នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

វិញ្ញាណ​ដែល​ស្ងប់​រម្ងាប់​នៅ​ចំពោះ​ព្រះ

វិញ្ញាណ​ដែល​ស្ងប់​រម្ងាប់​នៅ​ចំពោះ​ព្រះ

ដោយadamholz

March 23, 2025

ទំនុក​ដំកើង ៤៦

ចូរ​បង្អង់​សិន ឲ្យ​បាន​ដឹង​ថា អញ​ជា​ព្រះ​។ ទំនុក​ដំកើង ៤៦:១០

ខ្ញុំ​ចូល​ចិត្ត​ការ​បង្រៀន​អំពី​ការ​នៅ​ស្ងៀម ភាព​ស្ងាត់​ស្ងៀម និង​ការ​សម្រាក នៅ​ក្នុង​ទី​ជ្រកកោន​នៃ​ការ​ថែរក្សា​របស់​ព្រះអម្ចាស់​(ទំនុក​ដំកើង ៤៦:១)។ ហើយ​ខ្ញុំ​ក៏បាន​ធ្វើ​ការ​ដក​ស្រង់​ព្រះ​បន្ទូល​ញឹក​ញាប់ ចេញ​ពី​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក៤៦ ដែល​បាន​បង្រៀន​យើង​ថា ការ​មាន​ចិត្ត​គំនិត និង​វិញ្ញាណ​ស្ងប់​រម្ងាប់ មាន​សារៈសំខាន់​យ៉ាង​ខ្លាំង ចំពោះ​ការ​ស្គាល់​ព្រះ​។ គឺ​ដូច​ដែល​ព្រះអង្គ​មាន​បន្ទូល​ថា “ចូរ​បង្អង់​សិន ឲ្យ​បាន​ដឹង​ថា អញ​ជា​ព្រះ”(ខ.១០)។

ប៉ុន្តែ ការ​នៅ​ស្ងៀម​មិនមែន​ជា​ការ​ងាយ​ទេ មែនទេ? ការ​នៅ​ស្ងាត់​ស្ងៀម ហើយ​ជា​ពិសេស​ព្យាយាម​ធ្វើ​ឲ្យ​ចិត្ត​យើង​ស្ងប់​នៅ​ចំពោះ​ព្រះ អាច​ស្ទើរតែ​មិន​អាច​ធ្វើ​ទៅ​បាន នៅពេល​ខ្លះ​។ តើ​ហេតុ​អ្វី?

ច្បាប់​រូប​វិទ្យា​កំរិត​មូលដ្ឋាន​បំផុត​របស់​លោក​ញូតុន បាន​ប្រាប់​យើង​ថា “វត្ថុ​ដែល​កំពុង​ផ្លាស់ទី​ទៅមុខ នឹង​នៅតែ​បន្ត​មាន​និចល​ភាព​បន្លាស់​ទី​ទៅមុខ​ទៀត បើសិន​ជា​គ្មាន​អ្វី​មក​បញ្ឈប់​វា​ទេ​នោះ”។ ដូច​នេះ ការ​ផ្លាស់​ប្តូរ​ចេញពី​ការ​មាន​ចលនា សកម្មភាព និង​កាតព្វកិច្ច ទៅជា​នៅ​ស្ងៀម មិនមែន​ជា​ការ​ងាយ​ទេ ព្រោះ​ការ​នេះ​រាប់​បញ្ចូល​ការ​ឈប់​បង្អង់​សកម្មភាព​របស់​យើង​។ យើង​អាច​ប្រៀប​ប្រដូច​រឿង​នេះ ទៅ​នឹង​ការ​ផ្លាស់ទី​របស់​ទូក​។ ទោះ​យើង​ព្យាយាម​ធ្វើ​ឲ្យ​ទូក​ឈប់​នឹង​ថ្កល់​មួយ​កន្លែង ក៏​និចល​ភាព​របស់​វា និង​ទឹករលក​ដែល​វា​បាន​បណ្តាល​ឲ្យ​មាន​ឡើង នៅតែ​បន្ត​រុញ​ច្រាន​ទូក​ដែល​បាន​ឈប់​នោះ​ពី​ខាង​ក្រោម ធ្វើ​ឲ្យ​ទូក​មិន​អាច​នៅនឹង​ថ្កល់​ភ្លាមៗ​បានទេ​។

បើ​អ្នក​ស្គាល់​តម្លៃ​នៃ​ការ​ឈប់​បង្អង់ តែ​មិន​អាច​ឈប់​បង្អង់​បាន គឺ​ដោយសារ​មូល​ហេតុ​មួយ​។ សកម្មភាព និង​ល្បឿន​របស់​យើង គឺ​ប្រៀប​ដូចជា​វត្ថុ​ដែល​កំពុង “មាន​ចលនា​ទៅមុខ”។ ដូច​នេះ ចូរ​បន្ថយ​ល្បឿន ហើយ​ឈប់​បង្អង់​សិន ដើម្បី​ចំណាយ​ពេល​ស្ងាត់​ស្ងៀម​ចំពោះ​ព្រះអង្គ និង​មាន​ការ​សម្រាក​ខាង​វិញ្ញាណ​។ ការ​ធ្វើ​ដំណើរ​ខាង​វិញ្ញាណ​របស់​យើង អាច​បន្ត​រលាក់​មួយ​រយៈ​ពេល ទំរាំ​តែ​អ្នក​អាច​មាន​ភាព​ស្ងប់​រម្ងាប់​ទាំងស្រុង នៅ​ក្នុង​ព្រះ​វត្ត​មាន​ព្រះអង្គ​។—Adam R. Holz

តើមាន​អ្វី​រា​រាំង​អ្នក​មិន​ឲ្យ​ចំណាយ​ពេល​ស្ងាត់​ស្ងៀម នៅ​ចំពោះ​ព្រះ? តើ​អ្នក​អាច​ឈប់​បង្អង់​ដោយ​របៀបណា ដើម្បី​ចំណាយ​ពេល​ស្ងាត់​ស្ងៀម​ជាមួយ​ព្រះអង្គ?

ឱ​ព្រះវរបិតា យើង​ខ្ញុំ​កំពុង​រស់នៅ​ក្នុង​លោកិយ ដែល​មាន​សម្លេង​រំខាន ដោយ​សកម្មភាព​ជា​ច្រើន​។ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ​ឲ្យ
រៀន​ចំណាយ​ពេល​ស្ងាត់​ស្ងៀម​នៅ​ចំពោះ​ព្រះអង្គ និង​ជួយ​វិញ្ញាណ​ទូល​បង្គំ​ឲ្យ​មាន​ភាព​ស្ងប់​រម្ងាប់ ហើយ​ទុក​ចិត្ត​ថា ព្រះអង្គ​កំពុង​គង់នៅ​ក្បែរ​ទូល​បង្គំ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យ៉ូស្វេ ១៣-១៥ និង លូកា ១:៥៧-៨០

ល្ងាច

Devotional illustration

គ្រប់​ទាំង​អំណោយ​ដែល​ល្អ​ឥត​ខ្ចោះ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

March 23, 2025

«គ្រប់​ទាំង​របស់​ដ៏​ល្អ​ដែល​ព្រះ​ប្រទាន​មក និង​អស់​ទាំង​អំណោយ​ទាន​ដ៏​គ្រប់​លក្ខណ៍ នោះ​សុទ្ធ​តែ​មក​ពី​ស្ថាន​លើ គឺ​មក​ពី​ព្រះ​វរបិតា​នៃ​ពន្លឺ​ដែល​ទ្រង់​មិន​ចេះ​ប្រែ​ប្រួល សូម្បី​តែ​ស្រមោល​នៃ​សេចក្តី​ផ្លាស់​ប្រែ​ក៏​គ្មាន​ដែរ» (យ៉ាកុប ១:១៧)។

តើ​អ្នក​ធ្លាប់​ទិញ​អំណោយ​ដោយ​មិន​ដឹង​ថា អ្នក​ទទួល​អំណោយ​ចង់​បាន ឬ​ត្រូវ​ការ​អ្វី​ទេ? អ្នក​មិន​ដឹង​អំពី​ទំហំ ឬ​ពណ៌​របស់​អាវ​ចាក់​ដែល​ត្រូវ​ទិញ ឬ​របស់​ក្មេង​លេង​អ្វី​ដែល​ត្រូវ​នឹង​អាយុ​របស់​ក្មេង ដូច​នេះ​អ្នក​ក៏​បាន​យក​ដៃ​អេះ​ក្បាល ហើយ​និយាយ​ថា «យ៉ាង​ហោច​ណាស់ ខ្ញុំ​នឹង​ទិញ​ឲ្យ​បាន​អ្វី​មួយ​សម្រាប់​ពួក​គេ! យ៉ាង​ច្រើន ពួក​គេ​នឹង​ប្រគល់​មក​ខ្ញុំ​វិញ។ មិន​ចាំ​បាច់​ខ្វល់​ច្រើន​ទេ?»

ការ​ឲ្យ​អំណោយ​មិន​មែន​សុទ្ធ​តែ​ងាយ​ស្រួល ឬ​នាំ​មក​នូវ​ក្តី​អំណរ​ជានិច្ច​ទេ។ តាម​ពិត សូម្បី​តែ​មនុស្ស​ដែល​ពូកែ​បំផុត​ក៏​មិន​អាច​ឲ្យ​អំណោយ​ល្អ​ឥត​ខ្ចោះ​បាន​ដែរ ព្រោះ​យើង​មិន​ល្អ​ឥត​ខ្ចោះ។ យើង​ខ្វះ​ការ​យល់​ដឹង និង​ចំណេះ​ដឹង ហើយ​ជួន​កាល យើង​ខ្វះ​ធនធាន ឬ​ទឹក​ចិត្ត​ក្នុង​ការ​ឲ្យ​អំណោយ​ដែល​ត្រូវ​ចិត្ត​គេ។ ក្នុង​រឿង​នេះ យើង​មាន​ភាព​ខុស​ប្លែក​ពី​ព្រះ​អង្គ​យ៉ាង​ខ្លាំង ព្រោះ​ព្រះ​អង្គ​ជា​អ្នក​ឲ្យ​អំណោយ​ដ៏​ឥត​ខ្ចោះ។ ព្រះ​អង្គ​ល្អ​ស្រាប់ ហើយ​មាន​សេចក្តី​សប្បុរស​ដ៏​ហូរហៀរ។ ព្រះ​អង្គ​ប្រទាន ដោយ​មិន​រំពឹង​ថា​នឹង​បាន​មក​វិញ ហើយ​ព្រះ​អង្គ​មិន​កាត់​បន្ថយ​សេចក្តី​ល្អ​របស់​ព្រះ​អង្គ ផ្អែក​ទៅ​លើ​អំណោយ​ដែល​មនុស្ស​សម​នឹង​ទទួល​នោះ​ទេ។ ហើយ​គ្មាន​អំណោយ​ណា​មួយ​របស់​ព្រះ​អង្គ​ដែល​ត្រូវ​ប្រគល់​មក​ព្រះ​អង្គ​វិញ​ឡើយ។

ព្រះ​អង្គ​មិន​គ្រាន់​តែ​មាន​ព្រះ​ទ័យ​សប្បុរស​ដ៏​ឥត​ខ្ចោះ តែ​សេចក្តី​សប្បុរស​របស់​ព្រះ​អង្គ​មិន​ដែល​ប្រែ​ប្រួល​ឡើយ។ សូម្បី​តែ​ចំពោះ​ឪពុក​ម្តាយ​ល្អ​បំផុត​នៅ​លើ​ផែនដី ក៏​កូន​ត្រូវ​ចូល​ទៅ​រក​តាម​របៀប និង​ពេល​វេលា​ត្រឹម​ត្រូវ ព្រោះ​ពួក​គេ​អាច​មាន​ការ​ផ្លាស់​ប្ដូរ។ កូន​រៀន​ជ្រើស​រើស​ពេល​វេលា។ កាល​ខ្ញុំ​ស្ថិត​ក្នុង​វ័យ​ជំទង់ ខ្ញុំ​ងាយ​នឹង​មើល​យល់​កាយ​វិការ​របស់​ឪពុក​ខ្ញុំ នៅ​ពេល​ដែល​គាត់​កំពុង​ជាប់​ធ្វើ​ការ​ឲ្យ​ក្រុម​ហ៊ុន​អគ្គិសនី ហើយ​គិត​ថា «ខ្ញុំ​មិន​ដឹង​ច្បាស់​ថា ពេល​នេះ​ជា​ពេល​ដែល​គួរ​សុំ​លុយ​គាត់​ទិញ​កង់​ឡាន​ថ្មី​ពីរ​គ្រាប់​ឬ​អត់​ទេ»។

តែ​ជា​មួយ​ព្រះ​វរបិតា​ដែល​គង់​នៅ​ស្ថាន​សួគ៌ យើង​មិន​ចាំបាច់​ត្រូវ​ឆ្ងល់​ថា យើង​អាច​ចូល​ទៅ​រក​ព្រះ​អង្គ​ឬ​អត់​នោះ​ទេ។

ព្រះ​អង្គ​មិន​សាវា ហើយ​ក៏​មិន​រហ័ស​ខឹង​ដែរ។ យើង​អាច​មាន​ទំនុក​ចិត្ត​ថា ព្រះ​អង្គ​តែង​តែ​មាន​ការ​ឆ្លើយ​តប​ដ៏​ត្រឹម​ត្រូវ​ជានិច្ច។

គ្មាន​ពេល​ណា​ដែល​ព្រះ​អង្គ​មិន​ជ្រាប មិន​មាន​លទ្ធ​ភាព មិន​មាន​ពេល ឬ​មិន​សព្វ​ព្រះ​ទ័យ​នោះ​ឡើយ។ តាម​រយៈ​ព្រះ​គ្រីស្ទ យើង​អាច​ចូល​ទៅ​រក​ព្រះ​អង្គ​នៅ​ពេល​ណា​ក៏​បាន ហើយ​ព្រះ​អង្គ​ឆ្លើយ​តប​ចំពោះ​ការ​ទូល​អង្វរ និង​ការ​ព្រួយ​បារម្ភ​របស់​យើង​ជា​រៀង​រាល់​ថ្ងៃ។

យើង​ជា​កូន​ព្រះ ហើយ​ព្រះ​វរបិតា​បង្ហាញ​សេចក្តី​ស្រឡាញ់​ចំពោះ​យើង តាម​រយៈ​អំណោយ​ដ៏​ឥត​ខ្ចោះ។ នេះ​ជា​ហេតុផល​ដែល​កូន​ព្រះ​អង្គ គួរ​តែ​មាន​ចិត្ត​ដឹង​គុណ​ព្រះ​អង្គ។ បើ​យើង​ស្គាល់​ចរិត​លក្ខណៈ​របស់​ព្រះ​វរបិតា ហេតុ​អ្វី​មិន​អរ​ព្រះ​គុណ​ព្រះ​អង្គ ទោះ​អំណោយ​ព្រះ​អង្គ មិន​មែន​ជា​អំណោយ​ដែល​យើង​​ជ្រើស​រើស​ខ្លួនឯង​ក៏​ដោយ? ដូច​នេះ ចូរ​យើង​មាន​ការ​ប្រុង​ប្រយ័ត្ន ក្នុង​ការ​រាប់​ព្រះ​ពរ​យើង ជា​រៀង​រាល់​ថ្ងៃ។ ចូរ​ចាំ​ថា អំណោយ​ល្អ​ទាំង​អស់​សុទ្ធ​តែ​មក​ពី​ព្រះ​អង្គ។ ចូរ​យើង​និយាយ​ទៅ​កាន់​ព្រះ​អង្គ​ថា

ព្រះ​អង្គ​មាន​សេចក្តី​ស្មោះ​ត្រង់ ឱ​ព្រះ​វរបិតា

គ្មាន​ស្រមោល​នៃ​ការ​ប្រែ​ប្រួល​ក្នុង​ព្រះ​អង្គ​ទេ

អ្វីៗ​ដែល​ទូល​បង្គំ​ត្រូវ​ការ ព្រះ​ហស្ត​ព្រះ​អង្គ​បាន​ប្រទាន

សេចក្តី​ស្មោះ​ត្រង់​របស់​ព្រះ​អង្គ​ចំពោះ​ទូល​បង្គំ អស្ចារ្យ​ណាស់!1

ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ ទំនុកតម្កើង ១០៣

គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ សុភាសិត ៣-៥ និង​១កូរិនថូស ១៥:១-២៨

1លោក Thomas O. Chisholm, “Great Is Thy Faithfulness” (ឆ្នាំ១៩២៣)។

ប្រភេទ