ព្រឹក

ជំនាញ និងអំណោយទានដែលព្រះប្រទាន
ដោយLisa Samra
March 17, 2025
និក្ខមនំ ៣១:១-១១
អញបានបំពេញគាត់ដោយព្រះវិញ្ញាណនៃព្រះ ឲ្យមានគំនិតវាងវៃ មានយោបល់មានចំណេះចេះធ្វើការគ្រប់មុខទាំងអស់ ឲ្យបានប្រសប់នឹងបង្កើតអស់ទាំងការ។ និក្ខមនំ ៣១:៣-៤
អ្នកលេងព្យាណូខ្លះ ដែលមានឈ្មោះល្បីល្បាញបំផុតនៅលើពិភពលោក ដែលមានដូចជា លោកវ៉ាន ឃ្លីបឺន(Van Cliburn) និង វ៉្លាឌីមៀរ ហូរូវីត(Vladimir Horowitz) បានពឹងផ្អែកទៅលើលោក ហ្វ្រង់ មូហ(Franz Mohr) ជាប្រធានបច្ចេកទេសការប្រគំតន្ត្រីនៅមហោរាស្រពស្តេនវេយ និងសាន់ ក្នុងទីក្រុងញ៉ូយ៉ក ដើម្បីត្រៀមព្យាណូរបស់ពួកគេ សម្រាប់ការប្រគំតន្ត្រី។ ក្នុងនាមគាត់ជាអ្នកជំនាញសារេខ្សែខ្ទង់ព្យាណូ គេតែងតែស្វែងរកលោកម៉ូហប ដោយសារគាតមានចំណេះដឹងផ្នែកព្យាណូ និងមានជំនាញដែលគួរឲ្យស្ញប់ស្ញែងអស់ជាច្រើនទសវត្សរ៍។ លោកម៉ូហ ជឿថា ព្រះបានប្រទានជំនាញរបស់គាត់មក សម្រាប់ឲ្យគាត់បានបម្រើព្រះអង្គ ហើយគាត់ក៏បានចែកចាយជំនឿរបស់គាត់ ដល់អ្នកលេងព្យាណូ និងអ្នកដទៃទៀត ដែលធ្វើការជាមួយគាត់ ក្នុងកម្មវិធីប្រគំតន្ត្រី។
កាលប្រជាជាតិអ៊ីស្រាអែលបានត្រៀមខ្លួន ដើម្បីសាងសង់រោងឧបោសថ និងផលិតសម្ភារៈដទៃទៀត សម្រាប់កម្មវិធីថ្វាយបង្គំព្រះ ពួកគេត្រូវការអ្នកដែលមានជំនាញច្បាស់លាស់(និក្ខមនំ ៣១:៧-១១)។ ព្រះអម្ចាស់ក៏បានចង្អុលបង្ហាញសិល្បករជំនាញពីរនាក់ គឺលោកបេតសាលាល និងលោកអូហូលីអាប់ ឲ្យធ្វើការងារ និងប្រទានពរពួកគេឲ្យបានពេញដោយ “ព្រះវិញ្ញាណនៃព្រះ ឲ្យមានគំនិតវាងវៃ មានយោបល់មានចំណេះចេះធ្វើការគ្រប់មុខទាំងអស់ ឲ្យបានប្រសប់នឹងបង្កើតអស់ទាំងការ”(ខ.៣-៤)។ ក្រៅពីជំនាញដែលពួកគេមាន ព្រះអម្ចាស់ក៏បានចម្រើនកម្លាំងពួកគេ ឲ្យមានការដឹកនាំពីព្រះវិញ្ញាណរបស់ព្រះអង្គ ក្នុងការបំពេញកិច្ចការទាំងនោះ។ ការដែលពួកគេបានស្ម័គ្រចិត្តប្រើជំនាញរបស់ខ្លួន ក្នុងការបម្រើព្រះ គឺបានអនុញ្ញាតពួកអ៊ីស្រាអែល ឲ្យអាចថ្វាយបង្គំព្រះអង្គបានត្រឹមត្រូវ។
ទោះយើងគិតថា យើងមានអំណោយទានខាងសិល្បៈឬអត់ យើងម្នាក់ៗសុទ្ធតែពិសេស ដោយព្រះទ្រង់បានប្រទានអំណោយទានផ្សេងៗគ្នា ដែលយើងអាចប្រើដើម្បីបម្រើអ្នកដទៃ(រ៉ូម ១២:៦)។ ដោយអំណាចនៃព្រះវិញ្ញាណ យើងអាចបម្រើ និងថ្វាយបង្គំព្រះ តាមរយៈការងាររបស់យើង ដោយប្រើប្រាជ្ញា ការយល់ដឹង និងជំនាញដែលព្រះអង្គបានប្រទានយើង។—Lisa M. Samra
តើព្រះទ្រង់បានប្រទានអំណោយទានអ្វីខ្លះដល់អ្នក? តើអ្នកអាចប្រើអំណោយទានរបស់អ្នកដូចម្តេចខ្លះ ដើម្បីបម្រើព្រះអង្គ?
ឱព្រះវរបិតាដែលគង់នៅស្ថានសួគ៌ សូមព្រះអង្គជួយទូលបង្គំឲ្យចាំថា ទូលបង្គំត្រូវប្រើសមត្ថភាពដែលព្រះអង្គប្រទានទូលបង្គំ ដើម្បីធ្វើជាដង្វាយដ៏បរិសុទ្ធ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ចោទិយកថា ៣២-៣៤ និង ម៉ាកុស ១៥:២៦-៤៧
ប្រភេទ
ល្ងាច

សត្វសឹង្ហដែលមានជ័យជម្នះ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
March 17, 2025
«នោះខ្ញុំយំជាខ្លាំង ដោយព្រោះគ្មានអ្នកណាគួរនឹងបើក ឬក្រឡេកមើលក្រាំងនោះទេ រួចមានចាស់ទុំម្នាក់និយាយមកខ្ញុំថា កុំយំថ្វី មើលន៏ សត្វសិង្ហដែលកើតពីពូជអំបូរយូដា គឺជាឫសកែវនៃហ្លួង ដាវីឌ ទ្រង់បានឈ្នះ ហើយអាចនឹងបកត្រាទាំង៧ បើកក្រាំងនោះបាន។ ខ្ញុំក្រឡេកទៅឃើញមានកូនចៀម១ ដែលមើលទៅដូចជាបានសម្លាប់ហើយ មានទាំងស្នែង៧ និងភ្នែក៧ កំពុងតែឈរនៅកណ្ដាលបល្ល័ង្ក និងតួមានជីវិតទាំង៤ ហើយនៅកណ្ដាលពួកចាស់ទុំទាំងប៉ុន្មាន» (វិវរណៈ ៥:៤-៦)។
មានរឿងល្អជាច្រើនដែលឪពុកម្តាយមិនចង់ឲ្យកូនភ្លេចធ្វើសម្រាប់អ្នកដទៃ។ ឧទាហរណ៍៖ បន្ទាប់ពីខ្ញុំវិលត្រឡប់មកពីផ្ទះនរណាម្នាក់ ឪពុកម្តាយខ្ញុំច្រើនតែសួរខ្ញុំថា តើកូនមិនបានភ្លេចនិយាយអរគុណគេទេឬ? ត្រង់ចំណុចនេះ ខ្ញុំគ្រាន់តែចាំបាច់ត្រូវនឹកចាំថា ខ្ញុំត្រូវធ្វើរឿងដែលគួរតែធ្វើ។ នៅពេលដែលសាវ័ក យ៉ូហាន បានទទួលការបើកសម្ដែងថ្មីៗ ពីព្រះយេស៊ូវអំពីការពិតនៅស្ថានសួគ៌ គាត់ក៏បានស្រក់ទឹកភ្នែក ដោយការភ័យខ្លាចថា គ្មាននរណាម្នាក់អាចបើកបង្ហាញការអាថ៌កំបាំងរបស់ពិភពលោកឲ្យគាត់អាចយល់បាននៅសតវត្សរ៍ទី១។ ប៉ុន្តែ គាត់មិនត្រូវការព័ត៌មានថ្មីៗទេ។ គាត់គ្រាន់តែត្រូវការការរម្លឹកអំពីអ្វីដែលគាត់បានស្គាល់ហើយ។
សាវ័ក យ៉ូហាន បានឮសម្លេងប្រាប់គាត់ កុំឲ្យទួញយំ តែឲ្យមើលទៅព្រះមួយអង្គដែលអាចបើកក្រាំងនោះបាន។ នៅពេលដែលគាត់ងាកមើលទៅគាត់ក៏បានឃើញ «កូនចៀម១ ដែលមើលទៅដូចជាបានសម្លាប់ហើយ»។ ស្នាមរបួសនៅលើកូនចៀម គឺជាការរម្លឹកអំពីការសុគតរបស់ព្រះគ្រីស្ទ ដែលដោយសារការសុគតរបស់ព្រះអង្គ ព្រះអង្គបានសម្រេចនូវសេចក្តីសង្គ្រោះ។ ប៉ុន្តែ កូនចៀមកំពុងឈរ ធ្វើជាតំណាងឲ្យជ័យជម្នះនៃការមានព្រះជន្មរស់ឡើងវិញរបស់ព្រះអង្គ។ ហើយត្រង់ចំណុចនេះ យើងឃើញព្រះយេស៊ូវជាព្រះមានសេចក្តីមេត្តា និងមានគ្រប់ចេស្ដា។ ព្រះអង្គជាកូនចៀម និងជាសត្វតោ។ ព្រះអង្គសក្តិសមនឹងទទួល និងទាមទារការថ្វាយបង្គំ និងការស្តាប់បង្គាប់ពីលោកីយ៍ទាំងមូល ហើយគេនឹងថ្វាយបង្គំព្រះអង្គ។
ព្រះយេស៊ូវជាចម្លើយសម្រាប់ទឹកភ្នែករបស់សាវ័ក យ៉ូហាន ក៏ដូចជាសម្រាប់ទឹកភ្នែកនៃការភ័យខ្លាចរបស់យើង ពេលណាយើងមានអារម្មណ៍ថា លោកីយ៍កំពុងកៀបសង្កត់យើង ពេលណាយើងមានអារម្មណ៍ថា ហត់នឿយ តូចតាច ទន់ខ្សោយ និងគេមិនឲ្យតម្លៃ ហើយនៅពេលណាយើងចង់ជឿថា លោកីយ៍នេះស្ថិតនៅក្នុងភាពវឹកវរជាជាងជឿថា ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព្រះអង្គ។
គ្មាននរណាម្នាក់ដឹងថា នឹងមានរឿងអ្វីខ្លះកើតឡើង នៅពេលថ្ងៃ និងពេលយប់ទេ។ ព្រះទ្រង់ជ្រាបអំពីការអាថ៌កំបាំងនោះ។ ប៉ុន្តែ យើងបានដកពិសោធន៍នឹងព្រះគុណដ៏អស្ចារ្យ នៅពេលណាព្រះអង្គប៉ះស្មាយើង ហើយឲ្យយើងងាកទៅរកព្រះគម្ពីរ ដោយបន្ទូលថា «កុំខ្លាចអ្វីឡើយ អញជាដើម ហើយជាចុង ជាព្រះដ៏រស់នៅ អញបានស្លាប់តែមើល អញរស់នៅអស់កល្បជានិច្ចរៀងរាបតទៅវិញ អញក៏មានកូនសោនៃសេចក្តីស្លាប់ និងស្ថានឃុំព្រលឹងមនុស្សស្លាប់ដែរ» (វិវរណៈ ១:១៧-១៨)។
ដូចនេះ ពេលណាអ្នកមានអារម្មណ៍បាក់ទឹកចិត្ត ឬបរាជ័យ ឬពិបាកចិត្ត ដោយសារបញ្ហាក្នុងពេលបច្ចុប្បន្ន ឬពេលអនាគត អ្វីដែលព្រះអង្គសព្វព្រះទ័យឲ្យយើងធ្វើនោះគឺ៖ ចូរនឹកចាំអំពីការអ្វីដែលអ្នកបានដឹងហើយ។ ចូរមើលសត្វសឹង្ហនៃសាសន៍យូដាដែលបានជាកូនចៀមដែលគេបានសម្លាប់ ដើម្បីយើងរាល់គ្នា។ ព្រះអង្គសក្ដិសម និងអាចបើកក្រាំង ហើយរៀបចំប្រវត្តិសាស្ត្រនៃពិភពលោក ដល់ទីបញ្ចប់ គឺដល់ពេលដែលព្រះអង្គយាងមកវិញ ហើយយើងបានចូលទៅក្នុងសិរីល្អ។
ព្រះគម្ពីរសញ្ជឹងគិត៖ វិវរណៈ ៥
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ យ៉ូប ៣៤-៣៥ និង១កូរិនថូស ១១:១៧-៣៤