ព្រឹក

វិញ្ញាណដែលស្ងប់រម្ងាប់នៅចំពោះព្រះ
ដោយadamholz
March 22, 2025
ទំនុកដំកើង ៤៦
ចូរបង្អង់សិន ឲ្យបានដឹងថា អញជាព្រះ។ ទំនុកដំកើង ៤៦:១០
ខ្ញុំចូលចិត្តការបង្រៀនអំពីការនៅស្ងៀម ភាពស្ងាត់ស្ងៀម និងការសម្រាក នៅក្នុងទីជ្រកកោននៃការថែរក្សារបស់ព្រះអម្ចាស់(ទំនុកដំកើង ៤៦:១)។ ហើយខ្ញុំក៏បានធ្វើការដកស្រង់ព្រះបន្ទូលញឹកញាប់ ចេញពីបទគម្ពីរទំនុកដំកើង ជំពូក៤៦ ដែលបានបង្រៀនយើងថា ការមានចិត្តគំនិត និងវិញ្ញាណស្ងប់រម្ងាប់ មានសារៈសំខាន់យ៉ាងខ្លាំង ចំពោះការស្គាល់ព្រះ។ គឺដូចដែលព្រះអង្គមានបន្ទូលថា “ចូរបង្អង់សិន ឲ្យបានដឹងថា អញជាព្រះ”(ខ.១០)។
ប៉ុន្តែ ការនៅស្ងៀមមិនមែនជាការងាយទេ មែនទេ? ការនៅស្ងាត់ស្ងៀម ហើយជាពិសេសព្យាយាមធ្វើឲ្យចិត្តយើងស្ងប់នៅចំពោះព្រះ អាចស្ទើរតែមិនអាចធ្វើទៅបាន នៅពេលខ្លះ។ តើហេតុអ្វី?
ច្បាប់រូបវិទ្យាកំរិតមូលដ្ឋានបំផុតរបស់លោកញូតុន បានប្រាប់យើងថា “វត្ថុដែលកំពុងផ្លាស់ទីទៅមុខ នឹងនៅតែបន្តមាននិចលភាពបន្លាស់ទីទៅមុខទៀត បើសិនជាគ្មានអ្វីមកបញ្ឈប់វាទេនោះ”។ ដូចនេះ ការផ្លាស់ប្តូរចេញពីការមានចលនា សកម្មភាព និងកាតព្វកិច្ច ទៅជានៅស្ងៀម មិនមែនជាការងាយទេ ព្រោះការនេះរាប់បញ្ចូលការឈប់បង្អង់សកម្មភាពរបស់យើង។ យើងអាចប្រៀបប្រដូចរឿងនេះ ទៅនឹងការផ្លាស់ទីរបស់ទូក។ ទោះយើងព្យាយាមធ្វើឲ្យទូកឈប់នឹងថ្កល់មួយកន្លែង ក៏និចលភាពរបស់វា និងទឹករលកដែលវាបានបណ្តាលឲ្យមានឡើង នៅតែបន្តរុញច្រានទូកដែលបានឈប់នោះពីខាងក្រោម ធ្វើឲ្យទូកមិនអាចនៅនឹងថ្កល់ភ្លាមៗបានទេ។
បើអ្នកស្គាល់តម្លៃនៃការឈប់បង្អង់ តែមិនអាចឈប់បង្អង់បាន គឺដោយសារមូលហេតុមួយ។ សកម្មភាព និងល្បឿនរបស់យើង គឺប្រៀបដូចជាវត្ថុដែលកំពុង “មានចលនាទៅមុខ”។ ដូចនេះ ចូរបន្ថយល្បឿន ហើយឈប់បង្អង់សិន ដើម្បីចំណាយពេលស្ងាត់ស្ងៀមចំពោះព្រះអង្គ និងមានការសម្រាកខាងវិញ្ញាណ។ ការធ្វើដំណើរខាងវិញ្ញាណរបស់យើង អាចបន្តរលាក់មួយរយៈពេល ទំរាំតែអ្នកអាចមានភាពស្ងប់រម្ងាប់ទាំងស្រុង នៅក្នុងព្រះវត្តមានព្រះអង្គ។—Adam R. Holz
តើមានអ្វីរារាំងអ្នកមិនឲ្យចំណាយពេលស្ងាត់ស្ងៀម នៅចំពោះព្រះ? តើអ្នកអាចឈប់បង្អង់ដោយរបៀបណា ដើម្បីចំណាយពេលស្ងាត់ស្ងៀមជាមួយព្រះអង្គ?
ឱព្រះវរបិតា យើងខ្ញុំកំពុងរស់នៅក្នុងលោកិយ ដែលមានសម្លេងរំខាន ដោយសកម្មភាពជាច្រើន។ សូមព្រះអង្គជួយទូលបង្គំឲ្យ
រៀនចំណាយពេលស្ងាត់ស្ងៀមនៅចំពោះព្រះអង្គ និងជួយវិញ្ញាណទូលបង្គំឲ្យមានភាពស្ងប់រម្ងាប់ ហើយទុកចិត្តថា ព្រះអង្គកំពុងគង់នៅក្បែរទូលបង្គំ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យ៉ូស្វេ ១៣-១៥ និង លូកា ១:៥៧-៨០
ប្រភេទ
ល្ងាច

គ្រប់ទាំងអំណោយដែលល្អឥតខ្ចោះ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
March 22, 2025
«គ្រប់ទាំងរបស់ដ៏ល្អដែលព្រះប្រទានមក និងអស់ទាំងអំណោយទានដ៏គ្រប់លក្ខណ៍ នោះសុទ្ធតែមកពីស្ថានលើ គឺមកពីព្រះវរបិតានៃពន្លឺដែលទ្រង់មិនចេះប្រែប្រួល សូម្បីតែស្រមោលនៃសេចក្តីផ្លាស់ប្រែក៏គ្មានដែរ» (យ៉ាកុប ១:១៧)។
តើអ្នកធ្លាប់ទិញអំណោយដោយមិនដឹងថា អ្នកទទួលអំណោយចង់បាន ឬត្រូវការអ្វីទេ? អ្នកមិនដឹងអំពីទំហំ ឬពណ៌របស់អាវចាក់ដែលត្រូវទិញ ឬរបស់ក្មេងលេងអ្វីដែលត្រូវនឹងអាយុរបស់ក្មេង ដូចនេះអ្នកក៏បានយកដៃអេះក្បាល ហើយនិយាយថា «យ៉ាងហោចណាស់ ខ្ញុំនឹងទិញឲ្យបានអ្វីមួយសម្រាប់ពួកគេ! យ៉ាងច្រើន ពួកគេនឹងប្រគល់មកខ្ញុំវិញ។ មិនចាំបាច់ខ្វល់ច្រើនទេ?»
ការឲ្យអំណោយមិនមែនសុទ្ធតែងាយស្រួល ឬនាំមកនូវក្តីអំណរជានិច្ចទេ។ តាមពិត សូម្បីតែមនុស្សដែលពូកែបំផុតក៏មិនអាចឲ្យអំណោយល្អឥតខ្ចោះបានដែរ ព្រោះយើងមិនល្អឥតខ្ចោះ។ យើងខ្វះការយល់ដឹង និងចំណេះដឹង ហើយជួនកាល យើងខ្វះធនធាន ឬទឹកចិត្តក្នុងការឲ្យអំណោយដែលត្រូវចិត្តគេ។ ក្នុងរឿងនេះ យើងមានភាពខុសប្លែកពីព្រះអង្គយ៉ាងខ្លាំង ព្រោះព្រះអង្គជាអ្នកឲ្យអំណោយដ៏ឥតខ្ចោះ។ ព្រះអង្គល្អស្រាប់ ហើយមានសេចក្តីសប្បុរសដ៏ហូរហៀរ។ ព្រះអង្គប្រទាន ដោយមិនរំពឹងថានឹងបានមកវិញ ហើយព្រះអង្គមិនកាត់បន្ថយសេចក្តីល្អរបស់ព្រះអង្គ ផ្អែកទៅលើអំណោយដែលមនុស្សសមនឹងទទួលនោះទេ។ ហើយគ្មានអំណោយណាមួយរបស់ព្រះអង្គដែលត្រូវប្រគល់មកព្រះអង្គវិញឡើយ។
ព្រះអង្គមិនគ្រាន់តែមានព្រះទ័យសប្បុរសដ៏ឥតខ្ចោះ តែសេចក្តីសប្បុរសរបស់ព្រះអង្គមិនដែលប្រែប្រួលឡើយ។ សូម្បីតែចំពោះឪពុកម្តាយល្អបំផុតនៅលើផែនដី ក៏កូនត្រូវចូលទៅរកតាមរបៀប និងពេលវេលាត្រឹមត្រូវ ព្រោះពួកគេអាចមានការផ្លាស់ប្ដូរ។ កូនរៀនជ្រើសរើសពេលវេលា។ កាលខ្ញុំស្ថិតក្នុងវ័យជំទង់ ខ្ញុំងាយនឹងមើលយល់កាយវិការរបស់ឪពុកខ្ញុំ នៅពេលដែលគាត់កំពុងជាប់ធ្វើការឲ្យក្រុមហ៊ុនអគ្គិសនី ហើយគិតថា «ខ្ញុំមិនដឹងច្បាស់ថា ពេលនេះជាពេលដែលគួរសុំលុយគាត់ទិញកង់ឡានថ្មីពីរគ្រាប់ឬអត់ទេ»។
តែជាមួយព្រះវរបិតាដែលគង់នៅស្ថានសួគ៌ យើងមិនចាំបាច់ត្រូវឆ្ងល់ថា យើងអាចចូលទៅរកព្រះអង្គឬអត់នោះទេ។
ព្រះអង្គមិនសាវា ហើយក៏មិនរហ័សខឹងដែរ។ យើងអាចមានទំនុកចិត្តថា ព្រះអង្គតែងតែមានការឆ្លើយតបដ៏ត្រឹមត្រូវជានិច្ច។
គ្មានពេលណាដែលព្រះអង្គមិនជ្រាប មិនមានលទ្ធភាព មិនមានពេល ឬមិនសព្វព្រះទ័យនោះឡើយ។ តាមរយៈព្រះគ្រីស្ទ យើងអាចចូលទៅរកព្រះអង្គនៅពេលណាក៏បាន ហើយព្រះអង្គឆ្លើយតបចំពោះការទូលអង្វរ និងការព្រួយបារម្ភរបស់យើងជារៀងរាល់ថ្ងៃ។
យើងជាកូនព្រះ ហើយព្រះវរបិតាបង្ហាញសេចក្តីស្រឡាញ់ចំពោះយើង តាមរយៈអំណោយដ៏ឥតខ្ចោះ។ នេះជាហេតុផលដែលកូនព្រះអង្គ គួរតែមានចិត្តដឹងគុណព្រះអង្គ។ បើយើងស្គាល់ចរិតលក្ខណៈរបស់ព្រះវរបិតា ហេតុអ្វីមិនអរព្រះគុណព្រះអង្គ ទោះអំណោយព្រះអង្គ មិនមែនជាអំណោយដែលយើងជ្រើសរើសខ្លួនឯងក៏ដោយ? ដូចនេះ ចូរយើងមានការប្រុងប្រយ័ត្ន ក្នុងការរាប់ព្រះពរយើង ជារៀងរាល់ថ្ងៃ។ ចូរចាំថា អំណោយល្អទាំងអស់សុទ្ធតែមកពីព្រះអង្គ។ ចូរយើងនិយាយទៅកាន់ព្រះអង្គថា
ព្រះអង្គមានសេចក្តីស្មោះត្រង់ ឱព្រះវរបិតា
គ្មានស្រមោលនៃការប្រែប្រួលក្នុងព្រះអង្គទេ
អ្វីៗដែលទូលបង្គំត្រូវការ ព្រះហស្តព្រះអង្គបានប្រទាន
សេចក្តីស្មោះត្រង់របស់ព្រះអង្គចំពោះទូលបង្គំ អស្ចារ្យណាស់!1
ព្រះគម្ពីរសញ្ជឹងគិត៖ ទំនុកតម្កើង ១០៣
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ សុភាសិត ៣-៥ និង១កូរិនថូស ១៥:១-២៨
1លោក Thomas O. Chisholm, “Great Is Thy Faithfulness” (ឆ្នាំ១៩២៣)។