ទូល​បង្គំ​គ្មាន​អ្វី​សោះ​នៅ​ក្នុង​ដៃ​ទូល​បង្គំ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«ព្រះ​គ្រីស្ទ​ទ្រង់​បាន​លោះ​យើង​រាល់​គ្នា​ឲ្យ​រួចពី​សេចក្តី​បណ្ដាសា​របស់​ក្រឹត្យ​វិន័យ ដោយ​ទ្រង់​ត្រូវ​បណ្ដាសា​ជំនួស​យើង​រាល់​គ្នា (ដ្បិត​មាន​សេចក្តី​ចែង​ទុក​មក​ថា «ត្រូវ​បណ្ដាសា​ហើយ អ្នក​ណា​ដែល​ត្រូវ​ព្យួរ​នៅ​លើ​ឈើ») ដើម្បី​ឲ្យពរ​របស់​លោក​អ័ប្រាហាំ បាន​មក​ដល់​អស់​ទាំង​សាសន៍​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ ប្រយោជន៍​ឲ្យ​យើង​បាន​ទទួល​សេចក្តី​សន្យា គឺ​ជា​ព្រះ​វិញ្ញាណ ដោយ​សារ​សេចក្តី​ជំនឿ» (កាឡាទី ៣:១៣-១៤)។

ក្នុង​នាម​យើង​ជា​អ្នក​ជឿ​ព្រះ​យេស៊ូវ ព្រោះ​ព្រះ​អង្គ​បាន​រំដោះ​យើង​ឲ្យ​រួច​ផុត​ពី​បណ្ដាសា​ដ៏​ធំ​បំផុត​នៃ​អំពើ​បាប។ ភាព​អស្ចារ្យ​នៃ​ការ​រំដោះ​នេះ​ធ្វើ​ឲ្យ​យើង​មាន​ចិត្ត​ស្ញប់​ស្ញែង​យ៉ាង​ខ្លាំង នៅ​ពេល​ដែល​យើង​បាន​យល់​ថា ព្រះ​គ្រីស្ទ​បាន​លើក​បណ្ដាសា​នេះ​ចេញ​ពី​យើង​ហើយ គឺ​បណ្ដាសា​ដែល​បាន​តម្រូវ​ថា យើង​សម​នឹង​ស្លាប់ ព្រោះ​យើង​មាន​បាប​នៅ​ចំពោះ​ព្រះ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បន្ទាប់​ពី​យើង​បាន​សង្គ្រោះ​ហើយ ភាព​ស្ញប់​ស្ញែង​នោះ​ងាយ​នឹង​រលាយ​បាត់​ទៅ​វិញ។ ជីវិត​ដ៏​សុខ​ស្រួល ហើយ​មិន​ចង់​លូត​លាស់ ធ្វើ​ឲ្យ​យើង​ពិបាក​មើល​ឃើញ​បាប​ដែល​បាន​គ្រប់​គ្រង​យើង​ណាស់។ យើង​ពិត​ជា​ងាយ​នឹង​ជឿ​ថា បើ​យើង​ខំ​ប្រឹងតែ​បន្តិច​ទៀត​ក្នុង​ទំនាក់​ទំនង​ប្ដី​ប្រពន្ធ ការងារ ក្នុង​ទំនាក់​ទំនង និង​ភាព​ជោគជ័យ​របស់​យើង នោះ​យើង​នឹង​ក្លាយ​ជា​មនុស្ស​ល្អ ដែល​សម​នឹង​ទទួល​ព្រះ​ពរ។ យើង​ចង់​ក្លាយ​ជា​មនុស្ស​ជោគជ័យ ជាជាង​មនុស្ស​ដែល​មាន​ជំនឿ។ យើង​ត្រូវ​បាន​អូស​ទាញ​​ជា​ប្រចាំ ឲ្យ​ងាក​បែរ​ទៅ​រក​ការ​ប្រឹង​ប្រែង​ជួយ​ខ្លួន​ឯង​ដែល​ជា​សាសនា​ក្លែងក្លាយ។ នេះ​ជា​ការ​ល្បួង​ដែល​ពួក​ជំនុំ​នៅ​ទីក្រុង​កាឡាទី​បាន​ជួយ​ប្រទះ។ ហេតុ​នេះ​ហើយ សាវ័ក ប៉ុល ក៏​បាន​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​ពួក​គេ ដើម្បី​បង្រៀន​ពួក​គេ​ថា នោះ​មិន​មែន​ជា​ការ​បង្រៀន​ដ៏​ត្រឹម​ត្រូវ​សម្រាប់​គ្រីស្ទ​បរិស័ទ​នោះ​ទេ។ តាម​ពិត វា​ផ្ទុយ​នឹង​ជំនឿ​របស់​យើង! បើ​ដំណឹង​ល្អ​នៃ​ព្រះ​គ្រីស្ទ​គ្រាន់​តែ​ជា​ការ​​ប្រកាស​ថា ព្រះ​គ្រីស្ទ​បាន​យាង​មក ដើម្បី​បន្ថែម​ពីលើ​ជីវិត​យើង នៅ​ត្រង់​ចំណុច​ដែល​យើង​ខ្វះខាត នោះ​យើង​នឹង​លែង​ខ្វល់​ពី​បណ្ដាសា​នៃ​ក្រឹត្យ​វិន័យ ហើយ​ក៏​គ្មាន​ដំណោះ​ស្រាយ​សម្រាប់​បណ្ដាសា​នោះ​ឡើយ។ ប៉ុន្តែ បណ្ដាសា​ពិត​ជា​មាន​មែន ហើយ​យើង​ត្រូវ​មាន​ដំណោះ​ស្រាយ។ តើ​ធ្វើ​ដូច​ម្ដេច​ឲ្យ​យើង​មាន​ចំណាប់​អារម្មណ៍​ចំពោះ​ព្រះ​អង្គ​ដែល​បាន​សុគត​ជំនួស​យើង បើ​យើង​មិន​បាន​ដឹង​ថា ព្រះ​អង្គ​បាន​ទទួល​បណ្ដាសា​ដែល​យើង​សម​នឹង​ទទួល​ទេ​នោះ?

យើង​ចាំ​បាច់​ត្រូវ​មើល​ទៅ​ក្រឹត្យ​វិន័យ​របស់​លោក ម៉ូសេ ដើម្បី​ឲ្យ​ដឹង​អំពី​ផល​វិបាក នៃ​បណ្ដាសា​នោះ (និក្ខមនំ ២០:១-១៧)។ ក្រឹត្យ​វិន័យ​បង្ហាញ​ថា យើង​មិន​បាន​ស្រឡាញ់​ព្រះ​អស់​ពី​ចិត្ត។ យើង​មិន​បាន​ស្តាប់​បង្គាប់​ព្រះ​អង្គ។ យើង​មិន​បាន​ស្រឡាញ់​អ្នក​ដទៃ​ដូច​ខ្លួន​ឯង។ យើង​មិន​និយាយ​ការ​ពិត​គ្រប់​ពេល​ឡើយ។ យើង​មាន​កំហុស ដោយ​សារ​ចង់​បាន​របស់​ទ្រព្យ​អ្នក​ដទៃ។ល។ ពេល​ណា​ព្រះ​វិញ្ញាណ​របស់​ព្រះ​អង្គ​បណ្ដាល​ចិត្ត​យើង​ឲ្យ​មើល​ឃើញ​កំហុស​របស់​យើង យើង​អាច​ច្រៀង​ទំនុកតម្កើង​ថា «ការ​ប្រព្រឹត្ត​ដែល​ដៃ​ទូល​បង្គំ​ធ្វើ​មិន​អាច​បំពេញ​ក្រឹត្យ​វិន័យ​របស់​ព្រះ​អង្គ​បាន​ទេ»1។ យើង​មើល​ឃើញ​ទម្ងន់​នៃ​បណ្ដាសា ដែល​ធ្លាប់​សង្កត់​មក​លើ​យើង និង​គួរ​តែ​សង្កត់​ពីលើ​យើង ដើម្បី​ឲ្យ​យើង​បាន​ឃើញ​ព្រះ​គ្រីស្ទ ក្នុង​សិរី​ល្អ​របស់​ទ្រង់​​​ជា​ព្រះ​អង្គ​សង្គ្រោះ ដែល​យាង​មក​លើក​បន្ទុក​នោះ​ចេញ។

នេះ​ជា​ចំណុច​ស្នូល​នៃ​ជំនឿ​របស់​យើង។ ពេល​ណា​យើង​មើល​ទៅ​ឈើ​ឆ្កាង ហើយ​ដឹង​អំពី​របៀប​ដែល​ព្រះ​អង្គ​សុគត​នៅ​លើ​ឈើ​ឆ្កាង​នោះ យើង​នឹង​បាន​ដឹង​ថា ព្រះ​អង្គ​បាន​ធ្វើ​អ្វី​ដែល​ចាំបាច់ និង​ដោយ​ស្ម័គ្រ​ពី​ចិត្ត។ យើង​ទេ​ដែល​ត្រូវ​ជាប់​ឆ្កាង តែ​ព្រះ​អង្គ​ទទួល​ជំនួស។ នេះ​ជា​ព្រះ​គុណ​ព្រះ​អង្គ។

បើ​យើង​អាច​ផ្សះផ្សា​ខ្លួន​ឯង​ឲ្យ​ជា​នឹង​ព្រះ ដោយ​ពឹង​អាង​សមត្ថ​ភាព​ខ្លួន​ឯង នោះ​យើង​មិន​ឃើញ​ភាព​អស្ចារ្យ​ក្នុង​ការ​ប្រោស​លោះ ហើយ​​មិន​ឃើញ​សម្រស់ នៅ​ក្នុង​ការ​ដែល​ព្រះ​អង្គ​ទទួល​ចិញ្ចឹម​យើង​ឡើយ។ ពេល​ណា​យើង​ចង់​មើល​ទៅ​ខ្លួន​ឯង និង​ការ​ប្រព្រឹត្ត​របស់​យើង យើង​ត្រូវ​ចាំ​ថា ព្រះ​គ្រីស្ទ​បាន​ដក​បណ្ដា​សារ​យើង​ចេញ​ហើយ។ ហើយ​យើង​អាច​លើក​តម្កើង​សិរី​ល្អ​ព្រះ​អង្គ។ ទោះ​អ្នក​បាន​ទទួល​សេចក្តី​សង្គ្រោះ​ដោយ​សារ​ព្រះ​គុណ​ព្រះ​អង្គ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ក៏​ដោយ ចូរ​បន្លឺ​សម្លេង​ច្រៀង​សរសើរ​ព្រះ​អង្គ​ថា៖

ទូល​បង្គំ​គ្មាន​អ្វី​នៅ​ក្នុង​ដៃ សម្រាប់​យក​មក​ថ្វាយ​ព្រះអង្គ

ទូល​បង្គំ​គ្រាន់តែ​ចូល​មក​តោង​ឈើ​ឆ្កាង​ព្រះអង្គ​ឲ្យ​ជាប់។

ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ កាឡាទី ២:១៥-៣:៩

គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ និក្ខមនំ ៣៤-៣៥ និង​យ៉ាកុប ៣

1លោក Augustus Toplady, “Rock of Ages” (ឆ្នាំ១៧៧៦)។

More articles