ទ្រាំ​ទ្រ​គ្នា​ទៅ​វិញ​ទៅ​មក

អេភេសូរ ៤:១-៦

ព្រម​ទាំង​មាន​ចិត្ត​សុភាព ហើយ​ស្លូត​បូត​គ្រប់​ជំពូក ទាំង​អត់​ធ្មត់ ហើយ​ទ្រាំទ្រ​​គ្នា​ទៅវិញ​ទៅមក ដោយ​ស្រឡាញ់​។ អេភេសូរ ៤:២

មាន​ពេល​មួយ​ខ្ញុំ​បាន​ឈប់​ឡាន​របស់​ខ្ញុំ នៅ​ពី​​ក្រោយ​ឡាន​មួយ​គ្រឿង នៅ​ពេល​ភ្លើង​ស្តុប​ចេញពណ៌​ក្រហម ហើយ​ក៏​បាន​កត់​សំ​គាល់​ឃើញ​ស្ទីគ័រ​នៅ​លើ​កញ្ចក់​ខាង​ក្រោយ​ឡាន​នោះ ដែល​មាន​អក្សរ​សរសេរ​ពី​លើ​ថា “សូម​មាន​ការ​អត់​ធ្មត់​។ ខ្ញុំ​ទើបតែ​ចេះ​បើក​ឡាន​ទេ”។ មាន​បញ្ហា​ជា​ច្រើន​នៅ​តាម​ដង​ផ្លូវ ដែល​យើង​បានឮ ក៏​ដូច​ជា​​បាន​ជួប​ផ្ទាល់ ដូច​នេះ ការ​ក្រើន​រំឭក​ឲ្យ​មាន​ចិត្ត​អត់​ធ្មត់ ចំពោះ​អ្នក​បើកបរ​ដទៃ​ទៀត​យ៉ាង​ដូច​នេះ គឺ​ពិតជា​មាន​ប្រយោជន៍​ណាស់​។

ខណៈ​ពេល​ដែល​ខ្ញុំ​មើល​ស្ទីគ័រ​នោះ ខ្ញុំ​ឆ្ងល់​ថា តើមាន​អ្វី​កើត​ឡើង បើសិន​ជា​មនុស្ស​កាន់​ផ្លាក​សញ្ញា​ដូច​នេះ ដើម្បី​ដាស់តឿន​យើង​ថា ពួកគេ “ទើបតែ​មាន​កូន​ដំបូង” ឬ “ជា​អ្នកជឿ​ថ្មី”។ បើ​យើង​ដឹង​ថា អ្នក​ជិត​ខាង មិត្ត​រួម​ការងារ ឬ​អ្នក​ដទៃ​ទៀត ដែល​យើង​ជួប កំពុង​ជួប​បញ្ហា​អ្វី​ខ្លះ តើ​យើង​នឹង​មាន​ចិត្ត​អត់​ធ្មត់​ជាង​មុន ចំពោះ​ពួកគេ ហើយ​ថែម​​ទាំង​ជួយ​ពួកគេ​ជម្នះ​បញ្ហា​ទាំង​នោះ​ដែរ​ឬ​​ទេ?

យើង​ប្រហែល​ជា​កំពុង​មាន​ការ​ប្រញាប់ ដោយ​ព្យាយាម​ជៀសវាង​ការ​​រំខាន​ពី​អ្នក​ដទៃ តែ​ចូរ​យើង​ពិចារណា អំពី​របៀប​ដែល​ព្រះយេស៊ូវ​បាន​ប្រព្រឹត្ត​ចំពោះ​មនុស្ស​ចុះ​។ ព្រះអង្គ​មិន​មាន​ការ​ប្រញាប់​ប្រញាល់​​ទេ​។ ព្រះអង្គ​មាន​ព្រះទ័យ​អាណិត ចំពោះ​មនុស្ស​ទាំងឡាយ ហើយក៏​ចំណាយ​ពេល​កម្សាន្ត​ចិត្ត និង​បង្រៀន​ពួកគេ ហើយ​បង្ហាញ​សេចក្តី​ស្រឡាញ់​ដល់​មនុស្ស​ដែល​ព្រះ​អង្គ​ជួប​​ផង​ដែរ​។

ក្នុង​នាម​យើង​ជា​អ្នកជឿ​ព្រះយេស៊ូវ ព្រះអង្គ​បាន​ត្រាស់ហៅ​យើង​ឲ្យ​រស់នៅ ក្នុង​ជីវិត​ដែល​សក្តិ​សមនឹង​ការ​ត្រាស់ហៅ​ដែល​យើង​បាន​ទទួល(អេភេសូរ ៤:១)។ សាវ័ក​ប៉ុល​បាន​មាន​ប្រសាសន៍​ថា ការ​រស់នៅ​ឲ្យ​សក្តិ​សមនឹង​ការ​ត្រាស់ហៅ ក៏​រាប់​បញ្ចូល​ការ​មាន “ចិត្ត​សុភាព ហើយ​ស្លូត​បូត​គ្រប់​ជំពូក ទាំង​អត់ធ្មត់ ហើយ​ទ្រាំទ្រ​​គ្នា​ទៅវិញ​ទៅមក ដោយ​ស្រឡាញ់”(ខ.២) ហើយ​ខិតខំ​រស់នៅ​ដោយ​សន្តិភាព និង​ការ​រួបរួម​គ្នា​ផង​ដែរ(ខ.៣)។

យើង​ប្រហែល​មិន​បាន​ដឹង អំពី​បញ្ហា​ប្រឈម​ដែល​មនុស្ស​កំពុង​ជួប​ប្រទះ​នោះ​ទេ តែ​យើង​អាច​មាន​ចិត្ត​អត់​ធ្មត់​ចំពោះ​ពួកគេ​។ ចូរ​យើង​បង្ហាញ​ចេញ​សេចក្តី​ស្រឡាញ់​របស់​ព្រះយេស៊ូវ ដល់​មនុស្ស​ម្នាក់ៗ ដែល​យើង​ជួប ក្នុង​ការ​រស់នៅ​ជា​រៀង​រាល់​ថ្ងៃ​។—Nancy Gavilanes

តើ​ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​មាន​ចិត្ត​អត់​ធ្មត់​កាន់តែ​ខ្លាំង ចំពោះ​អ្នក​ដទៃ? តើ​អ្នក​អាច​ធ្វើ​ជា​ព្រះពរ​សម្រាប់​នរណា​ខ្លះ នៅ​ថ្ងៃ​នេះ?

ឱ​ព្រះអម្ចាស់ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ ឲ្យ​មាន​សេចក្តី​ស្រឡាញ់ និង​ចិត្ត​អត់​​ធ្មត់​កាន់តែ​ខ្លាំង
ជាមួយ​មនុស្ស​ដែល​ព្រះអង្គ​​ឲ្យ​ទូល​បង្គំ​ជួប ក្នុង​ដំណើរ​ជីវិត​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ១សាំយ៉ូអែល ១០-១២ និង លូកា ៩:៣៧-៦២

More articles