នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ក្តី​អំណរ​នៅ​ក្នុង​ព្រះយេស៊ូវ

ក្តី​អំណរ​នៅ​ក្នុង​ព្រះយេស៊ូវ

ដោយTim Gustafson

March 20, 2025

យ៉ូហាន ១៦:១៦-២៤

សេចក្តី​ព្រួយ​របស់​អ្នក​រាល់​គ្នា នឹង​ប្រែ​ទៅ​ជា​សេចក្តី​អំណរ​វិញ ... ក៏​នឹង​ឥត​មាន​អ្នកណា​ដក​យក​សេចក្តី​អំណរ​នោះ ចេញពី​អ្នក​រាល់​គ្នា​បាន​ឡើយ​។ យ៉ូហាន ១៦:២០,២២

មាន​ពេល​មួយ ក្មេង​ជំទង់​ម្នាក់​បាន​និយាយ នៅ​ចំពោះ​មុខ​រដ្ឋសភា​អាមេរិក​ថា គាត់​មាន​សិទ្ធិ​ទទួល​បាន​ភាព​សប្បាយ​រីករាយ​។ ប៉ុន្តែ នាង​អាច​និយាយ​ដូច​នេះ ជំនួស​មុខ​ឲ្យ​មនុស្ស​ទាំង​អស់ នៅ​គ្រប់​ទិសទី ព្រោះ​មនុស្ស​ម្នាក់ៗ​សុទ្ធតែ​ស្រែក​រក​ភាព​សប្បាយ​រីករាយ​។ គ្រូ​ជោគជ័យ​ម្នាក់ បាន​បង្រៀន​ថា “ព្រះ​ចង់​ឲ្យ​អ្នក​សប្បាយ​ចិត្ត”។

តើ​គាត់​និយាយ​ត្រូវ​ទេ? ព្រះ​គម្ពីរប៊ីប​មិន​បាន​ហាម​យើង​មិន​ឲ្យ​ស្វែង​រក​សុភ​មង្គល​នោះ​ទេ​។ ប៉ុន្តែ យើង​ចាំបាច់​ត្រូវ​ទទួល​ស្គាល់​ថា សុភ​មង្គល​នៅ​ផែនដី មិន​ស្ថិត​ស្ថេរ​ឡើយ គឺ​ច្រើនតែ​អាស្រ័យ​ទៅលើ​កាលៈទេសៈ​ដែល​មាន​ការ​ផ្លាស់​ប្តូរ​ជានិច្ច​។ ជាង​នេះ​ទៅទៀត ជួនកាល បើ​មិន​ប្រយ័ត្ន​ទេ ការ​បំពេញ​បំណង​ចិត្ត​របស់​ខ្លួនឯង អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សុភមង្គល​របស់​អ្នក​ដទៃ​។

ព្រះ​យេស៊ូវ​ចង្អុល​បង្ហាញ​យើង ឲ្យ​ងាក​ទៅ​រក​អ្វី​ដែល​ល្អ​ប្រសើរ​ជាង​នេះ​។ ព្រះ​អង្គ​ជ្រាប​ថា ព្រះអង្គ​នឹង​ត្រូវ​គេ​យក​ដែកគោល​មក​ដំ​ព្រះ​កាយ​ព្រះអង្គ​ជាប់​នឹង​ឈើ​ឆ្កាង​របស់​ចក្រភព​រ៉ូម៉ាំង ដែល​នៅ​លើ​ឈើ​ឆ្កាង​នោះ ព្រះអង្គ​បាន​ទទួល​យក​បាប​របស់​លោកិយ​ទាំងមូល​។ តែ​ព្រះអង្គ​បាន​គិត​ដល់​សិស្ស​របស់​ព្រះអង្គ​។ បានជា​ព្រះអង្គ​ប្រាប់​ពួក​គេ​ថា “ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​រាល់​គ្នា​នឹង​យំ ហើយ​សោក​សង្រេង តែ​លោកីយ៍​នឹង​អរ​សប្បាយ​ឡើង អ្នក​រាល់​គ្នា​នឹង​ព្រួយ​ចិត្ត តែ​សេចក្តី​ព្រួយ​របស់​អ្នក​រាល់​គ្នា នឹង​ប្រែ​ទៅ​ជា​សេចក្តី​អំណរ​វិញ”(យ៉ូហាន ១៦:២០)។ បន្ទាប់មក ព្រះអង្គ​ក៏​បាន​សន្យា​ថា “ឥត​មាន​អ្នកណា​ដក​យក​សេចក្តី​អំណរ​នោះ ចេញពី​អ្នក​រាល់​គ្នា​បាន​ឡើយ”(ខ.២២)។

ក្តី​អំណរ​ប្រភេទ​នេះ គឺ​លើស​ពី​ការ​មាន​អារម្មណ៍​ល្អ ដោយសារ​មាន​រឿង​ល្អៗ​កើត​ឡើង​ចំពោះ​យើង​។ ក្តី​អំណរ​នេះ​កើត​ចេញ​ពី​ការ​ធ្វើ​តាម​បំណង​ព្រះទ័យ​ព្រះវរបិតា​ដែល​គង់នៅ​ស្ថាន​សួគ៌​។ ព្រះយេស៊ូវ​ក៏​មាន​បន្ទូល​ផង​ដែរ​ថា “ចូរ​ស្វែង​រក​នគរ និង​សេចក្តី​សុចរិត​នៃ​ព្រះ​ជា​មុន​សិន ទើប​គ្រប់​របស់​ទាំង​នោះ នឹង​បាន​ប្រទាន​មក​អ្នក​រាល់​គ្នា​ថែម​ទៀត​ផង”(ម៉ាថាយ ៦:៣៣)។

សុភ​មង្គល​អាច​របូត​ចេញពី​ជីវិត​យើង នៅ​ពេលណា​យើង​ជួប​កាលៈទេសៈ​មិន​ល្អ​។ ក្តី​អំណរ​ដែល​កើត​ចេញពី​ការ​ដើរ​តាម​ព្រះយេស៊ូវ អាច​ចម្រើន​ឡើង ទោះ​ស្ថិត​ក្នុង​កាលៈទេសៈ​ណា​ក៏ដោយ​។—Tim Gustafson

តើ​ការ​ដេញ​តាម​អ្វី​ដែល​អ្នក​ចង់​បាន បាន​បណ្តាល​ឲ្យ​អ្នក​មិន​សប្បាយ​ចិត្ត​យ៉ាង​ដូច​ម្តេច​ខ្លះ? តើ​សុភមង្គល និង​ក្តី​អំណរ​ខុស​គ្នា​ដូច​ម្តេច​ខ្លះ?

ឱ​ព្រះវរបិតា សូម​ព្រះ​អង្គ​បង្រៀន​ទូល​បង្គំ ឲ្យ​ស្គាល់​ភាព​ខុស​គ្នា​រវាង​សុភមង្គល​បណ្ដោះ​អាសន្ន និង​ក្តី​អំណរ​ដ៏​ស្ថិត​ស្ថេរ​។
For further study, read Jesus Is in the Room at DiscoverODB.org.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យ៉ូស្វេ ៤-៦ និង លូកា ១:១-២០

ល្ងាច

Devotional illustration

ការ​ដឹង​គុណ ដោយ​សារ​ព្រះ​គុណ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

March 20, 2025

«ដោយ​បាន​គ្រប់​ទាំង​ព្រះ​ចេស្ដា​ចម្រើន​កំឡាំង តាម​ឫទ្ធិ​បារមី​ដ៏​ឧត្តម​របស់​ទ្រង់ ដើម្បី​ឲ្យ​បាន​ចេះ​ទ្រាំទ្រ ហើយ​អត់​ធន់​គ្រប់​យ៉ាង​ដោយ​អំណរ ព្រម​ទាំង​អរ​ព្រះ​គុណ ដល់​ព្រះ​វរបិតា​ដែល​ទ្រង់​បាន​ប្រោស​ឲ្យ​យើង​បាន​គួរ​នឹង​ទទួល​ចំណែក​កេរ្តិ៍​អាករ​ក្នុង​ពួក​បរិសុទ្ធ​នៅ​ទី​ភ្លឺ​ផង» (កូឡូស ១:១១-១២)។

មនុស្ស​ម្នាក់ៗ​សុទ្ធ​តែ​ឲ្យ​តម្លៃ​មក​លើ​អំណោយ​ល្អៗ។ យើង​អរ​ព្រះ​គុណ​ព្រះ​ដែល​បាន​ប្រទាន​ពរ​យើង​ឲ្យ​មាន​ក្រុម​គ្រួសារ សេរី​ភាព ការ​សម្រាក គ្រែ​គេង​ដ៏​កក់​ក្តៅ និង​ភេសជ្ជៈ​ដែល​ធ្វើ​ឲ្យ​ចិត្ត​ស្រស់​ថ្លា ហើយ​តាម​ធម្មតា យ៉ាង​ហោច​ណាស់ យើង​អាច​បង្ហាញ​ការ​អរ​ព្រះ​គុណ​ក្នុង​កម្រិត​ខ្លះ​ចំពោះ​ព្រះ​ពរ​ទាំង​នេះ។ យើង​រៀន​ពាក្យ «អរ​គុណ» តាំង​ពី​តូច​មក។

លោក យ៉ូណាថាន អេដវើត (Jonathan Edwards) ដែល​ជា​អ្នក​នាំ​មក​នូវ​ការ​ផុស​ផុល​នៅ​សហរដ្ឋអាមេរិក​បាន​ញែក​ឲ្យ​ដាច់​ពី​គ្នា​រវាង​ពាក្យ «ការ​ដឹង​គុណ​ជា​ធម្មតា» និង «ការ​ដឹង​គុណ​ដោយ​សារ​ព្រះ​គុណ​ព្រះ»1។ ការ​ដឹង​គុណ​ជា​ធម្មតា​កើត​មាន​ដោយ​សារ​អ្វី​ដែល​គេ​បាន​ឲ្យ​មក​យើង និង​អត្ថ​ប្រយោជន៍​ដែល​យើង​ទទួល​បាន​ពី​អំណោយ​នោះ។ មនុស្ស​ម្នាក់ៗ​សុទ្ធ​តែ​អាច​មាន​ការ​ដឹង​គុណ​ជា​ធម្មតា។ ចំណែក​ឯ​ការ​ដឹង​គុណ​ដោយ​សារ​ព្រះ​គុណ​ព្រះ​វិញ មាន​ភាព​ខុស​គ្នា​យ៉ាង​ខ្លាំង​ពី​ការ​ដឹង​គុណ​ជា​ធម្មតា ហើយ​មាន​តែ​កូន​ព្រះ​ទេ​ដែល​អាច​ដក​ពិសោធន៍ និង​បង្ហាញ​ការ​ដឹង​គុណ​នោះ។ ការ​ដឹង​គុណ​ដោយ​សារ​ព្រះ​គុណ​ព្រះ​ទទួល​ស្គាល់​ចរិត​លក្ខណៈ សេចក្តី​ល្អ សេចក្តី​ស្រឡាញ់ ព្រះ​ចេស្ដា និង​ភាព​ល្អ​ប្រសើរ​របស់​ព្រះ ទោះ​ព្រះ​អង្គ​បាន​ប្រទាន​អំណោយ ឬ​ក្តី​អំណរ​អ្វី​ដល់​យើង​ក៏​ដោយ។ ការ​ដឹង​គុណ​នោះ គឺ​ដោយ​សារ​យើង​មាន​ហេតុផល​ដែល​ត្រូវ​អរ​ព្រះ​គុណ​ព្រះ ទោះ​ថ្ងៃ​នេះ​ជា​ថ្ងៃ​ល្អ ឬ​អាក្រក់ ទោះ​យើង​មាន​ការងារ​ធ្វើ ឬ​អត់​ការងារ​ក្តី ទោះ​ព័ត៌មាន​ល្អ ឬ​ធ្វើ​ឲ្យ​ពិបាក​ចិត្ត​ក្តី ទោះ​មាន​សុខ​ភាព​ល្អ ឬ​មាន​ជំងឺ​ដំណាក់​កាល​ចុង​ក្រោយ​ក្តី។ ការ​ដឹង​គុណ​នោះ អាច​រក​បាន​ដោយ​សារ​ព្រះ​គុណ​ព្រះ ហើយ​វា​ជា​សញ្ញា​សំ​គាល់​ពិត​ប្រាកដ​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ក្នុង​ជីវិត​មនុស្ស​ម្នាក់ៗ។ ការ​ដឹង​គុណ​ដោយ​សារ​ព្រះ​គុណ​ព្រះ ជួយ​ឲ្យ​យើង​អាច​ប្រឈម​មុខ​ដាក់​បញ្ហា​ដោយ​ដឹង​ថា ព្រះ​ទ្រង់​ធ្វើ​ការ​ក្នុង​ជីវិត និង​កាលៈទេសៈ​របស់​យើង​យ៉ាង​ពេញលេញ ដ្បិត​ព្រះ​អង្គ​បាន​ធ្វើ​ឲ្យ​យើង​ក្លាយ​ជា​កម្មបទ​ពិសេស​នៃ​ក្តី​ស្រឡាញ់​របស់​ព្រះ​អង្គ។

នៅពេល​ដែល​លោក យ៉ូណាថាន អេដវើត លាចាក​លោក ដោយ​សារ​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​អុតធំ អ្នក​ស្រី សារ៉ា ជា​ភរិយា បាន​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​កូន​ស្រី​របស់​ពួក​គេ​ថា «តើ​ឲ្យ​ម្តាយ​និយាយ​ដូច​ម្តេច? ព្រះ​ដ៏​បរិសុទ្ធ និង​ល្អ បាន​គ្រប​បាំង​យើង​ដោយ​ពពក​ពណ៌​ខ្មៅ»។ ចូរ​យើង​កត់​សម្គាល់​អំពី​ភាព​ស្មោះ​ត្រង់ នៅ​ត្រង់​ចំណុច​នេះ។ គាត់​មិន​បាន​បង្ហាញ​ចេញ​នូវ​ទំនុក​ចិត្ត​តែ​សម្បក​ក្រៅ​នោះ​ឡើយ។ តែ​ស្វាមី​គាត់​មិន​បាន​លាចាក​លោក ដោយ​ចៃដន្យ​នោះ​ទេ តែ​ដោយ​សារ​អធិបតេយ្យ​ភាព​របស់​ព្រះ ដែល​បាន​កំណត់​ពេល​វេលា​ដែល​ត្រូវ​នាំ​លោក យ៉ូណាថាន ទៅ​ទទួល​រង្វាន់​អស់​កល្ប​ជានិច្ច។ ហេតុ​នេះ​ហើយ អ្នក​ស្រី សារ៉ា ក៏​បាន​មាន​ប្រសាសន៍​ទៀត​ថា «តែ​ព្រះ​របស់​ម្តាយ​ជា​ព្រះ​ដ៏​រស់ ហើយ​ម្តាយ​បាន​ថ្វាយ​ចិត្ត​ដល់​ព្រះ​អង្គ​ហើយ...យើង​ត្រូវ​ថ្វាយ​ទាំង​អស់​ដាច់​ដល់​ព្រះ​អង្គ ហើយ​ម្តាយ​បាន​ថ្វាយ​រួច​ហើយ ដោយ​ការ​ស្កប់​ចិត្ត និង​សេចក្តី​ស្រឡាញ់»2

ក្នុង​ពេល​ដែល​មាន​ការ​សោក​សង្រេង យើង​មិន​អាច​និយាយ​ចេញ​ពាក្យ​ដូច​នេះ ដោយ​ការ​ដឹង​គុណ​ធម្មតា​ដែល​មិន​អាច​ជួយ​យើង​ក្នុង​ពេល​បាត់​បង់​នោះ​ទេ។ មាន​តែ​ការ​ដឹង​គុណ​ដោយ​សារ​ព្រះ​គុណ​ប៉ុណ្ណោះ ដែល​បង្ហាញ​ចេញ​នូវ​ទឹក​ចិត្ត​ដូច​នេះ​បាន។ យើង​នឹង​ជួប​ទុក្ខ​លំបាក ឬ​ថែម​ទាំង​ស្ថិត​ក្នុង​កាលៈទេសៈ​ដ៏​ឈឺ​ចាប់ នៅ​ពេល​ណា​មួយ ព្រោះ​លោកីយ៍​នេះ​មាន​ពេញ​ដោយ​អំពើ​បាប។ ប៉ុន្តែ ក្នុង​ពេល​បែប​នោះ អ្នក​អាច​ឱប​ក្រសោប​សេចក្តី​ស្រឡាញ់​របស់​ព្រះ ហើយ​ជ្រើស​រើស​យក​ការ​ទុក​ចិត្ត​លើ​សេចក្តី​ល្អ​របស់​ព្រះ ដែល​បាន​បង្ហាញ​យ៉ាង​ច្បាស់​នៅ​លើ​ឈើ​ឆ្កាង។ បន្ទាប់​មក ក្នុង​ពេល​ដែល​ងងឹត​បំផុត អ្នក​នឹង​បាន​ស្គាល់​ក្តី​អំណរ​ក្នុង​ព្រះ​វត្ត​មាន​ព្រះ​អង្គ និង​តែង​តែ​មាន​ហេតុ​ដែល​ត្រូវ​អរ​ព្រះ​គុណ​ព្រះ​អង្គ។ យើង​មាន​កម្លាំង ភាព​ថ្លៃ​ថ្នូរ និង​បង្ហាញ​នូវ​ការ​ការ​ថ្វាយ​បង្គំ ពេល​ណា​យើង​អាច​និយាយ​ថា «ទូល​បង្គំ​បាន​ចេញ​ពី​ផ្ទៃ​ម្តាយ​មក​ដោយ​ខ្លួន​ទ​ទេ ហើយ​នឹង​ត្រឡប់​ទៅ​វិញ​ដោយ​ទ​ទេ​ដែរ ព្រះ​យេហូវ៉ា​ទ្រង់​បាន​ប្រទាន​មក ហើយ​ទ្រង់​ក៏​បាន​ដក​យក​ទៅ​វិញ សូម​ឲ្យ​ព្រះ​នាម​ព្រះ​យេហូវ៉ា​បាន​ព្រះ​ពរ​ចុះ» (យ៉ូប ១:២១)។

ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ រ៉ូម ១១:៣៣-៣៦

គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ យ៉ូប ៣៨-៤០ និង ១កូរិនថូស ១៣

1“A Treatise Concerning Religious Affections, in Three Parts,” ក្នុងThe Works of Jonathan Edwards, កែ​សម្រួល​ដោយ៖ លោក Sereno Dwight, ពិនិត្យ​ឡើង​វិញ និង​កែ​ម្ដង​ទៀត​ដោយ៖ លោក Edward Hickman (ឆ្នាំ១៨៣៤; បោះពុម្ព​ឡើង​វិញ​ដោយ Banner of Truth, ឆ្នាំ១៩៧៩), ១:២៧៦។

2លោក​ស្រី Sarah Pierpont Edwards to Esther Burr, ថ្ងៃទី​៣ ខែ​មេសា ឆ្នាំ​១៧៥៨, in Memoirs of Jonathan Edwards ដោយ៖ លោក Sereno Dwight, ក្នុង Edwards, Works, 1:clxxix.

ប្រភេទ