នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

Devotional illustration

ផ្សាយ​ដំណឹង​ល្អ​តាម​គំរូ​សាវ័ក​ប៉ុល

March 24, 2025

ម៉ាថាយ ២៨:១៦-២០

ខាង​ឯ​សេចក្តី​ឧស្សាហ៍ នោះ​កុំ​ឲ្យ​ខ្ជិល​ឡើយ ខាង​ឯ​វិញ្ញាណ នោះ​ក៏​ចូរ​ព្យាយាម​ចុះ ដោយ​ខំ​ប្រឹង​បំរើ​ព្រះអម្ចាស់​។ រ៉ូម ១២:‌១១

ជីវិត​របស់​លោក​ចច វើវើ(George Verwer) មាន​ការ​ផ្លាស់​ប្រែ ដែល​គួរ​ឲ្យ​កត់សំ​គាល់ នៅពេល​ដែល​គាត់​ទទួល​ជឿ​ព្រះយេស៊ូវ ក្នុង​អំឡុង​ពេល​ដែល​លោក​គ្រូ ប៊ីលី ក្រាហាំ(Billy Graham) ធ្វើ​កម្មវិធី​ផ្សាយ​ដំណឹង​ល្អ​ទ្រង់ទ្រាយ​ធំ ក្នុង​ឆ្នាំ១៩៥៧​។ បន្ទាប់ពី​គាត់​ទើបតែ​បាន​ទទួល​ជឿ​ព្រះ គាត់​ក៏បាន​ចាប់​ផ្តើម​បេសកកម្ម​ចេញ​ផ្សាយ​ដំណឹង​ល្អ ហៅ​កាត់​ថា​អូអិម(OM) ហើយ​នៅ​ឆ្នាំ១៩៦៣ អង្គការ​បេសកកម្ម​នេះ​បាន​បញ្ជូន​បេសកជន២០ពាន់​នាក់ ទៅ​ទ្វីប​អឺរ៉ុប​។ អង្គការOM ស្ថិត​ក្នុង​ចំណោម​អង្គការ​បេសកកម្ម​ធំ​បំផុត នៅ​សតវត្សរ៍ទី២០ ដោយ​បាន​បញ្ជូន​បេសកជន​រាប់​ពាន់​អ្នក ចេញទៅ​ផ្សាយ​ដំណឹង​ល្អ ជា​រៀង​រាល់​ឆ្នាំ​។ នៅពេល​ដែល​លោក​ចច បាន​ទទួល​មរណៈ​ភាព​ក្នុង​ឆ្នាំ២០២៣ អង្គការ​នេះ​មាន​បុគ្គលិក​ជាង៣ពាន់​នាក់ មកពី១៣៤ប្រទេស កំពុង​ធ្វើ​ការ​បម្រើ​ព្រះ​ក្នុង១៤៧ប្រទេស ហើយ​មាន​អង្គ​ការ​បេ​សកម្ម​ជិត៣០០ បាន​ចាប់​កំណើត​ឡើង តាមរយៈ​ការ​សហករណ៍​ជាមួយ​អង្គការOM។

លោក​ចច មាន​ចិត្ត​ឆេះឆួល ក្នុង​ការ​នាំ​គេ​ឲ្យ​ទទួល​ជឿ​ព្រះគ្រីស្ទ ដើម្បី​ឲ្យ​បាន​សេចក្តី​សង្គ្រោះ​រួច​ពី​បាប មិន​ខុសពី​សាវ័ក​ប៉ុល​ទេ​។ បន្ទាប់​ពី​សាវ័ក​ប៉ុល​ប្រែ​ចិត្តជឿ​ព្រះ នៅ​តាម​ផ្លូវ​ទៅ​ទីក្រុង​ដាម៉ាស គាត់​ក៏បាន​ក្លាយ​ជា​បេសកជន​ដែល​មាន​ការ​ប្តូរ​ផ្តាច់​ក្នុង​ការ​បម្រើ​ព្រះ ដោយ​ធ្វើ​តាម​ព្រះ​រាជ​បញ្ជា​របស់​ព្រះយេស៊ូវ ឲ្យ​ចេញទៅ​បង្កើត​សិស្ស នៅ​គ្រប់​ទាំង​សាសន៍(ម៉ាថាយ ២៨:១៩)។ ក្នុង​ដំណើរ​បេសកកម្ម​របស់​គាត់ គាត់​ក៏បាន​បង្រៀន​លោក​ធីម៉ូថេ និង​មនុស្ស​ជា​ច្រើន​ទៀត ឲ្យ​ចេញទៅ​បង្កើត​សិស្ស​ផង​ដែរ​។

ដោយសារ​សំបុត្រ​ដែល​សាវ័ក​ប៉ុល​បាន​សរសេរ ដោយ​ការ​បណ្តាល​ចិត្ត​ពី​ព្រះវិញ្ញាណបរិសុទ្ធ មនុស្ស​ជា​ច្រើន​បាន​បន្ត​ផ្សាយ​ដំណឹង​ល្អ ដោយ​ចិត្ត​ក្លាហាន អស់​ជា​ច្រើន​សតវត្សរ៍​មក​ហើយ​។ គាត់​បាន​យល់​អំពី​សារៈ​សំខាន់​នៃ​មហា​បេសកកម្ម​របស់​ព្រះយេស៊ូវ(ខ.១៩-២០)។ ហេតុ​នេះ​ហើយ ក្នុង​បទ​គម្ពីរ​រ៉ូម​ជំពូក១២ គាត់​បាន​រំឭក​យើង​ថា “ខាង​ឯ​សេចក្តី​ឧស្សាហ៍ នោះ​កុំ​ឲ្យ​ខ្ជិល​ឡើយ ខាង​ឯ​វិញ្ញាណ នោះ​ក៏​ចូរ​ព្យាយាម​ចុះ ដោយ​ខំ​ប្រឹង​បំរើ​ព្រះអម្ចាស់”(ខ.១១)។ ពេលណា​យើង​មាន​ព្រះ​វិញ្ញាណ​បរិសុទ្ធ​គង់​សណ្ឋិត​យើង ព្រះ​អង្គ​នឹង​ជួយ​យើង​ឲ្យ​មាន​ចិត្ត​ឧស្សាហ៍ នៅ​ក្នុង​ការ​ប្រាប់​អ្នក​ដទៃ​អំពី​ព្រះគ្រីស្ទ​។—Alyson Kieda

តើមាន​នរណា​ខ្លះ​បាន​បណ្តាល​ចិត្ត​អ្នក ក្នុង​ការ​ធ្វើ​ដំណើរ​ខាង​វិញ្ញាណ​របស់​អ្នក? តើ​អ្នក​អាច​ប្រាប់​នរណា​ខ្លះ អំពី​ព្រះយេស៊ូវ?

ឱ​ព្រះអម្ចាស់ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ ឲ្យ​មាន​ចិត្ត​ក្លាហាន ក្នុង​ការ​ធ្វើ​បន្ទាល់​ថ្វាយ​ព្រះអង្គ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យ៉ូស្វេ ១៦-១៨ និង លូកា ២:១-២៤

ល្ងាច

Devotional illustration

ភាព​ល្ងង់​ខ្លៅ​នៃ​ការ​ស្រឡាញ់​ដោយ​លម្អៀង (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

March 24, 2025

«ឯ​អ៊‌ីស្រាអែល គាត់​ស្រឡាញ់ យ៉ូសែប លើស​ជាង​កូន​ទាំង​អស់ ពីព្រោះ​ជា​កូន​ដែល​កើត​មក​ក្នុង​កាល​ដែល​គាត់​ចាស់​ហើយ គាត់​ធ្វើ​អាវ១​ដ៏​មាន​ពណ៌​ច្រើន​ឲ្យ​ពាក់ បង​ទាំង​ប៉ុន្មាន​ក៏​ឃើញ​ថា ឪពុក​ស្រឡាញ់ យ៉ូសែប លើស​ជាង​កូន​ទាំង​អស់​បាន​ជា​គេ​ព្រួត​គ្នា​ស្អប់​ដល់​គាត់ ហើយ​និយាយ​អ្វី​នឹង​គាត់​ដោយ​ស្រួល​ពុំ​បាន​ទេ» (លោកុប្បត្ដិ ៣៧:៣-៤)។

ភាព​លម្អៀង​ក្នុង​ទំនាក់​ទំនង គឺ​ជា​ភាព​ល្ងង់​ខ្លៅ។ យើង​សង្កេត​ឃើញ​បញ្ហា​នេះ​កើត​ឡើង​ក្នុង​រឿង​រ៉ាវ​នៃ​រាស្ត្រ​របស់​ព្រះ ក្នុង​គ្រា​សញ្ញា​ចាស់ ប៉ុន្តែ​វា​ប្រហែល​ជា​នាំ​ឲ្យ​មាន​បញ្ហា​ធំ​ជាង​គេ នៅ​ក្នុង​ជីវិត​របស់​លោក យ៉ូសែប ដោយ​សារ​គាត់​ជា​កូន​សំណព្វ​របស់​ឪពុក​គាត់។ លោក យ៉ូសែប ជា​កូន​របស់​លោក យ៉ាកុប ដែល​បាន​កើត​ក្នុង​កាល​ដែល​គាត់​មាន​វ័យ​ចាស់​ហើយ ហើយ​ជា​កូន​របស់​នាង រ៉ាជែល ជា​គូ​ស្នេហ៍​ប្រចាំ​ជីវិត​លោក យ៉ាកុប។ ហេតុ​នេះ​ហើយ លោក យ៉ាកុប ដែល​ព្រះ​ទ្រង់​បាន​ប្ដូរ​ឈ្មោះ​ទៅ​ជា​អ៊‌ីស្រាអែល ស្រឡាញ់​កូន​ប្រុស​ម្នាក់​នេះ​លើស​កូន​ដទៃ​ទៀត។ គ្រាប់​ពូជ​នៃ​ភាព​លម្អៀង​នេះ បាន​ចាក់​ឫស​ចូល​ជ្រៅ​ក្នុង​គ្រួសារ​នេះ ហើយ​បង្កើត​ផល​ផ្លែ​អាក្រក់​ជា​ច្រើន។

លោក យ៉ាកុប បាន​បង្ហាញ​ភាព​លម្អៀង​របស់​គាត់​តាម​រយៈ​ការ​ឲ្យ «អាវ​វែង​មាន​ពណ៌​ច្រើន» ដល់​លោក យ៉ូសែប ជា​កូន​ដែល​គាត់​បាន​ដេរ​ផ្ទាល់​ដៃ។ នេះ​ជា​អំណោយ​ដែល​បាន​ឲ្យ​ដោយ​ភាព​លម្អៀង ដែល​លោក យ៉ូសែប ចូល​ចិត្ត​ពាក់។ អាវ​វែង​នេះ​នាំ​ឲ្យ​មាន​រឿង​វិវាទ និង​ទំនាស់​ជា​មួយ​ពួក​បងៗ​របស់​លោក យ៉ូសែប។ ទំនាស់​របស់​ពួក​គេ​ក៏​បាន​បណ្ដាល​ឲ្យ​មាន​ការ​ឈ្នានីស​ដល់​ថ្នាក់​ពួកគេ​ចង់​សម្លាប់​គាត់។ ទី​បំផុត ពួក​គេ​ក៏​បាន​លក់​ប្អូន​ប្រុស​ខ្លួន​ឯង​ធ្វើ​ជា​ទាសករ និង​កុហក​ឪពុក​របស់​ពួក​គេ​ថា យ៉ូសែប បាន​ស្លាប់​ហើយ។

បើ​ការ​ឲ្យ​អាវ​វែង​នោះ​អាច​បណ្ដាល​ឲ្យ​មាន​ប្រតិ​កម្ម​ឆ្លើយតប​យ៉ាង​ដូច​នេះ​ហើយ នោះ​មាន​រឿង​ធំ​ជាង​បញ្ហា​អាវ​វែង​នោះ​ទៀត​កំពុង​កើត​ឡើង។ រឿង​នេះ​ប្រាកដ​ជា​បាន​កើត​ឡើង ដោយ​សារ​បាប​ដែល​បាន​ចាក់​ឫស​យ៉ាង​ជ្រៅ។ នោះ​ជា​អ្វី​ដែល​កំពុង​កើត​ឡើង​ចំពោះ​ពួក​បងៗ​របស់​លោក យ៉ូសែប។ បញ្ហា​មិន​ស្ថិត​នៅ​ត្រង់​ថា អាវ​វែង​នោះ​មាន​តម្លៃ​ថ្លៃ​ខ្លាំង​នោះ​ទេ តែ​ដោយ​សារ​វា​លើក​តម្កើង​លោក យ៉ូសែប ឲ្យ​មាន​ឋានៈ​ខ្ពស់​ជាង​ពួក​គេ​បាន​ជា​ពួកគេ​មិន​សុខ​ចិត្ត។ ការ​ស្រឡាញ់​កូន​សំណព្វ​តែង​តែ​បណ្ដាល​ឲ្យ​កូន​ផ្សេង​ទៀត​គិត​ថា ឪពុក​ខ្លួន​មិន​ស្រឡាញ់​ពួក​គេ ហើយ​បណ្ដាល​ឲ្យ​កូន​សំណព្វ​មាន​ភាព​ក្រអឺតក្រទម និង​អំនួត ហើយ​នាំ​ឲ្យ​កូន​ដែល​មិន​សំណព្វ មាន​ចិត្ត​ស្អប់ និង​ជូរ​ល្វីង។ អ្នក​ប្រហែល​បាន​ឃើញ​ផល​វិបាក​នៃ​បញ្ហា​នេះ ក្នុង​ជីវិត​មនុស្ស​នៅ​ក្បែរ​អ្នក ឬ​ក្នុង​ជីវិត​អ្នក​ផ្ទាល់​ដែល​នាំ​ឲ្យ​មាន​ការ​ស៊ី​បំផ្លាញ​ទំនាក់​ទំនង។

លោក យ៉ាកុប ខ្លួន​ឯង​ក៏​គួរ​តែ​ដឹង​អំពី​បញ្ហា​នៃ​ការ​ស្រឡាញ់​កូន​មិន​ស្មើ​គ្នា ដោយ​ម្តាយ​គាត់​បាន​ស្រឡាញ់​គាត់​ខ្លាំង​ជាង​លោក អេសាវ ជា​បង​ប្រុស​គាត់​បាន​បណ្ដាល​ឲ្យ​មាន​ភាព​វឹកវរ។ ទំនាក់​ទំនង​របស់​គាត់​ជា​មួយ​លោក អេសាវ ក៏​ដូច​ជា​ទំនាក់​ទំនង​រវាង​លោក យ៉ូសែប និង​បង​ប្អូន​គាត់ បាន​បែក​បាក់​អស់​ជា​ច្រើន​ឆ្នាំ។

ចូរ​យើង​កុំ​ប្រញាប់​គិត​ថា ផ្នត់​គំនិត និង​ទង្វើ​របស់​លោក យ៉ាកុប និង​កូនៗ​របស់​គាត់ មិន​អាច​កើត​មាន​ចំពោះ​យើង ធ្វើ​មើល​តែ​យើង​មិន​អាច​មាន​កំហុស​ដូច​ពួក​គេ​នោះ​ឡើយ។ យើង​រាល់​គ្នា​ត្រូវ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ភាព​លំអៀង​ក្នុង​ទំនាក់​ទំនង និង​កំហឹង​ដែល​ច្រើនតែ​កើត​ឡើង​ដោយ​សារ​វា។ វា​ជា​កំហុស​ដែល​កើត​មាន​ជា​ធម្មតា ហើយ​យើង​អាច​យល់​បាន តែ​វា​មាន​ស្រមោល​ស៊ី​ជម្រៅ ខ្មៅ​ងងឹត និង​នាំមក​នូវ​ភាព​ហិនហោច។

ចូរ​យើង​រៀន​សូត្រ​អំពី​បញ្ហា​នេះ ជាជាង​គ្រាន់​តែ​គ្រវី​ក្បាល នៅ​ចំពោះ​ភាព​ល្ងង់​ខ្មៅ​របស់​លោក យ៉ាកុប។ ទំនាក់​ទំនង​នីមួយៗ ជា​អំណោយ​ពិសេស​មក​ពី​ព្រះ។ ភាព​ស្រឡាញ់​ដោយ​លំអៀង ចំពោះ​មនុស្ស​នៅ​ក្បែរ​យើង ទោះ​ដោយ​មូល​ហេតុ​អ្វី​ក៏​ដោយ​សុទ្ធ​តែ​នាំ​មក​នូវ​ភាព​ប្រេះឆា និង​ការ​បែក​បាក់​ក្នុង​ទំនាក់​ទំនង​យ៉ាង​ពិត​ប្រាកដ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បើ​យើង​ស្រឡាញ់​ពិត​ប្រាកដ ចំពោះ​មិត្ត​ភក្តិ សមាជិក​គ្រួសារ និង​អ្នក​ជិត​ខាង គឺ​មាន​ន័យ​ថា យើង​ថ្វាយ​ព្រះ​កិត្តិនាម​ដល់​ព្រះ ហើយ​លើក​ទឹក​ចិត្ត​ដល់​មនុស្ស​ដែល​ព្រះ​អង្គ​បាន​ដាក់​នៅ​ក្បែរ​យើង។

ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ លោកុប្បត្ដិ ៣៧

គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ សុភាសិត ៦-៧ និង១កូរិនថូស ១៥:២៩-៥៨

ប្រភេទ