នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

សំលៀក​បំពាក់​ខាង​វិញ្ញាណ

សំលៀក​បំពាក់​ខាង​វិញ្ញាណ

ដោយPatricia Raybon

March 19, 2025

អេសាយ ៦១:១-៣,១០-១១

ទ្រង់​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ... នឹង​ចែក​ឲ្យ​ដល់​ពួក​អ្នក​ដែល​សោយសោក ... ព្រម​ទាំង​អាវ​ពាក់​នៃ​សេចក្តី​សរសើរ ជំនួស​ទុក្ខ​ធ្ងន់​ដែល​គ្រប​សង្កត់​។ អេសាយ ៦១:១-៣

ក្មេង​ពីរ​នាក់​អាយុ៨ឆ្នាំ នៅ​រដ្ឋ​មេន ជា​រដ្ឋ​ដាច់​ស្រយាល​របស់​សហរដ្ឋអាមេរិក មាន​ភាព​ល្បី​ល្បាញ ដោយសារ​ពួកគេ​ស្លៀក​ពាក់​ឈុត​ខោអាវ​គ្រ័រសេ មក​សាលា​រៀន​រៀង​រាល់​ថ្ងៃពុធ​។ មិន​យូរ​ប៉ុន្មាន មិត្ត​រួម​ថ្នាក់​ដទៃ​ទៀត និង​បុគ្គលិក​របស់​សាលា​រៀន​ក៏បាន​នាំ​គ្នា​ស្លៀក​ពាក់​ខោអាវ​គ្រ័រសេ ឬ​ខោអាវ​ដែល​សមសួន រៀង​រាល់​ថ្ងៃពុធ ដូច​ពួកគេ​ផង​ដែរ​។ គេ​ក៏​បាន​ហៅ​ប្រពៃណី​នេះ​ថា “ថ្ងៃពុធ​សមសួន” ជា​ថ្ងៃ​ដែល​ពួកគេ​ចូល​ចិត្ត​ជាងគេ ក្នុង​សប្តាហ៍​នីមួយៗ​។ ចេមសន៍(James) ជា​ក្មេង​ដែល​ផ្តួច​ផ្តើម​គំនិត​នេះ សប្បាយ​ចិត្ត​នៅពេល​ដែល​បានឮ​គេ​សរសើរ​ទម្លាប់​ដ៏​ល្អ​នេះ​។ គាត់​ថា ពាក្យ​សរសើរ​នេះ​បាន​ធ្វើ​ឲ្យ​ចិត្ត​គាត់​មាន​អារម្មណ៍​ល្អ​ខ្លាំង​ណាស់​។ ក្មេងៗ​ដែល​ស្លៀក​ពាក់ នៅ​ថ្ងៃពុធ​យ៉ាង​ដូច​នេះ មាន​ភាព​លេច​ធ្លោ ក្លាយ​ជា​ក្មេង​ដែល​មាន​មោទនភាព ប្រចាំ​សាលា​។

សំលៀក​បំពាក់​ខាង​វិញ្ញាណ​របស់​យើង ដែល​បាន​ញែក​យើង​ចេញ ជា​កូន​របស់​ព្រះ ក៏បាន​ធ្វើ​ឲ្យ​ចិត្ត​យើង​មាន​អំណរ​ផង​ដែរ​។ គឺ​ដូច​ដែល​ហោរា​អេសាយ​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​នឹង​អរ​សប្បាយ​ចំពោះ​ព្រះយេហូវ៉ា ព្រលឹង​ខ្ញុំ​នឹង​រីករាយ​ចំពោះ​ព្រះ​នៃ​ខ្ញុំ ពីព្រោះ​ទ្រង់​បាន​ប្រដាប់​ខ្លួន​ខ្ញុំ​ដោយ​សំលៀក​បំពាក់​នៃ​សេចក្តីសង្គ្រោះ ទ្រង់​បាន​គ្រលុំ​ខ្ញុំ​ដោយ​អាវ​ជា​សេចក្តី​សុចរិត ដូចជា​ប្តី​ថ្មោង​ថ្មី​តែង​ខ្លួន​ដោយ​គ្រឿង​លំអ ហើយ​ដូចជា​ប្រពន្ធ​ថ្មោង​ថ្មី ក៏​ប្រដាប់​ដោយ​ត្បូង​របស់​ខ្លួន​ដែរ”(អេសាយ ៦១:១០)។

កាល​ពួក​អ៊ីស្រាអែល​ត្រូវ​គេ​និរទេស ឲ្យ​ទៅ​រស់នៅ​ក្នុង​ទឹកដី​សាសន៍​ដទៃ សំលៀក​បំពាក់​របស់​ពួកគេ ទាំង​ខាង​វិញ្ញាណ និង​សាច់ឈាម បាន​ប្រែ​ជា​ចាស់ និង​សឹក​ដាច់​។ ហោរា​អេសាយ​ក៏បាន​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​មាន​សង្ឃឹម​ឡើង ដោយ​ព្រះបន្ទូល​ដែល​បាន​សន្យា​ថា ព្រះ​វិញ្ញាណ​នៃ​ព្រះ “នឹង​ចែក​ឲ្យ​ដល់​ពួក​អ្នក​ដែល​សោយសោក នៅ​ក្រុង​ស៊ីយ៉ូន​បាន​ភួង​លំអ​ជំនួស​ផេះ ហើយ​ប្រេង​នៃ​សេចក្តី​អំណរ​ជំនួស​សេចក្តី​សោកសៅ ព្រម​ទាំង​អាវ​ពាក់​នៃ​សេចក្តី​សរសើរ ជំនួស​ទុក្ខ​ធ្ងន់​ដែល​គ្រប​សង្កត់”(ខ.៣)។

ព្រះ​ទ្រង់​នៅតែ​មាន​បន្ទូល​សន្យា​ដូច​នេះ ដល់​រាស្រ្ត​របស់​ព្រះអង្គ ក្នុង​ពេល​សព្វថ្ងៃ​ផង​ដែរ​។ ព្រះយេស៊ូវ​មាន​បន្ទូល​ថា ដោយ​អំណាច​នៃ​ព្រះវិញ្ញាណបរិសុទ្ធ ព្រះ​អង្គ​នឹង​ដណ្តប់​យើង ដោយ​ព្រះ​ចេស្តា​ពី​ស្ថាន​ខ្ពស់(លូកា ២៤:៤៩)។ ព្រះគ្រីស្ទ​បាន​ប្រទាន ឲ្យ​យើង​មាន​ទូរ​ខោអាវ​ខាង​វិញ្ញាណ ដែល​មាន​ពេញ​ដោយ​សំលៀក​បំពាក់​នៃ “ចិត្ត​ក្ដួល​អាណិត សប្បុរស សុភាព សំឡូត និង​ចិត្ត​អត់​ធ្មត់”(កូល៉ុស ៣:១២)។ ពេលណា​យើង​ដណ្តប់​វិញ្ញាណ​យើង ​ដោយ​សំលៀក​បំពាក់​ទាំង​អស់​នេះ លោកិយ​នឹង​បាន​ស្គាល់​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ តាមរយៈ​ការ​រស់នៅ​របស់​យើង​។—Patricia Raybon

តើ​ព្រះ​វិញ្ញាណ​របស់​ព្រះ បាន​ជួយ​អ្នក​ឲ្យ “ដណ្តប់​វិញ្ញាណ” ដោយ​ចិត្ត​ក្ដួល​អាណិត សប្បុរស សុភាព សំឡូត និង​ចិត្ត​អត់​ធ្មត់​យ៉ាង​ដូច​ម្តេច​ខ្លះ?
តើ​អាកប្ប​កិរិយា​របស់​អ្នក​ដែល​ព្រះ​វិញ្ញាណ​​ដឹកនាំ មាន​ឥទ្ធិពល​យ៉ាងណា​ខ្លះ មក​លើ​អ្នក​ដទៃ?

ឱ​ព្រះអម្ចាស់ ពេល​ណា​ទូល​បង្គំ​ដណ្តប់​ខ្លួន​ដោយ​គោល​តម្លៃ​របស់​លោកិយ សូម​ព្រះ​អង្គ​កែ​ប្រែ​ទូល​បង្គំ​ឲ្យ​បាន​ស្លៀក​ពាក់​ខោអាវ​ខាង​វិញ្ញាណ​វិញ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យ៉ូស្វេ ១-៣ និង ម៉ាកុស ១៦

ល្ងាច

Devotional illustration

សំឡេង​របស់​ពួក​ហោរា​ពិត​ប្រាកដ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

March 19, 2025

«គេ​បាន​មើល​របួស​នៃ​កូន​ស្រី​របស់​រាស្ត្រ​អញ ឲ្យ​សះ​តែ​បន្តិច​បន្តួច​ទេ ដោយ​ពោល​តែ​ពាក្យ​ថា សុខៗ​ប៉ុណ្ណោះ​ក្នុង​កាល​ដែល​ឥត​មាន​សេចក្តី​សុខ​ឡើយ» (យេរេមា ៨:១១)។

ពេល​ណា​យើង​មាន​បញ្ហា​សុខ​ភាព​ធ្ងន់ធ្ងរ គ្មាន​នរណា​ចង់​ទៅ​ទទួល​ការ​ព្យាបាល​ពី​ពេទ្យ​ដែល​អសមត្ថភាព​នោះ​ទេ។ សូម​យើង​ស្រមៃ​ថា អ្នក​កំពុង​រក​គ្រូ​ពេទ្យ​ម្នាក់​ដែល​ដើម្បី​ព្យាបាល​ដំបៅ​រលួយ​នៅ​លើ​ជើង​របស់​អ្នក តែ​គាត់​គ្រាន់​តែ​យក​បង់​មក​រុំ​ពីលើ​ដំបៅ​នោះ​ប៉ុណ្ណោះ ហើយ​សរសើរ​អ្នក​ដែល​បាន​អត់​ទ្រាំ​នឹង​ការ​ឈឺ​ចាប់​នោះ រួច​ជូន​ពរ​អ្នក​ឲ្យ​មាន​ចិត្ត​រីករាយ។ ការ​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ល្អ​ជាង​មុន ប៉ុន្តែ មិន​បាន​ធ្វើ​ឲ្យ​ដំបៅ​របស់​អ្នក​ជា​ទេ ហើយ​មិន​យូរ​ប៉ុន្មាន​អ្នក​នឹង​មាន​អារម្មណ៍​ថា ពិបាក​លើស​ដើម។

ក្នុង​គ្រា​សញ្ញា​ចាស់ តួនាទី​របស់​ពួក​ហោរា​គឺ​ត្រូវ​ថ្លែង​ព្រះ​បន្ទូល​របស់​ព្រះ ហើយ​អំពាវនាវ​រាស្ត្រ​របស់​ព្រះ​អង្គ​ឲ្យ​ស្តាប់​បង្គាប់​តាម​សេចក្តី​សញ្ញា​របស់​ព្រះ​អង្គ។ ព្រះ​អម្ចាស់​ដាក់​ព្រះ​បន្ទូល​ព្រះ​អង្គ​ក្នុង​មាត់​របស់​ពួក​ហោរា ហើយ​ពួក​គេ​នឹង​ប្រកា​ស​ព្រះ​បន្ទូល​ព្រះ​អង្គ គឺ​មិន​មែន​និយាយ​តាម​គំនិត​ខ្លួន​ឯង​នោះ​ទេ។ ហើយ​ជា​ញឹក​ញាប់ ព្រះ​រាជសារ​ដែល​ពួក​ហោរា​ប្រកាស គឺ​ជា​ការ​ដាស់តឿន ឬ​ព្រមាន​ថា «ចូរ​ប្រយ័ត្ន​ខ្លួន!» សេចក្តី​ជំនុំ​ជម្រះ​ជិត​មក​ដល់​ហើយ។ គឺ​មិន​មែន​ជា​ការ​ប្រកាស​ដែល​គេ​ចង់​ឮ​នោះ​ទេ។

ដោយ​សារ​ព្រះ​បន្ទូល​ព្រះ​អង្គ​ពិត​ជា​ពិបាក​ឲ្យ​គេ​ទទួល បាន​ជា​ពួក​ហោរា​ក្លែងក្លាយ​បាន​កើត​មាន​ជា​ច្រើន​សន្ធឹក ហើយ​ពួក​គេ​ពូកែ​ខាង​ចាក់​ខ្សែ។ ពួក​គេ​តាំង​ខ្លួន​ជា​ហោរា ហើយ​អាច​ចេញ​ទៅ​ប្រកា​ស​ព្រះ​បន្ទូល តែ​ពួក​គេ​ក៏​អាច​ប្រកា​ស​ប្រាប់​ពួក​បណ្តាជន តែ​អំពី​ការ​អ្វី​ដែល​ពួក​គេ​ចង់​ឮ​ប៉ុណ្ណោះ។ ហោរា​ក្លែងក្លាយ​ប្រៀប​ដូច​ជា​គ្រូ​ពេទ្យ​ដែល​អាក្រក់ ដែល​ប្រាប់​ពួក​បណ្តាជន​ថា អ្វីៗ​នឹង​មាន​ភាព​ល្អ​ប្រសើរ​ឡើង ដែល​តាម​ពិត​រឿង​កាន់​តែ​អាក្រក់​ឡើង។ យើង​មាន​អារម្មណ៍​ល្អ​អស្ចារ្យ​ណាស់ ពេល​យើង​ឮ​គេ​ប្រាប់​ថា អ្វីៗ​នឹង​មាន​ភាព​ល្អ​ប្រសើរ ហើយ​ទឹក​ដី​របស់​អ្នក​នឹង​មិន​បាត់​ទៅ​ណា​ទេ តែ​នៅ​ពេល​ដែល​អ្នក​បាន​ឃើញ​កង​ទ័ព​ខ្មាំង​សត្រូវ​លេច​ឡើង​ពី​ចម្ងាយ​មក អ្នក​នឹង​យឺត​ពេល​សម្រាប់​ការ​ត្រៀម​ខ្លួន។

ហោរា​ពិត​ប្រាកដ​ប្រកាស​អំពី​ការ​ជំនុំ​ជម្រះ​របស់​ព្រះ​អម្ចាស់​ដែល​ត្រូវ​មក​ដល់ សារ​របស់​ពួក​គេ​ក៏​ដាស់​តឿន​ពួក​បណ្តាជន​អំពី​អំនួត​នៃ​ភាព​ចម្រុង​ចម្រើន ហើយ​លើក​ទឹក​ចិត្ត​ពួក​គេ​ឲ្យ​មាន​សង្ឃឹម​ឡើង​វិញ។ ព្រះ​អម្ចាស់​តែង​តែ​ធានា​ថា ព្រះ​អង្គ​មាន​ការ​ប្ដូរ​ផ្តាច់​ចំពោះ​រាស្ត្រ​ព្រះ​អង្គ ដោយ​សន្យា​ប្រទាន​ពេល​អនាគត​ដ៏​អស្ចារ្យ​ដល់​ពួក​គេ។ នៅ​ចំពោះ​មុខ​នៃ​ការ​ជំនុំ​ជម្រះ ពួកគេ​គ្រាន់​តែ​អាច​សង្ឃឹម​ថា នឹង​រក​ឃើញ​កន្លែង​ជ្រកកោន ក្នុង​ព្រះ​អង្គ គឺ​មិន​មែន​ដាច់​ចេញ​ពី​ព្រះ​អង្គ​ឡើយ។

សព្វថ្ងៃ​នេះ ហោរា​ក្លែង​ក្លាយ​នៅ​តែ​នាំ​ពួក​ជំនុំ​របស់​ព្រះ​ឲ្យ​វង្វេង។ ពាក្យ​សម្ភី​របស់​ពួក​គេ គឺ​ជា​ពាក្យ​បញ្ជោរ​ដូច​ជា «អ្នក​ទាំង​អស់​គ្នា​ជា​ក្រុម​យុវជន​ដែល​អស្ចារ្យ​បំផុត ដែល​សហគមន៍​នេះ​ធ្លាប់​បាន​ឃើញ។ អនាគត​ស្ថិត​ក្នុង​ដៃ​របស់​អ្នក​ហើយ។ អ្នក​អាច​ហោះ​ឡើង នៅ​ពេល​ណា​ក៏​បាន!» ប៉ុន្តែ ស្រដៀង​គ្នា​នេះ​ដែរ ពាក្យ​សម្ដី​រាក់​កំផែល​ដូច​នេះ​ក៏​ត្រូវ​គេ​យក​មក​និយាយ ក្នុង​ពួក​ជំនុំ​ជា​ច្រើន​ពេក​ហើយ ដោយ​ការ​បង្រៀន​ប្លែកៗ ហើយ​ចែក​ចាយ​សេចក្តី​ពិត​តែ​ពាក់​កណ្ដាល​ក្នុង​ន័យ​បន្លំ ពោល​គឺ​និយាយ​ការ​ពិត​ពាក់​កណ្ដាល និង​កុហក​ពាក់​កណ្ដាល។

យើង​ត្រូវ​ការ​សម្លេង​របស់​អ្នកនាំ​ព្រះ​រាជសារ​ពិត​ប្រាក​ក្នុង​សម័យ​បច្ចុប្បន្ន ដូច​សម័យ​ហោរា​យេរេមា​ផង​ដែរ។ ពួក​ជំនុំ​ប្រជាជន និង​ពិភពលោក​របស់​យើង​ត្រូវ​ការ​មនុស្ស​ដែល​មាន​ចិត្ត​ក្លាហាន ហ៊ាន​និយាយ​ការ​ពិត ទោះ​គេ​សើច​ចំអក ហើយ​បដិសេធន៍​យ៉ាងណា​ក៏​ដោយ គឺ​និយាយ​អំពី​អំពើ​បាប និយាយ​អំពី​ខ្នាត​គំរូ​នៃ​ក្រម​សីលធម៌​របស់​ព្រះ ព្រមាន​អំពី​ការ​ជំនុំ​ជម្រះ ប្រកាស​អំពី​ការ​យាង​មកវិញ​របស់​ព្រះ​យេស៊ូវ និង​ចង្អុល​បង្ហាញ​ឲ្យ​ងាក​ទៅ​រក​ព្រះ​ដែល​អាច​ជួយ​សង្គ្រោះ។

ចូរ​យើង​ទូល​សូម​ព្រះ​អង្គ​ចាត់​មនុស្ស​ដែល​បាន​ត្រៀម​ខ្លួន​ជា​ស្រេច ដើម្បី​ជំរុញ​រាស្ត្រ​របស់​ព្រះ​អង្គ​ឲ្យ​ធ្វើ​តាម​ព្រះ​បន្ទូល​ព្រះ​អង្គ ហើយ​ចុះ​ចូល​នឹង​ព្រះ​វិញ្ញាណ​ព្រះ​អង្គ។ ចូរ​អធិស្ឋាន​ថា ពេល​ណា​អ្នក​បានឮ​ព្រះ​បន្ទូល​ព្រះ ដែល​ពិត​ជា​បាន​ចែក​ចាយ តាម​រយៈ​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​អង្គ អ្នក​នឹង​ការពារ​ខ្លួន​អ្នក​ឲ្យ​រួច​ផុត​ពី​អំនួត​នៃ​ភាព​ចម្រុង​ចម្រើន ហើយ​ស្ម័គ្រ​ចិត្ត​ស្តាប់​ព្រះ​បន្ទូល ហើយ​ត្រៀម​ខ្លួន​ជ្រក​កោន​ក្នុង​ព្រះ​អង្គ ដែល​ជា​ក្តី​សង្ឃឹម​តែមួយ​របស់​អ្នក។ ហើយ​អធិស្ឋាន​សូម​ឲ្យ​អ្នក​អាច​នាំ​ព្រះ​បន្ទូល​យ៉ាង​ដូច​នោះ ក្នុង​តំបន់​ដែល​អ្នក​រស់​នៅ និង​កន្លែង​ធ្វើ​ការ​របស់​អ្នក។

ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ ១ថែស្សាឡូនិច ៥:១-១១

គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ យ៉ូប ៣៦-៣៧ និង​១កូរិនថូស ១២

ប្រភេទ