នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ជា​កម្មសិទ្ធិ​របស់​ព្រះអង្គ

ជា​កម្មសិទ្ធិ​របស់​ព្រះអង្គ

ដោយXochitl Dixon

March 21, 2025

អេសាយ ៤៣:១-៧

កុំ​ឲ្យ​ខ្លាច​ឡើយ ដ្បិត​អញ​បាន​លោះ​ឯង​ហើយ អញ​បាន​ហៅ​ចំ​ឈ្មោះ​ឯង ឯង​ជា​របស់​ផង​អញ​។ អេសាយ ៤៣:១

ថ្ងៃ​មួយ កាល​ខ្ញុំ​កំពុង​មាន​តួនាទី​ជា​អ្នក​ថែទាំ​ម្តាយ​ខ្ញុំ​ដែល​មាន​ជំងឺ​ចាស់ជរា យើង​ក៏បាន​ទៅ​ទស្សនា​ការ​តាំងពិព័រណ៍​សិល្បៈ​មួយ​។ យើង​មាន​អារម្មណ៍​នឿយ​ហត់​ទាំង​ផ្លូវ​អារម្មណ៍ និង​ផ្លូវ​កាយ​។ ខ្ញុំ​បាន​ឈរ​មើល​ទូក​ពីរ​គ្រឿង ធ្វើពីឈើ​ដែល​មាន​ការ​តុប​តែង​ពីលើ​ដោយ​កញ្ចក់​ពណ៌​ចម្រុះ​យ៉ាង​ស្រស់​ស្អាត តាម​លំនាំ​នៃ​ការ​តម្រៀប​ផ្កា និង​ការ​តុប​តែង​របស់​ជនជាតិ​ជប៉ុន​ដើម្បី​ទាក់ទាញ​សត្វ​ត្រី​។ គេ​បាន​ដាក់​តាំង​ទូក​ទាំង​នោះ​នៅ​ពីមុខ​ជញ្ជាំង​ពណ៌​ខ្មៅ នៅ​លើ​កម្រាល​ឥដ្ឋ​ដែល​ចាំង​ឆ្លុះ​។ ខ្ញុំ​ក៏​បាន​ឃើញ​កែវ​មូលៗ​ដូច​គ្រាប់​ឃ្លី មាន​ស្នាម​អុចៗ និង​ឆ្នូតៗ ដូច​គ្រាប់​ស្ករ​កៅស៊ូ​ដែល​មាន​ទំហំ​ធំ​ខុសពី​ធម្មតា កំពុង​គរ​លើ​គ្នា​ជា​គំនរ​នៅ​លើ​ទូក​ដែល​តូច​ជាងគេ​។ ហើយ​នៅ​លើ​ទូក​ទីពីរ ខ្ញុំ​ក៏បាន​ឃើញ​រូប​ចម្លាក់​ធ្វើ​ពី​កែវ​ដែល​មាន​រាងកោង វែង និង​កាច់​រាង​ចុះ​ឡើង ដែល​បាន​លេច​ឡើង​ពី​ទូក​នោះ ដូច​អណ្តាត​ភ្លើង​ដែល​មាន​ពណ៌​ដ៏​ស្រស់​ស្អាត​។ សិល្បករ​បាន​សូន​រូប​ចម្លាក់​កែវ​នីមួយ​ៗ​ពី​កញ្ចក់​ដែលគេ​បាន​រំលាយ និង​ដុត​ឲ្យ​ទន់ ដោយ​ប្រើ​ភ្លើង​ហ្កាស​បាញ់​ចេញ​អណ្តាត​ភ្លើង​ដែល​មាន​កម្តៅ​ក្តៅ​ខ្លាំង​។

ទឹក​ភ្នែក​ខ្ញុំ​បាន​ហូរ​ចុះ​ពីលើ​ថ្ពាល់​មក ខណៈ​ពេល​ខ្ញុំ​ស្រមៃ​អំពី​ព្រះ​ហស្ត​នៃ​ការ​ថែរក្សា​របស់​ព្រះ ដែល​បាន​ឱប​ខ្ញុំ និង​ម្តាយ​របស់​ខ្ញុំ ជា​កូន​ស្ងួន​ភ្ងា​របស់​ព្រះអង្គ ឆ្លង​កាត់​រយៈ​ពេល​ដ៏​ពិបាក​បំផុត​។ ខណៈ​ពេល​ដែល​ព្រះ​អង្គ​កែ​ប្រែ​ចារិក​លក្ខណៈ​របស់​រាស្រ្ត​ព្រះអង្គ តាមរយៈ​ភ្លើង​ឆេះ​បន្សុទ្ធ​ក្នុង​ជីវិត ព្រះអង្គ​បាន​បញ្ជាក់​ថា ក្តី​សង្ឃឹម​របស់​យើង គឺ​បាន​មកពី​ការ​ដឹង​ថា ព្រះអង្គ​ស្គាល់​យើង ហើយ​យើង​ជា​កម្មសិទ្ធិ​របស់​ព្រះអង្គ(អេសាយ ៤៣:១)។ ទោះ​យើង​មិន​អាច​គេច​ចេញពី​ទុក្ខ​លំបាក​ក៏ដោយ ព្រះអង្គ​បាន​សន្យា​ថា នឹង​ការពារ​យើង និង​មាន​វត្ត​មាន​គង់នៅ​ជាមួយ​យើង​ជានិច្ច(ខ.២)។ ដោយសារ​អត្ត​សញ្ញាណ និង​សេចក្តី​ស្រឡាញ់​ដែល​ព្រះអង្គ​មាន​ចំពោះ​យើង នោះ​យើង​អាច​ទុក​ចិត្ត​លើ​ព្រះបន្ទូល​សន្យា​របស់​ព្រះអង្គ​បាន(ខ.៣-៤)។

ពេលណា​កាលៈទេសៈ​នៃ​ជីវិត​របស់​យើង មាន​កម្តៅ​កើន​ឡើង យើង​ប្រហែល​ជា​មាន​អារម្មណ៍​ថា ជីវិត​យើង​មាន​ភាព​ផុយ​ស្រួយ​ណាស់​។ យើង​ប្រហែល​ជា​មាន​ភាព​ផុយ​ស្រួយ​មែន តែ​ព្រះ​អង្គ​បាន​ឱប​យើង​ជាប់ ក្នុង​សេចក្តី​ស្រឡាញ់ ទោះ​ភ្លើង​នោះ​បាន​ឡើង​កម្តៅ​ខ្លាំង​យ៉ាងណា​ក៏ដោយ​។ ព្រះអង្គ​ស្គាល់​យើង​។ ព្រះអង្គ​ស្រឡាញ់​យើង​។ យើង​ជា​កម្មសិទ្ធិ​របស់​ព្រះអង្គ​។—Xochitl Dixon

ហេតុ​អ្វី​ការ​ដឹង​ថា អ្នក​គឺជា​កម្មសិទ្ធិ​របស់​ព្រះ នាំ​ឲ្យ​អ្នក​មាន​ក្តី​សង្ឃឹម ក្នុង​អំឡុង​ពេល​ដែល​មាន​ទុក្ខ​លំបាក?
តើ​ព្រះ​ទ្រង់​បាន​ប្រើ​ភ្លើង​ឆេះ​បន្សុទ្ធ ដើម្បី​កែ​ប្រែ​ចារិត​លក្ខណៈ​របស់​យើង​ដូច​ម្តេច​ខ្លះ?

ឱ​ព្រះ​នៃ​សេចក្តី​ស្រឡាញ់ ទូល​បង្គំ​សូម​អរ​ព្រះគុណ​ព្រះអង្គ ដែល​បាន​ឱប​ទូល​បង្គំ កែ​ប្រែ​ទូល​បង្គំ និង​រំឭក​ទូល​បង្គំ​ថា ទូល​បង្គំ​ជា​កម្មសិទ្ធិ​របស់​ព្រះអង្គ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យ៉ូស្វេ ៧-៩ និង លូកា ១:២១-៣៨

ល្ងាច

Devotional illustration

ហេតុ​អ្វី​ព្រះ​អង្គ​ពន្យារ​ពេល​ការ​យាង​មក​វិញ? (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

March 21, 2025

«ឯ​ព្រះ ដែល​ពី​ដើម ទ្រង់​មាន​ព្រះ​បន្ទូល​នឹង​ពួក​ឰយុកោ​ដោយ​ពួក​ហោរា​ជា​ច្រើន​ដង​ច្រើន​បែប នៅ​ជាន់​ក្រោយ​បង្អស់​នេះ ទ្រង់​បាន​មាន​ព្រះ​បន្ទូល​នឹង​យើង​រាល់​គ្នា​ដោយ​សារ​ព្រះ​រាជបុត្រា​វិញ ដែល​ទ្រង់​បាន​តម្រូវ​ឲ្យ​បាន​គ្រង​របស់​ទាំង​អស់​ទុក​ជា​មរដក ព្រម​ទាំង​បង្កើត​លោកីយ៍​ដោយ​សារ​ព្រះ​រាជបុត្រា​នោះ​ដែរ» (ហេព្រើរ ១:១-២)។

មាន​ការ​ពិពណ៌នា​ជា​ច្រើន​អំពី​សម័យ​ដែល​យើង​កំពុង​រស់​នៅ​ក្នុង​សតវត្សរ៍​ទី២១ សម័យ​ក្រោយ​ទំនើប សម័យ​សកលភាវូបនីយកម្ម និង​បច្ចេកវិទ្យា។ ប៉ុន្តែ ផ្អែក​ទៅ​លើ​ចំណុច​ស្នូល​នៃ​ជំនឿ​ជា​មូលដ្ឋាន​របស់​យើង យើង​កំពុង​រស់​នៅ​ក្នុង «គ្រា​ចុង​ក្រោយ»។ ផ្អែក​ទៅ​លើ​ការ​យល់​ដឹង​របស់​យើង ពាក្យ​មួយ​ឃ្លា​នេះ​អាច​ចម្លែក​ខ្លាំង ឬ​ធ្វើ​ឲ្យ​រំភើប​ចិត្ត​ខ្លាំង។ ជា​ការ​ពិត​ណាស់ យើង​អាច​មាន​ការ​ភ័ន្ត​ច្រឡំ​យ៉ាង​ខ្លាំង អំពី «គ្រា​ចុង​ក្រោយ»។

កណ្ឌ​គម្ពីរ​សញ្ញា​ថ្មី​បាន​ប្រើ​ឃ្លា​នេះ ដើម្បី​ពិពណ៌នា អំពី​អំឡុង​ពេល​នៅ​ចន្លោះ​ការ​យាង​មក​លើក​ទី​មួយ និង​លើក​ទី២។ ព្រះ​យេស៊ូវ​បាន​យាង​មក​ជា​លើក​ទី​មួយ ហើយ​ព្រះ​អង្គ​នឹង​យាង​មក​ម្តង​ទៀត ហើយ​យើង​កំពុង​រស់​នៅ​ចន្លោះ​បង្គោល​នៃ​ព្រឹត្តិការណ៍​ធំ​ទាំង​ពីរ​នេះ ក្នុង​ប្រវត្តិ​សាស្ត្រ​នៃ​សេចក្តី​សង្គ្រោះ។ ការ​យាង​មក​ជា​លើក​ដំបូង​របស់​ព្រះ​អង្គ​បាន​នាំ​នគរ​ព្រះ​អង្គ​ចុះ​មក​ផែនដី ហើយ​នាំ​មក​នូវ «គ្រា​ចុង​ក្រោយ» ជា​ការ​ពិត​នៃ​ពេល​បច្ចុប្បន្ន។ ព្រះ​ជន្ម ការ​សុគត ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ និង​ការ​យាង​ឡើង​ស្ថាន​សួគ៌​វិញ​សុទ្ធ​តែ​ចង្អុល​បង្ហាញ​យើង ទៅ​រក​កិច្ចការ​របស់​ព្រះ​វិញ្ញាណ​បរិសុទ្ធ ហើយ​ព្រះ​យេស៊ូវ​បាន​បង្រៀន​ថា បើ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ធ្វើ​ការ​នោះ «នគរ​ព្រះ​បាន​មក​ដល់​ហើយ» (ម៉ាថាយ ១២:២៨)។

ដូច​នេះ ព្រះ​យេស៊ូវ​មាន​បន្ទូល​ក្នុង​ន័យ​បច្ចុប្បន្នកាល នៅ​ពេល​ដែល​ព្រះ​អង្គ​ត្រាស់​ហៅ​ពួក​បណ្តាជន​ឲ្យ «ទទួល​នគរ​ព្រះ» (ម៉ាកុស ១០:១៥ លូកា ១៨:១៧)។ ព្រះ​អង្គ​មិន​មែន​កំពុង​មាន​បន្ទូល​អំពី​ការ​ចូល​ទៅ​ក្នុង​ពេល​អនាគត​ណា​មួយ តែ​ចូល​ទៅ​ក្នុង​ការ​ពិត​ក្នុង​ពេល​បច្ចុប្បន្ន គឺ​ការ​គ្រប់​គ្រង និង​ព្រះ​រាជ​របស់​ព្រះ​យេស៊ូវ​ក្នុង​ពេល​បច្ចុប្បន្ន។

ដូច​នេះ នគរ​ព្រះ​មាន​នៅ​ក្នុង​ពេល​បច្ចុប្បន្ន ប៉ុន្តែ​ក៏​មាន​នៅ​ក្នុង​ពេល​អនាគត ដែល​យើង​ត្រូវ​ទន្ទឹង​រង់ចាំ ដែល​នឹង​មាន​ការ​សម្ពោធ​ពេញលេញ​ដោយ​ការ​យាង​មក​វិញ​នៃ​ព្រះ​អម្ចាស់​យេស៊ូវ។ ក្នុង​ពេល​ព្រះ​អង្គ​យាង​មក​ជា​លើក​ទីពីរ ព្រះ​អង្គ​នឹង​តាំង​នគរ​ព្រះ​អង្គ​ទាំង​ស្រុង។ នៅ​ពេល​នោះ ព្រះ​អង្គ​នឹង​ស្វាគមន៍​អ្នក​ជឿ​ទាំង​អស់ ឲ្យ​មក​ទទួល​មរដក​គឺ​ជា​នគរ​ដែល​បាន​រៀប​ចំ​ទុក​សម្រាប់​យើង​រាល់​គ្នា តាំង​ពី​កំណើត​លោកីយ៍​មក (ម៉ាថាយ ២៥:៣៤) ហើយ «គ្រប់​ទាំង​អស់​នឹង​ស្គាល់​ព្រះ​យេហូវ៉ា នៅ​ពេញ​ពាស​លើ​ផែនដី ដូច​ជា​ទឹក​នៅ​ពេញពាស​ក្នុង​សមុទ្រ​ដែរ» (អេសាយ ១១:៩)។ នគរ​ដែល​មាន​មក​ដល់​ពី​ដំបូង​ជា​មួយ​ក្សត្រ​ពី​អតីត​កាល​នឹង​មក​ដល់​ទាំង​ស្រុង​ក្នុង​ភាព​ល្អ​ឥត​ខ្ចោះ និង​សិរី​ល្អ​នៅ​ពេល​អនាគត។

ដូច​នេះ គ្រីស្ទ​បរិស័ទ​កំពុង​រស់​នៅ​ក្នុង​ចន្លោះ​ពេល​ដែល​ជា «គ្រា​ចុង​ក្រោយ» ។ អ្នក​ដែល​នៅ​ជាប់​ក្នុង​ព្រះ​គ្រីស្ទ​បាន​កើត​ជា​ថ្មី តែ​មិន​ទាន់​បាន​ទទួល​អត្ថ​ប្រយោជន៍ និង​ព្រះ​ពរ​ទាំង​អស់​នៅ​ឡើយ​ទេ។ អ្នក​ជឿ​រស់​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​ក្នុង​លោកីយ៍​ដែល​ជាប់​មាន​បាប ដោយ​ទន្ទឹង​រង់ចាំ​ការ​មក​ដល់​របស់​ព្រះ​គ្រីស្ទ។ ដូច​នេះ ហេតុ​អ្វី​ពេល​វេលា​នៅ​ចន្លោះ​ការ​យាង​មក​លើក​ទី​មួយ និង​ការ​យាង​មក​លើក​ទី២ ហាក់​ដូច​ជា​យូរ​ម្ល៉េះ? ហេតុ​អ្វី​ព្រះ​អង្គ​ពន្យារ​ពេល? ព្រះ​អង្គ​បាន​ពន្យារ​ការ​យាង​មក​វិញ​របស់​ព្រះ​យេស៊ូវ ដើម្បី​ឲ្យ​មនុស្ស​កាន់​តែ​ច្រើន​មាន​ឱកាស​ឮ​ព្រះ​បន្ទូល​ព្រះ​អង្គ ប្រែ​ចិត្ត ហើយ​ទទួល​ជឿ (២ពេត្រុស ៣:៩)។

គ្រា​ចុង​ក្រោយ​ជា​ឱកាស​ដើម្បី​ចូល​នគរ​ព្រះ មុន​ពេល​ទ្វារ​បិទ​ជា​រៀង​រហូត។ ដោយ​សារ​យើង​ដឹង​ថា យើង​កំពុង​រស់​នៅ​ក្នុង​សម័យ​ណា ហើយ​ការ​យាង​មក​របស់​ព្រះ​អង្គ នឹង​ការ​បញ្ចប់​នៃ​គ្រា​ចុង​ក្រោយ យើង​ត្រូវ​សួរ​ខ្លួន​ឯង​ថា «តើ​យើង​គួរ​រស់​នៅ​ជា​មនុស្ស​ប្រភេទ​ណា?» (២ពេត្រុស ៣:១១)។ ព្រះ​គម្ពីរ​ប៊ីប​បាន​ប្រាប់​យើង​ថា «ចូរ​មាន​ចិត្ត​ឧស្សាហ៍ ឲ្យ​ទ្រង់​បាន​ឃើញ​អ្នក​រាល់​គ្នា​ជា​ឥត​សៅហ្មង ហើយ​ឥត​កន្លែង​បន្ទោស​បាន ទាំង​មាន​សេចក្តី​មេត្រី​ផង ហើយ​ត្រូវ​រាប់​សេចក្តី​អត់​ធ្មត់​របស់​ព្រះ​អម្ចាស់​នៃ​យើង ទុក​ជា​សេចក្តី​សង្គ្រោះ» (ខ.១៤-១៥)។ បាន​សេចក្តី​ថា បើ «គ្រា​ចុង​ក្រោយ» ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​នេះ ហើយ​ព្រះ​អម្ចាស់​យេស៊ូវ​យាង​មក​វិញ​ក្នុង​សិរី​ល្អ​របស់​ព្រះ​អង្គ ចូរ​ប្រាកដ​ថា អ្នក​កំពុង​រស់​នៅ​តាម​របៀប​ដែល​គាប់​ព្រះ​ទ័យ​ព្រះ​អង្គ ហើយ​ប្រកា​ស​ព្រះ​នាម​ព្រះ​អង្គ​ដល់​លោកីយ៍។

ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ លូកា ១៧:២០-៣៧

គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ យ៉ូប ៤១-៤២ និង​១កូរិនថូស ១៤:១-២០

ប្រភេទ