នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ការ​ជួយ​យក​អសារ ក្នុង​ព្រះយេស៊ូវ

ការ​ជួយ​យក​អសារ ក្នុង​ព្រះយេស៊ូវ

ដោយKatara Patton

April 6, 2025

កិច្ចការ ១៦:១១-១៥

កាល​នាង​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក ព្រម​ទាំង​ពួក​គ្រួ​នាង​រួច​ហើយ នោះ​ក៏​អញ្ជើញ​យើង​ថា បើ​អស់លោក​យល់​ឃើញថា ខ្ញុំ​ស្មោះ​ត្រង់​ចំពោះ​ព្រះអម្ចាស់​ពិត នោះ​សូម​លោក​អញ្ជើញ​ទៅ​នៅ​ឯ​ផ្ទះ​ខ្ញុំ​កុំខាន​។ កិច្ចការ ១៦:‌១៥

ក្នុង​អំឡុង​សម័យ​ចលនា​ទាមទារ​សិទ្ធិ​ប្រជាជន នៅ​អាមេរិក អ្នក​ស្រី ឡេអា ឆេស(Leah Chase) ជា​ចុងភៅ​ដ៏​ល្បី​ល្បាញ​នៅ​រដ្ឋ​ញូអូលិន បាន​ខិតខំ​ធ្វើ​អ្វី​ដែល​គាត់​អាច​ធ្វើ​បាន​។ គាត់​បាន​រៀបចំ​ម្ហូប​អាហារ​សម្រាប់​អ្នក ដែល​កំពុង​ដើរ​ដង្ហែ ដើម្បី​ទាមទារ​សិទ្ធិ​ស្មើ​គ្នា សម្រាប់​មនុស្ស​ទាំង​អស់​។ គាត់​ថា “ខ្ញុំ​គ្រាន់​តែ​ចែក​អាហារ​ដល់​ប្រជាជន​ប៉ុណ្ណោះ​។ ពួកគេ​កំពុង​ប្រយុទ្ធ​ប្រឆាំង​ដើម្បី​ទាមទារ​អ្វីមួយ ហើយ​ពួកគេ​មិន​ដឹង​ថា ពួក​គេ​នឹង​ជួប​ប្រទះ​អ្វី​ខ្លះ​ទេ នៅពេល​ពួកគេ​ចេញ​ខាង​ក្រៅ​។ ពួកគេ​មិន​ដឹង​ថា នឹង​មាន​អ្វី​ខ្លះ​កើត​ឡើង​ចំពោះ​ពួកគេ​នៅ​តាម​ផ្លូវ​ទេ​។ ប៉ុន្តែ ពេលណា​ពួកគេ​នៅ​ទីនេះ ពួក​គេ​ដឹង​ថា ខ្ញុំ​នឹង​ចែក​អាហារ​ឲ្យ​ពួកគេ​។ នេះ​ជា​អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​បាន​សម្រាប់​ពួកគេ”។

ជួនកាល គេ​អាច​នឹង​មើល​រំលង​អំណោយ​ទាន​នៃ​ការ​យក​អសារ​អ្នក​ដទៃ តែ​អំណោយ​ទាន​នេះ​អាច​សំខាន់​ដូច​ទម្រង់​ផ្សេង​ទៀត នៃ​ការ​បម្រើ​គ្នា​ទៅវិញ​ទៅមក​ក្នុង​ព្រះគ្រីស្ទ​ផង​ដែរ​។ នាង​លីឌា គឺជា “អ្នក​ជំនួញ​ក្រ​ណាត់​ពណ៌ស្វាយ”(ខ.១៤) ក៏បាន​បម្រើ​សាវ័ក​ប៉ុល និង​គ្រូ​អធិប្បាយ​ផ្សេង​ទៀត ដែល​ជា​អ្នក​ផ្សាយ​ដំណឹង​ល្អ​អំពី​ព្រះយេស៊ូវ ទៅ​ដល់​ប្រជាជន​នៅ​ស្រុក​ម៉ាសេដូន(កិច្ចការ ១៦:១១-១៤)។ គាត់​បាន​ប្រើ​អ្វីៗ​ដែល​គាត់​មាន គឺ​ផ្ទះ​របស់​គាត់ ដើម្បី​ជួយ​យក​អសារ​ក្រុម​ការងារ​ដែល​កំពុង​ធ្វើ​ដំណើរ​បេសកកម្ម​។ បន្ទាប់ពី​គាត់​បានឮ​ដំណឹង​ល្អ ហើយ​ទទួល​ជឿ​ព្រះយេស៊ូវ គាត់​ក៏បាន​ទទូច​គ្រូ​អធិប្បាយ​ទាំង​នោះ ឲ្យ​ស្នាក់​នៅ​ផ្ទះ​របស់​គាត់​សិន ដោយ​ប្រាប់​ពួក​គេ​ថា “បើ​អស់លោក​យល់​ឃើញថា ខ្ញុំ​ស្មោះ​ត្រង់​ចំពោះ​ព្រះអម្ចាស់​ពិត នោះ​សូម​លោក​អញ្ជើញ​ទៅ​នៅ​ឯ​ផ្ទះ​ខ្ញុំ​កុំខាន”(កិច្ចការ ១៦:១៥)។ ក្នុង​អំឡុង​ពេល​នោះ សាវ័ក​ប៉ុល និង​អ្នក​ធ្វើ​ការ​ជាមួយ​គាត់ មិន​ចាំបាច់​ត្រូវ​ព្រួយ​បារម្ភ​អំពី​អាហារ​ឡើយ ព្រោះ​អ្នក​ស្រី​លីឌា​​បាន​ជួយ​ទំនុក​បម្រុង​គាត់​។

អំណោយ​ទាន​នៃ​ការ​ជួយ​យក​អសារ​អាច​មាន​អត្ថ​ប្រយោជន៍​យ៉ាង​ខ្លាំង នៅ​ក្នុង​ការ​ជួយ​មនុស្ស​ទាំង​អស់ ទាំង​អ្នកជឿ ក៏​ដូចជា​អ្នក​ដែល​មិន​ទាន់​ទទួល​ជឿ​ព្រះយេស៊ូវ​។ ចូរ​យើង​បម្រើ​អ្នក​ដទៃ តាម​ដែល​ព្រះ​ទ្រង់​ប្រទាន​លទ្ធ​ភាព​ឲ្យ​យើង​អាច​ជួយ​​ពួកគេ​បាន​។—Katara Patton

តើ​ការ​យក​អសារ​របស់​អ្នក​ដទៃ បាន​ជួយ​អ្នក​ដូច​ម្តេច​ខ្លះ? តើ​អ្នក​អាច​បម្រើ​អ្នក​ដទៃ​នៅ​ថ្ងៃ​នេះ
និង​ជួយ​បំពេញ​តម្រូវការ​ជាក់​ស្តែង​របស់​ពួកគេ ដូច​ម្តេច​ខ្លះ?

ឱ​ព្រះអម្ចាស់ ទូល​បង្គំ​សូម​អរ​ព្រះគុណ​ព្រះអង្គ ដែល​បាន​បណ្តាល​ចិត្ត​គេ​ឲ្យ​ជួយ​យក​​អសារ​ទូល​បង្គំ​។
សូម​ព្រះ​អង្គ​បង្ហាញ​ទូល​បង្គំ​អំពី​របៀប​បម្រើ​អ្នក​ដទៃ ដោយ​សេចក្តី​ស្រឡាញ់​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ១សាំយ៉ូអែល ៤-៦ និង លូកា ៩:១-១៧

ល្ងាច

ការ​លះ​បង់​ដែល​ព្រះ​ទ្រង់​សព្វ​ព្រះទ័យ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ការ​លះ​បង់​ដែល​ព្រះ​ទ្រង់​សព្វ​ព្រះទ័យ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

April 6, 2025

«ខ្ញុំ​មាន​គ្រប់​គ្រាន់​ទាំង​អស់ ហើយ​ក៏​បរិបូរ​ផង ខ្ញុំ​បាន​ពោរ​ពេញ​ហើយ ដោយ​បាន​ទទួល​របស់​ទាំង​ប៉ុន្មាន​ពី​អេប៉ាប្រូឌីត ដែល​អ្នក​រាល់​គ្នា​ផ្ញើ​ទៅ​ខ្ញុំ​នោះ គឺ​ជា​ក្លិន​ឈ្ងុយ​ជា​គ្រឿង​បូជា​ដែល​ព្រះ​ទ្រង់​ទទួល​ហើយ​សព្វ​ព្រះ​ហឫទ័យ​ដែរ» (ភីលីព ៤:១៨)។

បទ​គម្ពីរ​នេះ​បាន​លើក​ទឹក​ចិត្ត​អ្នក​ឲ្យ​ឈប់​បង្អង់ ដើម្បី​ពិចារណា​អំពី​សេចក្តី​ពិត​ដ៏​អស្ចារ្យ​ដែល​ថា អ្នក​អាច​ធ្វើ​ឲ្យ​ព្រះ​ទ្រង់​សព្វ​ព្រះ​ទ័យ។

យើង​អាច​មាន​ការ​លើក​ទឹក​ចិត្ត​ណាស់ ពេល​ដែល​បាន​ដឹង​ថា ព្រះ​អាទិករ​របស់​យើង​នឹង​សព្វ​ព្រះ​ទ័យ ចំពោះ​ការ​ប្រព្រឹត្ត​របស់​យើង។ តែ​ព្រះ​គម្ពីរ​បាន​លើក​ទឹក​ចិត្ត​យើង ឲ្យ​ទទួល​ស្គាល់​ថា នេះ​ជា​ការ​ពិតមែន។ ក្នុង​នាម​យើង​ជា​គ្រីស្ទ​បរិស័ទ យើង​ខិតខំ​រស់​នៅ​ដើម្បី​ធ្វើ​ឲ្យ​ព្រះ​វរបិតា​ដែល​គង់នៅ​ស្ថាន​សួគ៌​មាន​ព្រះ​ភ័ក្ត្រ​ញញឹម​ដាក់​យើង។ តាម​ព្រះ​គម្ពីរ​ប៊ីប កត្តា​ដែល​កណ្ដាល​ចិត្ត​យើង​ឲ្យ​ស្តាប់​បង្គាប់​ព្រះ គឺ​ដោយ​សារ​របៀប​ដែល​យើង​រស់​នៅ​អាច​ផ្គាប់​ព្រះ​ទ័យ​ព្រះ​អង្គ​កាន់​តែ​ខ្លាំង​ឡើង (១ថែស្សាឡូនិច ៤:១) ហើយ​ការ​ដាក់​ដង្វាយ​ដោយ​ចិត្ត​សប្បុរស​ស្ថិត​ក្នុង​ចំណោម​វិធី​ដែល​យើង​អាច​ផ្គាប់​ព្រះ​ទ័យ​ព្រះ​អង្គ ព្រោះ​ជា​គ្រឿង​បូជា​ដែល​ព្រះ​ទ្រង់​ទទួល ហើយ​សព្វ​ព្រះ​ទ័យ។

សាវ័ក ប៉ុល បាន​ពិពណ៌នា​អំពី​ការ​ដាក់​ដង្វាយ​របស់​ពួក​ជំនុំ​នៅ​ទីក្រុង​ភីលីព ដោយ​ប្រើ​ពាក្យ​ប្រៀប​ប្រដូច​នឹង​ការ​ថ្វាយ​សត្វ​ធ្វើ​ជា​យញ្ញ​បូជា​នៅ​គ្រា​សញ្ញា​ចាស់។ នៅ​ពេល​ដែល​រាស្ត្រ​របស់​ព្រះ​ក្នុង​គ្រា​សញ្ញា​ចាស់ បាន​នាំ​ដង្វាយ​ដុត គេ​ក៏​បាន​ដុត​គ្រឿង​ក្រអូប​ជា​មួយ​យញ្ញ​បូជា​ផង​ដែរ។ ដូច​នេះ ដង្វាយ​ដុត​បាន​បង្កើត​ឲ្យ​មាន​ក្លិន​ដ៏​ទាក់​ទាញ​ក្នុង​ន័យ​ថា ការ​នេះ​ជា​តំណាង​ឲ្យ​ភាព​អាច​ទទួល​យក​បាន និង​ភាព​ផ្អែម​ល្ហែម​នៃ​ដង្វាយ​ដុត​នៅ​ចំពោះ​ព្រះ​នេត្រ​ព្រះ​អង្គ។ យ៉ាង​ណា​មិញ ព្រះ​ទ្រង់​ក៏​បាន​មាន​បន្ទូល​ក្នុង​ន័យ​ដូច​នេះ​ដែរ ទៅ​កាន់​រាស្ត្រ​ព្រះ​អង្គ​ក្នុង​សតវត្សរ៍​ទី១ ក៏​ដូច​ជា​សតវត្សរ៍​ទី​២១​ថា ពេល​ណា​យើង​ដាក់​ដង្វាយ ដោយ​ចិត្ត​ដែល​ស្រប​នឹង​ព្រះ​ទ័យ​ព្រះ​អង្គ ដង្វាយ​នោះ​នឹង​បញ្ចេញ​ក្លិន​ដ៏​ក្រអូប ហើយ​យញ្ញ​បូជា​របស់​យើង​នឹង​បាន​ជាទី​សព្វ​ព្រះ​ទ័យ​ដល់​ព្រះ​អង្គ។

ពេល​ណា​យើង​ពិចារណា​អំពី​ការ​ដាក់​ដង្វាយ​ប្រភេទ​នេះ យើង​មិន​គួរ​មើល​រំលង​ពាក្យ «លះ​បង់» លឿន​ពេក​ឡើយ។ ការ​ថ្វាយ​ដោយ​ការ​លះបង់ និង​ការ​ថ្វាយ​ដោយ​ចិត្ត​សប្បុរស​មិន​ប្រាកដ​ថា​ដូច​គ្នា​នោះ​ទេ។ យើង​អាច​មាន​ចិត្ត​សប្បុរស ដូច​អ្នកជឿ​ជា​ច្រើន​ទៀត ដោយ​មិន​មាន​អារម្មណ៍​ថា ការ​ដាក់​ដង្វាយ​នោះ​មាន​ឥទ្ធិពល​មក​លើ​ជីវិត ឬ​កាលៈទេសៈ​របស់​យើង។

កាល​ព្រះ​យេស៊ូវ​បង្រៀន​ពួក​សាវ័ក​អំពី​បញ្ហា​នេះ ព្រះ​អង្គ​បាន​លើក​ឧទាហរណ៍​អំពី​ស្រ្តី​មេម៉ាយ​ក្រី​ក្រ​ម្នាក់ ខណៈ​ពេល​ដែល​គាត់​កំពុង​ដាក់​ដង្វាយ​១ភាគ១០​ក្នុង​ប្រអប់​ដង្វាយ​ក្នុង​ព្រះ​វិហារ។ ខណៈ​ពេល​ដែល​ព្រះ​អង្គ​ទត​ឃើញ​ស្ត្រី​នោះ កំពុង​ទម្លាក់​កាក់​ចូល​ក្នុង​ប្រអប់​ដង្វាយ​ដែល​ស្ទើរ​តែ​គ្មាន​តម្លៃ​អ្វី​សោះ ព្រះ​អង្គ​ក៏​បាន​ប្រៀបធៀប​ដង្វាយ​គាត់​ជា​មួយ​នឹង​ដង្វាយ​របស់​អ្នក​មាន​ដែល​កំពុង​ឈរ​នៅ​ក្បែរ​គាត់ ដោយ​មាន​បន្ទូល​ថា «ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ស្រី​មេ​ម៉ាយ​ទ័លក្រ​នេះ​បាន​ដាក់​ដង្វាយ​លើស​ជាង​គេ​ទាំង​អស់ ដ្បិត​អ្នក​ទាំង​នោះ សុទ្ធ​តែ​យក​ពី​របស់​សំណល់​ខ្លួន​មក​ថ្វាយ តែ​ឯ​ស្ត្រី​នេះ នាង​បាន​យក​ពី​សេចក្តី​កម្សត់​របស់​ខ្លួន​មក​ថ្វាយ​វិញ គឺ​នាង​បាន​ថ្វាយ​របស់​ទាំង​ប៉ុន្មាន ដែល​មាន​សម្រាប់​នឹង​ចិញ្ចឹម​ជីវិត​ខ្លួន​ផង» (លូកា ២១:២-៤)។ អ្នក​មាន​បាន​ថ្វាយ​ដោយ​ចិត្ត​សប្បុរស តែ​ស្ត្រី​មេម៉ាយ​នោះ​មាន​ការ​លះបង់។ គាត់​បាន​ធ្វើ​ការ​លះបង់ ដើម្បី​ដាក់​ដង្វាយ។ ហើយ​ព្រះ​អម្ចាស់​របស់​គាត់​បាន​កត់​សម្គាល់​ឃើញ​គាត់ ហើយ​សព្វ​ព្រះ​ទ័យ​ចំពោះ​ទង្វើ​របស់​គាត់។

តាម​និស្ស័យ​សាច់ឈាម​របស់​យើង យើង​មិន​មែន​ជា​អ្នក​ដាក់​ដង្វាយ​ដោយ​ការ​លះបង់​នោះ​ទេ។ តែ​ដំណើរ​ជីវិត​ទាំង​មូល​របស់​គ្រីស្ទ​បរិស័ទ ក្នុង​ការ​ទទួល​ការ​ឲ្យ​ការ​ថែរក្សា និង​ការ​ចែក​រំលែក គឺ​មាន​ពេញ​ដោយ​ព្រះ​គុណ​ព្រះ​អង្គ​ចាប់​តាំង​ពី​ដើម​ដល់​ចប់។ ពេល​ណា​យើង​ថ្វាយ​ដោយ​ការ​លះបង់ ចេញ​ពី​ចិត្ត​ដែល​ចង់​ផ្គាប់​ព្រះ​ទ័យ​ព្រះ ព្រះ​អង្គ​ក៏​បាន​សន្យា​ថា នឹង «បំពេញ​គ្រប់​ទាំង​អស់ ដែល​អ្នក​រាល់​គ្នា​ត្រូវ​ការ តាម​ភោគ​សម្បត្តិ​នៃ​ទ្រង់​ដ៏​ឧត្តម​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ» (ភីលីព ៤:‌១៩)។ ការ​នេះ​បាន​ឆ្លុះ​បញ្ចាំង​អំពី​អ្វីៗ​ទាំង​អស់​ដែល​ព្រះ​អង្គ​បាន​ប្រទាន និង​កំពុង​ប្រទាន ហើយ​នឹង​ប្រទាន​មក​យើង ដោយ​បើក​ចំហ​ចិត្ត​យើង និង​ជួយ​ឲ្យ​យើង​អាច​ដាក់​ដង្វាយ​ដោយ​ការ​លះបង់ និង​ក្តី​អំណរ។ ហើយ​ការ​អនុវត្តន៍​ដូច​នេះ ធ្វើ​ឲ្យ​ព្រះ​ទ្រង់​សប្បាយ​ព្រះ​ទ័យ។

ការ​ដាក់​ដង្វាយ​របស់​ពួក​ជំនុំ​នៅ​ក្រុង​ភីលីព និង​ទី​បន្ទាល់​ដែល​សាវ័ក ប៉ុល បាន​ថ្លែង​អំពី​ពួក​គេ​បាន​បង្ហាញ​ថា ពួក​គេ​ពិត​ជា​បាន​ជឿ​ថា នេះ​ជា​ការ​ពិត​មែន។ តើ​ការ​ថ្វាយ​របស់​អ្នក​បាន​បង្ហាញ​សេចក្តី​ជំនឿ​របស់​អ្នក​ក្នុង​កម្រិត​ណា?

ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ ១ថែស្សាឡូនិច ៤:១-១២

គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ លេវីវិន័យ ៦-៧ និង​ហេព្រើរ ៨

ប្រភេទ