សុភាសិត ១៩:៨-១៣
សតិបញ្ញារបស់មនុស្សនឹងនាំឲ្យយឺតនឹងខឹង អ្នកនោះក៏តែងមានចិត្តអរ ដោយមិនប្រកាន់ទោសវិញ។ សុភាសិត ១៩:១១
នៅពេលដែលខ្ញុំបានចូលព្រះវិហាររបស់ខ្ញុំ បន្ទាប់ពីការបិទខ្ទប់អស់ជាច្រើនខែមក ខ្ញុំមានចិត្តរំភើបរីករាយ ដែលបានឃើញសមាជិកពួកជំនុំដែលខ្ញុំមិនបានជួបគ្នាមួយរយៈ។ ខ្ញុំដឹងថា សមាជិកខ្លះ ជាពិសេសអ្នកមានវ័យចាស់ជាងគេនឹងមិនបានមកព្រះវិហារទេ ដោយសារកត្តាសុវត្ថិភាព និងហេតុផលផ្សេងៗទៀត ហើយខ្លះទៀតបានលាចាកលោកហើយ។ ដូចនេះ ខ្ញុំមានចិត្តរំភើបណាស់ ពេលដែលបានឃើញប្តីប្រពន្ធវ័យចំណាស់មួយគូរដើរចូលព្រះវិហារ ហើយអង្គុយនៅកៅអីជួរក្រោយខ្ញុំដូចកាលពីមុន។ ខ្ញុំក៏បានលើកដៃជំរាបសួរពួកគាត់។ បុរសជាប្តីក៏បានជំរាបសួរតបខ្ញុំវិញ ប៉ុន្តែ ភរិយារបស់គាត់បានសម្លឹងមុខខ្ញុំ ដោយទឹកមុខមិនញញឹមសោះ។ ពេលនោះ ខ្ញុំមានអារម្មណ៍ចម្លែក ហើយឆ្ងល់ថា ហេតុអ្វីគាត់មានទឹកមុខដូចនេះ។
ពីរបីអាទិត្យក្រោយមក ខ្ញុំក៏បានសង្កេតមើលឃើញមិត្តភក្តិរបស់គាត់ម្នាក់ បានជួយណែនាំគាត់ ពេលណាគាត់ត្រូវអង្គុយចុះ ឬក្រោកឈរ ក្នុងកម្មវិធីថ្វាយបង្គំក្នុងព្រះវិហារ គឺហាក់ដូចជាកំពុងថែទាំអ្នកជំងឺចាស់ជរាអញ្ចឹង។ គាត់ប្រហែលជាមានជំងឺ ហើយមិនចាំថាខ្ញុំជានរណាទេ។ ខ្ញុំអរព្រះគុណព្រះអង្គ ដែលខ្ញុំមិនបានចូលទៅសួរគាត់ត្រង់ៗ ឬអាក់អន់ចិត្ត ពេលដែលគាត់មិនបានឆ្លើយតបចំពោះការស្វាគមន៍ដ៏ក្លៀវក្លារបស់ខ្ញុំ។
កណ្ឌគម្ពីរសុភាសិត បានផ្តល់ឲ្យនូវយោបល់ល្អៗជាច្រើន ដើម្បីឲ្យយើងរស់នៅប្រកបដោយប្រាជ្ញា ហើយក៏បានបង្រៀនអំពីមនុស្សដែលយឺតនឹងខឹងផងដែរ។ តាមពិត កណ្ឌគម្ពីរនេះបានចែងថា “សតិបញ្ញារបស់មនុស្សនឹងនាំឲ្យយឺតនឹងខឹង អ្នកនោះក៏តែងមានចិត្តអរ ដោយមិនប្រកាន់ទោសវិញ”(១៩:១១)។ ការសម្រេចចិត្តមិនអាក់អន់ចិត្ត និងរៀន “គ្រប់គ្រងកំហឹង”(ខ.១១) អាចផ្តល់ឲ្យយើងនូវកិត្តិយស។ ដើម្បីឲ្យយើងអាចគ្រប់គ្រងកំហឹង យើងចាំបាច់ត្រូវមានចិត្តអត់ធ្មត់ និងមាន “ប្រាជ្ញា”(ខ.៨) តែរង្វាន់ដែលយើងនឹងទទួលបាន គឺសក្តិសមនឹងឲ្យយើងលះបង់សេចក្តីអំនួត ហើយសម្រេចចិត្តស្រឡាញ់អ្នកដទៃ។—Katara Patton
តើអ្នកមានការអាន់អន់ចិត្ត ដោយសារទង្វើរបស់អ្នកដទៃ នៅពេលណា? តើពេលណាយើងត្រូវមើលរំលងកំហុសរបស់អ្នកដទៃ?
ឱព្រះនៃសេចក្តីមេត្តា ទូលបង្គំសូមអរព្រះគុណ ដ្បិតព្រះអង្គយឺតនឹងខឹង ពេលណាទូលបង្គំធ្វើខុសចំពោះព្រះអង្គ។
សូមព្រះអង្គប្រទានប្រាជ្ញា ដើម្បីឲ្យអាចមើលរំលងកំហុសអ្នកដទៃផងដែរ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ចោទិយកថា ១-២ និង ម៉ាកុស ១០:១-៣១