នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ធ្វើ​ឲ្យ​គេ​ស្គាល់​សេចក្តី​មេត្តា​របស់​ព្រះគ្រីស្ទ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

ធ្វើ​ឲ្យ​គេ​ស្គាល់​សេចក្តី​មេត្តា​របស់​ព្រះគ្រីស្ទ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

ដោយPatricia Raybon

February 28, 2025

កូល៉ុស ៣:៨-១៧

ចូរ​ឲ្យ​សេចក្តី​មេ​ត្រី​របស់​ព្រះគ្រីស្ទ​ត្រួតត្រា​នៅ​ក្នុង​ចិត្ត ដែល​ទ្រង់​បាន​ហៅ​អ្នក​រាល់​គ្នា​មក​ក្នុង​សេចក្តី​នោះ​ឯង ឲ្យ​មាន​រូប​កាយតែ១ ហើយ​ត្រូវ​ដឹង​គុណ​ផង​។ កូល៉ុស ៣:១៥

តើ​ការ​ឈ្លោះ​ប្រកែក​គ្នា អាច​ជួយ​ឲ្យ​គេ​រក​ខុស​ត្រូវ​បានទេ? ទេ ​មិន​អាច​ទេ​។ អ្នក​ដឹកនាំ​របស់​ក្រុង​តូច​មួយ បាន​ដាស់តឿន​ប្រជាជន នៅ​ក្នុង​តំបន់​ឧទ្យាន​អេឌីរិនដាក អំពី​បញ្ហា​នេះ នៅពេល​ដែល​ជម្លោះ​រវាង​សកម្ម​ភាព​បរិស្ថាន​មួយ​ក្រុម និង​ម្ចាស់​អាជីវ​កម្ម​តូចៗ​ជា​ច្រើន បាន​ផ្ទុះ​ឡើង នៅ​ក្នុង​តំបន់​នេះ ដែល​​គេ​ហៅ​ការ​ប្រឈម​មុខ​ដាក់​គ្នា​នេះ​ថា “សង្គ្រាម​អេឌីរិនដាក”។ ការ​ដាក់​ឈ្មោះ​ដូច​នេះ គឺ​បាន​ឆ្លុះ​បញ្ចាំង​អំពី​ការ​ប្រឆាំង​គ្នា នៅ​ក្នុង​ការ​សម្រេច​ថា ត្រូវ​អភិ​រក្ស ឬ​អភិវឌ្ឍ​តំបន់​ព្រៃ​ភ្នំ​ដ៏​ស្រស់​ស្អាត ស្ថិត​ក្នុង​ភូមិភាគ​ខាង​ជើង​នៃ​រដ្ឋ​ញូយ៉ក​។

អ្នក​ដឹកនាំ​ក្នុង​តំបន់​ក៏បាន​ស្រែក​ដាក់​សកម្មជន​បរិស្ថាន ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​។ ប៉ុន្តែ មិន​យូរ​ប៉ុន្មាន គេ​ក៏​បានឮ​គាត់​ប្រាប់​ភាគី​ទាំង​សង្ខាង​ឲ្យ​ឈប់​ស្រែក​ដាក់​គ្នា​ទៀត ហើយ​​ព្យាយាម​ពិភាក្សា​គ្នា​ដោយ​សន្តិ​វិធី​។ គេ​ក៏​បាន​បង្កើត​សម្ព័ន្ធ​ដើម្បី​ប្រយោជន៍​រួម ​ធ្វើ​ជា​ស្ពានមេត្រី​រវាង​ភាគី​ទាំង​សង្ខាង​ដែល​មាន​ជម្លោះ​នោះ​។ ការ​ជួប​ប្រជុំ​គ្នា​ដោយ​សន្តិ​វិធី​ក៏បាន​នាំមក​នូវ​ការ​រីកចម្រើន ដែល​ក្នុង​នោះ​ផ្ទៃដី​ជាង៤០ម៉ឺនហិចតា​បាន​ទទួល​ការ​អភិ​រក្ស ខណៈ​ពេល​ដែល​បណ្តា​ក្រុង​ទាំងឡាយ នៅ​តំបន់​អេឌីរិនដាក កំពុង​មាន​ការ​រីកចម្រើន​ខ្លាំង​ជាង២០ឆ្នាំ​មុន​ទៅទៀត​។

ការ​ស្រុះ​ស្រួល​គ្នា​ដោយ​សន្តិ​វិធី​ គឺជា​ការ​ចាប់​ផ្តើម​ដ៏​ល្អ​ឆ្ពោះ​ទៅ​រក​ការ​រីកចម្រើន ប៉ុន្តែ សាវ័ក​ប៉ុល​បាន​បង្រៀន​អំពី​អ្វី​ដែល​ល្អ​ជាង​នេះ​ទៀត​។ គឺ​ដូច​ដែល​គាត់​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​ជំនុំ​ដ៏​ក្មេង​ខ្ចី​នៅ​ទីក្រុង​កូល៉ុស​ថា “ចូរ​ឲ្យ​អ្នក​រាល់​គ្នា​លះ​អស់​ទាំង​អំពើ​នោះ គឺ​សេចក្តី​កំហឹង គ្នាន់​ក្នាញ់ គំរក់ ប្រមាថ និង​ពាក្យ​អពមង្គល ចេញពី​មាត់​ចោល​ទៅ”(កូល៉ុស ៣:៨)។ សាវ័ក​ប៉ុល​ក៏បាន​ជំរុញ​ពួកគេ​ឲ្យ​លះបង់​ចោល​ផ្លូវ​ជីវិត​ចាស់ ហើយ​ទទួលយក​ចារិក​លក្ខណៈ​ថ្មី​ក្នុង​ព្រះគ្រីស្ទ គឺ​ដូច​ដែល​គាត់​បាន​បង្រៀន​ពួក​គេ​ថា “ចូរ​ប្រដាប់​កាយ ដោយ​ចិត្ត​ក្ដួល​អាណិត សប្បុរស សុភាព សំឡូត និង​ចិត្ត​អត់​ធ្មត់ ទុក​ដូចជា​ពួក​អ្នក​រើស​តាំង ដែល​បរិសុទ្ធ ហើយ​ស្ងួន​ភ្ងា​ដល់​ព្រះ​ចុះ”(ខ.១២)។

ព្រះអម្ចាស់​បាន​ត្រាស់ហៅ​អ្នកជឿ​ទាំង​អស់​ឲ្យ​លះបង់​ចោល​ជីវិត​ចាស់ ដែល​ចូល​ចិត្ត​ឈ្លោះ​ប្រកែក ដើម្បី​ទទួល​បាន​ជីវិត​ថ្មី​ក្នុង​ព្រះគ្រីស្ទ​។ “ចូរ​ឲ្យ​សេចក្តី​មេ​ត្រី​របស់​ព្រះគ្រីស្ទ​ត្រួតត្រា​នៅ​ក្នុង​ចិត្ត ដែល​ទ្រង់​បាន​ហៅ​អ្នក​រាល់​គ្នា​មក​ក្នុង​សេចក្តី​នោះ​ឯង ឲ្យ​មាន​រូប​កាយតែ១ ហើយ​ត្រូវ​ដឹង​គុណ​ផង”(ខ.១៥)។ ពេល​នោះ លោកិយ​នឹង​បាន​ឃើញ​ព្រះយេស៊ូវ តាម​រយៈ​សេចក្តី​មេ​ត្រី​ដែល​យើង​មាន​ជាមួយ​គ្នា​។—Patricia Raybon

តើមាន​នរណា​ខ្លះ​ដែល​អ្នក​អាច​អត់​ទោស​ឲ្យ នៅ​ថ្ងៃ​នេះ? តើ​អ្នក​អាច​ផ្សះផ្សា​ទំនាក់​ទំនងជា​មួយ​នរណា​ខ្លះ?

ឱ​ព្រះអម្ចាស់ ពេលណា​ទូល​បង្គំ​មាន​កំហឹង​ក្នុង​ចិត្ត សូម​ព្រះ​អង្គ​ប្រទាន​ទូល​បង្គំ​នូវ​សន្តិភាព ក្នុង​ព្រះអង្គ​។

Visit ODBU.org/SF107 to discover more on the healing power of forgiveness.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ជន​គណនា ២០-២២ និង ម៉ាកុស ៧:១-១៣

ល្ងាច

Devotional illustration

មាន​ការ​ប្ដេជ្ញា​ចិត្ត ដ៏​ជាប់​លាប់ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

February 28, 2025

«ឯ​ខ្ញុំ​បាន​ធ្វើ​តាម​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​ខ្ញុំ​គ្រប់​ជំពូក។ ហើយ​នៅ​ថ្ងៃ​នោះ​ឯង លោក ម៉ូសេ ក៏​ស្បថ​ថា ដី​ដែល​ជើង​ឯង​បាន​ជាន់ នោះ​នឹង​ត្រូវ​បាន​ជា​មរដក​ដល់​ឯង និង​កូន​ចៅ​ឯង​ត​រៀង​ទៅ ដោយ​ព្រោះ​ឯង​បាន​តាម​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​អញ​គ្រប់​ជំពូក» (យ៉ូស្វេ ១៤:៨-៩)។

មនុស្ស​ជា​ច្រើន​មាន​ភាព​ជោគជ័យ​យ៉ាង​ឆាប់​រហ័ស​ក្នុង​ជីវិត តែ​ក្រោយ​មក ពួក​គេ​ក៏​បាន​បាត់​បង់​អ្វី​ម្យ៉ាង ដែល​ធ្លាប់​ជួយ​ឲ្យ​ពួក​គេ​ទទួល​ជោគជ័យ។ ពួក​គេ​ប្រហែល​ធ្លាប់​មាន​ឈ្មោះ​ល្បី​ក្នុង​វ័យ​យុវជន។ ឬ​ជីវិត​របស់​ពួក​គេ​ប្រហែល​មាន​ភាព​លេច​ធ្លោ មាន​ឥទ្ធិពល និង​មាន​ឋានៈ​ខ្ពង់ខ្ពស់។ ក្នុង​ពួក​ជំនុំ​យើង ប្រហែល​ជា​មាន​មនុស្ស​ដែល​ជោគជ័យ​ដូច​នេះ ហើយ​ជា​ការ​ពិត​ណាស់ យើង​ក៏​អាច​មើល​ឃើញ​ខ្លួន​យើង ជា​មនុស្ស​ដែល​មាន​ប្រយោជន៍​យ៉ាង​ខ្លាំង​ចំពោះ​ព្រះ។ ប៉ុន្តែ មាន​ពេល​ច្រើន​ដង​ពេក​ហើយ ដែល​យើង​ជួប​ការ​ល្បួង​ឲ្យ​ចង់​ធ្វើ​ជា​ម្ចាស់​នៃ​ពេល​អតីត​កាល​ដោយ​ក្រឡេក​មក​មើល «ឆ្នាំ​ដ៏​ល្អ» ជា​ញឹក​ញាប់ ហើយ​ក៏​បាន​រអ៊ូរទាំ​អំពី​ការ​ប្រែ​ប្រួល​ដែល​បាន​កើត​មាន។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក កាលែប មិន​មាន​ការ​ឆ្លើយ​តប​ដូច​នេះ​ទេ ចំពោះ​បរាជ័យ​របស់​គាត់។ គាត់​បាន​ជៀស​វាង​ការ​អ៊ូ​រទាំ ហើយ​ក៏​បាន​បន្ត​មាន​សេចក្តី​ជំនឿ។ គាត់​បាន​រស់​នៅ​ក្នុង​បរិស្ថាន​ដ៏​ពិបាក ក្នុង​វ័យ​កណ្ដាល។ កាល​គាត់​មាន​អាយុ​៤០​ឆ្នាំ គាត់​ក៏​បាន​ជាប់​គាំង​ដំណើរ​នៅ​ក្នុង​ការ​រស់​នៅ​វិល​វល់​ជា​មួយ​ប្រជាជន​អ៊‌ីស្រាអែល​អស់​រយៈ​ពេល​៤​ទសវត្សរ៍​ក្នុង​វាល​រហោស្ថាន ដោយ​សារ​មនុស្ស​ជុំ​វិញ​គាត់​មិន​បាន​ទុក​ចិត្ត​ព្រះ។ តែ​ក្នុង​អំឡុង​ពេល​ដ៏​នឿយណាយ និង​វិលវល់​នោះ លោក កាលែប នៅ​តែ​រួច​ផុត​ពី​ចិត្ត​ជូរ​ល្វីង និង​ការ​រអ៊ូរទាំ។

តាម​ពិត អ្វីៗ​ប្រែ​ជា​អាក្រក់​យ៉ាង​ខ្លាំង បាន​ជា​ពួក​បណ្ដា​ជន​ចាប់​ផ្ដើម​ស្វែង​រក​អ្នក​ដឹក​នាំ​ម្នាក់ ដើម្បី​នាំ​ពួក​គេ​ត្រឡប់​ទៅ​រក​ជីវិត​ចាស់​ដែល​សុខ​ស្រួល​ជាង​នេះ (ជន​គណនា ១៤:៤)។ ប៉ុន្តែ ពួក​គេ​អាច​វិល​ត្រឡប់​ថយ​ក្រោយ​ដោយ​ខ្លួន​ឯង ដោយ​គ្មាន​អ្នក​ដឹក​នាំ។ តែ​យើង​ត្រូវ​ការ​អ្នក​ដឹក​នាំ​ដែល​ជំរុញ​យើង​ឲ្យ​ទៅ​មុខ។ យើង​នៅ​មាន​ថ្ងៃ​ស្អែក មាន​មនុស្ស​ជំនាន់​ក្រោយ​ដែល​នឹង​មក​ដល់។ មាន​គោល​បំណង​ដែល​មិន​ទាន់​បាន​សម្រេច​ក្នុង​ផែនការ ដែល​ព្រះ​អង្គ​មាន​សម្រាប់​លោកីយ៍។

លោក កាលែប បាន​បង្ហាញ​ឲ្យ​គេ​ឃើញ​ចរិត​លក្ខណៈ​នេះ។ ការ​ប្ដេជ្ញា​ចិត្ត​របស់​គាត់​ក្នុង​ការ​ដើរ​តាម​ព្រះ​ក្នុង​វ័យ​ក្មេង គឺ​នៅ​តែ​បន្ត​មាន​ក្នុង​វ័យ​កណ្ដាល។ គាត់​មាន​ការ​ប្ដេជ្ញា​ចិត្ត និង​ភាព​ទៀង​ទាត់ មិន​គ្រាន់​តែ​ក្នុង​វ័យ៤០ឆ្នាំ ក៏​នៅ​ក្នុង​វ័យ​៥០ ៦០ និង​៧០។ គាត់​បាន​ដើរ​តាម​ព្រះ​អម្ចាស់​អស់​ពី​ចិត្ត​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ទសវត្សរ៍​នោះ។

សម្រាប់​មនុស្ស​ជា​ច្រើន ទំនាក់​ទំនង​ប្ដី​ប្រពន្ធ ការ​មាន​ផ្ទះ​សម្បែង ការ​ព្រួយ​បារម្ភ​អំពី​មុខ​របរ បញ្ហា​សុខ​ភាព ។ល។ ច្រើន​តែ​ភ្ជាប់​ជា​មួយ​នឹង​ការ​បាត់​បង់​ភាព​ឆេះឆួល និង​ប្រសិទ្ធភាព​ខាង​វិញ្ញាណ។ មនុស្ស​ជា​ច្រើន​មាន​ធនធាន កម្លាំង និង​ប្រាជ្ញា​ច្រើន សម្រាប់​រួម​ចំណែក ប៉ុន្តែ​ពួក​គេ​សម្រេច​ចិត្ត​មិន​ធ្វើ​ការ​ថ្វាយ​ព្រះ ហើយ​ទុក​ឲ្យ​មនុស្ស​ជំនាន់​ក្រោយ​ធ្វើ​ការ​ថ្វាយ​ព្រះ​អង្គ​វិញ។ គឺ​ដូច​ដែល​ពួក​អ៊‌ីស្រាអែល​ក្នុង​វាល​រហោស្ថាន ពួក​គេ​រស់​នៅ​ដោយ​គ្មាន​ចិត្ត​ឆេះឆួល ចូល​ចិត្ត​រិះគន់ និង​មាន​ភាព​អាត្មា​និយម ដោយ​ខក​ខាន​មិន​បាន​មើល​ឃើញ​ការ​បែក​ជា​បំណែក ក្នុង​ជីវិត​ខាង​វិញ្ញាណ​របស់​ពួក​គេ។

តើ​អ្នក​កំពុង​មាន​ការ​ប្ដេជ្ញា​ចិត្ត ការ​សន្ទនា និង​ភាព​មុត​ស្រួច​ខាង​វិញ្ញាណ​ដូច​ម្ដេច​ខ្លះ? តើ​អ្នក​នៅ​តែ​មាន​ភាព​រឹងមាំ​ដូច​មុន​ទេ? សព្វ​ថ្ងៃ​នេះ ពួក​ជំនុំ​មិន​ខុស​ពី​ប្រជាជន​អ៊‌ីស្រាអែល​ទេ។ ពួក​ជំនុំ​កំពុង​តែ​ត្រូវ​ការ​បុរស និង​ស្ត្រី​នៃ​សេចក្តី​ជំនឿ​ដែល​រស់​នៅ ដោយ​ការ​ប្ដេជ្ញា​ចិត្ត​ដ៏​ជាប់​លាប់ ក្នុង​ពេល​ល្អ និង​ពេល​អាក្រក់ ទោះ​ត្រូវ​ពេល ឬ​មិន​ត្រូវ​ពេល ខណៈ​ពេល​ដែល​ពួក​គេ​ដើរ​ឆ្ពោះ​ទៅ​រក​មរតក​ដែល​ព្រះ​អម្ចាស់​សន្យា​ថា នឹង​ប្រទាន​ដល់​អ្នក​ដើរ​តាម​ព្រះ​អង្គ​ដោយ​ចិត្ត​ស្មោះ​ត្រង់។ តើ​ជីវិត​ខាង​វិញ្ញាណ​របស់​អ្នក​មាន​លក្ខណៈ​ដូច​ម្ដេច​ក្នុង​ពេល​សព្វ​ថ្ងៃ និង​ពេល១​០ឆ្នាំ​ខាង​មុខ?

ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ ពួក​ចៅហ្វាយ ១:១-២០

គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ និក្ខមនំ ២៩-៣០ និង​យ៉ាកុប ១

ប្រភេទ