្ណោះ​។ នៅ​ពេល​គាត់​ជូន​មួក​នោះ​ទៅ​ម្តាយ​របស់​ក្មេង​តូច ក្រុម​គ្រួសារ​ទាំងមូល​ក៏​បាន​ទទួល​យក​វា​ដោយ​ចិត្ត​រីករាយ ខណៈ​ពេល​ដែល​អ្នក​ដំណើរ​ដទៃ​ទៀត​បាន​ញញឹម ហើយ​ទះដៃ​អបអរ​។

អំណោយ​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល ច្រើនតែ​នាំមក​នូវ​ក្តី​អំណរ​ដល់​អ្នក​ទទួល​។ តាមរយៈ​អំណោយ​នោះ ម្ចាស់​អំណោយ​ក៏​អាច​បង្ហាញ​ឲ្យ​យើង​ឃើញ​សេចក្តី​សប្បុរស​របស់​ព្រះគ្រីស្ទ​ផង​ដែរ ទោះ​អំណោយ​នោះ​គឺជា​អ្វី​ដែល​យើង​ត្រូវ​ការ ឬ​គ្រាន់តែ​ចង់​បាន​ក៏ដោយ​។ ក្នុង​សម័យ​ពួក​ជំនុំ​ដំបូង នាង​តេប៊ីថា​មាន​ទីបន្ទាល់​ល្អ ដោយសារ​នាង​ចូល​ចិត្ត​ចែក​សំលៀក​បំពាក់ និង​តែងតែ​ធ្វើ​ការ​ល្អ និង​ជួយ​យក​អសារ​អ្នកក្រ(កិច្ចការ ៩:៣៦)។ នៅពេល​ដែល​នាង​លាចាក​លោក អស់អ្នក​ដែល​ទទួល​អំណោយ​របស់​នាង ក៏បាន​បង្ហាញ​សំលៀក​បំពាក់ ដែល​នាង​បាន​កាត់ដេរ​ឲ្យ​ពួកគេ(ខ.៣៩)។ ពួកគេ​បាន​ធ្វើ​បន្ទាល់​អំពី​សេចក្តី​សប្បុរស និង​អំពី​របៀប​ដែល​ព្រះ​បាន​ធ្វើ​ការ​ក្នុង​ជីវិត​របស់​ពួកគេ តាមរយៈ​នាង​។

ហេតុការណ៍​ដ៏​អស្ចារ្យ​បាន​កើត​ឡើង នៅពេល​ដែល​សាវ័ក​ពេត្រុស​បាន​អធិស្ឋាន​ប្រោស​នាង​តេប៊ីថា ឲ្យ​រស់​ឡើង​វិញ ដោយ​អំណាច​នៃ​ព្រះវិញ្ញាណបរិសុទ្ធ(ខ.៤០)។ អ្នក​ដែល​គោរព​ស្រឡាញ់​នាង​បាន​ឃើញ​ហេតុការណ៍​នេះ ពួក​គេ​មាន​ក្តី​អំណរ​យ៉ាង​ខ្លាំង ហើយ​មនុស្ស​ជា​ច្រើន​ក៏​បាន​ទទួល​ជឿ​ព្រះគ្រីស្ទ ដោយសារ​ការ​អស្ចារ្យ​នេះ(ខ.៤២)។

អំពើ​សប្បុរស​ធម៌​របស់​យើង​អាច​នាំមក​នូវ​ការ​ផ្លាស់​ប្តូរ​ដ៏​យូរ​អង្វែង និង​បាន​ធ្វើ​ជាទី​បន្ទាល់​ដ៏​មាន​អំណាច​។ ខណៈ​ពេល​ដែល​ព្រះ​ទ្រង់​ប្រទាន​ពរ​យើង យើង​អាច​ឆ្លៀត​ឱកាស​ឲ្យ​អំណោយ​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល ដល់​អ្នក​ដទៃ​នៅ​ថ្ងៃ​នេះ​។—Katara Patton

តើមាន​អំណោយ​អ្វី​ដែល​អ្នក​អាច​ឲ្យ​អ្នក​ដទៃ នៅ​ថ្ងៃ​នេះ? តើ​ការ​ទទួល​អំណោយ​ដ៏​សប្បុរស មានន័យ​យ៉ាងណា​ចំពោះ​អ្នក?

ឱ​ព្រះវរបិតា​ដែល​គង់នៅ​ស្ថាន​សួគ៌ សូម​ព្រះអង្គ​ក្រើន​រំឭក​ទូល​បង្គំ ឲ្យ​មាន​ចិត្ត​សប្បុរស​ចំពោះ​អ្នក​ដទៃ
ដោយ​ចែក​អំណោយ​ដ៏​មាន​តម្លៃ ដែល​មាន​ដូចជា​ការ​លើក​ទឹក​ចិត្ត និង​ការ​ចំណាយ​ពេល​ជាមួយ​ពួកគេ​ជាដើម​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ជន​គណនា ១៥-១៦ និង ម៉ាកុស ៦:១-២៩

ល្ងាច

Devotional illustration

ពាក្យ​សម្ដី​ដ៏​គ្រោះ​ថ្នាក់ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

February 26, 2025

«ហើយ​អណ្ដាត​ក៏​ជា​ភ្លើង​ដែរ គឺ​ជា​លោកីយ៍​ដ៏​ពេញ​ដោយ​សេចក្តី​ទុច្ចរិត ជា​គ្រឿង​រាប់​បញ្ចូល​ជា​១​នឹង​អវយវៈ​ឯ​ទៀត​របស់​យើង ជា​របស់​ដែល​ធ្វើ​ឲ្យ​រូប​កាយ​ទាំង​មូល​ស្មោកគ្រោក ក៏​បញ្ឆេះ​ទាំង​ផ្លូវ​ជីវិត​ផង ហើយ​ភ្លើង​ឆេះ​នោះ​មកពី​ស្ថាន​នរក​ដែរ...តែ​ឯ​អណ្ដាត​វិញ នោះ​គ្មាន​អ្នក​ណា​អាច​នឹង​ផ្សាំង​បាន​ឡើយ» (យ៉ាកុប ៣:៦, ៨)។

មាន​របស់​បី​យ៉ាង​ដែល​មិន​អាច​វិល​ត្រឡប់​មក​វិញ គឺ​ទឹក​មាត់​ដែល​ស្ដោះ​ទៅ​លើ​ដី​ ពាក្យ​សម្ដី​ដែល​និយាយ​ហួស​ហើយ និង​ឱកាស​ដែល​បាន​កន្លង​ផុត។ ពាក្យ​សម្ដី​ដែល​យើង​និយាយ​ហើយ មិន​អាច​លេប​វិញ​បាន​ទេ។ ជាង​នេះ​ទៅ​ទៀត នៅ​ថ្ងៃ​ជំនុំ​ជម្រះ ព្រះ​ទ្រង់​នឹង​ឲ្យ​យើង​ទទួល​ខុស​ត្រូវ​ចំពោះ​ពាក្យ​គ្រប់​ម៉ាត់​ដែល​យើង​បាន​និយាយ សូម្បី​តែ​ពាក្យ​ដែល​និយាយ​ដោយ​ឥត​បើ​គិត (ម៉ាថាយ ១២:៣៦)។ គឺ​ដូច​ដែល​ស្ដេច សាឡូម៉ូន បាន​មាន​បន្ទូល​ថា «អ្នក​ណា​ដែល​រវាំង​មាត់ នោះ​រមែង​រក្សា​ជីវិត​ខ្លួន តែ​អ្នក​ណា​ដែល​ហា​មាត់​ធំ នោះ​នឹង​ត្រូវ​វិនាស​ទៅ» (សុភាសិត ១៣:៣) ហើយ «ទោះ​ទាំង​សេចក្តី​ស្លាប់ ហើយ​នឹង​ជីវិត​ក៏​នៅ​ក្នុង​អំណាច​នៃ​អណ្ដាត​ដែរ» (១៨:២១)។ ពាក្យ​សម្ដី​របស់​យើង​អាច​លើក​ទឹក​ចិត្ត ធ្វើ​ឲ្យ​គេ​ចម្រើន​ឡើង និង​នាំ​ឲ្យ​មាន​ការ​ប្រោស​ឲ្យ​ជា​ផង​ដែរ។ ប៉ុន្តែ វា​ក៏​បណ្ដាល​ឲ្យ​មាន​ការ​ឈ្លោះ ការ​ប្រកែក​គ្នា និង​បង្ក​ការ​ខូច​ខាត។ ស្ដេច សាឡូម៉ូន ក៏​បាន​ធ្វើ​ការ​បក​ស្រាយ​ដោយ​ប្រើ​ពាក្យ​ប្រៀប​ប្រដូច​អំពី​ចរិត​​លក្ខណៈ​ជា​ច្រើន​របស់​ពាក្យ​សម្ដី​ដ៏​គ្រោះ​ថ្នាក់​នោះ។ ទ្រង់​ពិពណ៌នា​ថា ពាក្យ​សម្ដី​ដែល​និយាយ​ចេញ​មក​ដោយ​ឥត​បើ​គិត គឺ​ប្រៀប​ដូច​ជា «ចាក់​ដោយ​ដាវ» (១២:១៨)។ ជា​ញឹក​ញាប់ យើង​និយាយ​ចេញ​មក ដោយ​មិន​បាន​បង្ខាំង​មាត់​ខ្លួន​ឯង ហើយ​យើង​ក៏​បាន​ក្លាយ​ជា​មនុស្ស​ដែល «ឆ្លើយ​មុន​ដែល​បាន​ស្តាប់​រឿង» (១៨:១៣)។ «អ្នក​ណា​ដែល​និយាយ​ច្រើន នោះ​មិន​ខាន​នឹង​មាន​បាប​ឡើយ» (១០:១៩)។

អ្នក​ប្រហែល​ធ្លាប់​ឮ​គេ​និយាយ​ថា ដំបង និង​ថ្ម​អាច​ធ្វើ​ឲ្យ​ឆ្អឹង​យើង​បាក់​បាន តែ​ពាក្យ​សម្ដី​មិន​អាច​ធ្វើ​អ្វី​មក​លើ​យើង​បាន​ទេ។ ការ​និយាយ​ដូច​នេះ គឺ​ខុស​ទាំង​ស្រុង។ ស្នាម​ជាំ​អាច​បាត់​ទៅ​វិញ ហើយ​ស្លាក​ស្នាម​ក៏​អាច​ត្រូវ​គេ​បំភ្លេច។ ប៉ុន្តែ ពាក្យ​សម្ដី​ធ្វើ​ឲ្យ​ឈឺ​ចាប់​ដែល​បាន​និយាយ​ចេញ​មក​យើង និង​អំពី​យើង ច្រើន​តែ​នៅ​ជាប់​ក្នុង​ចិត្ត​យើង​បាន​យូរ​អង្វែង។ ជា​ការ​ពិត​ណាស់៖

ពាក្យ​សម្ដី​ឥត​បើ​គិត​អាច​នាំ​ឲ្យ​មាន​ការ​ប្រកែក​គ្នា

ពាក្យ​សម្ដី​ដ៏​ឃោរឃៅ​អាច​បំផ្លាញ​ជីវិត

ពាក្យ​សម្ដី​ដ៏​ជូរ​ល្វីង​អាច​នាំ​មក​នូវ​ការ​ស្អប់​គ្នា

ពាក្យ​សម្ដី​ដ៏​សាហាវ​អាច​វាយ​ប្រហារ និង​សម្លាប់។

យើង​អាច​ពិបាក​ប៉ាន់​ស្មាន​ថា មាន​មិត្តភាព​ប៉ុន្មាន​ដែល​បាន​បែក​បាក់ មាន​កេរ្តិ៍​ឈ្មោះ​ប៉ុន្មាន​ដែល​បាន​ខូច ឬ​មាន​សន្តិភាព​ប៉ុន្មាន​ដែល​ត្រូវ​បាន​បំផ្លាញ​ក្នុង​គ្រួសារ​ដោយ​សារ​ពាក្យ​សម្ដី​ដ៏​គ្រោះ​ថ្នាក់។

យោង​តាម​កណ្ឌ​គម្ពីរ​យ៉ាកុប ស្ថាន​នរក​គឺ​ជា​ប្រភព​នៃ​ភាព​សម្អប់ និង​ពាក្យ​សម្ដី​ដ៏​គ្រោះ​ថ្នាក់​ទាំង​នោះ។ ជា​ការ​ពិត​ណាស់ អណ្ដាត​របស់​យើង​គឺ​ជា «ភ្លើង» ហើយ «គ្មាន​មនុស្ស​ណា​ដែល​អាច​នឹង​ផ្សាំង» វា​បាន​ឡើយ បើ​មិន​បាន​ពឹង​អាង​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ទេ​នោះ។

សូម​អ្នក​ឈប់​បង្អង់ ហើយ​គិត​អំពី​ពាក្យ​សម្ដី​ជា​ច្រើន ដែល​អ្នក​បាន​ប្រើ ក្នុង​រយៈ​ពេល​២៤​ម៉ោង និង​អំពី​របៀប​ដែល​យើង​បាន​ប្រើ​ពាក្យ​សម្ដី​នោះ។ «ទោះ​ទាំង​សេចក្តី​ស្លាប់ ហើយ​នឹង​ជីវិត​ក៏​នៅ​ក្នុង​អំណាច​នៃ​អណ្ដាត» ដូច​នេះ តើ​ពាក្យ​សម្ដី​របស់​អ្នក​បាន​បង្ក​គ្រោះ​ថ្នាក់ និង​បំផ្លាញ​នរណា​ម្នាក់ តាម​បែប​ណា​មួយ​ទេ? នោះ​ជា​អំពើ​បាប​ដែល​អ្នក​ត្រូវ​ប្រែ​ចិត្ត ហើយ​ងាក​បែរ​ចេញ។ តើ​នោះ​ជា​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ នៅ​ចំពោះ​មុខ​ព្រះ និង​ចំពោះ​មុខ​មនុស្ស​ដែល​អ្នក​បាន​និយាយ​ពាក្យ​សម្ដី​នោះ​ឬ​ទេ?

ដូច​នេះ ចូរ​គិត​អំពី​ពាក្យ​សម្ដី​ដែល​អ្នក​អាច​និយាយ ក្នុង​ពេល​២៤​ម៉ោង​ខាង​មុខ។ តើ​អ្នក​អាច​ប្រើ​ពួក​វា​ដូច​ម្ដេច​ខ្លះ ដើម្បី​នាំ​មក​នូវ​ជីវិត? តើ​អ្នក​អាច​ពិចារណា​ដូច​ម្ដេច​ខ្លះ​អំពី​ព្រះ​អង្គ​ដែល «មិន​បាន​ធ្វើ​បាប​អ្វី​សោះ ក៏​មិន​ឃើញ​មាន​កិច្ចកល​អ្វី​នៅ​ព្រះ​ឱស្ឋ​ទ្រង់​ឡើយ កាល​គេ​បាន​ជេរ​ប្រមាថ​ដល់​ទ្រង់ នោះ​ទ្រង់​មិន​បាន​ជេរ​តប​វិញ​ទេ...ទ្រង់​បាន​ផ្ទុក​អំពើ​បាប​របស់​យើង​រាល់​គ្នា​នៅ​លើ​រូប​អង្គ​ទ្រង់​ជាប់​លើ​ឈើ​ឆ្កាង ដើម្បី​ឲ្យ​យើង​បាន​រស់​ខាង​ឯ​សេចក្តី​សុចរិត ដោយ​បាន​ស្លាប់​ខាង​ឯ​អំពើ​បាប​ហើយ» (១ពេត្រុស ២:២២-២៤)។

ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ យ៉ាកុប ៣:២-១២

គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ និក្ខមនំ ២៥-២៦ និង​២ថែស្សាឡូនិច ៣

ប្រភេទ