នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ជំនាញ និង​អំណោយ​ទាន​ដែល​ព្រះ​ប្រទាន

ជំនាញ និង​អំណោយ​ទាន​ដែល​ព្រះ​ប្រទាន

ដោយLisa Samra

March 18, 2025

និក្ខមនំ ៣១:១-១១

អញ​បាន​បំពេញ​គាត់​ដោយ​ព្រះ​វិញ្ញាណ​នៃ​ព្រះ ឲ្យ​មាន​គំនិត​វាងវៃ មាន​យោបល់​មាន​ចំណេះ​ចេះ​ធ្វើ​ការ​គ្រប់​មុខ​ទាំង​អស់ ឲ្យ​បាន​ប្រសប់​នឹង​បង្កើត​អស់​ទាំង​ការ​។ និក្ខមនំ ៣១:៣-៤

អ្នក​លេង​ព្យាណូ​ខ្លះ ដែល​មាន​ឈ្មោះ​ល្បី​ល្បាញ​បំផុត​នៅ​លើ​ពិភពលោក ដែល​មាន​ដូចជា លោក​វ៉ាន ឃ្លីបឺន(Van Cliburn) និង វ៉្លាឌីមៀរ ហូរូវីត(Vladimir Horowitz) បាន​ពឹង​ផ្អែក​ទៅលើ​លោក ហ្វ្រង់ មូហ(Franz Mohr) ជា​ប្រធាន​បច្ចេកទេស​ការ​ប្រគំតន្ត្រី​នៅ​ម​ហោរា​ស្រព​ស្តេនវេយ និង​សាន់ ក្នុង​ទីក្រុង​ញ៉ូយ៉ក ដើម្បី​ត្រៀម​ព្យាណូ​របស់​ពួកគេ សម្រាប់​ការ​ប្រគំតន្ត្រី​។ ក្នុង​នាម​គាត់​ជា​អ្នក​ជំនាញ​សារេ​ខ្សែ​ខ្ទង់​ព្យាណូ គេ​តែងតែ​ស្វែងរក​លោក​ម៉ូហប ដោយសារ​គាត​មាន​ចំណេះ​ដឹង​ផ្នែក​ព្យាណូ និង​មាន​ជំនាញ​ដែល​គួរ​ឲ្យ​ស្ញប់​ស្ញែង​អស់​ជា​ច្រើន​ទសវត្សរ៍​។ លោក​ម៉ូហ ជឿ​ថា ព្រះ​បាន​ប្រទាន​ជំនាញ​របស់​គាត់​មក សម្រាប់​ឲ្យ​គាត់​បាន​បម្រើ​ព្រះអង្គ ហើយ​គាត់​ក៏​បាន​ចែក​ចាយ​ជំនឿ​របស់​គាត់ ដល់​អ្នក​លេង​ព្យាណូ និង​អ្នក​ដទៃ​ទៀត ដែល​ធ្វើ​ការ​ជាមួយ​គាត់ ក្នុង​កម្ម​វិធី​ប្រគំ​តន្ត្រី​។

កាល​ប្រជា​ជាតិ​អ៊ីស្រាអែល​បាន​ត្រៀម​ខ្លួន ដើម្បី​សាងសង់​រោង​ឧបោសថ និង​ផលិត​សម្ភារៈ​ដទៃ​ទៀត សម្រាប់​កម្មវិធី​ថ្វាយបង្គំ​ព្រះ ពួកគេ​ត្រូវ​ការ​អ្នក​ដែល​មាន​ជំនាញ​ច្បាស់​លាស់(និក្ខមនំ ៣១:៧-១១)។ ព្រះអម្ចាស់​ក៏​បាន​ចង្អុល​បង្ហាញ​សិល្បករ​ជំនាញ​ពីរ​នាក់ គឺ​លោក​បេតសាលាល និង​លោក​អូហូលីអាប់ ឲ្យ​ធ្វើ​ការងារ និង​ប្រទាន​ពរ​ពួកគេ​ឲ្យ​បាន​ពេញ​ដោយ “ព្រះ​វិញ្ញាណ​នៃ​ព្រះ ឲ្យ​មាន​គំនិត​វាងវៃ មាន​យោបល់​មាន​ចំណេះ​ចេះ​ធ្វើ​ការ​គ្រប់​មុខ​ទាំង​អស់ ឲ្យ​បាន​ប្រសប់​នឹង​បង្កើត​អស់​ទាំង​ការ”(ខ.៣-៤)។ ក្រៅពី​ជំនាញ​ដែល​ពួកគេ​មាន ព្រះអម្ចាស់​ក៏បាន​ចម្រើន​កម្លាំង​ពួកគេ ឲ្យ​មាន​ការ​ដឹកនាំ​ពី​ព្រះ​វិញ្ញាណ​របស់​ព្រះអង្គ ក្នុង​ការ​បំពេញ​កិច្ចការ​ទាំង​នោះ​។ ការ​ដែល​ពួកគេ​បាន​ស្ម័គ្រ​ចិត្ត​ប្រើ​ជំនាញ​របស់​ខ្លួន ក្នុង​ការ​បម្រើ​ព្រះ គឺ​បាន​អនុញ្ញាត​ពួក​អ៊ីស្រាអែល ឲ្យ​អាច​ថ្វាយបង្គំ​ព្រះអង្គ​បាន​ត្រឹម​ត្រូវ​។

ទោះ​យើង​គិតថា យើង​មាន​អំណោយ​ទាន​ខាង​សិល្បៈ​ឬ​អត់ យើង​ម្នាក់ៗ​សុទ្ធតែ​ពិសេស ដោយ​ព្រះ​ទ្រង់​បាន​ប្រទាន​អំណោយ​ទាន​ផ្សេងៗ​គ្នា ដែល​យើង​អាច​ប្រើ​ដើម្បី​បម្រើ​អ្នក​ដទៃ(រ៉ូម ១២:៦)។ ដោយ​អំណាច​នៃ​ព្រះ​វិញ្ញាណ យើង​អាច​បម្រើ និង​ថ្វាយបង្គំ​ព្រះ តាមរយៈ​ការងារ​របស់​យើង ដោយ​ប្រើ​ប្រាជ្ញា ការ​យល់​ដឹង និង​ជំនាញ​ដែល​ព្រះអង្គ​បាន​ប្រទាន​យើង​។—Lisa M. Samra

តើ​ព្រះ​ទ្រង់​បាន​ប្រទាន​អំណោយ​ទាន​អ្វី​ខ្លះ​ដល់​អ្នក? តើ​អ្នក​អាច​ប្រើ​អំណោយ​ទាន​របស់​អ្នក​ដូច​ម្តេច​ខ្លះ ដើម្បី​បម្រើ​ព្រះអង្គ?

ឱ​ព្រះវរបិតា​ដែល​គង់នៅ​ស្ថាន​សួគ៌ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ​ឲ្យ​ចាំ​ថា ទូល​បង្គំ​ត្រូវ​ប្រើ​សមត្ថភាព​ដែល​ព្រះ​អង្គ​ប្រទាន​ទូល​បង្គំ ដើម្បី​ធ្វើ​ជា​ដង្វាយ​ដ៏​បរិសុទ្ធ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ចោទិយកថា ៣២-៣៤ និង ម៉ាកុស ១៥:២៦-៤៧

ល្ងាច

Devotional illustration

សត្វ​សឹង្ហ​ដែល​មាន​ជ័យ​ជម្នះ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

March 18, 2025

«នោះ​ខ្ញុំ​យំ​ជា​ខ្លាំង ដោយ​ព្រោះ​គ្មាន​អ្នក​ណា​គួរ​នឹង​បើក ឬ​ក្រឡេក​មើល​ក្រាំង​នោះ​ទេ រួច​មាន​ចាស់ទុំ​ម្នាក់​និយាយ​មក​ខ្ញុំ​ថា កុំ​យំ​ថ្វី មើលន៏ សត្វ​សិង្ហ​ដែល​កើត​ពី​ពូជ​អំបូរ​យូដា គឺ​ជា​ឫស​កែវ​នៃ​ហ្លួង ដាវីឌ ទ្រង់​បាន​ឈ្នះ ហើយ​អាច​នឹង​បក​ត្រា​ទាំង​៧ បើក​ក្រាំង​នោះ​បាន។ ខ្ញុំ​ក្រឡេក​ទៅ​ឃើញ​មាន​កូន​ចៀម១ ដែល​មើល​ទៅ​ដូច​ជា​បាន​សម្លាប់​ហើយ មាន​ទាំង​ស្នែង៧ និង​ភ្នែក៧ កំពុង​តែ​ឈរ​នៅ​កណ្ដាល​បល្ល័ង្ក និង​តួ​មាន​ជីវិត​ទាំង៤ ហើយ​នៅ​កណ្ដាល​ពួក​ចាស់​ទុំ​ទាំង​ប៉ុន្មាន» (វិវរណៈ ៥:៤-៦)។

មាន​រឿង​ល្អ​ជា​ច្រើន​ដែល​ឪពុក​ម្តាយ​មិន​ចង់​ឲ្យ​កូន​ភ្លេច​ធ្វើ​សម្រាប់​អ្នក​ដទៃ។ ឧទាហរណ៍៖ បន្ទាប់​ពី​ខ្ញុំ​វិល​ត្រឡប់​មក​ពី​ផ្ទះ​នរណា​ម្នាក់ ឪពុក​ម្តាយ​ខ្ញុំ​ច្រើន​តែ​សួរ​ខ្ញុំ​ថា តើ​កូន​មិន​បាន​ភ្លេច​និយាយ​អរគុណ​គេ​ទេ​ឬ? ត្រង់​ចំណុច​នេះ ខ្ញុំ​គ្រាន់​តែ​ចាំ​បាច់​ត្រូវ​នឹក​ចាំ​ថា ខ្ញុំ​ត្រូវ​ធ្វើ​រឿង​ដែល​គួរ​តែ​ធ្វើ។ នៅ​ពេល​ដែល​សាវ័ក យ៉ូហាន បាន​ទទួល​ការ​បើក​សម្ដែង​ថ្មីៗ ពី​ព្រះ​យេស៊ូវ​អំពី​ការ​ពិត​នៅ​ស្ថាន​សួគ៌ គាត់​ក៏​បាន​ស្រក់​ទឹក​ភ្នែក ដោយ​ការ​ភ័យ​ខ្លាច​ថា គ្មាន​នរណា​ម្នាក់​អាច​បើក​បង្ហាញ​ការ​អាថ៌កំបាំង​របស់​ពិភព​លោក​ឲ្យ​គាត់​អាច​យល់​បាន​នៅ​សតវត្សរ៍​ទី១។ ប៉ុន្តែ គាត់​មិន​ត្រូវ​ការ​ព័ត៌មាន​ថ្មីៗ​ទេ។ គាត់​គ្រាន់​តែ​ត្រូវ​ការ​ការ​រម្លឹក​អំពី​អ្វី​ដែល​គាត់​បាន​ស្គាល់​ហើយ។

សាវ័ក យ៉ូហាន បាន​ឮ​សម្លេង​ប្រាប់​គាត់ កុំ​ឲ្យ​ទួញ​យំ តែ​ឲ្យ​មើល​ទៅ​ព្រះ​មួយ​អង្គ​ដែល​អាច​បើក​ក្រាំង​នោះ​បាន។ នៅ​ពេល​ដែល​គាត់​ងាក​មើល​ទៅ​គាត់​ក៏​បាន​ឃើញ «កូន​ចៀម១ ដែល​មើល​ទៅ​ដូច​ជា​បាន​សម្លាប់​ហើយ»។ ស្នាម​របួស​នៅ​លើ​កូន​ចៀម គឺ​ជា​ការ​រម្លឹក​អំពី​ការ​សុគត​របស់​ព្រះ​គ្រីស្ទ ដែល​ដោយ​សារ​ការ​សុគត​របស់​ព្រះ​អង្គ ព្រះ​អង្គ​បាន​សម្រេច​នូវ​សេចក្តី​សង្គ្រោះ។ ប៉ុន្តែ កូន​ចៀម​កំពុង​ឈរ ធ្វើ​ជា​តំណាង​ឲ្យ​ជ័យ​ជម្នះ​នៃ​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​របស់​ព្រះ​អង្គ។ ហើយ​ត្រង់​ចំណុច​នេះ យើង​ឃើញ​ព្រះ​យេស៊ូវ​ជា​ព្រះ​មាន​សេចក្តី​មេត្តា និង​មាន​គ្រប់​ចេស្ដា។ ព្រះ​អង្គ​ជា​កូន​ចៀម និង​ជា​សត្វ​តោ។ ព្រះ​អង្គ​សក្តិ​សម​នឹង​ទទួល និង​ទាម​ទារ​ការ​ថ្វាយ​បង្គំ និង​ការ​ស្តាប់​បង្គាប់​ពី​លោកីយ៍​ទាំង​មូល ហើយ​គេ​នឹង​ថ្វាយ​បង្គំ​ព្រះ​អង្គ។

ព្រះ​យេស៊ូវ​ជា​ចម្លើយ​សម្រាប់​ទឹក​ភ្នែក​របស់​សាវ័ក យ៉ូហាន ក៏​ដូច​ជា​សម្រាប់​ទឹក​ភ្នែក​នៃ​ការ​ភ័យ​ខ្លាច​របស់​យើង ពេល​ណា​យើង​មាន​អារម្មណ៍​ថា លោកីយ៍​កំពុង​កៀប​សង្កត់​យើង ពេល​ណា​យើង​មាន​អារម្មណ៍​ថា ហត់​នឿយ តូច​តាច ទន់​ខ្សោយ និង​គេ​មិន​ឲ្យ​តម្លៃ ហើយ​នៅ​ពេល​ណា​យើង​ចង់​ជឿ​ថា លោកីយ៍​នេះ​ស្ថិត​នៅ​ក្នុង​ភាព​វឹកវរ​ជា​ជាង​ជឿ​ថា ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ព្រះ​អង្គ។

គ្មាន​នរណា​ម្នាក់​ដឹង​ថា នឹង​មាន​រឿង​អ្វី​ខ្លះ​កើត​ឡើង នៅ​ពេល​ថ្ងៃ និង​ពេល​យប់​ទេ។ ព្រះ​ទ្រង់​ជ្រាប​អំពី​ការ​អាថ៌កំបាំង​នោះ។ ប៉ុន្តែ យើង​បាន​ដក​​ពិសោធន៍​នឹង​ព្រះ​គុណ​ដ៏​អស្ចារ្យ នៅ​ពេល​ណា​ព្រះ​អង្គ​ប៉ះ​ស្មា​យើង ហើយ​ឲ្យ​យើង​ងាក​ទៅ​រក​ព្រះ​គម្ពីរ ដោយ​បន្ទូល​ថា «កុំ​ខ្លាច​អ្វី​ឡើយ អញ​ជា​ដើម ហើយ​ជា​ចុង ជា​ព្រះ​ដ៏​រស់​នៅ អញ​បាន​ស្លាប់​តែ​មើល អញ​រស់​នៅ​អស់​កល្ប​ជា​និច្ច​រៀង​រាប​ត​ទៅ​វិញ អញ​ក៏​មាន​កូន​សោ​នៃ​សេចក្តី​ស្លាប់ និង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ដែរ» (វិវរណៈ ១:១៧-១៨)។

ដូច​នេះ ពេល​ណា​អ្នក​មាន​អារម្មណ៍​បាក់​ទឹក​ចិត្ត ឬ​បរាជ័យ ឬ​ពិបាក​ចិត្ត ដោយ​សារ​បញ្ហា​ក្នុង​ពេល​បច្ចុប្បន្ន ឬ​ពេល​អនាគត អ្វី​ដែល​ព្រះ​អង្គ​សព្វ​ព្រះ​ទ័យ​ឲ្យ​យើង​ធ្វើ​នោះ​គឺ៖ ចូរ​នឹក​ចាំ​អំពី​ការ​អ្វី​ដែល​អ្នក​បាន​ដឹង​ហើយ។ ចូរ​មើល​សត្វ​សឹង្ហ​នៃ​សាសន៍​យូដា​ដែល​បាន​ជា​កូន​ចៀម​ដែល​គេ​បាន​សម្លាប់ ដើម្បី​យើង​រាល់​គ្នា។ ព្រះ​អង្គ​សក្ដិសម និង​អាច​បើក​ក្រាំង ហើយ​រៀបចំ​ប្រវត្តិ​សាស្ត្រ​នៃ​ពិភព​លោក ដល់​ទី​បញ្ចប់ គឺ​ដល់​ពេល​ដែល​ព្រះ​អង្គ​យាង​មក​វិញ ហើយ​យើង​បាន​ចូល​ទៅ​ក្នុង​សិរី​ល្អ។

ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ វិវរណៈ ៥

គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ យ៉ូប ៣៤-៣៥ និង​១កូរិនថូស ១១:១៧-៣៤

ប្រភេទ