នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ព្រះ​អង្គ​សូន​យើង​ឡើង​វិញ

ព្រះ​អង្គ​សូន​យើង​ឡើង​វិញ

ដោយJennifer Benson Schuldt

March 26, 2025

យេរេមា ១៨:១-១០

ដី​ឥដ្ឋ​នៅ​ក្នុង​ដៃ​របស់​ជាង​ស្មូន​យ៉ាងណា នោះ​ឯង​រាល់​គ្នា​ក៏​នៅ​ក្នុង​ដៃ​អញ​យ៉ាង​នោះ​ដែរ​។ យេរេមា ១៨:៦

លោក​ឌែន លេស(Dan Les) បាន​ធ្វើ​ការ​ជាជាង​ស្មូន​ពេញ​មួយ​ជីវិត​ហើយ ដោយ​គាត់​បាន​សូន​ក្អម និង​ថូរ​ផ្កា សម្រាប់​តាំង​លម្អ និង​រូប​ចម្លាក់​ជា​ច្រើន​។ ការ​រចនា​របស់​គាត់​ដែល​បាន​ទទួល​ពានរ​រង្វាន់ បាន​ទទួល​ការ​បណ្តាល​ចិត្ត ពី​ទីក្រុង​មួយ ក្នុង​ប្រទេស​រ៉ូម៉ានា ជា​កន្លែង​ដែល​គាត់​រស់នៅ​។ ដោយ​គាត់​បាន​រៀន​សិល្បៈ​សូន​ដី​ឥដ្ឋ​នេះ ពី​ឪពុក​របស់​គាត់ គាត់​ក៏បាន​ធ្វើ​ការ​បក​ស្រាយ​អំពី​ការងារ​នេះ​ថា “ដើម្បី​ឲ្យ​ដី​ឥដ្ឋ​មាន​គុណ​ភាព​ល្អ គេ​ត្រូវ​ទុក​វា​ចោល​រយៈ​ពេល១ឆ្នាំ ឲ្យ​ត្រូវ​ទឹក​ភ្លៀង​ធ្លាក់​មក​លើ​វា ឲ្យ​ត្រូវ​អាកាស​ធាតុ​ត្រជាក់​ដល់​កក ហើយ​ត្រឡប់​ទៅ​រក​សភាព​ដើម​វិញ ... ដើម្បី​ឲ្យ​យើង​អាច​សូន​វា​ចេញ​ជា​រូបរាង្គ ហើយ​មាន​អារម្មណ៍​ដឹង​តាមរយៈ​ម្រាមដៃ​របស់​យើង​ថា វា​កំពុងតែ​ស្តាប់​យើង”។

តើមាន​រឿង​អ្វី​កើត​ឡើង នៅ​ពេល​ដែល​ដី​ឥដ្ឋ “ស្តាប់” ជាង​ស្មូន? គឺ​មានន័យថា វា​ចុះ​ចូល ព្រម​ឲ្យ​ជាង​ស្មូន​សូន​វា តាម​បំណង​ចិត្ត​គាត់​។ ហោរា​យេរេមា​ក៏បាន​សង្កេត​ឃើញ​បញ្ហា​នេះ នៅពេល​ដែល​គាត់​ចូល​ផ្ទះ​របស់​ជាង​ស្មូន​។ គាត់​បាន​មើល​ជាង​ស្មូន​សូន​ភាជនៈ​មួយ តែ​វា​បាន​ខូច ដូច​នេះ គាត់​ក៏​បាន​សូន​វា​ទៅជា​ភាជនៈ​ថ្មី​មួយ​ទៀត(យេរេមា ១៨:៤)។ ព្រះអម្ចាស់​ក៏បាន​មាន​បន្ទូល​មក​លោក​យេរេមា​ថា “ដី​ឥដ្ឋ​នៅ​ក្នុង​ដៃ​របស់​ជាង​ស្មូន​យ៉ាងណា នោះ​ឯង​រាល់​គ្នា​ក៏​នៅ​ក្នុង​ដៃ​អញ​យ៉ាង​នោះ​ដែរ”(ខ.៦)។

ព្រះ​ទ្រង់​អាច​លើក​យើង​ឡើង ហើយក៏​អាច​បន្ទាប​យើង​ចុះ​ផង​ដែរ ប៉ុន្តែ គោលបំណង​ធំ​បំផុត​របស់​ព្រះអង្គ មិនមែន​ដើម្បី​កៀប​សង្កត់ ឬ​បំផ្លាញ​យើង​ឡើយ(ខ.៧-១០)។ ផ្ទុយ​ទៅវិញ ព្រះអង្គ​ប្រៀប​ដូចជា​ជាង​ស្មូន​ដ៏​ប៉ិន​ប្រសប់​ម្នាក់ ដែល​បាន​សូន​ភាជនៈ​ណាមួយ ហើយក៏​បាន​មើល​ដឹង​ថា​វា​ខូច ដូច​នេះ គាត់​ក៏​បាន​សូន​វា​ឡើង​វិញ ឲ្យ​មាន​ភាព​ស្រស់​ស្អាត និង​មាន​ប្រយោជន៍​។

ចូរ​យើង​មាន​ចិត្ត​ដូច​ជា​ដី​ឥដ្ឋ​ដែល​ស្តាប់​ជាង​ស្មូន ជា​ដី​ឥដ្ឋ​ទន់​ដែល​ជាង​ស្មូន​ងាយ​ស្រួល​សូន​ធ្វើ​ភាជនៈ ស្រប​តាម​គោលបំណង​របស់​គាត់​។ ចូរ​យើង​សួរ​ខ្លួន​ឯង​ថា តើ​យើង​ព្រម “បន្ទាប​ខ្លួន នៅ​ក្រោម​ព្រះ​ហស្ត​ដ៏​ពូកែ​របស់​ព្រះ​ទេ”(១ពេត្រុស ៥:៦) ដើម្បី​ឲ្យ​ព្រះ​អង្គ​អាច​សូន​ជីវិត​យើង​ឡើង​វិញ តាម​បំណង​ព្រះទ័យ​ព្រះអង្គ?—Jennifer Benson Schuldt

តើ​ចិត្ត​របស់​អ្នក​មាន​ការ​បើក​ចំហ​យ៉ាង​ណា​ខ្លះ ដើម្បី​ស្តាប់​តាម​ព្រះបន្ទូល​របស់​ព្រះ?
តើ​អ្នក​យល់​ឃើញថា ព្រះ​អង្គ​សូន​ជីវិត​អ្នក​ឡើង​វិញ តាម​រយៈ​បទ​ពិសោធន៍​នៃ​ជីវិត ដោយ​មាន​គោលបំណង​អ្វី?

ឱ​ព្រះអម្ចាស់ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ​ឲ្យ​ទុកចិត្ត​ព្រះអង្គ​។ ទូល​បង្គំ​សូម​ថ្វាយ​ជីវិត​ដាច់​ដល់​ព្រះអង្គ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យ៉ូស្វេ ២២-២៤ និង លូកា ៣

ល្ងាច

Devotional illustration

រក្សា​ខ្លួន​យើង​ជាប់​នៅ​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ព្រះ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

March 26, 2025

«ដោយ​ស្អាង​ចិត្ត​ឡើង​ក្នុង​សេចក្តី​ជំនឿ​ដ៏​បរិសុទ្ធ​បំផុត​របស់​អ្នក​រាល់​គ្នា ហើយ​ទាំង​អធិស្ឋាន ដោយ​នូវ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ផង» (យូដាស ២១)

ទោះ​ព្រះ​ទ្រង់​មាន​សមត្ថភាព​ឥត​ខ្ចោះ​ក្នុង​ការ «ការពារ​អ្នក​មិន​ឲ្យ​ជំពប់​ដួល» ហើយ​ជួយ​ឲ្យ​អ្នក​មាន​ការ​អត់​ទ្រាំ​ក្នុង​ជំនឿ (យូដាស ២៤) ក៏​ដោយ ក៏​ព្រះ​អង្គ​នៅ​តែ​ត្រាស់​ហៅ​អ្នក​ឲ្យ​បំពេញ​តួនាទី​យ៉ាង​សកម្ម នៅ​ក្នុង​ការ​បន្ត​ដំណើរ​ក្នុង​ជីវិត​ជា​គ្រីស្ទ​បរិស័ទ ដើម្បី​ឲ្យ​អ្នក​ជាប់​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ព្រះ​អង្គ។

យើង​ត្រូវ​តែ​ដេញ​តាម​សេចក្តី​ស្រឡាញ់​របស់​ព្រះ​អង្គ​ជានិច្ច​ក្នុង​ជីវិត​យើង។ ហេតុ​នេះ​ហើយ ក្នុង​ព្រះ​គម្ពីរ​ប៊ីប​មាន​ខ​គម្ពីរ​ជា​ច្រើន​ដែល​ត្រូវ​ចែង​អំពី​រឿង​នេះ។ នៅ​ក្នុង​ការ​ដើរ​ដោយ​ជំនឿ យើង​មិន​អាច​រស់​នៅ​ដោយ​គ្មាន​ការ​ប្រឹង​ប្រែង​នោះ​ឡើយ ព្រោះ​ជំនឿ​យើង​មិន​អាច​រឹងមាំ​ដោយ​ខ្លួន​ឯង​បាន​ទេ។ ដូច​នេះ តើ​ការ​នៅ​ជាប់​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ព្រះ​មាន​លក្ខណៈ​ដូច​ម្ដេច​ខ្លះ?

ទី​មួយ ព្រះ​គម្ពីរ​បង្រៀន​យើង​ថា ដើម្បី​ឲ្យ​យើង​អាច​រក្សា​សេចក្តី​ស្រឡាញ់​ចំពោះ​ព្រះ​អង្គ យើង​ត្រូវ​ស្អប់​បាប​ទាំង​អស់​ជាប់​ជានិច្ច (សុភាសិត ៨:១៣, ទំនុកតម្កើង ៩៧:១០, និង រ៉ូម ១២:៩)។ បើ​អ្នក​លេង សើច​ជា​មួយ​បាប បណ្តោយ​ឲ្យ​បាប​កើត​មាន ឬ​បណ្តោយ​ខ្លួន​ឯង​ឲ្យ​មាន​ចិត្ត​រំភើប​រីក​រាយ​ចំពោះ​វា សេចក្តី​ស្រឡាញ់​ដែល​អ្នក​មាន​ចំពោះ​ព្រះ​នឹង​មាន​ការ​អន់​ថយ​ដោយ​ជៀស​មិន​រួច។

ទី​ពីរ យើង​អាច​ចម្រើន​ឡើង​ក្នុង​ការ​ស្រឡាញ់​ព្រះ​អង្គ ដោយ​អរ​សប្បាយ​នឹង​ពិធី ដែល​ព្រះ​អង្គ​ប្រទាន​មក​ពួក​ជំនុំ។ ឧទាហរណ៍៖ ព្រះ​យេស៊ូវ​បាន​បង្កើត​ពិធី​លៀង​ព្រះ​អម្ចាស់ ដើម្បី​ជួប​ជា​មួយ​យើង​តាម​របៀប​ពិសេស​មួយ​ដោយ​បង្ហាញ​អង្គ​ទ្រង់​ដល់​យើង ដើម្បី​ឲ្យ​យើង​ស្គាល់​សេចក្តី​ស្រឡាញ់​របស់​ព្រះ​អង្គ ហើយ​ស្រឡាញ់​ព្រះ​អង្គ​ផង​ដែរ។ យើង​មិន​អាច​រក្សា​ទំនាក់​ទំនង​ល្អជា​មួយ​ព្រះ​អង្គ ដោយ​ផ្តាច់​ខ្លួន​ចេញ​ពី​ពិធី​ដែល​យើង​ទទួល​ព្រះ​គុណ​ដែល​ព្រះ​អង្គ​បាន​បង្កើត​នោះ​ឡើយ។

ទី​បី យើង​ចាំ​បាច់​ត្រូវ​ចាំ​ថា ការ​នៅ​ជាប់​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ព្រះ គឺ​មិន​គ្រាន់​តែ​ជា​ការ​ប្រឹង​ប្រែង​របស់​បុគ្គល​ម្នាក់ៗ តែ​ក៏​ជា​ការ​សហការ​គ្នា​ផង​ដែរ។ យើង​ចូល​ទៅ​ចំពោះ​ព្រះ​គ្រីស្ទ​រៀងៗ​ខ្លួន តែ​យើង​មិន​រស់​នៅ​ក្នុង​ព្រះ​អង្គ​តែ​ម្នាក់​ឯង​នោះ​ទេ។ គឺ​យើង​ជា​ថ្ម​ដ៏​រស់​ដែល​​ព្រះ​អង្គ​យក​មក​សាងសង់ ក្លាយ​ជា​ផ្ទះ​ខាង​ឯ​វិញ្ញាណ​មួយ ដើម្បី​ឲ្យ​យើង​បាន​ធ្វើ​ជា​ពួក​សង្ឃ​បរិសុទ្ធ (១ពេត្រុស ២:៥)។ ការ​បង្កើត​មិត្តភាព​ជ្រាល​ជ្រៅ និង​ស្មោះ​ត្រង់​ជាមួយ​អ្នក​ដទៃ​ដែល​ស្រឡាញ់​ព្រះ​ជួយ​យើង​ឲ្យ​ស្រឡាញ់​ព្រះ​អង្គ។ ទំនាក់​ទំនង​កម្រ​នឹង​ប្រព្រឹត្ត​ទៅ​ដោយ​គ្មាន​មនោសញ្ចេតនា។ បើ​យើង​ចង់​ចម្រើន​ឡើង​ក្នុង​ជំនឿ យើង​ត្រូវ​តែ​ស្វែង​រក​មិត្ត​ភក្តិ​ដែល​កោត​ខ្លាច​ព្រះ។

ការ​ចម្រើន​ឡើង​ក្នុង​សេចក្តី​ជំនឿ តម្រូវ​ឲ្យ​មាន​សកម្មភាព និង​ការ​ទទួល​ខុស​ត្រូវ តែ​ក៏​តម្រូវ​ឲ្យ​មាន​ចិត្ត​អត់​ធ្មត់ ខណៈ​ពេល​ដែល​យើង​រង់ចាំ «សេចក្តី​មេត្តា​របស់​ព្រះ​អម្ចាស់​ដែល​នាំ​ទៅ​រក​ជីវិត​អស់​កល្ប​ជានិច្ច»។ យើង​ត្រូវ​ដេញ​តាម​ទំនាក់​ទំនង​ដែល​មាន​ការ​ចម្រើន​ឡើង​ជា​មួយ​ព្រះ​វរបិតា ដោយ​ងាក​ចេញ​ពី​បាប ហើយ​អរ​សប្បាយ​នឹង​អំណោយ​របស់​ព្រះ​អង្គ​ជា​មួយ​អ្នក​ដទៃ​ដែល​បាន​កើត​ជា​ថ្មី និង​មាន​ព្រះ​វិញ្ញាណ​បរិសុទ្ធ​គង់​សណ្ឋិត ខណៈ​ពេល​ដែល​យើង​កំពុង​រង់​ចាំ​ការ​ប្រោស​លោះ​នៃ​រូប​កាយ​យើង និង​ការ​បំពេញ​បំណង​ព្រះ​ទ័យ​ព្រះ​អង្គ​យ៉ាង​ឥត​ខ្ចោះ (រ៉ូម ៨:២៣)។

ហេតុ​នេះ​ហើយ «ចូរ​បង្ហើយ​សេចក្តី​សង្គ្រោះ​របស់​អ្នក​រាល់​គ្នា ដោយ​កោត​ខ្លាច ហើយ​ញាប់​ញ័រ​ចុះ...ដ្បិត​គឺ​ជា​ព្រះ​ហើយ ដែល​បណ្ដាល​ចិត្ត​អ្នក​រាល់​គ្នា» (ភីលីព ២:១២-១៣)។ យើង​មិន​ធ្វើ​ការ​ល្អ ដើម្បី​ឲ្យ​បាន​សង្គ្រោះ តែ​យើង​បង្ហើយ​សេចក្តី​សង្គ្រោះ​របស់​យើង ក្នុង​គ្រប់​ផ្នែក​ទាំង​អស់​នៃ​ជីវិត​របស់​យើង។ បាន​សេចក្តី​ថា តើ​មាន​បាប​ណា​ខ្លះ​ដែល​យើង​ត្រូវ​ត​យុទ្ធ? តើ​អ្នក​ត្រូវ​តែ​ដេញ​តាម​ទំនាក់​ទំនង​ជ្រាល​ជ្រៅ​ជា​គ្រីស្ទ​បរិស័ទ​ដោយ​របៀប​ណា? ចូរ​រក្សា​ខ្លួន​អ្នក​ឲ្យ​ជាប់​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ព្រះ។

ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ ១យ៉ូហាន ៥:១២-២១

គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ សុភាសិត ៩ និង​១កូរិនថូស ១៦:១០-២៤

ប្រភេទ