ទំនុកដំកើង ៣២:១-៧
ចូរទទួលនឹមខ្ញុំ ហើយរៀននឹងខ្ញុំចុះ ដ្បិតខ្ញុំស្លូត ហើយមានចិត្តសុភាព នោះអ្នករាល់គ្នានឹងបានសេចក្តីសំរាកដល់ព្រលឹង។ ម៉ាថាយ ១១:២៩
កាលពីឆ្នាំ ១៩៤៣ គេបានទិញដីឧទ្យានសាំងគ្រីឡា ក្នុងតំបន់ដាច់ស្រយាល ក្នុងរដ្ឋម៉ារីឡិន ធ្វើជាកន្លែងសម្រាកលំហែ សម្រាប់លោកប្រធានាធិបតីហ្វ្រែងគ្លីន ឌី រូសឺវែល(Franklin D. Roosevelt)។ យោងតាមគេហទំព័ររបស់សេតវិមានបានឲ្យដឹងថា ទីតាំងនោះមានភាពសាមញ្ញ ស្ងប់ស្ងាត់ និងដាច់ស្រយាល អំណោយផលដល់ការរស់នៅក្នុងភាពស្ងប់ស្ងាត់ ក៏ដូចជាធ្វើការងារ និងទទួលថ្នាក់ដឹកនាំបរទេសឲ្យស្នាក់នៅ។ នៅពេលដែលលោកដ្វាយ អាសិនហោវ័រ(Dwight Eisenhower) ក្លាយជាប្រធានាធិបតីអាមេរិក គាត់ក៏បានផ្លាស់ប្តូរឈ្មោះឧទ្យានសម្រាកលំហែនេះទៅជា ឃែម ដេវីឌ ដើម្បីផ្តល់កិត្តិយសដល់ឪពុក និងចៅប្រុសរបស់គាត់ ដែលសុទ្ធតែមានឈ្មោះដាវីឌ ហើយទីកន្លែងនេះក៏បានបន្តមានឈ្មោះដូចនេះរហូតមកដល់ពេលសព្វថ្ងៃ។ ក្រៅពីការបន្ថែមការការពារសុវត្ថិភាព គេបានធ្វើការកែលម្អឧទ្យាននេះឲ្យមានភាពទាន់សម័យតែបន្តិចប៉ុណ្ណោះ។ ទីកន្លែងនេះនៅតែជាទីកន្លែងដ៏ល្អឥតខ្ចោះ សម្រាប់ប្រធានាធិបតី និងក្រុមគ្រួសាររបស់គាត់ គេចចេញពីភាពអ៊ូអរ មកសម្រាកលំហែ។
អ្នកជឿព្រះយេស៊ូវ ក៏មានកន្លែងសម្រាប់ឲ្យយើងស្វែងរកការសម្រាក ក្នុងលោកិយដ៏វឹកវរផងដែរ។ ក្នុងបទគម្ពីរទំនុកដំកើង ៣២:៧ ស្តេចដាវីឌបានពោលថា “ទ្រង់ជាទីពំនួននៃទូលបង្គំ ទ្រង់នឹងការពារទូលបង្គំ ឲ្យរួចពីសេចក្តីទុក្ខលំបាក ទ្រង់នឹងព័ទ្ធទូលបង្គំជុំវិញ ដោយទំនុកនៃសេចក្តីសង្គ្រោះ”។ ស្តេចដាវីឌបានទទួលស្គាល់ថា ព្រះអម្ចាស់គឺជាកន្លែងជ្រកកោនពិតប្រាកដរបស់ទ្រង់។
ព្រះយេស៊ូវក៏បានត្រាស់ហៅយើងឲ្យស្វែងរកការសម្រាក និងការស្អាងឡើងវិញ ក្នុងព្រះអង្គ។ គឺដូចដែលព្រះអង្គបានមានបន្ទូលថា “អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សំរាក។ ចូរទទួលនឹមខ្ញុំ ហើយរៀននឹងខ្ញុំចុះ ដ្បិតខ្ញុំស្លូត ហើយមានចិត្តសុភាព នោះអ្នករាល់គ្នានឹងបានសេចក្តីសំរាកដល់ព្រលឹង”(ម៉ាថាយ ១១:២៨-២៩)។
ព្រះអង្គគឺជាកន្លែងដែលយើងអាចចូលជ្រកកោន និងសម្រាក គ្រប់ពេលវេលា។—Bill Crowder
តើមានអ្វីលួចយកសន្តិភាព និងការសម្រាក ចេញពីក្នុងចិត្តរបស់អ្នក? តើអ្នកអាចរកឃើញការសម្រាកពិតប្រាក ក្នុងព្រះយេស៊ូវ ដោយរបៀបណា?
ឱព្រះនៃសេចក្តីស្រឡាញ់។ ទូលបង្គំមានអារម្មណ៍ហត់នឿយណាស់។ លោកិយនេះមានរឿងពិបាកៗជាច្រើន ហើយជួនកាល
ទូលបង្គំមានអារម្មណ៍ថា ជីវិតរបស់ទូលបង្គំមានភាពក្រៀមក្រោះយ៉ាងខ្លាំង។ សូមព្រះអង្គជួយទូលបង្គំឲ្យមានចិត្ត
ដែលចង់ចូលទៅជិតព្រះអង្គ រកឃើញការសម្រាក ក្នុងព្រះវត្តមានប្រកបដោយព្រះគុណរបស់ព្រះអង្គ។
Visit ODBU.org/SF120 to discover how prayer can give you peace and rest.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ជនគណនា ២៦-២៧ និង ម៉ាកុស ៨:១-២១