នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ការ​សម្រាក​នៅ​ចន្លោះ​ពេល

ការ​សម្រាក​នៅ​ចន្លោះ​ពេល

ដោយKirsten Holmberg

March 16, 2025

និក្ខមនំ ២០:៨-១១

ដ្បិត​ក្នុង៦ថ្ងៃ​ព្រះយេហូវ៉ា​ទ្រង់​បាន​ធ្វើ​ផ្ទៃ​មេឃ ផែនដី ហើយ​នឹង​សមុទ្រ … រួច​ដល់​ថ្ងៃទី៧ ទ្រង់​ឈប់​សំរាក​។ និក្ខមនំ ២០:១១

លោកចេហ្វ ហ្កាឡូវេយ(Jeff Galloway) គឺជា​គ្រូ​បង្វឹក​កីឡាករ​រត់​ប្រណាំង និង​ជា​អតីត​កីឡាករ​អូឡាំពិក បាន​បង្រៀន​ក្បួន​រត់​ប្រណាំង​ម៉ារ៉ាតុន ដែល​មនុស្ស​ជា​ទូទៅ​មិន​បាន​យក​មក​អនុវត្ត​។ កីឡាករ​រត់​ប្រណាំង​ម៉ារ៉ាតុន​ទាំង​អ្នក​ថ្មី និង​អ្នក​មាន​បទ​ពិសោធន៍ ច្រើនតែ​មាន​ការ​ភ្ញាក់​ផ្អើល ពេល​ដែល​បាន​ដឹង​ថា គាត់​បាន​លើក​ទឹក​ចិត្ត​គេ​ឲ្យ​ប្រើ​យុទ្ធ​សាស្រ្ត “ដើរ​ផង​រត់​ផង” នៅ​ក្នុង​ការ​រត់​ប្រណាំង​ម៉ារ៉ាតុន​។ គាត់​ថា កីឡាករ​រត់​ប្រណាំង គួរតែ​ដើរ​រយៈ​ពេល​ខ្លី បន្ទាប់​ពី​រត់​បាន​រយៈ​ពេល​ប៉ុន្មាន​នាទី​ដែល​ពួកគេ​បាន​កំណត់ ហើយ​បន្ត​រត់​ផង​ដើរ​ផង​យ៉ាង​ដូច​នេះ​រហូត​ដល់ទី​។ មូល​ហេតុ​គឺ​ដោយសារ​ការ​ដើរ​មួយ​រយៈ​ពេល​ខ្លី ជួយ​ឲ្យ​រាង​កាយ​សម្រាក ហើយ​មាន​កម្លាំង​ឡើង​វិញ​បន្តិច ដោយ​ជួយ​កីឡាករ​ឲ្យ​រត់​ទៅ​ដល់ទី​បាន​លឿន​ជាង​ការ​រត់​សុទ្ធ ដោយ​មិន​ដើរ​ទាល់តែសោះ ក្នុងរយៈ​ចម្ងាយ៤២គីឡូម៉ែត្រ​។

ការ​សម្រាក​នៅ​ចន្លោះ​ពេល​មាន​សារៈសំខាន់ មិន​គ្រាន់តែ​នៅ​ក្នុង​ការ​រត់​ប្រណាំង​ម៉ារ៉ាតុន​ប៉ុណ្ណោះ​ទេ​។ ការ​សម្រាក​ជួយ​ទ្រទ្រង់​យើង ឲ្យ​មាន​កម្លាំង​បន្ត​ប្រឹង​ប្រែង ក្នុង​ការ​រស់នៅ​។ ព្រះ​ទ្រង់​បាន​លើក​ឡើង​អំពី​ការ​សម្រាក នៅ​ក្នុង​ព្រះ​គម្ពីរប៊ីប​ទាំងមូល ចាប់​តាំងពី​កណ្ឌ​គម្ពីរ​និក្ខមនំ​។ ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ ព្រះ​ទ្រង់​បាន​បង្គាប់​ឲ្យ​រាស្រ្ត​ព្រះអង្គ​មាន​ការ​សម្រាក តាម​គំរូ​របស់​ព្រះអង្គ ក្នុង​ព្រះ​រាជ​កិច្ច​បង្កើត​របស់​សព្វ​សារពើ ដោយ​ឲ្យ​ពួកគេ​ធ្វើ​ការ៦ថ្ងៃ ហើយ​បន្ទាប់​មក​យក​ថ្ងៃទី៧ ធ្វើ​ជា​ថ្ងៃ​សម្រាក ថ្វាយ​ព្រះអម្ចាស់(និក្ខមនំ ២០:‌១០) “ដ្បិត​ក្នុង៦ថ្ងៃ​ព្រះយេហូវ៉ា​ទ្រង់​បាន​ធ្វើ​ផ្ទៃ​មេឃ ផែនដី ហើយ​នឹង​សមុទ្រ ព្រម​ទាំង​របស់​សព្វ​សារពើ​នៅ​ស្ថាន​ទាំង​នោះ​ដែរ រួច​ដល់​ថ្ងៃទី៧ ទ្រង់​ឈប់​សំរាក”(ខ.១១)។

ក្នុង​នាម​យើង​ជា​អ្នកជឿ​ព្រះយេស៊ូវ នៅ​គ្រា​សញ្ញា​ថ្មី យើង​មិន​ស្ថិត​ក្រោម​ក្រឹត្យ​វិន័យ​ដែល​តម្រូវ​ឲ្យ​យើង​ឈប់​សម្រាក​ញឹក​ញាប់​ប៉ុណ្ណា ឬ​នៅ​ថ្ងៃណា​ឡើយ(រ៉ូម ១៤:៥-៦ កូល៉ុស ២:១៦-១៧)។ ចូរ​យើង​សម្រាក នៅ​ពេលណា ឬ​តាម​របៀប​ណាមួយ ដែល​នាំ​ឲ្យ​យើង​មាន​កម្លាំង​ឡើង​វិញ​។ ការ​សម្រេច​ចិត្ត​សម្រាក ក៏​ជា​ការ​បង្ហាញ​ការ​ទុកចិត្ត​ព្រះ ដែល​បាន​បំពេញ​តម្រូវការ​យើង ដោយ​ព្រះទ័យ​ស្មោះ​ត្រង់ ដោយ​យើង​មិន​ត្រូវ និង​មិន​អាច​រត់​ជាប់​ជានិច្ច ដោយ​គ្មាន​ការ​សម្រាក​នោះ​ទេ​។—Kirsten Holmberg

តើ​អ្នក​សម្រាក​ដោយ​របៀបណា និង​នៅ​ពេលណា? តើ​ព្រះ​ទ្រង់​បាន​បំពេញ​តម្រូវការ​របស់​អ្នក​ដូច​ម្តេច​ខ្លះ ពេលណា​អ្នក​សម្រាក ដោយ​បង្ហាញ​ការ​ទុកចិត្ត​ដល់​ព្រះអង្គ?

ឱ​ព្រះវរបិតា ទូល​បង្គំ​សូម​អរ​ព្រះគុណ​ព្រះអង្គ សម្រាប់​ការ​ប្រទាន​ឱកាស​ឲ្យ​ទូល​បង្គំ​ទុកចិត្ត​ព្រះអង្គ តាមរយៈ​ការ​សម្រាក​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ចោទិយកថា ២៨-២៩ និង ម៉ាកុស ១៤:៥៤-៧២

ល្ងាច

Devotional illustration

ការ​កម្សាន្ត​ចិត្ត​សម្រាប់​ចិត្ត​ដែល​ថប់​បារម្ភ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

March 16, 2025

«គឺ​ឲ្យ​យើង​រាល់​គ្នា ដែល​ព្រះ​ចេស្ដា​នៃ​ព្រះ​កំពុង​តែ​ថែរក្សា​ដោយ​សារ​សេចក្តី​ជំនឿ សម្រាប់​ឲ្យ​បាន​សេចក្តី​សង្គ្រោះ ដែល​ប្រុង​ប្រៀប​នឹង​សម្ដែង​មក​នៅ​ជាន់​ក្រោយ​បង្អស់​នោះ អ្នក​រាល់​គ្នា​ក៏​មាន​សេចក្តី​អំណរ​ជា​ខ្លាំង​ក្នុង​សេចក្តី​សង្គ្រោះ​នោះ ទោះ​បើ​សព្វ​ថ្ងៃ​នេះ​ត្រូវ​រង​ទុក្ខ​ព្រួយ​ជា​យូរ​បន្តិច ដោយ​កើត​មាន​សេចក្តី​ល្បួង​ផ្សេងៗ​ក៏​ដោយ» (១ពេត្រុស ១:៥-៦)។

យើង​ចាំ​បាច់​ត្រូវ​ទទួល​ស្គាល់​ការ​ពិត​ពីរ​យ៉ាង​របស់​ទុក្ខ​លំបាក។ ទីមួយ៖ ទុក្ខ​លំបាក​ពិត​ជា​មាន​មែន ហើយ​ទីពីរ៖ វា​ពិត​ជា​ធ្វើ​ឲ្យ​ឈឺ​ចាប់។ មនុស្ស​ម្នាក់ៗ​សុទ្ធ​តែ​ជួប​ទុក្ខ​លំបាក​ពី​មួយ​ពេល​ទៅ​មួយ​ពេល។ ទុក្ខ​លំបាក​ទាំង​នោះ មាន​ទម្រង់​ខុសៗ​គ្នា​ជា​ច្រើន ហើយ​យ៉ាង​ហោច​ណាស់ វា​ជា​ទុក្ខ​លំបាក​ខាង​ផ្លូវ​ចិត្ត។

កាល​សាវ័ក ពេត្រុស សរសេរ​សំបុត្រ​ផ្ញើ​ទៅ​បង​ប្អូន​រួម​ជំនឿ​ដែល​កំពុង​រង​ទុក្ខ គាត់​បាន​ទទួល​ស្គាល់​ថា មនុស្ស​អាច​មាន​ការ​សោក​សង្រេង​តាម​របៀប​ជា​ច្រើន។ ទុក្ខ​លំបាក​ដែល​អ្នក​ទទួល​សំបុត្រ​របស់​សាវ័ក ពេត្រុស មុន​គេ​បាន​ជួប​ប្រទះ គឺ​ជា​ទុក្ខ​លំបាក​ខាង​ផ្លូវ​ចិត្ត​ដែល​កើត​ឡើង​ពី​ការ​រង​ទ្រាំ​ការ​លំបាក ប៉ុន្តែ សាវ័ក ពេត្រុស បាន​ដឹង​ច្បាស់​ថា មាន​ទុក្ខ​លំបាក​គ្រប់​ប្រភេទ​ដែល​ធ្វើ​ឲ្យ​គំនិត និង​វិញ្ញាណ​យើង​វេទនា។

ដោយ​សារ​ដំណឹង​ល្អ នោះ​សាវ័ក ពេត្រុស មិន​ចាំ​បាច់​ត្រូវ​សរសេរ​បញ្ចប់​សំបុត្រ​របស់​គាត់ ដោយ​និយាយ​អំពី​ភាព​អស់​សង្ឃឹម​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ គាត់​បាន​ចែក​ចាយ​អំពី​ព្រះ​បន្ទូល​សន្យា​ដែល​យើង​អាច​ប្រកាន់​ខ្ជាប់​តាម។

ជា​បឋម សាវ័ក ប៉ុល បាន​រម្លឹក​យើង​ថា ទុក្ខ​លំបាក​របស់​យើង «មាន​រយៈ​ពេល​ខ្លី» ទេ។ វា​មាន​រយៈ​ពេល​ខ្លី បើ​យើង​ធៀប​នឹង​រយៈ​ពេល​អស់​កល្ប​ជានិច្ច ហើយ​សូម្បី​តែ​រយៈ​ពេល​ពេញ​មួយ​ជីវិត ក៏​មាន​រយៈ​ពេល​ខ្លី បើ​ធៀប​នឹង​ពេល​អស់​កល្ប​ដែល​មិន​ចេះ​ចប់។ ដូច​នេះ រយៈ​ពេល​វែង​នៃ​ទុក្ខ​លំបាក​ក្នុង​ជីវិត​នេះ នៅ​តែ​មាន​រយៈ​ពេល​ខ្លី នៅ​ក្នុង​ការ​គណនា ក្នុង​ផែនការ និង​បំណង​ព្រះ​ទ័យ​ដែល​ព្រះ​អង្គ​មាន​ចំពោះ​កូន​របស់​ព្រះ​អង្គ។ តែ​មិន​មែន​មាន​ន័យ​ថា យើង​នឹង​មាន​អារម្មណ៍​ថា ទុក្ខ​លំបាក​នោះ​មាន​រយៈ​ពេល​តែ​មួយ​ពព្រិច​ភ្នែក ជា​ពិសេស​នៅ​ពេល​ដែល​យើង​កំពុង​ជាប់​នៅ​ក្នុង​វា​នោះ​ទេ។ សម្រាប់​មនុស្ស​ជា​ច្រើន ទុក្ខ​លំបាក​មាន​ន័យ​ថា ពេល​មួយ​នាទី​ហាក់​ដូចជា​ពេល​១ថ្ងៃ ហើយ​ពេល​មួយ​ថ្ងៃ​ហាក់​ដូច​ជា​ពេល​១ឆ្នាំ ហើយ​១ឆ្នាំ ហាក់​ដូច​ជា​មិន​ចេះ​ចប់។ ប៉ុន្តែ យើង​អាច និង​ត្រូវ​តែ​ប្រកាន់​ខ្ជាប់​តាម​ព្រះ​បន្ទូល​សន្យា​ដែល​ថា ទុក្ខ​វេទនា​របស់​យើង​ក្នុង​ពេល​បច្ចុប្បន្ន មិន​មែន​ជា​ចុង​បញ្ចប់​របស់​យើង​អស់​កល្ប​ជានិច្ច​នោះ​ទេ។ អ្នក​អាច​ជួប​ទុក្ខ​លំបាក​ពេញ​មួយ​ថ្ងៃ តែ​ដោយ​សារ​សេចក្តី​សង្គ្រោះ នៅ​ថ្ងៃ​មួយ​អ្នក​នឹង​លែង​មាន​ទុក្ខ​លំបាក​ជា​រៀង​រហូត។

ទីពីរ យើង​អាច​និយាយ​ដោយ​ទំនុក​ចិត្ត​ថា រៀង​រាល់​ពេល​យើង​មាន​ទុក្ខ​វេទនា ព្រះ​ទ្រង់​គង់​នៅ​ជា​មួយ​ជានិច្ច។ ក្នុង​រឿង​នៃ​ការ​ប្រែ​ចិត្ត​របស់​លោក សុល មក​ពី​ស្រុក​តាស៊ើស យើង​ឃើញ​ថា ព្រះ​យេស៊ូវ​បាន​ចាត់​ទុក​ទុក្ខ​លំបាក​របស់​រាស្ត្រ​ព្រះ​អង្គ ជា​ទុក្ខ​លំបាក​របស់​ព្រះ​អង្គ​ផ្ទាល់ បាន​ជា​ព្រះ​អង្គ​មាន​បន្ទូល​ថា «សុល នែ សុល ហេតុ​អ្វី​បាន​ជា​អ្នក​បៀតបៀន​ដល់​ខ្ញុំ​ដូច្នេះ?» (កិច្ចការ ៩:៤)។ ហេតុ​អ្វី​ព្រះ​យេស៊ូវ​ប្រើ​ពាក្យ «ខ្ញុំ» ខណៈ​ពេល​ដែល​ព្រះ​អង្គ​គង់​នៅ​ស្ថាន​សួគ៌? គឺ​ដោយ​សារ​ព្រះ​វិញ្ញាណ​របស់​ព្រះ​គ្រីស្ទ​គង់​នៅ​ជាមួយ​រាស្ត្រ​ព្រះ​អង្គ។ ព្រះ​អង្គ​នៅ​ចាំ​ជួយ​ពួក​គេ។ ព្រះ​វិញ្ញាណ​ព្រះ​អង្គ​គង់​នៅ​ជា​មួយ​ពួក​គេ ការពារ​ពួក​គេ ខណៈ​ពេល​ដែល​ពួក​គេ​ដើរ​កាត់​ជ្រលង ទៅ​រក​ថ្ងៃ​នៃ​សេចក្តី​សង្គ្រោះ​ចុង​ក្រោយ។

យើង​មាន​ព្រះ​អម្ចាស់​យេស៊ូវ ជា​សម្តេច​សង្ឃ​ដ៏​អស្ចារ្យ ដែល​មាន​សេចក្តី​អាណិត​ដ៏​ឥត​ខ្ចោះ ចំពោះ​ទុក្ខ​វេទនា​របស់​យើង (ហេព្រើរ ៤:១៥)។ ពេល​ណា​អ្នក​ចង់​ជឿ​ការ​កុហក​ថា ព្រះ​អង្គ​បាន​បោះ​បង់​ចោល​អ្នក ឬ​គ្មាន​នរណា​យល់​អំពី​បញ្ហា​របស់​អ្នក ឬ​អ្នក​កំពុង​ឆ្លង​កាត់​បញ្ហា​អ្វី អ្នក​អាច​ទុក​ចិត្ត​ថា «គ្មាន​ទុក្ខ​លំបាក ឬ​ក្តី​អំណរ​ណា​មួយ​របស់​យើង ដែល​ព្រះ​អង្គ​មិន​បាន​ជ្រាប​នោះ​ទេ»1។ ហើយ​អ្នក​អាច​ទុក​ចិត្ត​ផង​ដែរ​ថា ថ្ងៃ​មួយ​យើង​នឹង​លែង​មាន​ទុក្ខ​លំបាក​ទៀត ហើយ​យើង​នឹង​ទទួល​បាន​សិរី​ល្អ។ នេះ​ជា​សេចក្តី​ពិត​ដែល​អ្នក​អាច​អរ​សប្បាយ​ជា​មួយ​នៅ​ថ្ងៃ​នេះ ទោះ​មាន​រឿង​អ្វី​កើត​ឡើង​ក៏​ដោយ។

ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ ១ពេត្រុស ១:៣-៩

គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ យ៉ូប ៣០-៣១ និង​១កូរិនថូស ១០:១៩-៣៣

1លោក William E. Littlewood, “There Is No Love Like the Love of Jesus” (ឆ្នាំ១៨៥៧)។

ប្រភេទ