នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ឥន្ទធនូ​និង​ព្រះបន្ទូល​សន្យា​របស់​ព្រះអង្គ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

ឥន្ទធនូ​និង​ព្រះបន្ទូល​សន្យា​របស់​ព្រះអង្គ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

ដោយBren thackett

February 24, 2025

លោកុប្បត្តិ ៩:៨-១៧

គឺ​អញ​ដាក់​ធ្នូ​របស់​អញ​នៅ​នា​ពពក នោះ​ហើយ​ជាទី​សំ​គាល់​នៃ​សេចក្តី​សញ្ញា ដែល​អញ​តាំង​នឹង​ផែនដី​។ លោកុប្បត្តិ ៩:១៣

ខណៈ​ពេល​ដែល​ខ្ញុំ​ឈរ​មើល​ទិដ្ឋភាព​ដ៏​អស្ចារ្យ​នៃ​ទឹក​ជ្រោះ​ណៃអាហ្ការ៉ា ខ្ញុំ​បាន​កត់​សំគាល់​ឃើញថា ភ្ញៀវ​ទេសចរណ៍​ដទៃ​មួយ​ចំនួន​បាន​ចាប់​ផ្តើម​ថតរូប​ភ្លាមៗ​។ ពេល​ខ្ញុំ​មើលទៅ​តាម​ទិសដៅ ដែល​ពួកគេ​កំពុង​ថតរូប​នោះ ខ្ញុំ​ក៏បាន​ឃើញ​ឥន្ទធនូ​លេច​ឡើង មាន​រាងកោង​នៅ​លើ​ទន្លេ​នៅ​​ក្រោម​ទឹក​ជ្រោះ​។ ឥន្ទធនូ​នោះ​ហាក់​ដូចជា​ចាប់​ផ្តើម​ចេញ​ពី​បាត​ទឹក​ជ្រោះ​មួយ​ជាន់ ហើយ​បញ្ចប់​នៅ​បាត​ទឹក​ជ្រោះ​មួយ​ជាន់​ទៀត​។

តាម​ពិត ឥន្ទធនូ​មិន​មាន​ចំណុច​ចាប់​ផ្តើម និង​ចំណុច​បញ្ចប់​ទេ​។ ឥន្ទធនូ​មាន​រូបរាង្គ​មូល​ជា​រង្វង់​ពេញ​។ ខ្ញុំ​ធ្លាប់​ឃើញ​ឥន្ទធនូ​មាន​រូបរាង្គ​ជា​រង្វង់​តែ​មួយ​ដង​គត់ កាល​ខ្ញុំ​មើលទៅ​ក្រៅ​តាម​បង្អួច​យន្តហោះ ចំ​ទិសដៅ​របស់​ថ្ងៃរះ ឃើញ​ឥន្ទធនូ​មាន​រូបរាង្គ​ជា​រង្វង់ ពី​ចម្ងាយ នៅ​ពី​លើ​ពពក​។ ខ្ញុំ​ក៏បាន​អង្គុយ​មើល​ឥន្ទធនូ​នោះ​យ៉ាង​ជក់​ចិត្ត ទាល់តែ​យន្ត​ហោះ​បត់​ទៅតាម​ទិសដៅ​ផ្សេង ហើយ​ខ្ញុំ​មិន​អាច​មើល​ឃើញ​វា​ទៀត​។

ពេល​ខ្ញុំ​បាន​ឃើញ​ឥន្ទធនូ​នោះ ខ្ញុំ​ក៏បាន​គិត​អំពី​សេចក្តី​ពិត​ដែល​ថា ព្រះ​ទ្រង់​គ្មាន​ដើម​កំណើត ហើយ​ក៏​គ្មាន​ទី​បញ្ចប់ ហើយ​ព្រះអង្គ​បាន​បង្ហាញ​ព្រះបន្ទូល​សន្យា​ដល់​យើង ទោះ​យើង​នៅ​កន្លែងណា​ក៏ដោយ​។ ព្រះ​នៃ​យើង​ដែល​គ្មាន​ទី​បញ្ចប់ និង​អស់​កល្ប​ជានិច្ច បាន”ដាក់​ធ្នូ” របស់​ព្រះ​អង្គ​នៅ​នា​ពពក (លោកុប្បត្តិ ៩:១៣) ដើម្បី​សន្យា​ថា ព្រះអង្គ​​មិន​ជំនុំជម្រះ​ផែនដី ដោយ​ប្រើ​ទឹក​ជំនន់​ឲ្យ​ជន់​លិច​ផែនដី​ទាំងមូល​ទៀត​ទេ (ខ.១៥)។ សព្វថ្ងៃ​នេះ ព្រះអាទិករ​នៃ​យើង​បាន​ប្រទាន​ការ​ក្រើន​រំឭក​អំពី​ព្រះបន្ទូល​សន្យា​នេះ ដល់​យើង​ជា​ស្នា​ព្រះ​ហស្ត​ព្រះអង្គ(ខ.១៣-១៦)។

កណ្ឌ​គម្ពីរ​អេសាយ ៤០:២៨ បាន​ចែងថា “ព្រះ​ដ៏​គង់នៅ​អស់​កល្ប​ជានិច្ច គឺ​ព្រះយេហូវ៉ា ជា​ព្រះ​ដែល​បាន​បង្កើត​ផែនដី រហូត​ដល់​ចុង​បំផុត ទ្រង់​មិន​ដែល​ល្វើយ​ឡើយ ក៏​មិន​ដែល​អស់​កំឡាំង​ផង គ្មាន​អ្នកណា​អាច​ស្ទង់​យល់​យោបល់​របស់​ទ្រង់​បានទេ”។ នេះ​ជា​សេចក្តី​ប្រកាស​ដ៏​អស្ចារ្យ​។ ទោះ​យើង​ចំណាយ​ពេល​អស់​កល្ប​ជានិច្ច ដើម្បី​ស្វែង​យល់​អំពី​ព្រះ​ដែល​រក្សា​សេចក្តី​សន្យា​ក៏ដោយ ក៏​យើង​នៅតែ​មិន​អាច​យល់​ដល់​ជម្រៅ​ជ្រៅ​បំផុត​នៃ​ប្រាជ្ញា​របស់​ព្រះអង្គ​បាន​ឡើយ​។—Brent Hackett

តើ​អ្នក​គិត​អំពី​ចារិត​លក្ខណៈ​មួយ​ណា​របស់​ព្រះ នៅពេល​ដែល​អ្នក​មើល​ឃើញ​ឥន្ទធនូ? តើ​ព្រះបន្ទូល​សន្យា​របស់​ព្រះអង្គ​បាន​លើក​ទឹក​ចិត្ត​អ្នក​យ៉ាងណា​ខ្លះ?

ឱ​ព្រះវរបិតា ទូល​បង្គំ​សូម​អរ​ព្រះគុណ​ព្រះអង្គ សម្រាប់​ការ​បង្កើត​ឥន្ទធនូ​មក និង​បើក​បង្ហាញ​ឥន្ទធនូ​ដល់​យើង​ខ្ញុំ ជា​ការ​បញ្ជាក់ អំពី​ព្រះបន្ទូល​សន្យា​ចំពោះ​ទូល​បង្គំ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ជន​គណនា ៩-១១ និង ម៉ាកុស ៥:១-២០

ល្ងាច

Devotional illustration

ក្តី​សង្ឃឹម នៅ​ក្នុង​ការ​រង់​ចាំ​ដ៏​ស្ងប់​ស្ងាត់ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

February 24, 2025

«មើល អញ​ចាត់​ទូត​អញ​ឲ្យ​ទៅ គាត់​នឹង​រៀប​ចំ​ផ្លូវ​នៅ​មុខ​អញ ហើយ​ព្រះ​អម្ចាស់​ដែល​ឯង​រាល់​គ្នា​ស្វែង​រក​នោះ ទ្រង់​នឹង​លោ​តែ​មក​ដល់​ព្រះ​វិហារ​របស់​ទ្រង់​ភ្លាម ឯ​ទូត​ដែល​នាំ​សេចក្តី​សញ្ញា​មក ជា​សេចក្តី​សញ្ញា​ដែល​ឯង​រាល់​គ្នា​ចង់​បាន​ទាំង​ម៉្លេះ​នោះ មើលន៏ ទ្រង់​យាង​មក នេះ​ជា​ព្រះ​បន្ទូល​របស់​ព្រះ​យេហូវ៉ា​នៃ​ពួក​ពល​បរិវារ» (ម៉ាឡាគី ៣:‌១)។

រាស្ត្រ​របស់​ព្រះ គឺ​ជា​រាស្ត្រ​ដែល​កំពុង​រង់​ចាំ។

បន្ទាប់​ពី​រាស្ត្រ​របស់​ព្រះ​វិល​ត្រឡប់​មក​ពី​ការ​និរទេស​ចូល​ចក្រភព​បាប៊ីឡូន «ហោរា​តូច» ដែល​មាន​ដូច​ជា​ហោរា ហាកាយ សា​ការី និង​ម៉ាឡាគី បាន​នាំ​ព្រះ​បន្ទូល​ព្រះ​អម្ចាស់ មក​ថ្លែង​ដល់​ពួក​គេ។ ព្រះ​រាជសារ​ដែល​ពួក​គេ​ប្រកាស គឺ​ស្រដៀង​នឹង​អ្វី​ដែល​អ្នក​ជំនាន់​មុន​បាន​ប្រកាស មុន​ពេល​ពួក​បណ្តាជន​ក្លាយ​ជា​ឈ្លើយសឹក ដែល​មាន​ន័យ​ដូច​នេះ​ថា ឱ​ពួក​អ៊‌ីស្រាអែល​អើយ អ្នក​រាល់​គ្នា​ពិត​ជា​គួរ​ឲ្យ​អស់​សំណើច​ណាស់! ពួក​អ្នក​ចេះ​តែ​បំពាន​សេចក្តី​សញ្ញា។ បើ​អ្នក​រាល់​គ្នា​នៅ​តែ​បន្ត​ធ្វើ​ខុស​នឹង​សេចក្តី​សញ្ញា​ទៀត ព្រះ​ទ្រង់​នឹង​យាង​មក​ជំនុំ​ជម្រះ​មិន​ខាន។

ប៉ុន្តែ ព្រះ​រាជសារ​ដែល​ពួក​ហោរា​តូច​ប្រកាស មិន​គ្រាន់​តែ​និយាយ​អំពី​ការ​ជំនុំ​ជម្រះ​ប៉ុណ្ណោះ​ទេ តែ​ក៏​និយាយ​អំពី​សេចក្តី​សង្ឃឹម​ផង​ដែរ។ ពួក​គេ​បាន​វិល​ត្រឡប់​ទៅ​ទឹក​ដី​កំណើត​វិញ តែ​ជីវិត​ខាង​វិញ្ញាណ​របស់​ពួក​គេ​នៅតែ​ស្ថិត​ក្នុង​ការ​និរទេស​ដដែល។ ពួក​យូដា​ដែល​ជា​សំណល់​នៃ​ពួក​អ៊‌ីស្រាអែល បាន​ប្រកាន់​ខ្ជាប់​នូវ​សេចក្តី​សង្ឃឹម​ថា ព្រះ​អម្ចាស់​នឹង​សម្រេច​ព្រះ​បន្ទូល​សន្យា​របស់​ព្រះ​អង្គ ដើម្បី​ឲ្យ​រាស្ត្រ​ព្រះ​អង្គ​បាន​អរ​សប្បាយ​នឹង​ព្រះ​ពរ​របស់​ព្រះ​អង្គ។ ប៉ុន្តែ នគរ​ព្រះ​មិន​ទាន់​បាន​មក​ដល់ ដូច​ដែល​ពួក​ហោរា​បាន​ប្រកាស​កាល​ពី​មុន​នោះ​ទេ ព្រះ​មហាក្សត្រ​ដែល​ព្រះ​អង្គ​បាន​ចាត់​ឲ្យ​មក​មិន​ទាន់​មក នៅ​ពេល​នោះ​នៅ​ឡើយ។ ដូច​នេះ ពួក​បណ្តាជន​កំពុង​រង់​ចាំ​ការ​វិល​ត្រឡប់​មកវិញ​របស់​ព្រះ​អម្ចាស់ និង​សម្រេច​ព្រះ​បន្ទូល​សន្យា​ថា នឹង​ប្រទាន​សេចក្តី​សង្គ្រោះ។

ហោរា ម៉ាឡាគី ជា​ហោរា​ចុង​ក្រោយ​នៃ​គ្រា​សញ្ញា​ចាស់​បាន​ទទូច​ថា មហាក្សត្រ​នោះ​នឹង​យាង​មក​ជា​ប្រាកដ ប៉ុន្តែ​ពួក​គេ​បាន​បន្ត​រង់​ចាំ​៤០០ឆ្នាំ​ទៀត។ មនុស្ស​បាន​កើត​ទៅ​ធ្វើ​ការ​រកស៊ី​ចិញ្ចឹម​ជីវិត ហើយ​ស្លាប់ ហើយ​បន្ត​ធ្វើ​ដូច​នេះ​ទៀត​ជា​ច្រើន​តំណ។ ពួក​គេ​ទំនង​ជា​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ថា «តើ​ហេតុ​អ្វី​ព្រះ​អង្គ​បាន​សន្យា​ថា ព្រះ​អង្គ​នឹង​ចាត់​អ្នក​នាំ​ព្រះ​រាជសារ​របស់​ព្រះ​អង្គ​ឲ្យ​រៀប​ចំ​ផ្លូវ​ថ្វាយ​ព្រះ​អង្គ? ព្រះ​អង្គ​បាន​សន្យា​រាប់​រយ​ឆ្នាំ​ហើយ»។

ទី​បំផុត ក្នុង​ចំណោម​អ្នក​ទាំង​នោះ មាន​អ្នក​ខ្លះ​បាន​ដើរ​ទៅ​ផ្សារ ហើយ​ក៏​បាន​ប្រទះ​ឃើញ​មនុស្ស​ម្នាក់ ស្លៀក​ពាក់​ចម្លែក បរិភោគ​អាហារ​ចម្លែក នៅ​តាម​ផ្លូវ ហើយ​ដក​ស្រង់​បទ​គម្ពីរ​សញ្ញា​ចាស់​មក​ប្រកាស​ថា «មើល អញ​ចាត់​ទូត​អញ​ឲ្យ​ទៅ​មុន​ឯង គាត់​នឹង​រៀប​ចំ​ផ្លូវ​នៅ​មុខ​ឯង» មាន​សំឡេង​នៃ​មនុស្ស​ម្នាក់ កំពុង​តែ​ស្រែក​នៅ​ទី​រហោស្ថាន​ថា ឲ្យ​រៀប​ចំ​ផ្លូវ​ទទួល​ព្រះ​អម្ចាស់ ចូរ​តម្រង់​ផ្លូវ​តូច​ថ្វាយ​ទ្រង់​ចុះ» (ម៉ាកុស ១:២-៣)។ តាម​រយៈ​ការ​ប្រកាស​នេះ លោក យ៉ូហាន-បាទ្ទីស បាន​បញ្ចប់​ភាព​ស្ងប់​ស្ងាត់​ដែល​បាន​អូស​បន្លាយ​ពេល​អស់​ជា​ច្រើន​ជំនាន់។ បន្ទាប់​ពី​រាស្ត្រ​ព្រះ​អង្គ​បាន​រង់​ចាំ​អស់​ជា​ច្រើន​ឆ្នាំ ព្រះ​អម្ចាស់​មាន​ព្រះ​ទ័យ​ស្មោះ​ត្រង់ នៅ​ក្នុង​ការ​ប្រកាន់​ខ្ជាប់​ព្រះ​បន្ទូល​សន្យា​របស់​ព្រះ​អង្គ​ដូច​សព្វ​មួយ​ដង។ ព្រះ​អង្គ​បាន​ចាត់​ទាំង​អ្នក​នាំ​ព្រះ​រាជសារ និង​មហាក្សត្រ​របស់​ព្រះ​អង្គ ដើម្បី​ឲ្យ​មនុស្ស​ទាំង​អស់​អាច​ដក​ពិសោធន៍​ជា​មួយ​ព្រះពរ​ព្រះ​អង្គ ដែល​ជា​ការ​សម្រេច​នូវ​សេចក្តី​សង្គ្រោះ​តាម​រយៈ​ព្រះ​យេស៊ូវ​គ្រីស្ទ។

ក្នុង​សម័យ​របស់​យើង រាស្ត្រ​របស់​ព្រះ​អង្គ​នៅ​តែ​បន្ត​រង់ចាំ​ព្រះ​អង្គ។ យើង​ដឹង​ហើយ​ថា ព្រះ​យេស៊ូវ​បាន​យាង​មក​ម្តង​ហើយ ហើយ​យើង​ក៏​ដឹង​ដែរ​ថា ព្រះ​អង្គ​នឹង​យាង​មក​ទៀត។ នគរ​ព្រះ​មិន​ទាន់​បាន​មក​ដល់ ក្នុង​ភាព​ពេញលេញ​ដ៏​រុងរឿង​នៅ​ឡើយ​ទេ។ ដូច​នេះ យើង​ជា​រាស្ត្រ​ដែល​រង់ចាំ ក្នុង​លោកីយ៍​ចង់​បាន​អ្វី​ភ្លាមៗ និង​ជា​រាស្ត្រ​ដែល​មាន​សង្ឃឹម ក្នុង​លោកីយ៍​ដែល​មាន​ការ​ខក​ចិត្ត​ដ៏​ឆាប់​រហ័ស។

ពេល​ណា​យើង​មាន​អារម្មណ៍​ថា ព្រះ​អម្ចាស់​ហាក់​ដូច​ជា​ចំណាយ​ពេល​យូរ​ពេក ក្នុង​ការ​សម្រេច​ព្រះ​បន្ទូល​សន្យា ចូរ​យើង​កុំ​អស់​សង្ឃឹម​ឡើយ។ ព្រះ​អង្គ​បាន​បង្ហាញ​ឲ្យ​យើង​ដឹង​ថា ព្រះ​អង្គ​មាន​ព្រះ​ទ័យ​ស្មោះ​ត្រង់​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់ ហើយ​ព្រះ​អង្គ​បាន​ចាត់​ព្រះ​យេស៊ូវ​ឲ្យ​យាង​មក ធ្វើ​ជា​អ្នក​សម្រេច​ព្រះ​បន្ទូល​សន្យា​ទាំង​អស់។ អ្នក​អាច​សម្រាក ដោយ​ទុក​ចិត្ត​លើ​ភាព​មិន​ប្រែ​ប្រួល​របស់​ព្រះ​អង្គ។ ព្រះ​យេស៊ូវ​មាន​បន្ទូល​ថា ព្រះ​អង្គ​ពិត​ជា​នឹង​យាង​មក​វិញ ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ (វិវរណៈ ២២:២០)។ ព្រះ​អង្គ​នឹង​ធ្វើ​តាម​ព្រះ​បន្ទូល​ព្រះ​អង្គ។

ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ ២ពេត្រុស ៣:១-១៣

គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ និក្ខមនំ ២១-២២ និង​២ថែស្សាឡូនិច ១

ប្រភេទ