នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ការ​ឆ្លើយតប ចំពោះ​សេចក្តី​សប្បុរស (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

ការ​ឆ្លើយតប ចំពោះ​សេចក្តី​សប្បុរស (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

ដោយMonica Larose

February 25, 2025

លូកា ៦:៣១-៣៨

ចូរ​ឲ្យ​ទៅ​គេ នោះ​នឹង​បាន​មក​អ្នក​ដែរ​។ លូកា ៦:៣៨

កាលលីឌា(Lydia) បាន​ទទួល​អំណោយ​ជា​ទឹក​ប្រាក់១ម៉ឺន​ដុល្លា ពី​សប្បុរសជន​ដែល​មិន​បាន​បញ្ចេញ​ឈ្មោះ នាង​ក៏​បាន​យក​ប្រាក់​នោះ​ទៅ​ចំណាយ​តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ​សម្រាប់​ខ្លួនឯង​។ ផ្ទុយ​ទៅវិញ នាង​បាន​ឲ្យ​អំណោយ​សប្បុរស​ធម៌​ដល់​មិត្ត​រួម​ការងារ ក្រុម​គ្រួសារ ជន​​រង​គ្រោះ​ដោយសារ​ទឹក​ជំនន់ និង​អង្គការ​មនុស្ស​ធម៌​។ លីឌា​មិន​បាន​ដឹង​ថា ហេតុ​អ្វី​គេ​ឲ្យ​អំណោយ​ច្រើន​យ៉ាង​នេះ​មក​នាង​ទេ​។ តាម​ពិត ការ​ឲ្យ​អំណោយ​នេះ គឺជា​ផ្នែក​មួយ​នៃ​ការ​សិក្សា អំពី​របៀប​ដែល​មនុស្ស២រយ​នាក់​បាន​ឆ្លើយតប ចំពោះ​អំណោយ​ឥត​សំណង១ម៉ឺន​ដុល្លា ដែលគេ​បាន​ផ្តល់​ឲ្យ​តាមរយៈ​ការ​ផ្ទេរ​ប្រាក់​តាម​ធនាគារ​។ ការ​សិក្សា​នេះ​បាន​រក​ឃើញថា អ្នក​ទទួល​អំណោយ​ទាំង​នោះ បាន​ចែករំលែក​ជាង២ភាគ៣នៃ​អំណោយ​ជា​ទឹក​ប្រាក់​នេះ ធ្វើ​ជា​អំណោយ​ដល់​អ្នក​ដទៃ​។ លោក​គ្រីស អ៊ែនឌ័រសិន(Chris Anderson) ជា​ប្រធាន​អង្គការ​ប្រព័ន្ធ​ផ្សព្វផ្សាយTED ដែល​មិន​រក​ប្រាក់​ចំណេញ បាន​ធ្វើ​ការ​សន្និដ្ឋាន​ថា “តាម​ពិត ... មនុស្ស​ជាតិ​មាន​និស្ស័យ​ពី​កំណើត​មក ដែល​ចូល​ចិត្ត​ឆ្លើយតប​ចំពោះ​អំពើ​សប្បុរស​ធម៌ ដោយ​អំពើ​សប្បុរស​ធម៌”។

ក្នុង​ព្រះ​គម្ពីរប៊ីប យើង​ឃើញថា ពេលណា​មនុស្ស​រស់នៅ​ដោយ​ចិត្ត​សប្បុរស គឺ​ពួកគេ​កំពុង​ឆ្លុះ​បញ្ចាំង​អំពី​ព្រះទ័យ​របស់​ព្រះ ដែល​បាន​បង្កើត​ពួក​គេ​មក​។ ព្រះ​ទ្រង់​មាន​ព្រះទ័យ​សប្បុរស និង​មេត្តា មិន​គ្រាន់តែ​ចំពោះ​អ្នក​ខ្លះ តែ​ក៏​ចំពោះ​មនុស្ស​ទាំង​អស់ សូម្បីតែ “មនុស្ស​រមិល​គុណ និង​មនុស្ស​អាក្រក់”ក៏ដោយ(លូកា ៦:៣៥)។ ដូច​នេះ ព្រះយេស៊ូវ​បាន​បង្គាប់​អ្នក​ដែល​មាន​ចិត្ត​ចង់​បង្ហាញ​ឲ្យ​គេ​ស្គាល់​ចារិត​លក្ខណៈ​របស់​ព្រះ ឲ្យ “ស្រឡាញ់”ខ្មាំង​សត្រូវ “ធ្វើ​ការ​ល្អ​ទៅ​កាន់” ពួកគេ និង “ឲ្យ​គេ​ខ្ចី” ដោយ​មិន​រំពឹង​ថា​នឹង​បាន​អ្វី​មកវិញ(ខ.៣២-៣៥)។

ពេលណា​យើង​ឲ្យ​អ្វី​ដល់​គេ ដោយ​មិន​សង្ឃឹមថា នឹង​បាន​អ្វី​មកវិញ យើង​នឹង​បាន​ដឹង​ថា អំពើ​សប្បុរស​ធម៌​ដូច​នេះ នឹង​មិន​ធ្វើ​ឲ្យ​យើង​ខាត​បង់​អ្វី​ទេ​។ ព្រះយេស៊ូវ​ក៏​បាន​ចង្អុល​បង្ហាញ​ផង​ដែរ​ថា “ចូរ​ឲ្យ​ទៅ​គេ នោះ​នឹង​បាន​មក​អ្នក​ដែរ ...ដ្បិត​គេ​នឹង​វាល់​ឲ្យ​អ្នក តាម​រង្វាល់​ណា​ដែល​អ្នក​វាល់​ឲ្យ​គេ”(ខ.៣៨)។ ពេលណា​យើង​ឆ្លើយតប ចំពោះ​សេចក្តី​សប្បុរស​របស់​ព្រះ ដោយ​រស់នៅ​មាន​ចិត្ត​សប្បុរស យើង​នឹង​បាន​ដឹង​ថា ព្រះអង្គ​ក៏​នឹង​ប្រទាន​ពរ​យើង​ជា​បរិបូរ ទាំង​ខាង​ផ្លូវ​កាយ ផ្លូវ​វិញ្ញាណ និង​ផ្លូវ​ចិត្ត​។—Monica La Rose

តើ​អ្នក​បាន​រក​ឃើញ​ក្តី​អំណរ​តាមរយៈ​ការ​ឲ្យ យ៉ាង​ដូច​ម្តេច​ខ្លះ? តើ​ការ​ដែល​អ្នក​ដទៃ​ឲ្យ​អ្វី​ដល់​អ្នក បាន​ជួយ​ឲ្យ​ជីវិត​អ្នក​មាន​ការ​ចម្រើន​ឡើង​ដូច​ម្តេច​ខ្លះ?

ឱ​ព្រះ​ប្រកបដោយ​ព្រះគុណ ទូល​បង្គំ​សូម​អរ​ព្រះគុណ​ព្រះអង្គ សម្រាប់​ការ​ប្រទាន​ក្តី​អំណរ នៅ​ក្នុង​ការ​ឲ្យ​។

For further study, read The Benefits of Generosity at DiscoverODB.org.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ជន​គណនា ១២-១៤ និង ម៉ាកុស ៥:២១-៤៣

ល្ងាច

Devotional illustration

ខិតខំ​រត់​កាន់​តែ​ខ្លាំង (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

February 25, 2025

«តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬអី​ថា ពួក​អ្នក​ដែល​រត់​នៅ​ទី​ប្រណាំង គេ​រត់​ទាំង​អស់​គ្នា ប៉ុន្តែ​មាន​តែ​១ទេ​ដែល​បាន​រង្វាន់? ដូច្នេះ ចូរ​រត់​បែប​ឲ្យ​បាន​រង្វាន់​ចុះ ហើយ​អស់​អ្នក​ដែល​ត​យុទ្ធ​គ្នា គេ​ខំអត់​សង្កត់​ចិត្ត​គ្រប់​ជំពូក គឺ​ធ្វើ​ដូច្នោះ ដើម្បី​ឲ្យ​បាន​តែ​ភួង​ជ័យ​ដែល​ត្រូវ​ពុក​រលួយ តែ​យើង​រាល់​គ្នា​វិញ គឺ​ឲ្យ​បាន​មកុដ១ ដែល​មិន​ចេះ​ពុក​រលួយ​ឡើយ បាន​ជា​ខ្ញុំ​ខំ​រត់​យ៉ាង​ដូច្នោះ មិន​មែន​បែប​ដូច​ជា​មិន​ស្គាល់​ផ្លូវ​ទេ» (១កូរិនថូស ៩:២៤-២៦)។

ការ​ប្រកួត​កីឡា មាន​សារៈ​សំខាន់​ណាស់​ក្នុង​វប្បធម៌​ជនជាតិ​ក្រិក ហើយ​បាន​សាយភាយ​ដល់​ភាគ​ខាង​កើត​នៃ​ចក្រភព​រ៉ូម៉ាំង​ក្នុង​គ្រា​សញ្ញា​ថ្មី។ អ្នក​និពន្ធ​ម្នាក់​បាន​និយាយ​ដោយ​សង្ខេប អំពី​ទីក្រុង​កូរិនថូស​ថា ជា​ទី​ក្រុង​ដែល​ប្រជាជន​ទាម​ទារ​តែ​របស់​សំខាន់​ពីរ​យ៉ាង​ប៉ុណ្ណោះ​គឺ នំ​ប៉័ង និង​ការ​ប្រកួត​កីឡា1

ការ​ប្រកួត​តូចៗ​ប្រចាំ​តំបន់ ផ្តល់​ឲ្យ​នូវ​រង្វាន់​ជា​ច្រើន​ប្រភេទ តែ​ក្នុង​ការ​ប្រកួត​ធំៗ មាន​រង្វាន់​តែ​មួយ​ប៉ុណ្ណោះ​សម្រាប់​អ្នក​ឈ្នះ ដែល​ច្រើន​តែ​ជា មកុដ​ធ្វើ​ពី​ស្លឹក​ឈើ។ អ្នក​ប្រកួត​ចំណាយ​ពេល​ជា​ច្រើន​ខែ​ឆ្នាំ​នៃ​ជីវិត​របស់​ពួក​គេ ដើម្បី​កាត់​ផ្តាច់​ខ្លួន​ចេញ​ពី​ការ​សប្បាយ​ផ្សេងៗ ដែល​មាន​ដូច​ជា​ទំនាក់​ទំនង ចំណី​អាហារ និង​ការ​ដេញ​តាម​ការ​សប្បាយ​គ្រប់​យ៉ាង ដែល​អាច​ធ្វើ​ឲ្យ​ពួក​គេ​បាត់​បង់​សមត្ថភាព​យក​ជ័យ​ជម្នះ ពោល​គឺ​ដើម្បី​ផ្ដោត​ចិត្ត​ទៅ​លើ​មកុដ​មួយ​ធ្វើ​ពី​ស្លឹក​ឈើ។ សាវ័ក ប៉ុល ក៏​បាន​និយាយ​ប្រៀប​ធៀប​នឹង​រឿង​នេះ ដើម្បី​លើក​ទឹក​ចិត្ត​អ្នក​ជឿ​ព្រះ​ឲ្យ​រស់​នៅ ដោយ​ភ្នែក​ផ្ដោត​ទៅ​រក​រង្វាន់​ដ៏​អស់​កល្ប​ដែល​ជា​ការ​ថ្វាយ​សិរី​ល្អ​ដល់​ព្រះ​គ្រីស្ទ និង​មាន​ការ​រួប​រួម​ជា​មួយ​ព្រះ​អង្គ។

ក្នុង​ការ​ប្រកួត​ឆ្លង​ខេត្ត​របស់​ក្រុម​កីឡាករ​ប្រចាំ​សាលា​រៀន ការ​ប្រកួត​ដែល​មាន​កីឡាករ​ជា​ច្រើន​ចូល​រួម​ពី​ដំបូង មិន​យូរ​ប៉ុន្មាន ក៏​បាន​ប្រែ​ក្លាយ​ជា​៣​ក្រុម ដូចជា ក្រុម​តូច​ជាងគេ​ដែល​ប្រកួត​ដើម្បី​ឲ្យ​បាន​មេដាយ​មាស និង​ក្រុម​ធំជាង​គេ​ដែល​រត់​នៅ​កណ្ដាល​ដែល​ទោះ​មិន​ឈ្នះ​បាន​មេដាយ​មាស​ក៏​មិន​អី ហើយ​ក្រុម​ដែល​រត់​ក្រោយ​គេ​គឺ​ប្រៀប​ដូច​ជា វិញ្ញាណ​ដែល​សង្ស័យ មាន​ការ​រំខាន និង​មាន​ការ​ខក​ចិត្ត។ ពាក្យ «រត់» ដែល​សាវ័ក ប៉ុល បាន​ប្រើ​ក្នុង​ខ​នេះ គឺ​សំដៅ​ទៅ​លើ​ការ​រត់​ប្រណាំង មិន​មែន​ដោយ​ភាព​ខ្ជិល​ច្រអូស ទៅ​មុខ​ដោយ​គ្មាន​គោល​ដៅ និង​គ្មាន​ភាព​ឆេះ​ឆួល​នោះ​ទេ តែ​ដើម្បី​ឲ្យ​បាន​ឈ្នះ​មេដាយ​មាស។

ក្នុង​នាម​យើង​ជា​គ្រីស្ទាន យើង​ត្រូវ​និយាយ​ថា ទេ​ចំពោះ​ការ​រត់​ដោយ​គ្មាន​គោល​ដៅ។ យើង​ត្រូវ​រត់​ឲ្យ​បាន​មេដាយ​មាស។ ការ​រស់​នៅ​ដោយ​ចិត្ត​ផ្ដោត​ទៅ​លើ​រង្វាន់​តម្រូវ​ឲ្យ​មាន​ការ​លះបង់ ជា​ពិសេស​លះបង់​បំណង​ចិត្ត ដែល​ខុស​នឹង​បំណង​ព្រះ​ទ័យ​ព្រះ។ ពាក្យ «អ្នក​ដែល​ត​យុទ្ធ​គ្នា» ក្នុង​ខ.២៥ គឺ​ជា​ពាក្យ​បក​ប្រែ​ចេញ​ពី​ពាក្យ agonizomenos ជា​ភាសាក្រិក ដែល​ជា​ឫស​របស់​ពាក្យ «ការ​ឈឺ​ចាប់»។ ដើម្បី​ធ្វើ​ជា​កីឡាករ យើង​មិន​ជ្រើស​រើស​យក​ភាព​សុខ​ស្រួល​នោះ​ទេ។ ដើម្បី​រស់នៅ​ជា​គ្រីស្ទ​បរិស័ទ យើង​ក៏​មិន​ជ្រើស​រើស​យក​ភាព​សុខ​ស្រួល​ដែរ។ តើ​យើង​បាន​ត្រៀម​ខ្លួន​ឈឺ​ចាប់ និង​ធ្វើ​ការ​លះ​បង់​ថ្វាយ​ព្រះ​គ្រីស្ទ​ហើយ​ឬ​នៅ ដោយ​ដឹង​ថា ទាល់​តែ​មាន​ការ​លះបង់ ទើប​យើង​អាច​ដក​ពិសោធន៍​នឹង​ក្តី​អំណរ​នៃ​ការ​ឈ្នះ​បាន​រង្វាន់​សម្រាប់​ការ​រស់​នៅ​បាន​ល្អ​ថ្វាយ​ព្រះ​អង្គ?

ប៉ុន្តែ តើ​យើង​ត្រូវ​ធ្វើ​ការ​លះបង់ ឬ​រត់​ដោយ​មាន​ការ​ផ្ដោត​ចិត្ត​ដូច​នេះ​ដោយ​របៀប​ណា? យើង​មិន​អាច​ធ្វើ​បាន​ដោយ​ពឹង​អាង​កម្លាំង និង​ភាព​សុចរិត​របស់​ខ្លួន​ឯង​បាន​ទេ។ ការ​ពឹង​អាង​ដូច​នេះ ជា​វិញ្ញាណ និង​ការ​ធ្វើ​តាម​សាសនា​ក្លែងក្លាយ។ ការ​រួបរួម​របស់​យើង​ជា​មួយ​ព្រះ​គ្រីស្ទ មិន​គ្រាន់​តែ​ផ្តល់​ឲ្យ​នូវ​កម្លាំង និង​សក្ដានុពល​សម្រាប់​ការ​ផ្លាស់​ប្ដូរ​នេះ​ប៉ុណ្ណោះ​ទេ។

ព្រះ​យេស៊ូវ​បាន​ធ្វើ​ជា​គំរូ​នៃ​ការ​ស្ម័គ្រ​ព្រះ​ទ័យ​លះបង់ ដោយ​ការ​សន្យា​ប្រទាន​រង្វាន់​ដ៏​អស់​កល្ប (ហេព្រើរ ១២:២)។ ពេល​ណា​ព្រះ​អង្គ​ជួយ​ចិត្ត និង​ការ​រស់​នៅ​របស់​យើង យើង​នឹង​អាច​ចេញ​ទៅ​រត់​ប្រណាំង​ថ្វាយ​ព្រះ​អង្គ និង​ដើរ​តាម​ព្រះ​អង្គ​ដោយ​ក្តី​អំណរ​ដែល​គ្មាន​ដែន​កំណត់។

ពេល​គេ​សួរ​លោក អេរិក លីឌែល (Eric Liddell) ដែល​ជា​កីឡាករ​អូឡាំពិក​ស្កត់ឡិន​ដ៏​ល្បី​ល្បាញ និង​ជា​បេសកជន អំពី​ផែន​ការ​នៃ​ការ​រត់​ប្រណាំង​របស់​គាត់​ដែល​បាន​នាំ​ឲ្យ​គាត់​ទទួល​បាន​មេដាយ​មាស ក្នុង​ការ​រត់​ប្រណាំង​អូឡាំពិក​ចម្ងាយ​៤០០​ម៉ែត្រ គាត់​ក៏​បាន​ឆ្លើយ​ថា «ខ្ញុំ​បាន​រត់​ចម្ងាយ​២០០​ម៉ែត្រ​ដំបូង អស់​ពី​សមត្ថភាព។ បន្ទាប់​មក ក្នុង​ចម្ងាយ​២០០​ម៉ែត្រ​ទៀត ខ្ញុំ​ខិតខំ​រត់​កាន់​តែ​ខ្លាំង​ដោយ​ជំនួយ​មក​ពី​ព្រះ​អង្គ»។ ដូច​នេះ​នៅ​ថ្ងៃ​នេះ ចូរ​យើង​កុំ​រត់​ដោយ​គ្មាន​គោល​ដៅ ឬ​ដោយ​ភាព​ខ្ជិល​ច្រអូស តែ​រត់​កាន់​តែ​ខ្លាំង ដោយ​ជំនួយ​មក​ពី​ព្រះ​អង្គ ដើម្បី​ឲ្យ​បាន​មេដាយ​មាស ដើម្បី​ថ្វាយ​សិរី​ល្អ​ដល់​ព្រះ​អង្គ។

ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ ហេព្រើរ ១២:១-៣

គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ និក្ខមនំ ២៣-២៤ និង​២ថែស្សាឡូនិច ២

1លោក Erich Sauer, In the Arena of Faith: A Call to the Consecrated Life (Eerdmans, ឆ្នាំ១៩៦៦), ទំព័រ ៣០។

ប្រភេទ