នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

នៅពេល​ដែលគេ​មើល​មិន​ឃើញ

នៅពេល​ដែលគេ​មើល​មិន​ឃើញ

ដោយTom Felten

March 27, 2025

១សាំយ៉ូអែល ៨:១-៩

ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​នឹង​លោក​ថា ... ដ្បិត​គេ​មិន​បាន​បោះបង់​ចោល​ឯង​ទេ គឺ​បោះបង់​ចោល​អញ​វិញ​។ ១សាំយ៉ូអែល ៨:៧

ក្នុង​រឿង​និទាន ដែល​លោក​អេច ជី វែល(H. G. Wells) បាន​និពន្ធ មាន​ចំណង​ជើង​ថា “ប្រទេស​របស់​មនុស្ស​ខ្វាក់” តួអង្គ​ឈ្មោះ នូនេហ្ស(Nuñez) បាន​រអិល​ជើង​ធ្លាក់​តាម​ជំរាល​ភ្នំ ចូល​ទៅ​ក្នុង​ជ្រលង​ភ្នំ​មួយ ដែល​ប្រជាជន​រស់នៅ​ទីនោះ សុទ្ធតែ​ជា​មនុស្ស​ខ្វាក់​។ មាន​ជំងឺ​ឆ្លង​ម្យ៉ាង​បាន​ធ្វើ​ឲ្យ​អ្នក​រស់នៅ​ទីនោះ​ខ្វាក់​ភ្នែក ហើយក៏​បាន​ឆ្លង​ទៅដល់​មនុស្ស​ជំនាន់​ក្រោយ​ផង​ដែរ ធ្វើ​ឲ្យ​ពួក​គេ​ខ្វាក់​ពី​កំណើត ហើយក៏​បាន​សម្រប​ខ្លួន​នឹង​ការ​រស់នៅ ដោយ​មិន​អាច​មើល​ឃើញ​អ្វី​ទាំង​អស់​។ នូនេហ្ស​ក៏បាន​ពន្យល់​ពួកគេ អំពី​សារៈសំខាន់​នៃ​ការ​មាន​ភ្នែក​មើល​ឃើញ តែ​ពួកគេ​មិន​ចាប់​អារម្មណ៍​នឹង​អ្វី​ដែល​គាត់​និយាយ​ទេ​។ ទី​បំផុត គាត់​ក៏​បាន​រក​ឃើញ​ច្រក​ផ្លូវ​នៅ​លើកំពូល​ភ្នំ ដែល​គាត់​អាច​ប្រើ ដើម្បី​ចាក​ចេញពី​ជ្រលង​នោះ​បាន​។ គាត់​មាន​សេរី​ភាព​ហើយ ប៉ុន្តែ គាត់​បាន​មើល​ពីលើ​កំពូល​ភ្នំ​នោះ ឃើញ​ថ្ម​មួយ​ផ្ទាំង​ធំ​មួយ ដែល​ហៀប​នឹង​រមៀល​មក​ធ្លាក់​ចំ​ប្រជាជន​ដែល​កំពុង​រស់នៅ​ក្នុង​ជ្រលង​នោះ​។ គាត់​បាន​ព្យាយាម​ដាស់តឿន​ពួកគេ ប៉ុន្តែ ពួកគេ​មិន​បាន​អើពើ​សោះ​​។

រឿង​និទាន​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​រឿង​ដែល​បាន​កើត​ឡើង ចំពោះ​ហោរា​សាំយូអែល​។ នៅពេល​ដែល​គាត់​ជិត​ដល់​ចុង​បញ្ចប់​នៃ​ជីវិត​គាត់​ ពួក​កូន​ប្រុស​របស់​គាត់​មិន​បាន​ដើរ​តាម​គន្លង​របស់​គាត់ ក្នុង​ការ​ស្រឡាញ់ និង​បម្រើ​ព្រះ​ទេ(១សាំយ៉ូអែល ៨:៣)។ ដោយសារ​ពួក​គេ​ខ្វាក់​ខាង​វិញ្ញាណ “ពួក​ចាស់ទុំ​នៃ​សាសន៍​អ៊ីស្រាអែល” (ខ.៤) ក៏​បាន​ទាមទារ​ហោរា​សាំយូអែល​ឲ្យ​តែងតាំង​​មនុស្ស​ម្នាក់​ធ្វើ​ជា​ស្តេច គ្រប់​គ្រង​ប្រជាជន​អ៊ីស្រាអែល(ខ.៦)។ ពួក​គេ​បាន​ងាក​បែរ​ចេញពី​ព្រះ និង​សេចក្តី​ជំនឿ​។ ព្រះអង្គ​ក៏បាន​ប្រាប់​ហោរា​សាំយូអែល​ថា “ដ្បិត​គេ​មិន​បាន​បោះបង់​ចោល​ឯង​ទេ គឺ​បោះបង់​ចោល​អញ​វិញ”(ខ.៧)។

យើង​ចង់​ឲ្យ​គេ​ដើរ​តាម​ផ្លូវ​ព្រះ តែ​នៅ​ពេលណា​គេ​បដិសេធ​ព្រះអង្គ ដោយ​ភាព​ខ្វាក់​ខាង​វិញ្ញាណ យើង​អាច​មាន​ការ​ឈឺ​ចិត្ត​។ ប៉ុន្តែ សេចក្តី​សង្ឃឹម​នៅតែ​មាន សម្រាប់​មនុស្ស​ដែល​បាន​ខ្វាក់ ដោយសារ​ព្រះ​នៃ​លោកិយ​នេះ(២កូរិនថូស ៤:៤)។ ចូរ​យើង​ស្រឡាញ់​ពួកគេ​។ អធិស្ឋាន​ឲ្យ​ពួកគេ​។ ព្រះ​ដែល​បាន​ធ្វើ​ឲ្យ​ពន្លឺ​របស់​ទ្រង់​ភ្លឺ​ក្នុង​ចិត្ត​របស់​យើង(ខ.៦) ក៏​អាច​ធ្វើ​ឲ្យ​ពន្លឺ​របស់​ទ្រង់​ភ្លឺ​ក្នុង​ចិត្ត​របស់​ពួកគេ​ផង​ដែរ​។—Tom Felten

តើ​អ្នក​មាន​ការ​លើក​ទឹក​ចិត្ត​យ៉ាងណា នៅពេល​ដែល​បាន​ដឹង​ថា ព្រះ​អម្ចាស់​ទត​ឃើញ​មនុស្ស​ដែល​មិន​អាច​ឃើញ​ព្រះអង្គ?
ហេតុ​អ្វី​ក្តី​សង្ឃឹម​នៅតែ​មាន សម្រាប់​អ្នក​ដែល​ខ្វាក់​ខាង​វិញ្ញាណ?

ឱ​ព្រះ​នៃ​សេចក្តី​ស្រឡាញ់ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ ឲ្យ​អធិស្ឋាន​ឲ្យ​មនុស្ស​ដែល​ខ្វាក់​មើល​មិន​ឃើញ​ក្តី​ស្រឡាញ់​របស់​ព្រះអង្គ
ហើយ​ទុក​ចិត្ត​ថា ព្រះអង្គ​គង់នៅ​ជាមួយ​ពួកគេ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ពួក​ចៅហ្វាយ ១-៣ និង លូកា ៤:១-៣០

ល្ងាច

Devotional illustration

បាន​សង្គ្រោះ ដោយ​សារ​ព្រះអង្គ​បូជា​ព្រះ​ជន្ម (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

March 27, 2025

«ឈាម​នោះ​នឹង​បាន​ជាទី​សម្គាល់​សម្រាប់​ឯង​រាល់​គ្នា​នៅ​ផ្ទះ​ណា​ដែល​ឯង​រាល់​គ្នា​អាស្រ័យ​នៅ ផ្ទះ​ណា​អញ​ឃើញ​ឈាម នោះ​អញ​នឹង​រំលង​ផុត​ពី​ឯង​រាល់​គ្នា​ទៅ ហើយ​នឹង​គ្មាន​សេចក្តី​វេទនា​ណា​បំផ្លាញ​ឯង​រាល់​គ្នា ក្នុង​វេលា​ដែល​អញ​វាយ​ស្រុក​អេស៊ីព្ទ​នោះ​ឡើយ» (និក្ខមនំ ១២:១៣)។

តើ​មាន​រឿង​អ្វី​កើត​ឡើង​ក្នុង​ពិធី​លៀង​ព្រះ​អម្ចាស់? ហេតុ​អ្វី​គ្រីស្ទ​បរិស័ទ​ត្រូវ​បរិភោគ​នំប៉័ង និង​ផឹក​ទឹក​ទំពាំងបាយជូរ?

ខណៈ​ពេល​ដែល​យើង​ស្វែង​រក​ចម្លើយ​សម្រាប់​សំណួរ​ទាំង​នេះ ក្នុង​ចំណោម​យើង មិន​មាន​មនុស្ស​ច្រើន​ទេ ដែល​នឹក​ចាំ​អំពី​លោក ម៉ូសេ។ បើ​យើង​ពិនិត្យ​មើល​រឿង​គាត់​ឲ្យ​បាន​ជិត​ពេក អ្វី​ដែល​យើង​ទទួល​បាន​នោះ​គឺ​ទស្សនៈ​ដ៏​ខ្លី​អំពី​គុម្ព​បន្លា​ឆេះ និង​គ្រោះ​កាច​ទាំង១០។ ប៉ុន្តែ បើ​យើង​ថយ​មក​ក្រោយ​បន្តិច យើង​នឹង​ឃើញ ហើយ​អាច​ចែក​ចាយ​អំពី​សិរី​ល្អ​នៃ​រូប​ភាព​ធំ​របស់​ព្រះ។

ក្នុង​ការ​រៀបចំ​នាំ​ប្រជាជន​អ៊‌ីស្រាអែល​ជា​រាស្ត្រ​របស់​ព្រះ​អង្គ​ចេញ​ពី​ទឹកដី​អេស៊ីព្ទ ដោយ​ឆ្លង​កាត់​ទឹកដី​ដែល​មាន​ការ​ជំនុំ​ជម្រះ ព្រះ​អង្គ​បាន​ទម្លាក់​គ្រោះ​កាច​ទាំង១០​មក​លើ​ជន​ជាតិ​អេស៊ីព្ទ ហើយ​ទី​បំផុត​កូន​ច្បង​ទាំង​អស់​របស់​សាសន៍​អេស៊ីព្ទ​ក៏​បាន​ស្លាប់។ កូន​ច្បង​នៃ​សាសន៍​អ៊‌ីស្រាអែល​ក៏​ត្រូវ​ស្លាប់​ដែរ បើ​សិន​ជា​ពួក​គេ​មិន​បាន​រួច​ពី​បាប គឺ​បាប​ដែល​នាំ​ទៅ​រក​សេចក្តី​ស្លាប់ (រ៉ូម ៦:២៣)។ តែ​ព្រះ​ទ្រង់​បាន​ប្រទាន​ផ្លូវ​ឲ្យ​ពួក​គេ​គេច​ចេញ​ដោយ​ធ្វើ​បុណ្យ​រំលង។ ព្រះ​អម្ចាស់​បាន​បង្គាប់​ពួក​គេ​ឲ្យ​ប្រើ​ស្លឹក​ហ៊ីសុប​មក​ជ្រលក់​ឈាម​កូន​ចៀម​ដែល​ត្រូវ​ធ្វើ​ជា​យញ្ញ​បូជា ហើយ​លាប​ពីលើ​ក្រប​ទ្វារ​ផ្ទះ​របស់​ពួក​គេ។ នៅ​ពេល​ដែល​ព្រះ​អង្គ​ទត​ឃើញ​ឈាម​នោះ នៅ​លើ​ក្រប​ទ្វារ​ផ្ទះ​មួយ​ណា ព្រះ​អង្គ​ក៏បាន​រំលង​ផ្ទះ​នោះ។

ក្នុង​គ្រា​សញ្ញា​ចាស់ ការ​រំលង​នេះ​គឺជា​សកម្មភាព​ដ៏​អស្ចារ្យ​នៃ​ការ​សង្គ្រោះ​របស់​ព្រះ។ នៅ​ក្នុង និង​តាម​រយៈ​បុណ្យ​រំលង ព្រះ​អង្គ​បាន​បង្រៀន​រាស្ត្រ​ព្រះ​អង្គ អំពី​គោល​ការណ៍​ដ៏​សំខាន់​មួយ​គឺ៖ ព្រះ​អង្គ​សង្គ្រោះ​ដោយ​ការ​ស្លាប់​ជំនួស។ ព្រះ​អង្គ​សង្គ្រោះ​រាស្ត្រ​ព្រះ​អង្គ​ដោយ​បូជា​ជីវិត​សត្វ​ឲ្យ​ស្លាប់​ជំនួស​ពួក​គេ។ គឺ​ដូច​ដែល​លោក ម៉ូសេ បាន​កត់​ត្រា​ថា នៅ​យប់​នោះ គ្មាន​ផ្ទះ​ណា​មួយ​របស់​ជន​ជាតិ​អេស៊ីព្ទ​ដែល​គ្មាន​មនុស្ស​ស្លាប់​នោះ​ទេ (និក្ខមនំ ១២:៣០)។ កូន​ប្រុស​ច្បង​ក្នុង​គ្រួសារ​ត្រូវ​ស្លាប់ ឬ​ត្រូវ​ឲ្យ​កូន​ចៀម​ស្លាប់​ជំនួស។ រាស្ត្រ​របស់​ព្រះ​សម​នឹង​ស្លាប់​ដោយ​សារ​បាប​របស់​ពួក​គេ តែ​ដោយ​សារ​ពួក​គេ​បាន​ជឿ​លើ​ការ​ធ្វើ​យញ្ញ​បូជា​របស់​កូន​ចៀម ដូច​ដែល​ព្រះ​ទ្រង់​បាន​បង្គាប់ និង​បាន​ប្រទាន​មក​ពួក​គេ​ក៏​ត្រូវ​បាន​រំដោះ​ឲ្យ​រួច។ ជា​រៀង​រាល់​ឆ្នាំ ក្នុង​ប្រវត្តិ​សាស្ត្រ​នៃ​គ្រា​សញ្ញា​ថ្មី​ទាំង​មូល រាស្ត្រ​របស់​ព្រះ​បាន​ក្រឡេក​មក​មើល​ហេតុ​ការណ៍​នោះ ហើយ​នឹក​ចាំ​អំពី​សេចក្តី​ពិត​ដ៏​អស្ចារ្យ​នេះ​ដែល​ថា ព្រះ​ទ្រង់​បាន​សង្គ្រោះ​ដោយ​ការ​ស្លាប់​ជំនួស។

ក្នុង​ឆ្នាំ​ទាំង​នោះ និង​ការ​ប្រារព្ធ​ពិធី​បុណ្យ​នោះ បាន​បញ្ជាក់​អំពី​សារៈ​សំខាន់​នៃ​ពេល​មួយ ដែល​លោក យ៉ូហាន-បាទីស្ទ បាន​ឃើញ​ព្រះ​យេស៊ូវ ហើយ​ក៏​បាន​ប្រកាស​ថា «នុ៎ះន៍ កូន​ចៀម​នៃ​ព្រះ ដែល​ដោះ​បាប​មនុស្ស​លោក» (យ៉ូហាន ១:២៩)។ ដូច​នេះ ព្រះ​វរបិតា​បាន​ចាត់​ព្រះ​យេស៊ូវ ឲ្យ​មក​សង្គ្រោះ​រាស្ត្រ​ព្រះ​អង្គ​ឲ្យ​រួច​ពី​បាប​ដូច​កូន​ចៀម​នៃ​បុណ្យ​រំលង។

ការ​ចាក​ចេញ​របស់​រាស្ត្រ​អ៊‌ីស្រាអែល​ពី​ភាព​ជា​ទាសករ​នៅ​នគរ​អេស៊ីព្ទ គឺ​ជា​ការ​បង្ហាញ​ទុក​ជា​មុន អំពី​ការ​ចាក​ចេញ​ធំ​បំផុត​របស់​មនុស្ស​ជាតិ គឺ​នៅ​ពេល​ដែល​បុរស ឬ​ស្ត្រី​ដែល​សម​នឹង​ទទួល​ការ​ជំនុំ​ជម្រះ បាន​ទទួល​ជឿ​លើ​ព្រះ​លោហិត ដែល​បាន​បង្ហូរ​នៅ​លើ​ឈើ​ឆ្កាង ជំនួស​ពួក​គេ ធ្វើ​ឲ្យ​ពួក​គេ​រក​ឃើញ​សេរី​ភាព​រួច​ពី​បាប។ ខ្នោះ​នីមួយៗ​បាន​បាក់ គឺ​ដូច​ដែល​ច្រវាក់​របស់​ពួក​អ៊‌ីស្រាអែល​បាន​ដាច់ នៅ​ពេល​ដែល​ពួក​គេ​បាន​រួច​ផុត​ពី​ភាពជា​ទាសករ។

លើក​ក្រោយ នៅ​ពេល​ណា​អ្នក​គិត​អំពី​ពិធី​លៀង​ព្រះ​អម្ចាស់ ចូរ​ពិចារណា​អំពី​រឿង​លោក ម៉ូសេ ដែល​មាន​គុម្ព​បន្លា​ឆេះ និង​គ្រោះ​កាច​ទាំង១០។ បន្ទាប់​មក ចូល​តភ្ជាប់​ចំណុច​តូច​នីមួយៗ ហើយ​នឹក​ចាំ​ថា មូល​ហេតុ​ដែល​យើង​ទទួល​ពិធី​លៀង​ព្រះ​អម្ចាស់ គឺ​ដោយ​សារ​ព្រះ​យេស៊ូវ​បាន​បូជា​ព្រះ​ជន្ម​ជំនួស​យើង​ហើយ។ ព្រះ​អង្គ​ជា​កូន​ចៀម​នៃ​ព្រះ។ ព្រះ​អង្គ​បាន​សុគត​ជំនួស​យើង។ អ្នក​មិន​ខ្លាច​ការ​ជំនុំ​ជម្រះ​ទៀត​ឡើយ ព្រោះ​ព្រះ​អង្គ​បាន​បង់​ថ្លៃលោះ និង​ដោះ​ស្រាយ​ឲ្យ​រួច​រាល់​នៅ​លើ​ឈើ​ឆ្កាង​រួច​ហើយ។ អ្នក​កំពុង​តែ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទៅ​រក​ទឹក​ដី​សន្យា​ហើយ។

ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ យ៉ូហាន ១៩:១៦ខ-៣៧

គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ សុភាសិត ១០-១២ និង​ទីតុស ១

ប្រភេទ