នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ដើរ​តាម​ផែនការ​របស់​ព្រះ

ដើរ​តាម​ផែនការ​របស់​ព្រះ

ដោយKaren Huang

March 28, 2025

យ៉ាកុប ៤:១៣-១៧

បើ​យើង​រស់នៅ ហើយ​ព្រះអម្ចាស់​ទ្រង់​សព្វ​ព្រះហឫទ័យ នោះ​យើង​នឹង​ធ្វើ​ការ​នេះ ឬ​ការ​នោះ​។ យ៉ាកុប ៤:១៥

ខ្ញុំ​មិន​អាច​ផ្ដោត​ទៅលើ​គម្រោង ដែល​ខ្ញុំ​កំពុង​ធ្វើ ដោយសារ​ខ្ញុំ​មាន​ចិត្ត​ថប់​បារម្ភ ខ្លាច​ផែនការ​របស់​ខ្ញុំ​មិន​ជោគជ័យ​។ ការ​ថប់​បារម្ភ​របស់​ខ្ញុំ​កើត​ចេញពី​អំនួត​។ ខ្ញុំ​ជឿ​ថា ខ្ញុំ​បាន​កំណត់​ពេល​វេលា និង​ធ្វើ​ផែនការ​បាន​ល្អ​បំផុត ដូច​នេះ ខ្ញុំ​ចង់​ឲ្យ​ពួកវា​មាន​ដំណើរ​ការ​ទៅមុខ ដោយ​គ្មាន​អ្វី​រា​រាំង​ឡើយ​។ ទោះជា​យ៉ាងណា​ក៏ដោយ មាន​សំណួរ​មួយ​បាន​លេច​ឡើង​ក្នុង​គំនិត​ខ្ញុំ : តើ​ផែនការ​របស់​ខ្ញុំ ស្រប​តាម​ផែនការ​របស់​ព្រះ​ដែរ​ឬ​ទេ?

ផែនការ​របស់​ខ្ញុំ​មិនមែន​ជា​បញ្ហា​ទេ ព្រោះ​ព្រះ​ទ្រង់​បាន​ត្រាស់ហៅ​យើង​ឲ្យ​ប្រើ​ប្រាស់​ពេល​វេលា ឱកាស និង​ធនធាន​របស់​យើង ដោយ​ប្រាជ្ញា​។ ភាព​ក្រអឺតក្រទម​របស់​ខ្ញុំ​ទេ​ដែល​ជា​បញ្ហា​។ ខ្ញុំ​បាន​ផ្ដោត​ទៅលើ​ការ​យល់​ដឹង​របស់​ខ្ញុំ អំពី​កម្មវិធី​ដែល​ត្រូវ​អនុវត្ត ហើយ​ចង់​ឲ្យ​វា​មាន​លទ្ធផល​ដូច​​អ្វី​ដែល​ខ្ញុំ​ចង់​បាន ជាជាង​ស្រប​តាម​គោលបំណង​របស់​ព្រះអង្គ​។

កណ្ឌ​គម្ពីរ​យ៉ាកុប​បាន​លើក​ទឹក​ចិត្ត​យើង ឲ្យ​ប្រកាស​ថា “បើ​យើង​រស់នៅ ហើយ​ព្រះអម្ចាស់​ទ្រង់​សព្វ​ព្រះហឫទ័យ នោះ​យើង​នឹង​ធ្វើ​ការ​នេះ ឬ​ការ​នោះ”(៤:១៥)។ យើង​មិន​ត្រូវ​ធ្វើ​ផែនការ ដោយ​ចិត្ត​ក្រអឺតក្រទម ដោយ​គិត​ស្មានថា យើង​ដឹង​គ្រប់​រឿង ហើយ​អាច​គ្រប់​គ្រង​មក​លើ​ជីវិត​របស់​ខ្លួន​ឯង​នោះ​ទេ តែ​ត្រូវ​ធ្វើ​ផែនការ ដោយ​ផ្នត់​គំនិត​ដែល​ចុះ​ចូល​នឹង​អធិបតេយ្យ​ភាព និង​ប្រាជ្ញា​របស់​ព្រះ​។ សរុប​មក “យើង​មិន​ដឹង​ថា ថ្ងៃ​ស្អែក​នឹង​មាន​រឿង​អ្វី​កើត​ឡើង​ទេ”។ ក្នុង​នាម​យើង​ជា​មនុស្ស យើង​ទន់​ខ្សោយ មិន​អាច​កំណត់​ជោគវាសនា​របស់​ខ្លួនឯង​បាន ដ្បិត​ជីវិត​យើង​រាល់​គ្នា​ជា​អ្វី? “គឺជា​ចំហាយ​ទឹក​ទេតើ ដែល​ឃើញតែ១ភ្លែត រួច​បាត់​ទៅ”(ខ.១៤)។

មានតែ​ព្រះ​ទេ​ដែល​មាន​អំណាច និង​ព្រះ​ចេស្តា​មក​លើ​ផ្នែក​ទាំង​អស់​នៃ​ជីវិត​យើង​។ តាមរយៈ​ព្រះ​គម្ពីរប៊ីប មនុស្ស ធនធាន និង​កាលៈទេសៈ​ដែល​ព្រះអង្គ​បាន​ប្រើ​ជា​រៀង​រាល់​ថ្ងៃ ព្រះអង្គ​អាច​ដឹកនាំ​យើង ឲ្យ​រស់នៅ ដោយ​ការ​ចុះ​ចូល​បំណង​ព្រះទ័យ និង​ផ្លូវ​របស់​ព្រះអង្គ​។ ផែនការ​របស់​យើង​មិន​ត្រូវ​តាម​ចិត្ត​របស់​យើង​ទេ តែ​ត្រូវ​តាម​បំណង​ព្រះទ័យ​ព្រះអង្គ​។—Karen Huang

នៅ​ពេលណា​អ្នក​ធ្វើ​ផែនការ ដោយ​គ្មាន​ការ​ដឹកនាំ​របស់​ព្រះ តែ​អ្នក​ទទួល​បាន​លទ្ធផល​ដូច​ម្តេច?
តើ​អ្នក​មាន​ផែនការ​អ្វី​ខ្លះ ដែល​ត្រូវ​ធ្វើ ដោយ​​ចុះ​ចូល​អំណាច​របស់​ព្រះអង្គ?

ឱ​ព្រះអម្ចាស់ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ​ឲ្យ​ចុះ​ចូល​ព្រះអង្គ ហើយ​លះបង់​ផែនការ​ផ្ទាល់​ខ្លួន និង​ឱប​ក្រសោប​ផែនការ​ព្រះអង្គ​វិញ​។

For further study, read When Fear Seems Overwhelming—Finding Courage and Hope at DiscoverODB.org.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ពួក​ចៅហ្វាយ ៤-៦ និង លូកា ៤:៣១-៤៤

ល្ងាច

Devotional illustration

បរិភោគ​អាហារ​រឹង (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

March 28, 2025

«អ្នក​រាល់​គ្នា​បាន​ត្រឡប់​ជា​ព្រងើយ​នឹង​ការ​ស្តាប់...តែ​អ្នក​រាល់​គ្នា​ត្រូវ​ការ​ឲ្យ​គេ​បង្រៀន​ទាំង​ខ្លឹម​របស់​បឋម​សិក្សា​នៃ​ព្រះ​បន្ទូល​ម្តង​ទៀត ហើយ​មិន​ត្រូវ​ការ​នឹង​អាហារ​រឹង គឺ​ត្រូវ​ការ​នឹង​ទឹក​ដោះ​វិញ ដ្បិត​អស់​អ្នក​ណា​ដែល​ទទួល​ទាន​ទឹក​ដោះ នោះ​មិន​ប្រសប់​ខាង​ឯ​ព្រះ​បន្ទូល​នៃ​សេចក្តី​សុចរិត​ទេ ពីព្រោះ​អ្នក​នោះ​ជា​កូន​តូច​នៅ​ឡើយ ឯ​អាហារ​រឹង នោះ​សម្រាប់​តែ​មនុស្ស​ធំ» (ហេព្រើរ ៥:១១-១៤)។

សូម​យើង​ស្រមៃ​ថា យើង​ទៅ​ញាំ​អាហារ​នៅ​ភោជនីយ​ដ្ឋាន​ដែល​យើង​ចូល​ចិត្ត ហើយ​កត់​សម្គាល់​ឃើញ​ថា ភ្ញៀវ​ទាំង​អស់​កំពុង​អង្គុយ​នៅ​តុ​របស់​ខ្លួន ដោយ​ម្នាក់ៗ​កំពុង​ផឹក​ទឹក​ដោះ​គោ ពី​ដប​ទឹក​ដោះ​គោ​សម្រាប់​កូន​ង៉ែត។ យើង​នឹង​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង!

ប៉ុន្តែ នេះ​ជា​ទិដ្ឋភាព​ដែល​អ្នក​និពន្ធ​កណ្ឌ​គម្ពីរ​ហេព្រើរ​បាន​ប្រៀប​ប្រដូច នៅពេល​ដែល​គាត់​លើក​ទឹក​ចិត្ត​គ្រីស្ទាន ជា​ជនជាតិ​យូដា ក្នុង​សម័យ​របស់​គាត់ ឲ្យ​នៅ​តែ​ស្រេក​ឃ្លាន​ការ​ផ្លាស់​ប្រែ​ឲ្យ​មាន​លក្ខណៈ​កាត់​តែ​ដូច​ព្រះ​គ្រីស្ទ។ គាត់​ដឹង​ថា មនុស្ស​ជា​ច្រើន​មិន​ចង់​មាន​ការ​រីក​ចម្រើន​បន្ថែម​ទៀត​ក្នុង​ជំនឿ​ទេ។ អ្នក​ដែល​គួរ​ដល់​ពេល​បង្រៀន​គេ បែរ​ជា​ចាំ​បាច់​ត្រូវ​រៀន ក ខ គ ឡើយ​វិញ។

ការ​លំបាក​របស់​អ្នក​ជឿ​ទាំង​នោះ​ក្នុង​ការ​យល់​គោល​ការណ៍​ក្នុង​ព្រះ​គម្ពីរ មិន​មែន​បណ្ដាល​មក​ពី​ប្រធាន​បទ​ស្មុគ​ស្មាញ ឬ​មិន​បាន​ទទួល​ការ​ពន្យល់​ច្បាស់​លាស់​នោះ​ឡើយ។ តែ​ផ្ទុយ​ទៅ​វិញ គឺ​ដោយ​សារ​ពួក​គេ​យឺត​យ៉ាវ​ក្នុង​ការ​រៀន​សូត្រ។ អ្នក​និពន្ធ​បាន​សរសេរ​ថា ពួក​គេ «ព្រងើយ​កន្តើយ​នឹង​ការ​ស្តាប់» ហើយ​ក្រោយ​មក គាត់​ក៏​បាន​ដាស់​តឿន​អ្នក​អាន​របស់​គាត់ កុំ​ឲ្យ «ព្រងើយ​កន្តើយ» (ហេព្រើរ ៦:១២)។ ត្រង់​ចំណុច​នេះ គាត់​បាន​កម្សាន្ត​ចិត្ត​អ្នក​អាន​កុំ​ឲ្យ​ទ្រាំទ្រ​នឹង​អាកប្ប​កិរិយា​ដែល​ព្រងើយ​កន្តើយ​នោះ​ឡើយ តែ «ឲ្យ​ត្រាប់​តាម​ពួក​អ្នក​ដែល​គ្រង​បាន​សេចក្តី​សន្យា​ទុក​ជា​មរដក ដោយ​ចិត្តជឿ ហើយ​អត់​ធន់​វិញ»។

អ្នក​និពន្ធ​មិន​ទំនង​ជា​ប្រើ​ពាក្យ​តឹង​រឹង​ឡើយ បើ​សិន​ជា​គ្រីស្ទ​បរិស័ទ​សម័យ​ដើម​ទាំង​នោះ មាន​វិញ្ញាណ​ខ្ជាប់ខ្ជួន​ដែល​ស្តាប់​ព្រះ​បន្ទូល​ដោយ​ប្រុង​ប្រយ័ត្ន ហើយ​ព្យាយាម​យល់​គោល​លទ្ធិ​ក្នុង​ព្រះ​គម្ពីរ យ៉ាង​លំបាក។ ប៉ុន្តែ ផ្ទុយ​ទៅ​វិញ គាត់​បាន​ប្រៀន​ប្រដៅ​សមាជិក​ពួក​ជំនុំ ដែល​គួរតែ​ទទួល​សេចក្តី​ពិត​ដោយ​ចិត្ត​អន្ទះសា​ជាជាង​ព្រងើយ​កន្តើយ។ ភាព​ក្លៀវក្លា​របស់​ពួក​គេ​បាន​ចុះ​ខ្សោយ។ ពួក​គេ​ឈប់​មាន​ចំណាប់​អារម្មណ៍​មក​លើ​ការ​បង្រៀន ហើយ​ជា​លទ្ធផល ពួក​គេ​ខកខាន​មិន​បាន​យល់ ជា​ហេតុ​នាំ​ឲ្យ​ពួក​គេ​មិន​បាន​ផ្លាស់​ប្រែ​បន្ថែម​ទៀត​ដោយ​សេចក្តី​ពិត​របស់​ព្រះ។

បើ​យើង​មិន​ប្រុង​ប្រយ័ត្ន​ទេ រឿង​ដូច​នេះ​ក៏​អាច​កើត​ឡើង​ចំពោះ​យើង​ផង​ដែរ។ យើង​មិន​អាច​ទ្រទ្រង់​ខ្លួន​យើង​ដោយ​ទឹក​ដោះ​គោ​នោះ​ទេ។ ការ​ចូល​ចិត្ត​ទឹក​ដោះ​គោ មិន​មែន​ជា​បញ្ហា​ទេ។ ការ​មាន​ទឹក​ដោះ​គោ​ជា​ផ្នែក​មួយ​នៃ​អាហារ​បម្រុង​របស់​យើង​មិន​មែន​ជា​បញ្ហា​ទេ។ តែ​វា​ជា​បញ្ហា បើ​យើង​ផឹក​ទឹក​ដោះ​គោ​តែ​ម្យ៉ាង។ មាន​តែ​កូន​ង៉ែត​ទេ ដែល​ផឹក​តែ​ទឹក​ដោះ​គោ ហើយ​យើង​មិន​អាច​រស់​ជា​កូន​ង៉ែត​រហូត​បាន​ទេ។ យើង​ត្រូវ​តែ​រៀន​បរិភោគ​អាហារ​មាន​ជីវជាតិ​ជាង ហើយ​មាន​ច្រើន​មុខ​ជាង​មុន។ ចូរ​ដាក់​គោល​ដៅ ដើម្បី​ឲ្យ​បន្ត​លូត​លាស់​ក្នុង​ព្រះ​គុណ និង​ការ​ស្គាល់​ព្រះ​អម្ចាស់ (២ពេត្រុស ៣:១៨) ដើម្បី​ឲ្យ​អ្នក​អាច​ប្រឈម​មុខ​ដាក់​បញ្ហា​នៃ​ជីវិត​គ្រីស្ទ​បរិស័ទ​ពិត។ កុំ​ធ្វើ​ដូច​អ្នក​ខ្លះ ដែល​ស្តាប់​ដំណឹង​ល្អ​ដែល​បាន​ប្រកាស ហើយ​និយាយ​ក្នុង​ចិត្ត​ថា «ខ្ញុំ​បាន​ដឹង​ហើយ ខ្ញុំ​មិន​ចាំ​បាច់​ត្រូវ​ស្តាប់​ថែម​ទៀត​ទេ»។ ចូរ​កុំ​ធ្វើ​ជា​មនុស្ស ដែល​ដេក​ក្រោម​ម្លប់ ហើយ​មិន​ដែល​បាន​ប្រឹង​ប្រែង មុជ​ចូល​ជ្រៅ​ក្នុង​ព្រះ​បន្ទូល​ព្រះ។ ចូរ​ធ្វើ​ជា​មនុស្ស​ដែល​ស្រឡាញ់​ដំណឹង​ល្អ ហើយ​មិន​ដែល​ហត់​នឿយ​ក្នុង​ការ​ស្តាប់​ដំណឹង​ល្អ ដោយ​ព្រះ​គុណ​ព្រះ ហើយ​ស្រឡាញ់​ព្រះ​បន្ទូល​ព្រះ​អង្គ​ចូល​ចិត្ត​ផឹក និង​ទំពា​ព្រះ​បន្ទូល ហើយ​ទទួល​ការ​បណ្ដាល​ចិត្ត​ពី​សេចក្តី​ពិត​នៃ​ព្រះ​បន្ទូល​ម្តង​ហើយ​ម្តង​ទៀត ខណៈ​ពេល​ដែល​អ្នក​ផ្លាស់​ប្រែ​កាន់​តែ​ដូច​ព្រះ​អម្ចាស់ និង​ព្រះ​អង្គ​សង្គ្រោះ ដែល​ជា​ប្រធាន​បទ​ដ៏​អស្ចារ្យ​នៃ​ព្រះ​បន្ទូល។

ទំនុកតម្កើង ១១៩:៣៣-៤៨

សុភាសិត ១៣-១៥ និង​ទីតុស ២

ប្រភេទ