នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

បាន​ដុះ​នៅ​ក្បែរ​ផ្លូវ​ទឹក (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

បាន​ដុះ​នៅ​ក្បែរ​ផ្លូវ​ទឹក (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

ដោយKaren Pimpo

February 23, 2025

ទំនុក​ដំកើង ១

អ្នក​នោះ​នឹង​ដូចជា​ដើមឈើ ដែល​ដុះ​នៅ​ក្បែរ​ផ្លូវ​ទឹក​។ ទំនុក​ដំកើង ១:៣

លោកប៊ីល(Bill) ជា​មនុស្ស​ចាស់ ដែល​បាន​ចូល​និវត្តន៍​។ គាត់​រស់នៅ​ម្នាក់ឯង ហើយ​ថ្មីៗ​នេះ ត្រូវ​បង្ខំ​ចិត្ត​ឈប់​បើកបរ​រថយន្ត​។ គាត់​ត្រូវ​ការ​ឲ្យ​គេ​ជួយ​ទិញ​អាហារ និង​ថ្នាំ​ពេទ្យ​ឲ្យ​គាត់ ព្រម​ទាំង​ជូន​គាត់​ទៅ​ព្រះវិហារ នៅ​ថ្ងៃ​អា​ទិត្យ​។ ប៉ុន្តែ លោក​ប៊ីល​មាន​ប្រសាសន៍​ថា “តើ​អ្នក​ដឹង​ទេ ខ្ញុំ​ចូល​ចិត្ត​ចំណាយ​ពេល​នៅ​ផ្ទះ​។ ខ្ញុំ​មាន​អំណរ ក្នុង​ការ​ស្តាប់​បទ​ចម្រៀង​ថ្វាយបង្គំ​នៅ​តាម​អនឡាញ និង​ការ​បង្រៀន​ព្រះ​គម្ពីរប៊ីប​តាម​ទូរទស្សន៍ ពេញ​មួយ​ថ្ងៃ”។ ដូច​នេះ លោក​ប៊ីល​បាន​ចំណាយ​ពេល​ជា​រៀង​រាល់​ថ្ងៃ ហ៊ុម​ព័ទ្ធ​ដោយ​ការ​សិក្សា​ព្រះ​គម្ពីរ ការ​អធិស្ឋាន និង​ការ​សរសើរ​ដំកើង​ព្រះ​។

ទម្លាប់​ដែល​យើង​មាន​ក្នុង​ការ​រស់នៅ មាន​ឥទ្ធិពល​មក​លើ​របៀប​ដែល​ចិត្ត​របស់​យើង​បាន​ដុះ​ឡើង​។ បទ​គម្ពីរ​ទំនុក​ដំ​កើង​ជំពូក១ បាន​ពិពណ៌នា​អំពី​មនុស្ស​ដែល​ព្រះ​សព្វ​ព្រះទ័យ ដែល​មាន​ទម្លាប់​ត្រេកអរ​នឹង​ក្រឹត្យ​វិន័យ​របស់​ព្រះអង្គ ជញ្ជឹង​គិត​អំពី​ក្រឹត្យ​វិន័យ​របស់​ព្រះ​អង្គ​ទាំងយប់​ថ្ងៃ ហើយ​មិន​ដើរ​តាម​គំរូ​នៃ​ការ​បះបោរ​របស់​លោកិយ​ទេ(ខ.១-២)។ ទុក្ខ​លំបាក​នឹង​កើត​មាន​ចំពោះ​មនុស្ស​ម្នាក់ៗ តែ​មនុស្ស​ដែល​មាន​ជីវិត​ដែល​ដើរ​តាម​ផ្លូវ​របស់​ព្រះ “អ្នក​នោះ​នឹង​ដូចជា​ដើមឈើ ដែល​ដុះ​នៅ​ក្បែរ​ផ្លូវ​ទឹក ដែល​បង្កើត​ផល​តាម​រដូវ​កាល ហើយ​ស្លឹក​ក៏​មិន​ចេះ​ស្រពោន​ឡើយ”(ខ.៣)។ អាស្រ័យ​ទៅលើ​រដូវ​កាល​នៃ​ជីវិត​របស់​យើង យើង​ប្រហែល​មិន​អាច​ចំណាយ​ពេល​រាប់​ម៉ោង​ក្នុង​ការ​សិក្សា​ព្រះ​គម្ពីរប៊ីប​ទេ​។ ទោះជា​យ៉ាងណា​ក៏ដោយ ព្រះអង្គ​នឹង​ប្រទាន​ការ​ស្កប់​ចិត្ត​ដល់​អ្នកណា ដែល​ស្រេក​ទឹក និង​ចូល​មក​រក​ព្រះអង្គ ហើយ​ព្រះវិញ្ញាណបរិសុទ្ធ​នឹង​ចាក់​បំពេញ​អ្នក​ដើរ​តាម​ព្រះអង្គ​ឲ្យ​ហូរហៀរ​ដូច​ទឹក​ទន្លេ(យ៉ូហាន ៧:៣៧-៣៩)។ យើង​អាច​ឲ្យ​ចិត្ត​យើង​ជ្រួត​ជ្រាប ដោយ​ទឹក​រស់ តាមរយៈ​ការ​សរសើរ​ដំកើង និង​ព្រះ​គម្ពីរប៊ីប ក៏​ដូច​ជា​តាមរយៈ​ការ​យក​អសារ​អ្នក​ដទៃ ការ​ជជែក​ជាមួយ​ព្រះ ពេល​យើង​កំពុង​ធ្វើ​ការងារ និង​ទូល​សូម​ការ​អត់​ទោស​បាប នៅ​ពេលណា​យើង​ធ្វើ​អំពើបាប​។

ការ​ដើរ​តាម​ប្រាជ្ញា​របស់​ព្រះ ជួយ​ឲ្យ​ចិត្ត​យើង​បាន​ដាំ​នៅ​ក្នុង​ដី​ដែល​មាន​ជីជាតិ ហើយ​ចម្រើន​ឡើង​យ៉ាង​រឹងមាំ​។ ព្រះ​អង្គ​នឹង​ហៅ​យើង​ជា​អ្នកជឿ​ព្រះអង្គ ថា​ជា​មនុស្ស​សុ​ចរិត ហើយ​ព្រះអង្គ​ក៏​នឹង​ថែរក្សា​ជីវិត​យើង(ទំនុក​ដំកើង ១:៦)។—Karen Pimpo

តើមាន​ទម្លាប់​ល្អ​អ្វី​ខ្លះ ដែល​ជួយ​ឲ្យ​ចិត្ត​អ្នក​ដុះ​ឡើង ដោយ​ទឹក​រស់​របស់​ព្រះយេស៊ូវ? តើ​ទម្លាប់​របស់​អ្នក​មាន​ការ​ផ្លាស់​ប្តូរ ទៅតាម​រដូវ​កាល​នៃ​ជីវិត ដូច​ម្តេច​ខ្លះ?

ឱ​ព្រះយេស៊ូវ ទូល​បង្គំ​សូម​ចូល​មក​រក​ព្រះអង្គ ពេល​ណា​ទូល​បង្គំ​ស្រេក​ទឹក ហើយ​មាន​ភាព​ស្ងួត​ហែង​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ជន​គណនា ៧-៨ និង ម៉ាកុស ៤:២១-៤១

ល្ងាច

Devotional illustration

ឲ្យ​មាន​លក្ខណៈ​ដូច​ព្រះ​គ្រីស្ទ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

February 23, 2025

«ដ្បិត​អ្នក​ណា​ដែល​ទ្រង់​បាន​ស្គាល់​ជា​មុន នោះ​ទ្រង់​ក៏​តម្រូវ​ទុក​ជា​មុន ឲ្យ​បាន​ត្រឡប់​ដូច​ជា​រូប​អង្គ​នៃ​ព្រះ​រាជ​បុត្រា​ទ្រង់ ដើម្បី​ឲ្យ​ព្រះ​រាជ​បុត្រា​បាន​ធ្វើ​ជា​បង​ច្បង​គេ​ក្នុង​ពួក​បង​ប្អូន​ជា​ច្រើន» (រ៉ូម ៨:២៩)។

វា​មិន​មែន​ជា​រឿង​ចម្លែក​ទេ​ដែល​ប្ដី​ប្រពន្ធ​បាន​រៀប​ការ​ជា​មួយ​គ្នា​អស់​ពេល​ជា​យូរ​ហើយ ក៏​ត្រូវ​គេ​សួរ​ថា តើ​ពួក​គេ​ជា​បង​ប្អូន​បង្កើត ឬ​មិន​មែន? ព្រោះ​ពួក​គេ​បាន​ទទួល​យក​ចរិត​លក្ខណៈ​ពី​គ្នា​ទៅ​វិញ​ទៅ​មក។ យើង​អាច​យល់​រឿង​នេះ​ក្នុង​កម្រិត​ខ្លះ តើ​មែន​ទេ? យើង​មាន​ការ​ផ្លាស់​ប្ដូរ​មាន​លក្ខណៈ​ដូច​មនុស្ស​ដែល​យើង​ដើរ​ជា​មួយ។ យើង​ក៏​គួរ​មាន​ការ​ផ្លាស់​ប្ដូរ​ដូច​នេះ​ផង​ដែរ​នៅ​ក្នុង​ការ​ដើរ​ជា​មួយ​ព្រះ​គ្រីស្ទ។

គោល​បំណង​របស់​ព្រះ​អម្ចាស់ គឺ​ដើម្បី​កែ​ប្រែ​អ្នក ឲ្យ​មាន​លក្ខណៈ​ដូច​ព្រះ​រាជបុត្រា​ព្រះ​អង្គ។ សូម​យើង​ពិចារណា អំពី​ភាព​ល្អ​ឥត​ខ្ចោះ​ដែល​ព្រះ​យេស៊ូវ​មាន​ក្នុង​ភាព​ជា​មនុស្ស ហើយ​ត្រូវ​ដឹង​ថា អ្នក​ត្រូវ​តែ​ផ្លាស់​ប្រែ ឲ្យ​មាន​លក្ខណៈ​ដូច​ព្រះ​អង្គ! ព្រះ​ទ្រង់​បាន​ប្ដេជ្ញា​ចិត្ត​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​រឿង​នេះ។ ព្រះ​អង្គ​បាន​សន្យា​ថា ការ​នេះ​នឹង​បាន​សម្រេច នៅ​ថ្ងៃ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ (ភីលីព ១:៦)។ តើ​ព្រះ​ទ្រង់​កំពុង​ធ្វើ​អ្វី ក្នុង​ពេល​សព្វ​ថ្ងៃ? យើង​អាច​និយាយ​ឲ្យ​ខ្លី​ថា ព្រះ​អង្គ​កំពុង​ធ្វើ​ឲ្យ​យើង​មាន​លក្ខណៈ​កាន់​តែ​ដូច​ព្រះ​គ្រីស្ទ។

បទ​គម្ពីរ​រ៉ូម ៨:២៨ បាន​ធានា​យើង​ថា «គ្រប់​ការ​ទាំង​អស់​ផ្សំ​គ្នា សម្រាប់​សេចក្តី​ល្អ​ដល់​ពួក​អ្នក​ដែល​ស្រឡាញ់​ព្រះ គឺ​ដល់​ពួក​អ្នក​ដែល​ទ្រង់​ហៅ​មក​តាម​ព្រះ​តម្រិះ​ទ្រង់»។ ប៉ុន្តែ ខ​បន្ទាប់​បាន​ប្រាប់​យើង​អំពី​សេចក្តី​ល្អ​ដែល​ព្រះ​អង្គ​កំពុង​ធ្វើ​ឲ្យ​កើត​មាន​ឡើង​ក្នុង​គ្រប់​ផ្នែក​ទាំង​អស់​នៃ​ជីវិត​យើង​គឺ​ដើម្បី «ឲ្យ​បាន​ត្រឡប់​ដូច​ជា​រូប​អង្គ​នៃ​ព្រះ​រាជបុត្រា​ទ្រង់»។

ព្រះ​ទ្រង់​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​ការ​កែ​ប្រែ​អ្នក​ឲ្យ​មាន​លក្ខណៈ​ដូច​ព្រះ​គ្រីស្ទ ជា​ជាង​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​ភាព​ស្រណុក​ស្រួល​របស់​អ្នក។ ជា​ញឹក​ញាប់ ការ​រីក​លូត​លាស់​ខាង​វិញ្ញាណ​កើត​មាន​តាម​រយៈ​ការ​ខក​ចិត្ត និង​បរាជ័យ ច្រើន​ជាង​តាម​រយៈ​ជោគជ័យ និង​ការ​សើច​សប្បាយ។ យើង​មិន​គួរ​ស្វែង​រក​ទុក្ខ​លំបាក​នោះ​ទេ តែ​យើង​អាច​ទទួល​ស្គាល់​ថា គ្មាន​នរណា​ដឹង​ច្បាស់​ដូច​ព្រះ​អង្គ ហើយ​គ្មាន​អ្វី​ដែល​ព្រះ​អង្គ​មិន​ជ្រាប​ជាមុន​នោះ​ឡើយ។ ពេល​ណា​យើង​មិន​ឃើញ​ព្រះ​អង្គ​ឆ្លើយ​តប ឬ​ពេល​ណា​បញ្ហា​ប្រឈម និង​ការ​ឈឺ​ចាប់​របស់​យើង មាន​រយៈ​ពេល​យូរ យើង​អាច​រក​ឃើញ​ក្តី​សង្ឃឹម ដោយ​ដឹង​ថា គោល​បំណង​ដ៏​អស់​កល្ប​របស់​ព្រះ​អង្គ​នៅ​តែ​មាន​ដំណើរ​ការ នៅ​ក្នុង​និង​តាម​រយៈ​ជីវិត​កូន​ព្រះ​អង្គ។

មិន​មែន​មាន​តែ​យើង​ទេ ដែល​មាន​ចិត្ត​ថប់​បារម្ភ និង​ការ​ខក​ចិត្ត ពេល​ដែល​មាន​ការ​ល្បួង​ឲ្យ​យើង​សួរ​ថា «តើ​ព្រះ​ទ្រង់​កំពុង​ធ្វើ​អ្វី?»

តើ​ព្រះ​អង្គ​កំពុង​ធ្វើ​អ្វី នៅ​ពេល​ដែល​អ្នក​បៀតបៀន​លោក ស្ទេផាន បាន​ដោះអាវ​គាត់ ហើយ​ចោល​គាត់​នឹង​ថ្ម​សម្លាប់ (កិច្ចការ ៧:៥៨)? តើ​ព្រះ​អង្គ​កំពុង​ធ្វើ​អ្វី ខណៈ​ពេល​ដែល​សាវ័ក ប៉ុល គេច​ខ្លួន​ពី​ក្រុង​ដា​ម៉ាស ដោយ​ឲ្យ​គេ​សម្រូត​គាត់​ចុះ​តាម​ជញ្ជាំង​នៅ​ក្នុង​កញ្ច្រែង (៩:២៥)? តើ​ព្រះ​អង្គ​កំពុង​ធ្វើ​អ្វី ខណៈ​ពេល​ដែល​លោក ពេត្រុស ត្រូវ​ស្ដេច​អាប៉ូគ្រីប៉ា​ចាប់​ដាក់គុក (១២:៣)? យើង​ប្រហែល​ពិបាក​មើល​ឃើញ​ព្រះ​អង្គ​កំពុង​សម្រេច​ផែនការ​ដ៏​អស់​កល្ប ដើម្បី​ឲ្យ​អ្នក​ដើរ​តាម​ព្រះ​អង្គ មាន​លក្ខណៈ​កាន់​តែ​ដូច​ព្រះ​យេស៊ូវ ខណៈ​ពេល​ដែល​ពួក​គេ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​រក​ការ​រស់​នៅ​ជា​មួយ​ព្រះ​អង្គ។

នេះ​ជា​ប្រភព​នៃ​ក្តី​សង្ឃឹម​របស់​អ្នក នៅ​ពេល​ព្រឹក។ ទោះ​មេឃ​មាន​ភ្លៀង ឬ​មេឃ​ស្រឡះ ទោះ​អ្នក​សប្បាយ​ចិត្ត ឬ​ខក​ចិត្ត​ក្តី ព្រះ​ទ្រង់​នឹង​សម្រេច​គោល​បំណង​របស់​ព្រះ​អង្គ​ក្នុង​ជីវិត​អ្នក នៅ​ថ្ងៃ​នីមួយៗ។ ព្រះ​វរបិតា​របស់​អ្នក​ដែល​គង់នៅ​ស្ថាន​សួគ៌​មាន​ផែនការ និង​គោលបំណង​សម្រាប់​មនុស្ស​ម្នាក់ៗ ដែល​ព្រះ​អង្គ​បាន​ហៅ​ថា កូន​ព្រះ​អង្គ។ អ្នក​អាច​មើល​ឃើញ​ព្រះ​អង្គ​កំពុង​ធ្វើ​កិច្ចការ​ក្នុង​ពេល​បច្ចុប្បន្ន ក៏​ដូច​ជា​ក្នុង​ពេល​ពីរ​បី​ខែ​ខាង​មុខ ឬ​ក៏​មុន​ពេល​ដែល​អ្នក​បាន​ឈរ​ជា​មួយ​ព្រះ​អង្គ​អស់​កល្ប​ជានិច្ច។ តែ​ចូរ​ចាំ​ថា ថ្ងៃ​នេះ​ជា​ថ្ងៃ​មួយ​ទៀត​ដែល​ព្រះ​វរបិតា​របស់​អ្នក​កំពុង​ធ្វើ​ឲ្យ​អ្នក​មាន​លក្ខណៈ​កាន់​តែ​ដូច​ព្រះ​រាជបុត្រា​ព្រះ​អង្គ។

ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ រ៉ូម ៨:២៦-៣៩

គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ និក្ខមនំ ១៩-២០ និង​១ថែស្សាឡូនិច ៥

ប្រភេទ