នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

Devotional illustration

ការ​យល់​ច្រឡំ​ចំពោះ​ព្រះយេស៊ូវ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)

ដោយJames Banks

March 4, 2025

កិច្ចការ ៣:១៥-២៤

អ្នក​រាល់​គ្នា​បាន​សំឡាប់​ព្រះអម្ចាស់​ជីវិត​នោះ​ទៅ តែ​ព្រះ​បាន​ប្រោស​ឲ្យ​ទ្រង់​មាន​ព្រះ​ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ​។ កិច្ចការ ៣:១៥

លោក​ម៉ៃឃើលអេនជេឡូ(Michelangelo) គឺជា​ជាង​ចម្លាក់​ដ៏​ល្បី​ល្បាញ​ក្នុង​ប្រវត្តិ​សាស្រ្ត ដែល​បាន​ឆ្លាក់​រូប​ល្បីៗ​ជា​ច្រើន នៅ​ប្រទេស​អ៊ីតាលី​នៅ​សម័យ​មុន​។ រូប​ចម្លាក់​លោក​ម៉ូសេ ដែល​គាត់​បាន​ឆ្លាក់ ជា​ស្នាដៃ​ដ៏​ល្បី​ល្បាញ​ដែល​គាត់​បាន​ឆ្លាក់​ចប់​សព្វ​គ្រប់​នៅ​ឆ្នាំ១៥១៥​។ ប៉ុន្តែ រូប​ចម្លាក់​លោក​ម៉ូសេ​ដែល​គាត់​បាន​ឆ្លាក់​នោះ មាន​ស្នែង​ពីរ​ដុះ​ចេញពី​ក្រោម​សក់ នៅ​លើ​ថ្ងាស​។

មិនមែន​មានតែ​លោក​ម៉ៃឃលអេនជេឡូ​ទេ ដែល​បាន​ឆ្លាក់​រូប​លោក​ម៉ូសេ​ដូច​នេះ វិចិត្រករ​ជា​ច្រើន​ទៀត នៅ​សម័យ​រើនេសាន់ និង​មជ្ឈិម​សម័យ បាន​ឆ្លាក់ និង​គូ​រូប​លោក​ម៉ូសេ​យ៉ាង​ដូច​នេះ​ផង​ដែរ​។ តើ​មក​ពី​ហេតុ​អ្វី? គឺ​ដោយសារ​ព្រះ​គម្ពីរប៊ីប​ជា​ភាសាឡាតាំង ដែល​បាន​បក​ប្រែ​ពី​ភាសា​ហេព្រើរ នៅ​សម័យ​នោះ បាន​ពិពណ៌នា​ថា លោក​ម៉ូសេ​មាន​ពន្លឺ​ចែងចាំង​នៅ​លើ​មុខ បន្ទាប់​ពី​បាន​ចូល​ក្នុង​ព្រះ​វត្ត​មាន​ព្រះ(មើល​និក្ខមនំ ៣៤:២៩)។ ព្រះ​គម្ពីរ​ដើម​ជា​ភាសា​ហេព្រើរ​បាន​ប្រើ​ពាក្យ ដែល​មានន័យ​ទាក់ទង​នឹង “ស្នែង” ក្នុង​ការ​ពិពណ៌នា អំពី “បាច់” ពន្លឺ ដែល​បាញ់​ចេញពី​មុខ​របស់​លោក​ម៉ូសេ ហើយ​ព្រះ​គម្ពីរ​វ៉ាល់ហ្គេត ជា​ភាសាឡាតាំង​បាន​បក​ប្រែ​ពាក្យ​នេះ​ត្រង់​ៗ​តែ​ម្តង​។ ដូច​នេះ អ្នកអាន​ព្រះ​គម្ពីរ​ភាសាឡាតាំង​នោះ “មាន​ការ​យល់​ច្រឡំ” អំពី​លោក​ម៉ូសេ​។

តើ​អ្នក​ធ្លាប់​មាន​ការ​យល់​ច្រឡំ​ចំពោះ​នរណា​ម្នាក់​ទេ? បន្ទាប់​ពី​សាវ័ក​ពេត្រុស​បាន​ប្រោស​បុរស​ពិការ​ជើង​ពី​កំណើត​ម្នាក់ ឲ្យ​អាច​ដើរ​បាន ដោយនូវ​ព្រះ​នាម​ព្រះយេស៊ូវ(កិច្ចការ ៣:១-១០) គាត់​ក៏​បាន​ប្រកាស​ដល់​ជន​រួម​ជាតិ​អ៊ីស្រាអែល​របស់​គាត់​ថា ពួកគេ​មាន​ការ​យល់​ច្រឡំ​អំពី​ព្រះយេស៊ូវ​។ គាត់​ក៏​បាន​ចង្អុល​បង្ហាញថា “អ្នក​រាល់​គ្នា​បាន​សំឡាប់​ព្រះអម្ចាស់​ជីវិត​នោះ​ទៅ តែ​ព្រះ​បាន​ប្រោស​ឲ្យ​ទ្រង់​មាន​ព្រះ​ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ”​(ខ.១៥)។ គាត់​មាន​ប្រសាសន៍​ទៀត​ថា “សេចក្តី​ដែល​ព្រះ​បាន​ប្រកា​ស​ប្រាប់​ជាមុន ដោយសារ​មាត់​នៃ​អស់​ទាំង​ហោរា​របស់​ទ្រង់ ពី​ដំណើរ​ព្រះគ្រីស្ទ​ថា ទ្រង់​ត្រូវ​រង​ទុក្ខ​លំបាក នោះ​ព្រះ​ទ្រង់​ក៏បាន​សំរេច​តាម​យ៉ាង​ដូច្នោះឯង” (ខ.១៨)។ លោក​ពេត្រុស​ថែម​ទាំង​បាន​មាន​ប្រសាសន៍​ថា លោក​ម៉ូសេ​បាន​ចង្អុល​បង្ហាញ​គេ​ឲ្យ​ងាក​ទៅ​រក​ព្រះគ្រីស្ទ​ទៀត​ផង(ខ.២២)។

ជីវិត​មនុស្ស​មាន​ការ​ផ្លាស់​ប្រែ ដោយសារ “សេចក្តី​ជំនឿ​ជឿ​ដល់​ព្រះ​នាម​ទ្រង់” “គឺជា​សេចក្តី​ជំនឿ​ដែល​កើតមក ដោយសារ​ព្រះ​អង្គ​នោះ​ឯង”(ខ.១៦)។ ទោះ​យើង​មាន​ការ​យល់​ច្រឡំ​ចំពោះ​ព្រះអង្គ ឬ​មាន​ប្រវត្តិ​ដូច​ម្តេច​ក៏ដោយ ព្រះគ្រីស្ទ​បាន​ស្វាគមន៍​យើង ពេលណា​យើង​វិល​បែរ​មក​រក​ព្រះអង្គ​។ ព្រះ​ដែល​បាន​តាក់តែង​ជីវិត​របស់​មនុស្ស បាន​ត្រៀម​ជា​ស្រេច ដើម្បី​តាក់តែង​ជីវិត​យើង​ជា​ថ្មី!—James Banks

តើ​អ្នក​មាន​ការ​យល់​ខុស​អំពី​ព្រះយេស៊ូវ ដូច​ម្តេច​ខ្លះ? តើមាន​អ្វី​ជួយ​អ្នក​ឲ្យ​យល់​អំពី​ព្រះអង្គ​កាន់តែ​ច្បាស់​នៅ​ថ្ងៃ​នេះ?

ឱ​ព្រះយេស៊ូវ ទូល​បង្គំ​សូម​អរ​ព្រះគុណ​ព្រះអង្គ ដែល​បាន​យល់ និង​ស្រឡាញ់​ទូល​បង្គំ​។

For further study, read The Point of It All—Why We Might Miss Jesus at DiscoverODB.org.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ជន​គណនា ៣១-៣៣ និង ម៉ាកុស ៩:១-២៩

ល្ងាច

Devotional illustration

ព្រះ​អង្គ​បាន​អត់​ទោស ដូច​នេះ​យើង​ត្រូវ​អត់​ទោស​ឲ្យ​គេ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

March 4, 2025

«ដូច្នេះ តើ​មិន​គួរ​ឲ្យ​ឯង​អាណិត​មេត្តា​ដល់​គូ​កន​ឯង ដូច​ជា​អញ​បាន​អាណិត​មេត្តា​ដល់​ឯង​ដែរ​ទេ​ឬ​អី?» (ម៉ាថាយ ១៨:៣៣)។

មនុស្ស​ដែល​បាន​ទទួល​ការ​អត់​ទោស​ហើយ គួរ​តែ​រស់​នៅ​ជា​មនុស្ស​ដែល​អត់​ទោស​ឲ្យ​អ្នក​ដទៃ ហើយ​ដោយ​សារ​យើង​មិន​ងាយ​អត់​ទោស​ឲ្យ​គេ នោះ​យើង​ចាំ​បាច់​ត្រូវ​ឮ​ការ​ក្រើន​រម្លឹក​នេះ​ម្តង​ហើយ​ម្តង​ទៀត។

ម្យ៉ាង​ទៀត យើង​អត់​ទោស​ឲ្យ​គេ ព្រោះ​ព្រះ​អម្ចាស់​បាន​អត់​ទោស​ឲ្យ​យើង​តាម​រយៈ​ព្រះ​យេស៊ូវ​ហើយ។ ព្រះ​គម្ពីរ​ប៊ីប​បាន​ចែង​យ៉ាង​ច្បាស់​ថា ការ​អត់​ទោស​របស់​ព្រះ​អង្គ​មិន​មែន​ដោយ​សារ​យើង​បាន​ធ្វើ​ការ​ល្អ ហើយ​មិន​មែន​ដោយ​សារ​យើង​ខិតខំ​បង្ហាញ​សេចក្តី​មេត្តា និង​ការ​អត់​ទោស​ដល់​អ្នក​ដទៃ តែ​ផ្ទុយ​ទៅ​វិញ ការ​អត់​ទោស​កើត​ចេញ​ពី​ព្រះ​គុណ​ព្រះ។

វិញ្ញាណ​ដែល​អត់​ទោស​គឺ​ជា​ភស្តុតាង​ធំ​បំផុត​ដែល​បង្ហាញ​ថា នរណា​ម្នាក់​ពិត​ជា​បាន​ប្រែ​ចិត្ត​ចេញ​ពី​បាប។ ផ្ទុយ​មក​វិញ បើ​យើង​នៅ​តែ​បន្ត​មាន​គំនុំ សេចក្តី​សម្អប់ និង​ភាព​​ជូរ​ល្វីង ក្នុង​ចិត្ត​យើង នោះ​យើង​មិន​គ្រាន់​តែ​នាំ​ផល​វិបាក​ដល់​ជីវិត​ខ្លួន​ឯង និង​បំផ្លាញ​ទំនាក់​ទំនង​របស់​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ យើង​ថែម​ទាំង​ចាំ​បាច់​ត្រូវ​សួរ​ខ្លួន​ឯង​ថា តើ​យើង​ពិតជា​បាន​យល់​អំពី​លក្ខណៈ​នៃ​ការ​អត់​ទោស​របស់​ព្រះ​ដែរ​ឬ​ទេ។

យើង​មិន​អាច​ផ្តល់​ឲ្យ​គេ​នូវ​ការ​អត់​ទោស​ពិត​ប្រាកដ​បាន​ឡើយ ទាល់​តែ​យើង​បាន​ស្គាល់​ការ​អត់​ទោស​របស់​ព្រះ ហើយ​បើ​យើង​ស្គាល់​ហើយ នោះ​យើង​មិន​អាច​ថា យើង​មិន​អាច​អត់​ទោស​ឲ្យ​គេ​នោះ​ឡើយ។ ការ​អត់​ទោស​ចេញ​ពី​ចិត្ត​យើង​មក ពេល​ណា​ហើយ​បាន​ផ្លាស់​ប្រែ ដោយ​សារ​ព្រះ​គុណ​ព្រះ​អង្គ និង​បាន​ពិចារណា​អំពី​ទំហំ​នៃ​កំហុស​របស់​យើង​ដែល​ទាស់​ប្រឆាំង​ព្រះ​អង្គ។

ពេល​ណា​ការ​ផ្លាស់​ប្រែ​ដូច​នេះ​កើត​មាន បាប​ដែល​អ្នក​ដទៃ​ធ្វើ​មក​លើ​យើង នឹង​មាន​ទម្ងន់​ស្រាល​ជាង​មុន ខណៈ​ដែល​ព្រះ​ទ្រង់​ជួយ​យើង​ឲ្យ​អត់​ទោស​ឲ្យ​គេ​ដូច​ដែល​ព្រះ​អង្គ​បាន​អត់​ទោស​ឲ្យ​យើង។

នេះ​ជា​ការ​គោល​ការណ៍​នៅ​ពី​ក្រោយ​រឿង​ប្រៀប​ប្រដូច​របស់​ព្រះ​យេស៊ូវ​អំពី​អ្នក​បម្រើ ក្នុង​បទ​គម្ពីរ​ម៉ាថាយ ជំពូក​១៨ ដែល​បាន​ទទួល​ការ​លើក​លែង​បំណុល​ដែល​ធៀប​នឹង​សម័យ​បច្ចុប្បន្ន​គឺ ស្មើ​នឹង​ទឹក​ប្រាក់​៨​ពាន់​លាន​ដុល្លារ ហើយ​បន្ទាប់​មក គាត់​បាន​បដិសេធន៍​មិន​លើក​លែង​ឲ្យ​មិត្ត​ភក្តិ​គាត់​ដែល​ជំពាក់​គាត់​តែ ២​ម៉ឺន​ដុល្លារ។ ត្រង់​ចំណុច​នេះ ព្រះ​យេស៊ូវ​សព្វ​ព្រះ​ទ័យ​ឲ្យ​យើង​មើល​ឃើញ​ភាព​គ្មាន​ហេតុផល​នៃ​អ្នក​បម្រើ ដែល​បាន​ទទួល​ការ​លើក​លែង​បំណុល​ដ៏​ច្រើន​លើស​លប់ តែ​មិន​បាន​លើក​លែង​ឲ្យ​បំណុល​ដែល​គេ​ជំពាក់​គាត់។

ដូច​នេះ បំណុល​ដែល​គេ​ជំពាក់​គាត់​មាន​ទំហំ​តូច​ណាស់ បើ​ធៀប​នឹង​បំណុល​ដែល​ស្ដេច​លើក​លែង​ឲ្យ​គាត់។ ដូច​គ្នា​នេះ​ដែរ យើង​ដែល​បាន​ទទួល​ការ​អត់​ទោស​បាប​ដ៏​លើស​លប់​ពី​ព្រះ ក៏​គ្មាន​ហេតុផល​អ្វី​ដែល​មិន​ត្រូវ​អត់​ទោស​ឲ្យ​អ្នក​ដទៃ​នោះ​ទេ។

បើ​យើង​បាន​ដក​ពិសោធន៍​នឹង​សេចក្តី​មេត្តា​របស់​ព្រះ នោះ​យើង​ត្រូវ​តែ​ប្រាកដ​ថា យើង​អនុវត្តន៍​នូវ​ការ​អត់​ទោស​ឲ្យ​គេ​ដោយ​គ្មាន​ការ​ធ្វេស​ប្រហែស។ យើង​​អរ​សប្បាយ​នឹង​ភាព​ពេញលេញ​របស់​ព្រះ​ក្នុង​ការ​អត់​ទោស​ឲ្យ​អ្នក​ដទៃ។ ចូរ​លុប​ចោល​កំហុស​របស់​អ្នក​ដទៃ​ដែល​អ្នក​បាន​កត់ទុក​ក្នុង​ចិត្ត​អ្នក ដោយ​មិន​ចង់​អត់​ទោស​ឲ្យ​គេ។ បើ​អ្នក​គិត​ថា អ្នក​ពិបាក​លុប​ចោល ដោយ​សារ​កំហុស​ដែល​គេ​ធ្វើ​មក​លើ​អ្នក​មាន​ភាព​ធ្ងន់ធ្ងរ​ខ្លាំង នោះ​ចូរ​មើល​ទៅ​បំណុល​ដែល​ព្រះ​បាន​អត់​ទោស​ឲ្យ​អ្នក​ចុះ ហើយ​មើល​ទៅ​ការ​លះបង់​របស់​ព្រះ​អង្គ ដើម្បី​អត់​ទោស​ឲ្យ​អ្នក​ចុះ ការ​នោះ​នឹង​ជួយ​អ្នក​ផ្តល់​ក្តី​មេត្តា​ដល់​អ្នក​ដទៃ។

ជា​ការ​ពិត​ណាស់ បើ​ព្រះ​ទ្រង់​បាន​អត់​ទោស​ឲ្យ​អ្នក​ហើយ នោះ​ព្រះ​អង្គ​នឹង​ចាក់​បង្ហូរ​ព្រះ​គុណ និង​សេចក្តី​មេត្តា​របស់​ព្រះ​អង្គ ដើម្បី​ជួយ​ឲ្យ​អ្នក​ដើរ ដោយ​ភាព​សុខដុម​ជាមួយ​អ្នក​ដទៃ។

ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ ម៉ាកុស ១១:២០-២៥

គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ និក្ខមនំ ៣៩-៤០ និង​យ៉ាកុប ៥

ប្រភេទ

ល្ងាច

Devotional illustration

អុីស្រាអែល​ពិត​ប្រាកដ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

March 4, 2025

«ក្នុង​គ្រា​នោះ​ដែល​អ៊‌ីស្រាអែល​នៅ​ក្មេង​នៅ​ឡើយ​នោះ​អញ​បាន​ស្រឡាញ់​វា ក៏​បាន​ហៅ​កូន​អញ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក។ ពួក​ហោរា​បាន​ហៅ​គេ​ជា​ច្រើន​ដង​ប៉ុណ្ណា នោះ​គេ​បាន​ឃ្លាត​ឆ្ងាយ​ទៅ​ប៉ុណ្ណោះ​ឯង គេ​បាន​ថ្វាយ​យញ្ញ​បូជា​ដល់​អស់​ទាំង​ព្រះ​បាល ព្រម​ទាំង​ដុត​កំញាន​ថ្វាយ​ដល់​រូប​ធ្លាក់​ផង» (ហូសេ ១១:១-២)។

កាល​ព្រះ​យេស៊ូវ​ប្រសូត នាង ម៉ារា និង​លោក យ៉ូសែប បាន​នាំ​ព្រះ​អង្គ​ទៅ​នគរ​អេស៊ីព្ទ ដើម្បី​ការពារ​ព្រះ​អង្គ ពី​ការ​បៀតបៀន​របស់​ស្ដេច ហេរ៉ូឌ។ នៅ​ពេល​ដែល​សាវ័ក ម៉ាថាយ បាន​កត់​ត្រា​អំពី​ព្រឹត្តិការណ៍​នេះ គាត់​បាន​ដក​ស្រង់​ខ​គម្ពីរ​ពី​កណ្ឌ​ហូសេ ដែល​បាន​កត់​ទុក​កាល​ពី​​ជាង៧​សតវត្សរ៍​មុន ហើយ​ពន្យល់​ថា ខ​គម្ពីរ​ទាំង​នោះ ជា​បទ​ទំនាយ​ដែល​ព្រះ​យេស៊ូវ​បាន​សម្រេច​ហើយ (ម៉ាថាយ ២:១៣-១៥)។ តែ​ពាក្យ​ពេចន៍​ក្នុង​បទ​គម្ពីរ​ហូសេ​នេះ មិន​បាន​និយាយ​សំដៅ​ទៅ​លើ​បុគ្គល​ណា​​ម្នាក់ តែ​ទៅ​លើ​ជាតិ​សាសន៍​មួយ («ពួក​ហោរា​បាន​ហៅ​គេ​ជា​ច្រើន​ដង​ប៉ុណ្ណា នោះ​គេ​បាន​ឃ្លាត​ឆ្ងាយ​ទៅ​ប៉ុណ្ណោះ​ដែរ​ គេ​បាន​ថ្វាយ​យញ្ញ​បូជា​ដល់​អស់​ទាំង​ព្រះ​បាល»)។

យើង​ប្រហែល​គិតថា សាវ័ក ម៉ាថាយ មិន​បាន​ប្រើ​ខ​គម្ពីរ​នេះ​ឲ្យ​បាន​ស៊ី​ជម្រៅ។ ប៉ុន្តែ តាម​ពិត គាត់​ដឹង​ថា គាត់​កំពុង​ធ្វើ​អ្វី។ គាត់​បាន​ប្រៀប​ប្រដូច​ព្រះ​យេស៊ូវ​ទៅ​នឹង​ប្រជា​ជាតិ​អ៊‌ីស្រាអែល។ គឺ​ដូច​ដែល​ព្រះ​ទ្រង់​បាន​ហៅ​រាស្ត្រ​ជាទី​ស្រឡាញ់​របស់​ព្រះ​អង្គ ជា​កូន​ប្រុស​ព្រះ​អង្គ ចេញ​ពី​ស្រុក​អេស៊ីព្ទ​ឲ្យ​មក​ថ្វាយ​បង្គំ​ព្រះ​អង្គ ក្នុង​ទឹក​ដី​សន្យា ហើយ​ចំណែក​កណ្ឌ​គម្ពីរ​ម៉ាថាយ​វិញ បាន​ចែង​ថា ព្រះ​ទ្រង់​បាន​ហៅ​ព្រះ​រាជ​បុត្រា​តែ​មួយ គឺ​ព្រះ​អម្ចាស់​យេស៊ូវ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​ចូល​ទឹកដី​សន្យា។ ទោះ​ព្រះ​យេស៊ូវ​ខុស​ពី​ប្រជា​ជាតិ​អ៊‌ីស្រាអែល​ត្រង់​ចំណុច​ដែល​ថា ព្រះ​អង្គ​មិន​បាន​ធ្វើ​អំពើ​បាប​សោះ តែ​ព្រះ​អង្គ​ជួប​ការ​ល្បួង​នៅ​វាល​រហោស្ថាន ដូច​ពួក​គេ​ផង​ដែរ (ម៉ាថាយ ៤:១-១១ និង​និក្ខមនំ ៣២:១-៦)។ ព្រះ​យេស៊ូវ​ជា​អ៊‌ីស្រាអែល​ពិត ជា​ព្រះ​រាជបុត្រា​ពិត។ នៅ​ដើម​ដំបូង​នៃ​ព្រះ​រាជ​កិច្ច​របស់​ព្រះ​អង្គ ព្រះ​អង្គ​បាន​ជ្រើស​រើស​សាវ័ក១២​នាក់ (ម៉ាថាយ ១០:១-៤)។ នេះ​ជា​ចំនួន​ដ៏​សំខាន់។ ត្រង់​ចំណុច​នេះ ព្រះ​អង្គ​ចង់​មាន​ន័យ​ថា ព្រះ​អង្គ​ជា​អ៊‌ីស្រាអែល​ពិត​ប្រាកដ កំពុង​ហៅ​រាស្ត្រ​ព្រះ​អង្គ​ឲ្យ​ចូល​មក​រក​អង្គ​ទ្រង់ ធ្វើ​ជា​ផ្នែក​មួយ​នៃ​អ៊‌ីស្រាអែល​ថ្មី។ នៅ​ពេល​នោះ សិស្ស​ទាំង១២​បាន​ធ្វើ​ជា​គ្រឹះ​នៃ​ប្រជា​ជាតិ​អ៊‌ីស្រាអែល​ថ្មី ជំនួស​ឲ្យ​ពូជ​អំបូរ​ទាំង១២​នៃ​សាសន៍​អ៊‌ីស្រាអែល។ ក្នុង​ការ​ជ្រើសរើស​នេះ ការ​ផ្ដោត​ទៅលើ​រាស្ត្រ​របស់​ព្រះ គឺ​ត្រូវ​បាន​តម្រង់​ជា​ថ្មី​ឲ្យ​ត្រូវ​ទិស​ដៅ។ ចាប់​តាំង​ពី​ពេល​នោះ​មក អ៊‌ីស្រាអែល​ពិត​ប្រាកដ​មិន​មែន​អ៊‌ីស្រាអែល​នៅ​មជ្ឈិម​បូព៌ា​ក្នុង​ពេល​បច្ចុប្បន្ន ឬ​ជា​កូនចៅ​ជំនាន់​ក្រោយ​របស់​លោក អ័ប្រាហាំ នោះ​ទេ តែ​ជា​កូន​ចៅ​ជំនាន់​ក្រោយ​ខាង​វិញ្ញាណ​របស់​លោក អ័ប្រាហាំ ដែល​មាន​ទាំង​សាសន៍​ដទៃ និង​សត្វ​យូដា។ កូន​របស់​ព្រះ​គឺ​ជា​អ្នក​ដែល​យក​គំរូ​តាម​លោក អ័ប្រាហាំ ដោយ​ទុក​ចិត្ត​លើ​ព្រះ​បន្ទូល​សន្យា​របស់​ព្រះ​ដែល​បាន​សម្រេច​ក្នុង​អង្គ​ព្រះ​យេស៊ូវ។

សាវ័ក ប៉ុល មាន​ប្រសាសន៍​ថា ព្រះ​បន្ទូល​សន្យា​នេះ «ផ្អែក​ទៅ​លើ​សេចក្តី​ជំនឿ» ហើយ​ផ្អែក​ទៅ​លើ​ព្រះ​គុណ (រ៉ូម ៤:១៦)។ ទោះ​អ្នក​ជា​សាសន៍​យូដា ឬ​សាសន៍​ដទៃ មាន​ឬ​ក្រ ប្រុស​ឬ​ស្រី​ក៏​ដោយ។ ទោះ​អ្នក​ជា​នរណា ឬ​បាន​ធ្វើ​អ្វី​ក៏​ដោយ។ គឺ​នៅ​តែ​អនុវត្ត​តាម​គោល​ការណ៍​ដដែល​ថា «បើ​អ្នក​រាល់​គ្នា​ជា​របស់​ផង​ព្រះ​គ្រីស្ទ នោះ​ក៏​ពេញ​ជា​ពូជ​របស់​លោក អ័ប្រាហាំ ហើយ​ក៏​ជា​អ្នក​គ្រង​មរដក​តាម​សេចក្តី​សន្យា​ផង» (កាឡាទី ៣:២៩)។ យើង​រាល់​គ្នា រួម​គ្នា​តែមួយ​ក្នុង​ព្រះ​គ្រីស្ទ (ខ.២៨)។ ដំណឹង​ល្អ​តែ​មួយ​សម្រាប់​មនុស្ស​ទាំង​អស់។ មនុស្ស​ខាង​សាសនា និង​ក្រម​សីលធម៌ ត្រូវ​ការ​សេចក្តី​សង្គ្រោះ​តែ​មួយ ទោះ​ពួក​គេ​មិន​ដែល​បាន​ទៅ​ព្រះ​វិហារ និង​រស់​នៅ​ដោយ​មិន​ខ្វល់​ពី​ស្តង់​ដា ឬ​គោល​ជំនឿ​ក៏​ដោយ។ យើង​មាន​រឿង​តែ​មួយ​សម្រាប់​ចែក​ចាយ តែ​ជា​រឿង​ដែល​យើង និង​មនុស្ស​ទាំង​អស់​ត្រូវ​ការ។

យើង​មិន​អាច​ប្រកែក​ថា យើង​មាន​ភាព​ល្អ​ឥត​ខ្ចោះ​បាន​ឡើយ។ យើង​ងាយ​នឹង​វង្វេង​ចេញ​ពី​ព្រះ​វរបិតា ហើយ​ថ្វាយ​បង្គំ​រូប​ព្រះ មិន​ខុស​ពី​ពួក​អ៊‌ីស្រាអែល​ដើម​ទេ។ ប៉ុន្តែ ព្រះ​យេស៊ូវ​ជា​អ៊‌ីស្រាអែល​សុចរិត​យ៉ាង​ឥត​ខ្ចោះ ល្អ និង​ពិត​ជា​អ៊‌ីស្រាអែល​ដើម បាន​សុគត ដើម្បី​ទទួល​យក​បាប​របស់​យើង ដើម្បី​ឲ្យ​យើង​អាច​ចូល​មក​ទទួល​សេចក្តី​មេត្តា​ពី​ព្រះ​អង្គ។ ព្រះ​អង្គ​បាន​នាំ​យើង​ចូល​មហា​គ្រួសារ​ព្រះ​អង្គ ក្នុង​ក្រឹត្យ​ក្រម​នៃ​នគរ​របស់​អ៊‌ីស្រាអែល​ពិត​ប្រាកដ មិន​មែន​ដោយ​សារ​យើង​ជា​នរណា ឬ​យើង​បាន​ធ្វើ​អ្វី តែ​ដោយ​សារ​ព្រះអង្គ​ជា​នរណា ហើយ​បាន​ធ្វើ​អ្វី។ នៅ​ថ្ងៃ​នេះ ដោយ​សារ​ជំនឿ​លើ​ព្រះ​គ្រីស្ទ​យេស៊ូវ អ្នក​ជា​កូន​ព្រះ ជា​កូន​ស្ងួន​ភ្ងា​របស់​ព្រះអង្គ​កាល​ពី​ពេល​មុន និង​ពេល​សព្វថ្ងៃ (កាឡាទី ៣:២៦)។

ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ ម៉ាថាយ ៤:១-១១

គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ សុភាសិត ១៦-១៨ និង​ទីតុស ៣

ប្រភេទ