នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ភាព​ទាល់​ច្រក​ខាង​វិញ្ញាណ

ភាព​ទាល់​ច្រក​ខាង​វិញ្ញាណ

ដោយJohn Blase

April 5, 2025

ទំនុក​ដំកើង ១៤៥:១-៨

ព្រះយេហូវ៉ា​ទ្រង់​ធំ​ប្រសើរ គឺ​គួរ​សរសើរ​យ៉ាង​ក្រៃ​លែង​។ ទំនុក​ដំកើង ១៤៥:៣

ជា​មធ្យម មនុស្ស​ម្នាក់ៗ​បើក​ទូរស័ព្ទ​ខ្លួនឯង​មើល ១៥០ដង ក្នុង​មួយ​ថ្ងៃ​។ សូម​យើង​ចំណាយ​ពេល​បន្តិច ដើម្បី​ពិចារណា​អំពី​រឿង​នេះ​។ លោក​ទ្រីស្ទិន ហារីស(Tristan Harris) ជឿ​ថា ទូរស័ព្ទ​កំពុងតែ​ធ្វើ​ឲ្យ​យើង​ផ្ដោត​អារម្មណ៍​ទៅ​លើ​វា យ៉ាង​ងប់ងុល ហើយ​វា​ផ្តល់​ឲ្យ​នូវ​គុណវិបត្តិ​ជា​ច្រើន​។ គាត់​ស្ថិត​ក្នុង​ចំណោម​អ្នក​តស៊ូ​មតិ ក្នុង​ខ្សែ​ភាពយន្ត​មួយ ដែល​និយាយ​អំពី​បុគ្គល​ល្បីៗ​មួយ​ចំនួន ក្នុង​ឧស្សាហ៍​កម្ម​បច្ចេកវិទ្យា ដែល​បាន​នាំ​យើង​ចូល​ទៅ​ក្នុង​ការ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​។ ប៉ុន្តែ ពួកគេ​មិន​បាន​លើក​តម្កើង​បណ្តាញ​សង្គម​នោះ​ទេ តែ​ផ្ទុយ​ទៅវិញ ពួកគេ​បាន​ធ្វើ​ការ​ដាស់តឿន អំពី​គុណវិបត្តិ​​របស់​វា ដោយ​បង្ហាញ​ធាតុ​ពិត​នៃ​ការ​រស់នៅ​របស់​យើង នៅ​ក្នុង​បញ្ហា​សង្គម​ដែល​ស្ថិត​ក្នុង​ភាព​ទាល់​ច្រក​។ ពួក​គេ​ថា “យើង​គឺជា​ផលិតផល​។ ការ​ផ្ដោត​អារម្មណ៍​របស់​យើង គឺជា​ផលិតផល​ដែល​បណ្ដាញ​សង្គម​បាន​លក់​ទៅ​ឲ្យ​អ្នក​ផ្សាយ​ពាណិជ្ជកម្ម”។ យើង​ផ្តល់​ឲ្យ​នូវ​ការ​ផ្ដោត​អារម្មណ៍ ទៅលើ​អ្វី​ដែល​យើង​ជឿ​ថា មាន​តម្លៃ ឬ​មាន​ភាព​សក្ដិសម​។ ហើយ​តាម​ពិត យើង​ប្រហែល​ជា​កំពុង​ថ្វាយបង្គំ​អ្វីៗ ដែល​យើង​កំពុង​ផ្ដោត​អារម្មណ៍​ទៅលើ​។

ពាក្យ​ទាល់​ច្រក​ឆ្លុះ​បញ្ចាំង​អំពី​ស្ថានភាព​មួយ ដែល​យើង​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​។ ហើយ​ប្រហែល​មិន​ដឹង​ទេ​ថា យើង​កំពុង​ប្រឈម​មុខ​ដាក់​ស្ថានភាព​ទាល់​ច្រក ក្នុង​ជីវិត​ខាង​វិញ្ញាណ​របស់​យើង ដោយ​យើង​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ជា​រៀង​រាល់​ថ្ងៃ​ថា យើង​ត្រូវ​ផ្តល់​ការ​ចាប់​អារម្មណ៍​ទៅលើ​នរណា និង​ទៅលើ​អ្វី? ឬ​អាច​និយាយ​ម្យ៉ាង​ទៀត​ថា តើ​យើង​កំពុង​ថ្វាយបង្គំ​នរណា ឬ​ថ្វាយបង្គំ​អ្វី? អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង​បាន​បញ្ជាក់​ច្បាស់​អំពី​ការ​សម្រេច​ចិត្ត​របស់​គាត់ គឺ​ដូច​ដែល​គាត់​បាន​ពោល​ឡើង​ថា “ទូល​បង្គំ​នឹង​សូម​ឲ្យ​ទ្រង់​បាន​ប្រកបដោយ​ព្រះពរ​រាល់ៗ​ថ្ងៃ ព្រម​ទាំង​សរសើរ​ដល់​ព្រះ​នាម​ទ្រង់​អស់​កល្ប​ជានិច្ច”(ទំនុក​ដំកើង ១៤៥:២)។ នៅ​ក្នុង​ខ​គម្ពីរ​បន្ទាប់​គាត់​ក៏បាន​ប្រាប់​ឲ្យ​យើង​ដឹង​ថា មូល​ហេតុ​ដែល​គាត់​ថ្វាយបង្គំ​ព្រះ​អង្គ​គឺ​ដោយសារ​ព្រះអង្គ “ធំ​ប្រសើរ គឺ​គួរ​សរសើរ​យ៉ាង​ក្រៃ​លែង ឯ​សណ្ឋាន​ធំ​ប្រសើរ​របស់​ទ្រង់ នោះ​នឹង​រក​យល់​មិន​បាន”(ខ.៣)។

អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង​ជឿ​ថា គ្មាន​អ្វី​អាច​ប្រៀប​ផ្ទឹម​នឹង​ភាព​ធំ​ប្រសើរ​របស់​ព្រះ​បានទេ ​ហេតុ​នេះ​ហើយ គាត់​ក៏​បាន​ផ្តោត​អារម្មណ៍​ទៅលើ​ភាព​ធំ​ប្រសើរ​របស់​ព្រះអង្គ​។ មានតែ​ព្រះ​ទេ ដែល​សក្តិ​សមនឹង​ឲ្យ​យើង​សរសើរ​ដំកើង​។—John Blasé

តើមាន​អ្វី​បង្វែរ​​អារម្មណ៍​របស់​អ្នក ចេញពី​ការ​អធិស្ឋាន ឬ​អាន​​ព្រះ​គម្ពីរ? តើ​អ្នក​អាច​ធ្វើ​ការ​ផ្លាស់​ប្តូរ​អ្វី​ខ្លះ
ដើម្បី​កុំ​ឲ្យ​បច្ចេកវិទ្យា​ក្លាយ​ជា​រូប​ព្រះ​ក្លែងក្លាយ​របស់​អ្នក?

ឱ​ព្រះអម្ចាស់ មានតែ​ព្រះអង្គ​ទេ ដែល​សក្តិ​សមនឹង​ឲ្យ​ទូល​បង្គំ​សរសើរ​ដំកើង​។
គ្មាន​អ្វី​ប្រៀប​ផ្ទឹម​នឹង​ព្រះអង្គ​បានទេ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ១សាំយ៉ូអែល ១-៣ និង លូកា ៨:២៦-៥៦

ល្ងាច

ការ​គ្រប់​គ្រង និង​ព្រះ​ពរ​របស់​ព្រះ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ការ​គ្រប់​គ្រង និង​ព្រះ​ពរ​របស់​ព្រះ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

April 5, 2025

«ដូច្នេះ​បើ​ឯង​រាល់​គ្នា​នឹង​ស្តាប់​តាម​អញ​ឥឡូវ ហើយ​កាន់​តាម​សេចក្តី​សញ្ញា​របស់​អញ នោះ​ឯង​រាល់​គ្នា​នឹង​បាន​ដាច់​ជា​របស់​ផង​អញ​លើស​ជាង​អស់​ទាំង​សាសន៍ ដ្បិត​ផែនដី​ទាំងមូល​ជា​របស់​ផង​អញ» (និក្ខមនំ ១៩:៥)។

ការ​បង្រៀន​អំពី​ការ​ស្តាប់​បង្គាប់​មិន​មាន​ភាព​ពេញ​និយម​ដូច​សម័យ​មុន​ទៀត​ទេ។ តែ​ការ​ស្តាប់​បង្គាប់​មាន​តួនាទី​ជា​មូល​ដ្ឋាន​គ្រឹះ​ដ៏​សំខាន់​ក្នុង​ជីវិត​គ្រីស្ទ​បរិស័ទ។ វា​មិន​មែន​ជា​រឿង​ចម្លែក​ទេ ដែល​យើង​ឮ​គេ​និយាយ​ថា សូម្បី​តែ​បុគ្គល​ឆ្នើម​បំផុត​ក៏​បាន​បង្ហាញ​អាកប្ប​កិរិយា​អវិជ្ជមាន​ចំពោះ​អ្នក​ដឹក​នាំ​ផង​ដែរ ព្រោះ​យើង​កំពុង​រស់​នៅ​ក្នុង​យុគ​សម័យ​ទាស់​ប្រឆាំង​នឹង​អ្នក​កាន់​អំណាច។ ក្នុង​ពួក​ជំនុំ មាន​អ្នក​ខ្លះ​មិន​សប្បាយ​ចិត្ត​ចំពោះ​ការ​បង្រៀន​ដ៏​បរិសុទ្ធ​អំពី​អំណាច​នៃ​ព្រះ​បន្ទូល។ តែ​យើង​ក៏​បាន​ដក​ខ្លួន​យើង​ចេញ​ពី​ព្រះ​ពរ​របស់​ព្រះ​អង្គ​ផង​ដែរ នៅ​ពេល​ណា​យើង​ស្វែង​រក​សេរី​ភាព​តាម​ផ្លូវ​របស់​យើង​ដោយ​ងាក​ចេញ​ពី​អំណាច​របស់​ព្រះ។

កាល​លោក អ័ដាម និង​នាង អេវ៉ា មិន​ស្តាប់​បង្គាប់​តាម​ព្រះ​រាជ​បញ្ជា​របស់​ព្រះ​ក្នុង​សួន​ច្បា​អេដែន ពួក​គេ​ក៏​បាន​ដាច់​ចេញ​ពី​ព្រះ​អង្គ​បាន​សេចក្តី​ថា ពួក​គេ​បាន​បោះបង់​ចោល​ព្រះ​ពរ​នៃ​ព្រះ​វត្ត​មាន​ព្រះ​អង្គ។ ការ​បដិសេធន៍​ការ​គ្រប់​គ្រង​របស់​ព្រះ​តែង​តែ​នាំ​ឲ្យ​មាន​ការ​ដាច់​ចេញ​ពី​ព្រះ​អាទិករ​របស់​យើង និង​ដក​ខ្លួន​ចេញ​ពី​ព្រះ​ពរ​របស់​ព្រះ​អង្គ។ ផ្ទុយ​ទៅ​វិញ ការ​ងាក​មក​រក​ការ​គ្រប់​គ្រង​របស់​ព្រះ​វិញ​តែង​តែ​នាំ​មក​នូវ​​ព្រះ​ពរ​នៃ​ការ​រួបរួម និង​ការ​ប្រកប​គ្នា​ដែល​ព្រះ​ទ្រង់​បាន​រៀប​ចំ​សម្រាប់​រាស្ត្រ​ព្រះ​អង្គ។

ព្រះ​បន្ទូល​សន្យា​អំពី​ការ​គ្រប់​គ្រង និង​ព្រះ​ពរ​របស់​ព្រះ​បាន​សម្រេច ក្នុង​អំឡុង​ពេល​ដែល​ព្រះ​ទ្រង់​ប្រទាន​ក្រឹត្យ​វិន័យ​ក្នុង​ប្រវត្តិ​សាស្ត្រ​នៃ​សាសន៍​អ៊‌ីស្រាអែល។ ការ​ស្តាប់​បង្គាប់​របស់​ពួក​អ៊‌ីស្រាអែល ចំពោះ​ក្រឹត្យ​វិន័យ​មិន​មែន​ជា​ការ​ប្រឹង​ប្រែង​ទាំង​ប្រថុយ ដើម្បី​ឲ្យ​បាន​សេចក្តី​សង្គ្រោះ​នោះ​ទេ តែ​ផ្ទុយ​ទៅ​វិញ វា​គឺ​ជា​ការ​ឆ្លើយ​តប​ចំពោះ​សេចក្តី​សង្គ្រោះ​ដែល​សម្រេច​បាន​រួច​ជា​ស្រេច​សម្រាប់​ពួក​គេ។ ជា​ដំបូង ព្រះ​អង្គ​ឈោង​ទៅ​រក​រាស្ត្រ​ព្រះ​អង្គ ហើយ​ថែរក្សា​ការពារ​រាស្ត្រ​ព្រះ​អង្គ ដោយ​ប្រោស​លោះ​ពួក​គេ និង​រំដោះ​ពួក​គេ​ឲ្យ​រួចពី​ភាព​ជា​ទាសករ​ក្នុង​ទឹកដី​អេស៊ីព្ទ ហើយ​បន្ទាប់​មក ព្រះ​អង្គ​ក៏​បាន​ប្រទាន​ក្រឹត្យ​វិន័យ​ដល់​ពួក​គេ។

ម្យ៉ាង​ទៀត ព្រះ​ទ្រង់​មិន​បាន​ប្រទាន​ក្រឹត្យ​វិន័យ​ធ្វើ​ជា​ការ​យន្ត​ការ​សម្រាប់​ការ​ប្រោស​លោះ ឬ​ជា​ផ្លូវ ដើម្បី​ឲ្យ​ពួក​គេ​ធ្វើ​ជា​រាស្ត្រ​ព្រះ​អង្គ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ បន្ទាប់​ពី​ព្រះ​អង្គ​បាន​ប្រោស​លោះ​ពួក​អ៊‌ីស្រាអែល​ហើយ ព្រះ​អង្គ​បាន​ប្រទាន​ពួក​គេ​នូវ​ក្រឹត្យ​វិន័យ ជា​មធ្យោបាយ​ដើម្បី​បង្ហាញ​ព្រះ​គុណ​ព្រះ​អង្គ ដើម្បី​ឲ្យ​ពួក​គេ​ដឹង​អំពី​របៀប​រស់​នៅ ក្រោម​ការ​គ្រប់​គ្រង​របស់​ព្រះ​អង្គ ហើយ​ពិត​ជា​បាន​អរ​សប្បាយ​នឹង​ព្រះ​ពរ​ព្រះ​អង្គ។ បើ​យើង​ធ្វើ​ផ្ទុយ​នឹង​គោលការណ៍​នេះ យើង​នឹង​ទទួល​លទ្ធផល​អាក្រក់​គ្រប់​យ៉ាង។ យើង​នឹង​រស់​នៅ​ក្រោម​ចំណង​ដ៏​តឹងរ៉ឹង​នៃ​ក្រឹត្យ​វិន័យ​ដោយ​គិត​ស្មាន​ជា​និច្ច​ថា ការ​ប្រឹង​ប្រែង​របស់​យើង អាច​ធ្វើ​ឲ្យ​យើង​មាន​ភាព​ត្រឹម​ត្រូវ​នៅ​ចំពោះ​ព្រះ។ ប៉ុន្តែ បើ​យើង​ភ្លេច​ថា ព្រះ​អង្គ​បាន​សង្គ្រោះ​យើង ដើម្បី​ឲ្យ​យើង​អរ​សប្បាយ​នឹង​ជីវិត​នៅ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ​អង្គ ហើយ​បន្ត​ព្រងើយ​កន្តើយ​ចំពោះ​ក្រឹត្យ​វិន័យ​របស់​ព្រះ​អង្គ​ដែល​មិន​ត្រូវ​នឹង​គោល​បំណង​របស់​យើង នោះ​យើង​នឹង​រស់​នៅ ដោយ​ឆ្ងល់​ថា ហេតុ​អ្វី​ព្រះ​ពរ​របស់​ព្រះ​ហាក់​ដូច​ជា​មាន​តែ​ក្នុង​ក្តី​ស្រមៃ​របស់​យើង។

ក្រឹត្យ​វិន័យ​របស់​ព្រះ​មិន​ជួយ​សង្គ្រោះ​ទេ តែ​ជា​ក្រឹត្យ​វិន័យ​ដ៏​ឥត​ខ្ចោះ ក្រឹត្យ​វិន័យ​នៃ​សេរី​ភាព ហើយ​អ្នក​ដែល​ស្តាប់​បង្គាប់​តាម នឹង​ជួយ​ឲ្យ​អ្នក «មាន​ពរ​ក្នុង​គ្រប់​ទាំង​ការ​ដែល​ខ្លួន​ធ្វើ» (យ៉ាកុប ១:២៥)។ ក្នុង​នាម​យើង​ជា​មនុស្ស​ដែល​ព្រះ​ទ្រង់​បាន​សង្គ្រោះ​រួច​ពី​បាប យើង​ត្រូវ​ឆ្លើយ​តប ចំពោះ​សេចក្តី​សង្គ្រោះ​របស់​ព្រះ​អង្គ​ដោយ​សម្រេច​ចិត្ត​ដើរ​ដោយ​ការ​ស្តាប់​បង្គាប់​ដោយ​អំណរ។

ពេល​ណា​យើង​ដើរ​ជា​មួយ​ព្រះ​អម្ចាស់

ក្នុង​ពន្លឺ​នៃ​ព្រះ​បន្ទូល​ព្រះ​អង្គ

សិរី​ល្អ​ចែង​ចាំង​មក​លើ​ផ្លូវ​ដើរ​របស់​យើង!

ពេលណា​យើង​ធ្វើ​តាម​បំណង​ព្រះទ័យ​ដ៏​ល្អ​របស់​ព្រះ​អង្គ

ព្រះ​អង្គ​គង់នៅ​ជាមួយ​យើង​ជានិច្ច! និង​ជាមួយ​អ្នក​ដែល​ទុកចិត្ត និង​ស្តាប់​បង្គាប់​ព្រះ​អង្គ1

ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ ទំនុក​តម្កើង ១១៩:៤៩-៦៤

គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ លេវីវិន័យ ៤-៥ និង​ហេព្រើរ ៧

1លោក John H. Sammis, “Trust and Obey” (ឆ្នាំ១៨៨៧)។

ប្រភេទ