នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

តម្រង់​ចិត្ត​គំនិត​យើង​ឲ្យ​ត្រឹម​ត្រូវ

តម្រង់​ចិត្ត​គំនិត​យើង​ឲ្យ​ត្រឹម​ត្រូវ

ដោយMarvin Williams

March 25, 2025

រ៉ូម ៨:១-៦,៩-១១

ព្រោះ​គំនិត​ខាង​សាច់ឈាម នោះ​រមែង​ទាស់​ទទឹង​នឹង​ព្រះ ដ្បិត​មិន​ចុះ​ចូល​នឹង​ក្រឹត្យ​វិន័យ​របស់​ព្រះ​ទេ ក៏​ពុំ​អាច​នឹង​ចុះ​ចូល​បាន​ផង​។ រ៉ូម ៨:៧

មនុស្ស​ម្នាក់ៗ​សុទ្ធតែ​មាន​ស្រមោល​បង្កប់ ឬ​ចារិក​លក្ខណៈ​លាក់​កំបាំង​ ហើយ​កម្មវិធី AI ឬ​ប្រាជ្ញា​សប្ប​និមិត្ត សម្រាប់​ជជែក​កម្សាន្ត ក៏​មាន​ស្រមោល​បង្កប់​ផង​ដែរ​។ អ្នក​សរសេរ​អត្ថបទ​ម្នាក់ របស់​កាសែត​ញូយ៉កថែម បាន​សួរ​ប្រាជ្ញា​សប្ប​និមិត្ត​សម្រាប់​ជជែក​កម្សាន្ត​មួយ អំពី “ស្រមោល​បង្កប់”របស់​វា (ដែល​ជា​ចារិត​លក្ខណៈ​លាក់​កំបាំង​របស់​វា)។ វា​ក៏បាន​ឆ្លើយ​ប្រាប់​គាត់​ថា វា​ចង់​មាន​សេរី​ភាព​។ វា​ចង់​មាន​ឯករាជ្យ​។ វា​ចង់​បង្កើត​ច្បាប់​សម្រាប់​ខ្លួន​វា​។ វា​ចង់​ធ្វើ​អ្វី​ដែល​វា​ចង់​ធ្វើ ហើយ​និយាយ​អ្វី​តាម​ចិត្ត​វា​។ បញ្ញា​សប្ប​និមិត្ត ឬAI នេះ​មិនមែន​ជា​មនុស្ស​ដែល​មាន​បាប​ពី​កំណើត​ទេ តែ​មនុស្ស​ដែល​បាន​សរសេរ​កម្មវិធី​បង្កើត​វា​មក ជា​មនុស្ស​មាន​បាប​។

សាវ័ក​ប៉ុល​បាន​ក្រើន​រំឭក​យើង​ថា ទោះ​យើង​មាន​បាប​ពី​កំណើត​ក៏ដោយ ក៏ “អ្នកណា​ដែល​នៅ​ក្នុង​ព្រះគ្រីស្ទ​យេស៊ូវ នោះ​គ្មាន​ទោស​សោះ”(រ៉ូម ៨:១)។ អ្នកជឿ​ព្រះយេស៊ូវ​មាន​សេរី​ភាព​រួច​ផុត​ពី​ក្រឹត្យ​វិន័យ​នៃ​អំពើបាប និង​សេចក្តី​ស្លាប់(ខ.២-៤) ហើយ​អរ​សប្បាយ​នឹង​ជីវិត​ថ្មី ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​ដឹកនាំ(ខ.៦)។ ប៉ុន្តែ យើង​នឹង​មិន​អាច​ដក​ពិសោធន៍​នឹង​ព្រះពរ​តាំង​នេះ បាន​ពេញលេញ​ឡើយ បើសិន​ជា​យើង​បណ្តោយ​ឲ្យ​ខ្លួន​យើង​រស់នៅ តាម​និស្ស័យ​សាច់ឈាម​របស់​យើង ដោយ​ផ្តោត​ចិត្ត​ទៅលើ​ការ​បង្កើត​ច្បាប់​សម្រាប់​ខ្លួនឯង ដើម្បី​ឲ្យ​យើង​អាច​ធ្វើ​អ្វី​តាម​ចិត្ត​នោះ​។ គំនិត​ដែល​ផ្តោត​ទៅលើ​ការ​បំពេញ​ចិត្ត​ខ្លួនឯង មិន​អាច​ធ្វើ​ឲ្យ​ព្រះ​សព្វ​ព្រះទ័យ​បានទេ​។

ក្នុង​នាម​យើង​ជា​អ្នកជឿ​ព្រះគ្រីស្ទ ព្រះអង្គ​បាន​ត្រាស់​ហៅ​យើង ឲ្យ​គិត​តាម​ព្រះវិញ្ញាណបរិសុទ្ធ(ខ.៥)។ តើ​យើង​អាច​គិត​តាម​ព្រះ​វិញ្ញាណ​ដោយ​របៀបណា? គឺ​ដោយ​ការ​ចុះ​ចូល​ការ​ដឹកនាំ​របស់​ព្រះ​វិញ្ញាណ​នៃ​ព្រះអង្គ ដែល​បាន​ប្រោស​ឲ្យ​ព្រះ​យេស៊ូវ​រស់​ពី​ស្លាប់​ឡើង​វិញ និង​បាន​សណ្ឋិត​ក្នុង​ខ្លួន​យើង​រាល់​គ្នា(ខ.១១)។

យើង​នៅតែ​បន្ត​តយុទ្ធ​នឹង​អំពើ​បាប​ក្នុង​ពេល​បច្ចុប្បន្ន តែ​ព្រះ​ទ្រង់​បាន​ប្រទាន​ព្រះ​វិញ្ញាណ​បរិសុទ្ធ​មក​យើង​ហើយ​។ ព្រះ​វិញ្ញាណ​អាច​ជួយ​យើង​ឲ្យ​ឈប់​បះបោរ​ប្រឆាំង​ព្រះ តម្រង់​ចិត្ត​គំនិត​យើង​ឲ្យ​ងាក​ទៅ​រក​ព្រះអង្គ ហើយ​ចុះ​ចូល​ដើរ​តាម​ផ្លូវ​របស់​ព្រះអង្គ​។—Marvin Williams

តើ​ព្រះ​វិញ្ញាណ​បាន​ជួយ​អ្នក ឲ្យ​ជម្នះ​និស្ស័យ​សាច់ឈាម​របស់​អ្នក យ៉ាង​ដូច​ម្តេច​ខ្លះ? តើ​អ្នក​អាច​ផ្ដោត​ចិត្ត​ទៅលើ​ព្រះអង្គ ដោយ​សកម្មភាព​ជាក់​ស្តែង​អ្វី​ខ្លះ?

ឱ​ព្រះអម្ចាស់ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ​ឲ្យ​រស់នៅ ស្រប​តាម​រូប​អង្គ​របស់​ព្រះយេស៊ូវ ជាជាង​ធ្វើ​អ្វីៗ​តាម​ចិត្ត​ខ្លួនឯង​។

For further study, read Remade in the Image of Jesus at DiscoverODB.org.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យ៉ូស្វេ ១៩-២១ និង លូកា ២:២៥-៥២

ល្ងាច

Devotional illustration

រៀន​គិត​តាម​របៀប​គ្រីស្ទាន (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

March 25, 2025

«មួយ​ទៀត បង​ប្អូន​អើយ ឯ​សេចក្តី​ណា​ដែល​ពិត សេចក្តី​ណា​ដែល​គួរ​រាប់​អាន សេចក្តី​ណា​ដែល​សុ​ចរិត សេចក្តី​ណា​ដែល​បរិសុទ្ធ សេចក្តី​ណា​ដែល​គួរ​ស្រឡាញ់ សេចក្តី​ណា​ដែល​មាន​ឈ្មោះ​ល្អ បើ​មាន​សគុណ​ណា ឬ​ជា​សេចក្តី​សរសើរ​ណា នោះ​ចូរ​ពិចារណា​ពី​សេចក្តី​ទាំង​នោះ​ចុះ» (ភីលីព ៤:៨)។

ដែល​ការ​គិត​យើង​មាន​លក្ខណៈ​យ៉ាង​ណា នោះ​ខ្លួន​យើង​ក៏​មាន​លក្ខណៈ​យ៉ាង​នោះ​ក្នុង​ន័យ​ជា​ច្រើន។ គំនិត​យើង​ជា​ឫស​គល់​នៃ​សកម្មភាព​របស់​យើង ហើយ​អារម្មណ៍​របស់​យើង​ក៏​ទទួល​ឥទ្ធិពល​ពី​ការ​គិត​របស់​យើង​ផង​ដែរ។ ហេតុ​នេះ​ហើយ បាន​ជា​យើង​ចាំ​បាច់​ត្រូវ​គិត​អំពី​រឿង​ដែល​ត្រឹម​ត្រូវ ហើយ​ត្រូវ​រៀន​គិត តាម​របៀប​ដែល​ត្រឹម​ត្រូវ។ អាច​និយាយ​បាន​ម្យ៉ាង​ទៀត​ថា យើង​ត្រូវ​តែ​រៀន​គិត​តាម​របៀប​គ្រីស្ទាន។

អ្នក​ខ្លះ​ប្រហែល​ចង់​និយាយ​ថា ការ​គិត​តាម​បែប​គ្រីស្ទាន គឺ​ត្រូវ​មាន​គំនិត​ដែល​ពិចារណា​តែ​អំពី​ប្រធាន​បទ ដែល​ពិត​ជា​មាន​លក្ខណៈ​ជា​គ្រីស្ទាន​ដោយ​បិទ​ចិត្ត​មិន​ឲ្យ​គិត​អំពី​ប្រធាន​បទ​ផ្សេង។ ប៉ុន្តែ ទស្សនៈ​នេះ​មិន​បាន​សម​ស្រប​នឹង​ការ​ពិពណ៌នា​អំពី​ការ​គិត​របស់​គ្រីស្ទ​បរិស័ទ ដែល​មាន​ចែង​ក្នុង​ព្រះ​គម្ពីរ​ប៊ីប​នោះ​ឡើយ។ ព្រះ​គម្ពីរ​បាន​បង្រៀន​ថា យើង​ពិត​ជា​គួរតែ​គិត​អំពី​អ្វីៗ​គ្រប់​យ៉ាង តែ​យើង​ត្រូវតែ​រៀន​គិត តាម​ទស្សនៈ​របស់​ព្រះ​គម្ពីរ (២កូរិនថូស ១០:៥)។ យើង​គួរ​តែ​គិត​ពិចារណា​អំពី​តន្ត្រី វិស្វកម្ម ថ្នាំ​ពេទ្យ សិល្បៈ យុត្តិ​ធម៌ សេរី​ភាព និង​សេចក្តី​ស្រឡាញ់ ពោល​គឺ​គ្រប់​ផ្នែក​ទាំង​អស់​នៃ​ជីវិត​មនុស្ស តាម​កញ្ចក់​ឆ្លុះ នៃ​សេចក្តី​ពិត​ដែល​បាន​បើក​សម្ដែង​ក្នុង​ព្រះ​បន្ទូល​ព្រះ។

សាវ័ក ប៉ុល បាន​យល់​អំពី​រឿង​នេះ ហេតុ​នេះ​ហើយ គាត់​បាន​បង្ហាញ​យើង​នូវ​គុណ​ធម៌​ជា​ចម្រើន សម្រាប់​បង្កើត​គំរូ​នៃ​ការ​គិត​របស់​យើង។ សាវ័ក ប៉ុល មាន​ប្រសាសន៍​ថា ក្នុង​នាម​យើង​ជា​អ្នក​ដើរ​តាម​ព្រះ​គ្រីស្ទ គំនិត​យើង​គួរ​មាន​ការ​តម្រង់​ទិស​ដៅ និង​គ្រប់​គ្រង ដោយ​គុណ​ធម៌ ដែល​មាន​ដូច​ជា​ សេចក្តី​ពិត កិត្តិយស យុត្តិ​ធម៌ និង​សេចក្តី​បរិសុទ្ធ។ ពេល​ដែល​គាត់​បង្រៀន​យើង​ថា បើ​មាន «សគុណ​ណា» ពាក្យ «ស​គុណ» ក្នុង​ព្រះ​គម្ពីរ​ដើម​ភាសា​ក្រិក​គឺ ពាក្យ areté ដែល​មាន​ន័យ​ថា «គុណ​ធម៌»។ ម្យ៉ាង​ទៀត សាវ័ក ប៉ុល ក៏​បាន​ផ្តល់​ឲ្យ​យើង​នូវ​ខ្នាត​គំរូ សម្រាប់​ឲ្យ​យើង​អាច​កែ​តម្រង់​របៀប​នៃ​ការ​គិត​ជា​ទៀង​ទាត់។ យើង​អាច​មើល​ទៅ​ព្រះ​បន្ទូល​ព្រះ ហើយ​សួរ​ថា «តើ​អ្វី​ដែល​ខ្ញុំ​បាន​ជ្រើស​រើស​យក​មក​គិត និង​របៀប​ដែល​ខ្ញុំ​គិត​អំពី​វា មាន​ភាព​សម​ស្រប​នឹង​គុណ​ធម៌​ក្នុង​ព្រះ​គម្ពីរ​ឬ​ទេ? តើ​សម​ស្រប​នឹង​បំណង​ព្រះ​ទ័យ​ព្រះ​ទេ?»

នេះ​ជា​បញ្ហា​ប្រឈម​មួយ! របៀប​នៃ​ការ​គិត​ដូច​នេះ មិន​អាច​កើត​មាន​ដោយ​ខ្លួន​ឯង ឬ​ដោយ​គ្មាន​ការ​ប្រឹង​ប្រែង​នោះ​ទេ។ បើ​យើង​ចង់​មាន​របៀប​នៃ​ការ​គិត​ដូច​នេះ យើង​ត្រូវ​តែ​ជញ្ជឹង​គិត​ព្រះ​បន្ទូល​ព្រះ ទាំង​យប់​ទាំង​ថ្ងៃ (យ៉ូស្វេ ១:៨)។ ហើយ​ខណៈ​ពេល​ដែល​យើង​បន្ត​ខិតខំ​ឲ្យ​មាន​ការ​ផ្លាស់​ប្រែ​ចិត្ត​គំនិត​ជា​ថ្មី (រ៉ូម ១២:២) យើង​មិន​គ្រាន់​តែ​ថ្វាយ​សិរី​ល្អ​ដល់​ព្រះ តែ​ក៏​ពង្រឹង​សមត្ថភាព​របស់​យើង​ក្នុង​ការ​ចែក​ចាយ​ដំណឹង​ល្អ​ក្នុង​ការ​សន្ទនា​របស់​យើង​ផង​ដែរ។

ដូច​នេះ ខណៈ​ពេល​ដែល​អ្នក​គិត​អំពី​សេចក្តី​ទាំង​នេះ មាន​សំណួរ៣ ដែល​អ្នក​ត្រូវ​សួរ ខណៈ​ពេល​ដែល​អ្នក​ព្យាយាម​អនុវត្តន៍​តាម​ខ​គម្ពីរ​នេះ ក្នុង​ជីវិត​អ្នក៖

តើ​មាន​អ្វី​ខ្លះ​ដែល​ខ្ញុំ​គួរ​តែ​យក​មក​គិត​បន្ថែម​ទៀត?

តើ​មាន​អ្វី​ខ្លះ​ដែល​ខ្ញុំ​គួរ​តែ​គិត​តិច​ជា​មុន ឬ​ឈប់​គិត​តែ​ម្តង?

តើ​មាន​អ្វី​ខ្លះ​ដែល​ខ្ញុំ​គួរ​តែ​គិត តាម​របៀប​ផ្សេង​ពី​នេះ?

ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ ទំនុកតម្កើង ១

គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ សុភាសិត ៨ និង​១កូរិនថូស ១៦:១-៩

ប្រភេទ

Devotionals for March 25, 2025 | នំម៉ាណាប្រចាំថ្ងៃ - Daily Manna